ពីកូរ៉េខាងត្បូង ៖ តំណាងគណៈកម្មាធិការដឹកនាំការរៀបចំបាតុកម្មម្នាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Yim Sinorn បានបង្ហោះព័ត៌មានមួយទាក់ទងនឹងការផ្ញើលិខិតអញ្ចើញឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េ គឺ លោក ឡុង ឌីម៉ង់ ដើម្បីអញ្ជើញចូលរួមក្នុងការស្តាប់នូវមតិឈឺចាប់ និងការទាមទារផ្សេងៗ ព្រមទាំងទទួលយកញាតិ្តរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រគល់ជូនប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន។
តំណាងគណៈកម្មាធិការ លោក យឹម សុីណន បានបញ្ចាក់ទៀតថា វត្តមានរបស់ឯកអគ្គរដ្ឋទូតខ្មែរ នៅក្នុងថ្ងៃធ្វើបាតុកម្ម ពិតជាមានសារសំខាន់ណាស់ ព្រោះអាចសបញ្ចាក់ឲ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានយល់ដឹងច្បាស់ពីការងារពិតរបស់មន្រ្តីទូតដែលជាអាណាព្យាបាលដល់ប្រជាពលរដ្ឋខ្មែរទូទៅ មិនប្រកាន់និន្នាការនយោបាយគណបក្សណាមួយនោះទេ។ ហើយតំណាងគណៈកម្មាភិការរូបនោះមានសង្ឃឹមថា ឯកឧត្តមទូតនឹងមានវត្តមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃមហាបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ក្នុងការទាមទារឲ្យមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការសុំសិទ្ឋិបោះឆ្នោតនៅក្រៅប្រទេស។
ទាក់ទងនឹងការផ្ញើលិខិតអញ្ជើញឯកអគ្គរដ្ឋទូតខ្មែរ ដើម្បីចូលរួមក្នុងការធ្វើបាតុកម្មនោះផងដែរ ខាងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ នៅមិនទាន់មានប្រតិកម្មផ្លូវការណាមួយ បញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាអ្នកតំណាងឲ្យរដ្ឋាភិបាលនៅឡើយទេ។ ប៉ុន្តែគេបានឃើញវីឌីអូមួយដែលស្ថានទូតបានបង្ហោះកាលពីថ្ងៃទី ២៤ ខែកញ្ញា កន្លងមកនេះ នៅក្នុងកម្មវិធីបន្តលិខិតឆ្លងដែនជូនពលករ-ពលការិនីខ្មែរ នៅទីក្រុង អុឺយចុងប៊ូ ឯកឧត្តម ឡុង ឌីម៉ង់ បានសំដែងការព្រួយបារម្ភពីការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរ ហើយបានសុំអង្វរឲ្យបញ្ឈប់ធ្វើការតវ៉ា ហើយលើកឡើងថា បញ្ហានយោបាយ ទុកឲ្យអ្នកនយោបាយ គេដោះស្រាយគ្នាគេទៅ យើងជាពលករគិតតែពីរកលុយដើម្បីចញ្ចឹមជីវិតទៅបានហើយ។
បើតាមពលករ-ពលការិនីខ្មែរមួយចំនួនដែលបានចូលរួមក្នុងកម្មវិធីបន្តលិខិតឆ្លងដែនរបស់ស្ថានទូតនោះ បានរៀបរាប់ឲ្យដឹងថា បើតាមការពិនិត្យលើទឹកមុខ និងការនិយាយសំណេះសំណាលរបស់ ឯកអគ្គរដ្ឋទូត ឡុង ឌីម៉ង គាត់ហាក់មានការភ័យខ្លាចខ្លាំងណាស់ ចំពោះកំលាំងបាតុកម្មនៅថ្ងៃទី១ ខែតុលា ខាងមុខ របស់ប្រជាពលរដ្ឋខ្មែរភាគច្រើនមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិនោះ ដែលនឹងប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅកណ្តាលទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
គួរបញ្ចាក់ដែរថា ពលករខ្មែរ-ពលការិនីខ្មែរ សហការជាមួយនឹងសមាគមន៍ខ្មែរដទៃទៀត នឹងរៀបចំឲ្យមានមហាបាតុកម្មធំមួយនៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ ក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើការទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងៗទៀត ជាពិសេស គឺពួកគេទាមទារឲ្យមានការរៀបចំការបោះឆ្នោតនៅក្រៅប្រទេស៕ ((ដកស្រង់ចេញពីផេក ៖ TV CNRP))
ប្រភព ៖ Roth Sky Political
No comments:
Post a Comment