លោកលីវ យុនសាន (Liu Yunshan) មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយរបស់បក្សកុម្មុយនិស្តចិន ថាប្រទេសចិនគឺស្ថិតជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ !! និងមកទល់ឆ្នាំ២០១៧នេះ កម្ពុជាទទួលជំនួយពីប្រទេសចិនជាង ៤.៨០០ លានដុល្លារអាមេរិកហើយ ។
លោក ហ៊ុន សែនថា ចិននឹងនៅជាខ្នងបង្អែករឹងមាំរបស់កម្ពុជា។ អ្នកវិភាគលើកឡើងថា ការគាំទ្ររបស់ចិនគឺជាការទទូចចង់បានរបស់លោក ហ៊ុន សែនក្នុងការដឹកនាំកម្ពុជា។
ភ្នំពេញ ៖ មន្ត្រីគណបក្សកុម្មុយនិស្តចិនបានបន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់មេដឹកនាំកម្ពុជា។ លោក លីវ យុនសាន មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយរបស់គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់នៅចំពោះមុខលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចថា ចិននឹងនៅជាខ្នងបង្អែករឹងមាំរបស់កម្ពុជា។ អ្នកវិភាគលើកឡើងថា ការគាំទ្ររបស់ចិនគឺជាការទទូចចង់បានរបស់លោក ហ៊ុន សែនក្នុងការដឹកនាំកម្ពុជា។
គណបក្សកុម្មុយនីស្តចិនបានបន្តបញ្ជាក់ជំហរសាជាថ្មីទៀតគំាទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសកម្ពុជា ដោយបានលើកឡើងថា គ្មានបរទេសណាអាចមកបំបែកបំបាក់ចំណងទាក់ទងខ្មែរនិងចិនបានឡើយ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាថ្ងៃពុធនេះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានឲ្យដឹងថា ក្រុមមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បានជួបពិភាក្សាជាមួយលោក លីវ យុនសាន សមាជិកគណៈអចិន្រ្តៃយ៍ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមគណបក្សកុម្មុយនិស្តចិន ជាមួយមន្ត្រីចិនជាច្រើនរូបទៀត។
ជំនួបរវាងលោក ហ៊ុន សែន និងលោក លីវ យុនសាន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរងើបក្រោកឈរប្រឆាំងនឹងការឈ្លានពានពីបរទេស ដោយសំដៅទៅដល់អ្វីដែលលោកហៅថា នយោបាយចក្រព័ត្តិនិយមរបស់សហរដ្ឋអាមេរិក។
ក្នុងជំនួបរបស់លោកជាមួយលោក ហ៊ុន សែន ដែលធ្វើឡើងនៅទីក្រុងភ្នំពេញនាថ្ងៃពុធនេះ លោក លីវ យុនសាន បានបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋាភិបាលចិនគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ពេញទំហឹងតែម្តង ហើយនេះក៏ជាសញ្ញាទៅកាន់ពិភពលោកថា «កម្ពុជា-ចិន គឺគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ»។ លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់មន្រ្តីចិនថា៖ «ទំនាក់ទំនងរវាងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈជាបងប្អូនរវាងចិនកម្ពុជា គឺស្ថិតនៅរឹងមាំ ហើយការរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីមិត្តចិនបានឡើយ»។
លោក ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា ចិនបានជួយកម្ពុជាក្នុងការទាញអ្នកវិនិយោគមកកម្ពុជា ផ្តល់ជំនួយឥណទាន និងជំនួយឥតសំណងជាច្រើនដើម្បីអភិវឌ្ឍប្រទេស។ លោក ហ៊ុន សែន បានឲ្យដឹងថា មកទល់ឆ្នាំ២០១៧នេះ កម្ពុជាទទួលជំនួយពីប្រទេសចិនជាង ៤.៨០០ លានដុល្លារអាមេរិកហើយ។
នៅចំពោះមុខក្រុមមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានស្នើសុំឲ្យភាគីចិនជួយផ្តល់ទុនសម្រាប់អភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន ផ្លូវគមនាគមន៍ជាតិ ព្រលានយន្តហោះនៅខេត្តសៀមរាប ព្រមទាំងស្នើឲ្យប្រទេសចិនពន្លឿនការនាំចូលអង្ករកម្ពុជាក្នុងកូតាថ្មីចំនួន៣០ម៉ឺនតោន។ លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យភាគីចិនជំរុញការកសាងផ្លូវតាមជនបទ សាលារៀន និងស្រះទឹក ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋនៅតំបន់ឆ្ងាយៗ។ នេះបើយោងតាមការអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា លោក លីវ យុនសាន បានអះអាងថា «ប្រទេសចិនគឺស្ថិតជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់»។
