វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ ៖ ខ្ញុំស្រក់ទឹកភ្នែក ពេលឃើញអ្នកម៉ែរបស់ខ្ញុំយកបាយម្ហូបថ្ងៃត្រង់មកអោយខ្ញុំដល់សង្កាត់អូរចារ !
ព្រហ្មាតិ មាតាបិតរោ --- បុព្វាចរិយាតិ វុច្ចរេ
អាហុនេយ្យា ច បុត្តានំ --- បជាយ អនុកម្បកា.
មាតាបិតាប្រាជ្ញលោកពោលថា ជាព្រហ្មរបស់បុត្រ ជាបុព្វាចារ្យរបស់បុត្រ ជាអាហុនេយ្យៈរបស់បុត្រទាំងឡាយ និងជាអ្នកអនុគ្រោះដល់បុត្រធីតា ។ (សោណពោធិសត្ត)
មាតាបិតា ជាបុព្វការី គឺអ្នកដែលបានធ្វើឧបការៈមុន ជាអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមដល់ចំពោះបុត្រធីតា ដោយឧបការៈដែលបានធ្វើនោះ ជាការធ្វើអោយដោយមិនសង្ឃឹមផលតបស្នងសងគុណមកវិញឡើយ ។ ដូច្នេះហើយ ព្រះពុទ្ធសាសនា បានលើកតម្កើងគុណមាតាបិតា ៤ ស្ថាន គឺ ជាព្រហ្មរបស់បុត្រធីតា ជាបុព្វាចារ្យរបស់បុត្រធីតា ជាអាហុនេយ្យៈឬជាទីគោរពសក្ការៈរបស់បុត្រធីតា និង ជាអ្នកអនុគ្រោះដល់បុត្រធីតា ។ ដែលប្រាជ្ញលោកពោលថា មាតាបិតា ជា ព្រហ្ម នោះ ព្រោះបណ្ដាលមកពីមាតាបិតាទាំងពីរនោះ ជាអ្នកមានគុណធម៌រស់នៅដ៏ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ៤ យ៉ាង ឬហៅថា ព្រហ្មវិហារធម៌ ៤ យ៉ាង របស់ឪពុកម្តាយ គឺ ៖
១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់អោយកូនគ្រប់រូបទទួលបានសេចក្តីសុខ ។
២. ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់អោយពួកគេរូបឆាប់រួចចាកសេចក្តីទុក្ខនោះ ។
៣. មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។
៤. ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា ។
ឬមាតាបិតា ប្រាជ្ញលោកពោលថា ជា ព្រហ្ម នោះ គប្បីមាន ៤ មុខ គឺ៖
១. ទឺកមុខមេត្តា
២. ទឺកមុខករុណា
៣. ទឹកមុខមុទិតា
៤. ទឺកមុខឧបេក្ខា ។
តទៅនេះ សូមលើកយកព្រះគុណម៉ែ និងក្តីខ្វល់ខ្វាយរបស់ម៉ែចំពោះកូន ពីក្នុងវីគីភីឌាខ្មែរមកជូនសណ្ដាប់
*ព្រះគុណម៉ែ៖
ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅចាំមើលថែ និងដោះស្រាយគ្រប់ពេល មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ ។ ម៉ែជាមនុស្សតែម្នាក់គត់ដែលហ៊ានលះបង់ សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិតខំធ្វើការទាំងយប់ទាំងថ្ងៃដោយមិនគិតពីភាពនឿយហត់ ភាពអស់កំលាំងឬក៏ភាពឃ្លានឡើយ ពេលខ្លះម៉ែកំពុងតែទទួលរងនូវការបៀតបៀនពីជំងឺដង្កាត់ផ្សេងៗដោយសារអាកាសធាតុ ឬដោយសារការធ្វើការហត់នឿយ ដោយមិនបានបរិភោគឬបរិភោគមិនគ្រប់គ្រាន់ក៏ដោយ ក៏ម៉ែនៅតែទ្រាំ ។
ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបពីការបៀតបៀននៃជំងឺយ៉ាងណា ក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងារដែរ ។ សួរថាម៉ែធ្វើដើម្បីនរណា? ដោយការងារជាកសិកររកប្រាក់កំរ៉ៃមិនសមស្របនិងការចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវការស្តីបន្ទោសពីសំណាក់មេការឬអ្នកគ្រប់គ្រងនៅកន្លែងដែលម៉ែធ្វើការ តែម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់នេះម៉ែ ធ្វើដើម្បីនរណា គឺដើម្បីតែកូនតែមួយគត់ព្រោះកូនគឺជាដួងចិត្តរបស់ម៉ែ ជាសំណព្វចិត្តរបស់ម្ដាយ ជាកែវភ្នែករបស់ម៉ែ។
