ការចូលរួមពីគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតគឺជារឿងមិនអាចខ្វះបាន និងការរំលាយគណបក្សប្រឆាំងមិនមែនជាជម្រើសត្រឹមត្រូវឡើយ !!
យោងតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ គណបក្សសង្គ្រោះជាតិអាចការពារលោក កឹម សុខា បាន ឲ្យតែស្របតាមគន្លងច្បាប់ពោលគណបក្សមួយនេះនឹងមិនប្រឈមនឹងការរំលាយឡើយ កុំតែគណបក្សបង្ក បង្កើតភាពវឹកវរ អសន្តិសុខប៉ះពាល់ដល់សន្តិសុខជាតិ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សសង្គ្រោះជាតិធ្លាប់ប្រកាសហើយថា គណបក្សនឹងមិនជ្រើសរើសផ្លូវបាតុកម្មឡើយ។ គណបក្សនឹងបន្តការពារលោក កឹម សុខា តាមផ្លូវច្បាប់ដដែល។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក គិន ភា លើកឡើងថា ការការពារលោក កឹម សុខា គឺជារឿងសំខាន់ តែអាយុជីវិតគណបក្សសង្គ្រោះជាតិក្នុងការប្រកួតប្រជែងការបោះឆ្នោតរឹតតែសំខាន់ ដូច្នេះ គណបក្សគួរថ្លឹងថ្លែងជម្រើសរបស់ខ្លួនឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្ត។ លោកបណ្ឌិត មាស នី លើកឡើង គណបក្សសង្គ្រោះជាតិអាចត្រូវបានរំលាយពេលណាក៏បាន ទោះចង់ ឬមិនចង់។
យោងតាមប្រសាសន៍មន្ត្រីរាជរដ្ឋាភិបាល និងគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិប្រហែលនឹងនៅតែមានជីវិតបន្ត គ្រាន់តែស្ថិតក្នុងសភាពមួយលំបាកជាទីបំផុត។ ជម្រើសចូលរួមការបោះឆ្នោតគឺជាអ្វីដែលគណបក្សមួយនេះត្រូវគិត។ ប្រជាពលរដ្ឋប្រហែលនៅតែចង់ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត។ គណបក្សកាន់អំណាចនៅតែចង់ឲ្យមានគណបក្សប្រឆាំងធំជាងគេបំផុតចូលរួម។
ឈ្នះ ឬចាញ់ នៅតែជារឿងមិនទាន់ប្រាកដប្រជាសម្រាប់គណបក្សធំទាំងពីរ! ៕
(ដកស្រង់ប្រសាសន៍ពីវិទ្យុបារាំងផ្សាយថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 និងសំយោគមតិ និងការព្យាករនៅកថាខណ្ឌចុងក្រោយពីម្ចាស់សំណេរផ្ទាល់)
ប្រភព ៖ Ratanak Eng
No comments:
Post a Comment