ក្រោយជំនួបនោះ លោក ហ៊ុន សែន និងលោក លីវ យុនសាន បានធ្វើជាសាក្សីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៦ ដែលផ្តោតលើការពង្រឹងទំនាក់ទំនងរវាងគណបក្ស និងគណបក្ស ការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការក្រៅរដ្ឋាភិបាលចិន និងប្រទេសកម្ពុជា ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព វិស័យសុខាភិបាល និងអប់រំ កិច្ចសហការថតភាពយន្តឯកសាររវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និងស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងការសហប្រតិបត្តិការសិក្សាលើគម្រោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា។
នេះជាលើកទីពីរនៃដំណើរទស្សនកិច្ចរបស់មន្ត្រីចិនមកកាន់កម្ពុជាក្នុងខែកញ្ញានេះ។ កាលពីដើមខែកញ្ញា លោក វ៉ាង ជារួយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងមេដឹកនាំកម្ពុជាផ្សេងទៀត នៅទីក្រុងភ្នំពេញ។
ក្នុងដំណើររបស់លោកមកកម្ពុជា លោកWang ក៏បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំកម្ពុជាថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។
ការមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីរដ្ឋាភិបាលកុម្មុយនិស្តចិន និងគណបក្សកុម្មុយនិស្តចិននេះ កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវក្រុមអ្នកសង្កេតការណ៍នយោបាយនៅកម្ពុជាមើលឃើញថា បានបើកយុទ្ធនាការបង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ និងស្ថាប័នប្រជាធិបតេយ្យគាំទ្រដោយសហរដ្ឋអាមេរិក។ ការបង្ក្រាបដែលមិនធ្លាប់មានពីមុនមកនេះ កើតមានឡើង ក្រោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ក្រោមបទសង្ស័យថា បានសមគំនិតជាមួយជនបរទេសប្រព្រឹត្តអំពើក្បត់ជាតិ។
លោក ហ៊ុន សែន បានដាក់ការសង្ស័យថា លោក កឹម សុខា បានទទួលការជួយពីសហរដ្ឋអាមេរិក ក្នុងការធ្វើសកម្មភាពនយោបាយរបស់លោកនៅកម្ពុជា ប៉ុន្តែស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានបដិសេធការចោទប្រកាន់នេះ។
លោក Sebastian Strangio អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងតាមសារអេឡិចត្រូនិក ឬអ៊ីម៉េលថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល តែងតែសង្ស័យថា សហរដ្ឋអាមេរិកមានបំណងមិនឲ្យខ្លួនកាន់អំណាច។
លោកថា ការមិនទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា គឺកើតមានឡើង តាំងពីក្នុងទសវត្សរ៍១៩៨០ នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល ហើយការមិនទុកចិត្តនោះបានបន្តមកដល់ក្រោយសម័យ UNTAC គឺនៅពេលដែលអាមេរិកបានផ្តល់ការគាំទ្រជាច្រើនដល់ក្រុមអង្គការសង្គមស៊ីវិលនានា ដែលរដ្ឋាភិបាលក្រុងភ្នំពេញមើលឃើញថា ជាផ្នែកមួយនៃការប្រឆាំង។
អ្នកវិភាគរូបនេះបានពន្យល់ថា លោក ហ៊ុន សែន មិនមែនជាអ្នកប្រឆាំងលោកខាងលិចតាំងពីដើមទីនោះទេ ប៉ុន្តែលោកប្រហែលជាចាត់ទុកខ្លួនលោកថា ជាអ្នកប្រឆាំងអាណានិគម។ លោកថា លោក ហ៊ុន សែន ក៏ជាបុគ្គលលទ្ធផលនិយម ហើយក៏នឹងអន្ទះសាស្វាគមន៍ទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រសិនបើរដ្ឋាភិបាលអាមេរិកគោរព «អធិបតេយ្យភាព» កម្ពុជា ហើយឈប់បង្រៀនកម្ពុជាអំពីលទិ្ធប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនានា។
លោក Sebastian បានសរសេរតាមសារអេឡិចត្រូនិក មានន័យដើមថា៖