*ក្តីខ្វល់ខ្វាយរបស់ម៉ែចំពោះកូន៖
កូនខ្លះរត់ចេញពីផ្ទះដោយសារតែការស្តីបន្ទោសបន្តិចបន្តួចរបស់ម៉ែ ដោយមិនគិតពីក្ដីបារម្ភ របស់ម៉ែ ថានៅពេលដែលខ្លួនចេញពីផ្ទះបែបនេះ ម៉ែគិតយ៉ាងណានោះទេ ។ ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូន ខ្លាចមានរឿងអ្វីកើតឡើងចំពោះកូន ហើយម៉ែបានរត់សួរនឹងមិត្តភ័ក្ត ឬអ្នកជិតខាងដែលស្គាល់កូនគ្រប់ទីកន្លែង ដើម្បីចង់ដឹងថាកូននៅឯណា ។ ចុះចំណែកកូនវិញមានគិតទេ គឺកូនមានតែសប្បាយចិត្ត ហើយស្តីបន្ទោសម៉ែប្រាប់ដល់មិត្តភ័ក្តថាម៉ែមិនល្អ «ហ្នឹងហើយមកពីពូកែជេរអញពេក! អញចេញពីផ្ទះអ៊ីចឹងទើបដឹងខ្លួន» នេះហើយកូនរបស់ម៉ែ កូនដែលម៉ែស្រលាញ់ស្មើនឹងជីវិតរបស់ម៉ែនោះ ។
ពេលកូនត្រឡប់មកដល់ផ្ទះវិញម៉ែ មិនហ៊ានជេរថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត ។ រីឯកូនខ្លះទៀតមិនចេះគិតពីព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមកនោះ វាយដំទៅលើខ្លួនប្រាណម៉ែយ៉ាងខ្លោចផ្សា ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនត្រឹមតែប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុកបាយ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវកូនយកមកប្រើជាការ ជេរថាម៉ែដោយពាក្យអសុរោះ ទៅវិញ តើវាល្អដែរទេ ដែលយើងហ៊ានធ្វើរឿងដ៏អាក្រក់បែបនេះចំពោះម៉ែ? ចំពោះម៉ែវិញ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត ពេលកូនបានធ្វើអោយម៉ែឈឺចាប់ក្នុងចិត្ត ម៉ែមិនហ៊ានយំចេញមកក្រៅទេ ព្រោះម៉ែបានលឺគេថា កូនណាបានធ្វើអោយម៉ែយំ កូននោះឯងនឹងធ្លាក់នរកទទួលកម្មវិបាក ហេតុនេះហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ ។
*ជាអវសាននេះ ប្រសិនបើអស់លោកអ្នកទាំងឡាយចេះស្រឡាញ់មាតាបិតា សូមរក្សានូវសីលអោយបានភ្ជាប់ជាប់ក្នុងចិត្ត ចូររក្សា កាយ វាចា ចិត្ត អោយបានជាប្រក្រតី ត្រឹមតែសីលប្រាំ ក៏ពិតជាធ្វើអោយក្លាយជាមនុស្សដ៏ប្រសើរ ធ្វើអោយសង្គមគ្រួសារមានសេចក្តីសុខ សេចក្ដីចម្រើនបាន ជួបតែសុភមង្គលក្នុងជីវិត មិនច្រើនក៏តិច ។
សង្គមគ្រួសារជាសង្គមគ្រឹះស្ថានតូចមួយរបស់សង្គមប្រទេសជាតិក៏មែនពិត ប៉ុន្តែប្រសិនបើសង្គមគ្រួសារតូចមួយនេះបានស្ងប់សុខមានសេចក្តីសុខចម្រើន ជួយតែសុភមង្គល សង្គមប្រទេសជាតិក៏បានទទួលផលតាមមកផងដែរ ។ សុំសរុបសីលប្រាំមកអោយស្តាប់បន្តិច ដើម្បីយល់អត្ថន័យពិត និងផលពិតដែលទទួលបានមកពីការរក្សាសីល គឺ៖
សីលេន សុគតឹ យន្តិ - បុគ្គលនឹងឆ្ពោះទៅកាន់សុគតិបានក៏ព្រោះសីល
សីលេន ភោគសម្បទា - បុគ្គលនឹងមានភោគៈទ្រព្យបានក៏ព្រោះសីល
សីលេន និព្ពុតឹ យន្តិ - បុគ្គលនឹងត្រាស់ដឹងដល់ព្រះនិព្ពានបានក៏ព្រោះសីល ៕
((អត្ថបទដោយ៖ កម្សាន្តខ្មែរ ២០១៧))
No comments:
Post a Comment