អប្បកញ្ចិទំ ជីវិតមាហុធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់, ពេលមានជីវិតនៅរស់អោយគេស្រឡាញ់ចូលចិត្ត ឃ្លាតចាកទៅអោយគេស្រណោះអាឡោះអាល័យ.
ជីវិតរបស់រាល់មនុស្សសព្វសត្វទាំងឡាយ ដែលរស់នៅលើពិភពលោកនេះ សុទ្ធតែគេចមិនផុតពី ការកើត ចាស់ ឈឺ ស្លាប់ បើដូច្នេះហើយរាល់មនុស្ស គួរតែមានចិត្តមេត្តាធម៌ចំពោះគ្នានិងគ្នាអោយបានច្រើន។ នៅពេលជីវិតរបស់រាល់មនុស្សរលត់ទៅ មិនអាចយកអ្វីតាមខ្លួនបានឡើយ។ ទ្រព្យសម្បត្តិ មាសប្រាក់កែវកងមានតម្លៃ ឬអ្វីៗដែលជាទីហួងហែងរបស់រាល់មនុស្សក៏ទុកចោល សូម្បីតែកាក់ដែលគេដាក់ក្នុងមាត់ក៏មិនអាចយកទៅបានដែរ។
ពេលមានជីវិតនៅរស់អោយគេស្រឡាញ់ចូលចិត្ត ឃ្លាតចាកទៅអោយគេស្រណោះអាឡោះអាល័យ កុំធ្វើអោយជីវិតស្លាប់ទាំងរស់ ដូចបុគ្គលខ្មែរខ្លះដែលកំពុងបានប្រព្រឹត្ត ទុច្ចរិត ធ្វើទុក្ខបុកម្នេញមកលើខ្មែរបរិសុទ្ធស្លូតត្រង់ទាំងឡាយ អោយសោះ។ ធ្វើជាមនុស្សត្រូវចេះសាងនូវទង្វើល្អ មានជីវិតរស់នៅមួយថ្ងៃ ក៏នៅប្រសើរជាងមនុស្សសាងនូវទង្វើអាក្រក់ មានជីវិតរស់នៅរយឆ្នាំ។
លោកព្រឹទ្ឋាចារ្យ វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) លោក មានប្រសាសន៍ថា "ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រលាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តញាណរបស់ខ្មែរក្នុងស្ថាបត្យកម្ម រហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ" ។
ពីព្រោះថាជីវិតរបស់សព្វសត្វទាំងឡាយ មានការបែករំលត់ទៅជាទីបំផុត អំពើល្អប៉ុណ្ណោះ ដែលជាស្ពានជួយសព្វសត្វទាំងឡាយ អោយទៅកើតនៅភព សុគតិ លោក សួគ៌ា បាន, អំពើល្អនរណាបានសាង អ្នកនោះក៏បានទទួល ប្រៀបដូចយើងទទួលទានអាហារបែបណា រាងកាយក៏បានទទួលផលបែបនោះ អ៊ីចឹង សមដូចព្រះសម្មាសម្ពុទ្ធ លោកមានព្រះតម្រាស់ថា ៖
ទហរាបិ ច យេ វុឌ្ឍា ---- យេ ពាលា យេ ច បណ្ឌិតា
អឌ្ឍា ចេវ ទលិទ្ទា ច ---- សព្វេ មច្ចុបរាយនា ។
នរជនទាំងឡាយណា ទោះបីក្មេងក្ដី ចាស់ក្ដី ល្ងង់ខ្លៅក្ដី មានបញ្ញាឈ្លាសវៃក្ដី អ្នកមានក្ដី អ្នកក្រក្រីតោកយ៉ាកក្ដី នរជនទាំងអស់នោះ តែងតែមានសេចក្ដីស្លាប់ជាកន្លែងទៅខាងមុខ។