«សហរដ្ឋអាមេរិកមានអតីតកាលច្របូកច្របល់នៅកម្ពុជា។ ប៉ុន្តែការណ៍នេះមិនអាចបញ្ឈប់មិនឲ្យរដ្ឋាភិបាលមានភាពជិតស្និទ្ធកាន់តែខ្លាំងជាមួយចិន ដែលបានគាំទ្រខ្មែរក្រហមដោយផ្ទាល់ជិតពីរទសវត្សរ៍នោះទេ។ ភាពខុសគ្នាគឺនៅត្រង់ថា ចិនបានទុករឿងទាំងអស់នៅក្នុងអតីតកាល ហើយចិនមិនដែលធ្វើដូចអាមេរិក ក្នុងការទាមទារឲ្យលោក ហ៊ុន សែន គួរដឹកនាំប្រទេសដោយរបៀបណានោះទេ»។
កាលពីថ្ងៃអង្គារ លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកជាតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច បានប្រាប់ VOA ថា ប្រទេសកម្ពុជាមិនហ៊ានប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលលោកចាត់ទុកថា ជាមហាយក្សនោះទេ តែដើម្បីអធិបតេយ្យភាពខ្លួន កម្ពុជាត្រូវសម្រេចធ្វើកិច្ចការមួយចំនួនដោយខ្លួនឯង។
«កម្ពុជាមិនមានប្រឆាំងអាមេរិកាំងនិយម ឬមិនប្រឆាំង sentiment [មតិ] របស់អាមេរិកទេ។ ប្រទេសកម្ពុជាគ្រាន់តែចង់បានមួយ....ជាប្រទេសតូចមួយ គឺចង់បានរក្សានូវអ្វីដែលជាអធិបតេយ្យភាពរបស់ខ្លួន និងឯករាជ្យដែលទទួលបាន។ អីចឹងយើងមិនមានបំណងណាទៅប្រឆាំង ប្រទេសមហាយក្សទេ តែអ្វីដែលជាសិទ្ធិរបស់យើង យើងត្រូវការពារបាទ»។
ទស្សនកិច្ចរបស់លោក លីវ យុនសាន បានកើតឡើងតែពីរថ្ងៃ បន្ទាប់ពីក្រុមតំណាងរាស្ត្រអាមេរិកដែលមានចំនួន៨រូប និងភាគច្រើនមកពីគណបក្សសាធារណៈរដ្ឋ បានស្នើឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ធ្វើការជាមួយសម្ព័ន្ធមិត្តថ្នាក់តំបន់ និងសហគមន៍អន្តរជាតិឲ្យច្រើនថែមទៀត ដើម្បីប្រើប្រាស់រាល់មធ្យោបាយការទូត ដើម្បីបង្ខិតបង្ខំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរតាមបទដ្ឋានប្រជាធិបតេយ្យទាំងឡាយ និងនីតិរដ្ឋ។ ក្រុមតំណាងរាស្ត្របញ្ជាក់ឲ្យដឹងថា ភាពមិនចុះសម្រុងគ្នា ការរៀបចំគណបក្ស យុទ្ធនាការទាមទារការកែប្រែនៅថ្នាក់មូលដ្ឋាន និងវោហារសាស្រ្តនយោបាយ មិនរាប់ជាអំពើក្បត់ជាតិនោះឡើយ។
ពួកគេបានអំពាវនាវឲ្យប្រទេសកម្ពុជាស្តារឡើងវិញស្ថានភាពដុនដាបនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ប្រសិនបើកម្ពុជាមានបំណងស្វែងរកចំណងទាក់ទងប្រកបដោយយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចធំទូលាយជាមួយសហរដ្ឋអាមេរិក។
ដោយឡែក លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា បានបើកការវាយប្រហារតាមទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃអង្គារ ដោយបានពណ៌នាថា ចំណងទាក់ទងកម្ពុជាចិនជា «ការបំពេញចិត្តប្រទេសចិន» ដែលមេដឹកនាំបដិវត្តន៍ខ្មែរក្រហម ប៉ុល ពត ធ្លាប់ពឹងពាក់ដើម្បីការពាររបបព្រៃផ្សៃរបស់ខ្លួន។
លោកសម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖
«កាលពីសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ប៉ុល ពត បានទៅអែបថ្នាក់ដឹកនាំចិន ដើម្បីឲ្យប្រទេសចិនជួយការពាររបបព្រៃផ្សៃរបស់គាត់ ដែលគេស្អប់ខ្ពើមទូទាំងពិភពលោក។ តែនៅទីបញ្ចប់ ពេលចិនឈប់ត្រូវការ ប៉ុល ពត ដោយសារតែស្ថានការណ៍ក្នុងពិភពលោកមានការប្រែប្រួល ចិនក៏ទាត់ ប៉ុល ពត ចោល»។
អតីតមេគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅកម្ពុជារូបនេះ បានបន្ថែមថា នៅទីបញ្ចប់ ពេលចិនឈប់ត្រូវការលោក ហ៊ុន សែន ដោយសារតែស្ថានការណ៍ក្នុងពិភពលោកមានការប្រែប្រួលម្តងទៀត ចិនក៏នឹងទាត់លោក ហ៊ុន សែន ចោល ដូចចិនបានទាត់ ប៉ុល ពត ចោលដូច្នោះដែរ៕
ប្រភពអត្ថបទពី ៖ វីអូអេខ្មែរ
លោក លីវ យុនសាន (Liu Yunshan) មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយរបស់បក្សកុម្មុយនិស្តចិន បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
No comments:
Post a Comment