យថាបិ កុម្ភការស្ស ---- កតំ មត្តិកភាជនំ
ខុទ្ទកញ្ច មហន្តញ្ច ---- យញ្ច បក្កំ យញ្ច អាមកំ
សព្វំ ភេទបរិយន្តំ ---- ឯវំ មច្ចាន ជីវិតំ ។ (មហាបរិនិព្ពានសុត្តំ)
ភាជនៈដី ដែលស្មូនឆ្នាំងបានធ្វើរួចហើយ ទោះបីតូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជនៈទាំងអស់នោះ សុទ្ធតែមានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណាមិញ ជីវិតរបស់សត្វមានជីវិតទាំងឡាយ ក៏យ៉ាងដូច្នោះដែរ។
បរិជិណ្ណមិទំ រូបំ ---- រោគនិទ្ធំ បភង្គុណំ,
ភិជ្ជតិ បូតិ សន្ទេហោ ---- មរណន្តំ ហិ ជីវិតំ ។ (ឧត្តរាថេរីវត្ថុពុទ្ធោវាទោ)
រូបកាយនេះចាស់គ្រាំគ្រាអស់ហើយ ជាទីសម្បុកនៃមេរោគ ជារបស់ទ្រុឌទ្រោមពុកផុយ, រាងកាយជារបស់រលួយស្អុយនេះ តែងបែកធ្លាយរលាយទៅវិញ ព្រោះជីវិតរមែងមានសេចក្តីស្លាប់ជាទីបំផុត ។
*មរណស្សតិ - ការរឭកដល់សេចក្តីស្លាប់
អទ្ធា សព្ពសត្តានំ មរណំ ភវិស្សតិ - សេចក្តីស្លាប់របស់សព្វសត្វ នឹងមានយ៉ាងពិតប្រាកដ
អទ្ធុវំ មេ ជីវិតំ - ជីវិតរបស់យើង ជារបស់មិនឋិតឋេរ
ធុវំ មេ មរណំ- សេចក្តីស្លាប់របស់យើង ជារបស់ឋិតឋេរ ។
បើមនុស្សបានពិចារណាអំពីសេចក្តីស្លាប់ ជារឿយៗ ជារៀងរាល់ថ្ងៃ ជារឿងដែលល្អប្រសើរក្នុងការស្វែងរកសច្ចធម្មក្នុងជីវិត ព្រោះនៅពេលដែលមនុស្សបានគិតពិចារណាពីសេចក្ដីស្លាប់ដោយយោនិសោមនសិការ ហើយយល់ច្បាស់ថា ខ្លួនយើង ក៏នឹងត្រូវស្លាប់យ៉ាងពិតប្រាកដ សេចក្ដីស្លាប់នេះ នឹងកើតឡើងបាន គ្រប់ពេលគ្រប់វេលា មនុស្សក៏នឹងប្រញាប់ប្រញាល់ធ្វើនូវអំពើល្អ ឃាត់ចិត្តចាកពីអំពើអាក្រក់ថោកទាបទាំងពួង ទាំងផ្លូវកាយ ទាំងផ្លូវវាចា និងផ្លូវចិត្ត ហើយពេលដែលសេចក្តីស្លាប់កើតឡើងនូវចំពោះខ្លួនឯង និង ក្រុមគ្រួសារសាច់ញាតិ មានជាពិសេស គឺមនុស្សជាទីស្រឡាញ់ជាដើម មនុស្សដែលបានចម្រើនមរណស្សតិនោះល្អហើយ ក៏នឹងមិនតក់ស្លុតអ្វីឡើយ ព្រោះ ការកើត ចាស់ ឈឺ ស្លាប់ ជាធុវធម្ម ជាធម្មនិយាម ។
ព្រះសម្មាសម្ពុទ្ធ លោកតែងតែប្រាប់ដាស់តឿនដល់មនុស្សទាំងឡាយ កុំប្រមាទក្នុងការដំណើរជីវិត គប្បីរឭកដល់សេចក្ដីស្លាប់ជារឿយៗ រឭកជានិច្ច រឭកជារៀងរាល់ថ្ងៃ ព្រោះថា មិនថា ទារក ទារិកា ក្មេង ស្ទាវ កម្លោះ ក្រមុំ ចាស់ មាន ក្រ រាជា សេដ្ឋី និង យាចក ឬមិនថាវ័យណាៗ យសឋានន្តរណាៗ ក៏គង់នឹងស្លាប់បានគ្រប់ពេលវេលា...ដូច ព្រះបាលីថា ៖
ឯវំ ជរា ច មច្ចុ ច ---- អធិវត្តន្តិ បាណិនោ
ខត្តិយេ ព្រាហ្មណេ វេស្សេ ---- សុទ្ទេ ចណ្ឌាលបុក្កុសេ ។
សេចក្ដីចាស់ និង សេចក្ដីស្លាប់ តែងតែគ្របសង្កត់ នូវសត្វទាំងឡាយ (មិនរើសមុខថា) ជាខត្តិយៈក្តី ជាព្រាហ្មណ៍ក្ដី ជាឈ្មួញក្ដី ជាគូលីក្ដី ជាចណ្ឌាលក្ដី ជាអ្នករើសសំរាមបោសសំរាមក្ដី យ៉ាងនេះឯង ។
អទ្ធុវំ មេ ជីវិតំ, ធុវំ មេ មរណំ, អវស្សំ មយា មរិតព្ពំ,
មរណបរិយោសានំ មេ ជីវិតំ, ជីវិតមេវ អនិយតំ, មរណំ និយតំ។
ជីវិតរបស់យើង ជារបស់មិនឋិតឋេរ, សេចក្តីស្លាប់របស់យើង ជារបស់ឋិតឋេរ, យើងគង់តែនឹងស្លាប់ យ៉ាងពិតប្រាកដ, ជីវិតរបស់យើង មានសេចក្តីស្លាប់ជាទីបំផុត, ជីវិត ជារបស់មិនទៀងត្រង់, សេចក្តីស្លាប់ ជារបស់ទៀងត្រង់ពិតប្រាកដ។
យថា ទណ្ឌេន គោបាលោ ---- គាវោ បាជេតិ គោចរំ,
ឯវំ ជរា ច មច្ចុ ច ---- ឣាយុំ បាជេតិ បាណិនំ ។
គង្វាលគោ រមែងកៀងគោទាំងឡាយទៅកាន់ទីគោចរ (កន្លែងស៊ីស្មៅ) ដោយឣាជ្ញាគឺដំបង ឬរំពាត់ យ៉ាងណាមិញ, ជរា គឺ សេចក្តីទ្រុឌទ្រោមគ្រាំគ្រា និង មច្ចុ គឺ សេចក្តីស្លាប់ តែងតែកៀងនូវឣាយុ របស់សត្វមានជីវិតទាំងឡាយ ក៏យ៉ាងដូច្នោះឯង ។
បុញ្ញានិ បរលោកស្មឹ ---- បតិដ្ឋា ហោន្តិ បាណិនំ.
បុណ្យទាំងឡាយ ជាទីពឹងអាស្រ័យ របស់សត្វទាំងឡាយ
ក្នុងបរលោក ។
ជាអវសាននេះ កម្សាន្តខ្មែរ ២០១៧ សូមគោរពដល់ដួងវិញ្ញាណក្ខន្ធ របស់លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ និង សូមជូនពរឧទ្ទិសកុសលផលបុណ្យទាំងឡាយ ចូរអោយបានកើតមានដល់លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ អញ្ជើញទៅកើតនៅភព សុគតិ លោក សួគ៌ា កុំបីឃ្លៀងឃ្លាតឡើយ ៕
(((អត្ថបទដោយ៖ កម្សាន្តខ្មែរ ២០១៧-Kamsan Khmer 2017 រក្សាសិទ្ធិ)))
No comments:
Post a Comment