ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ស្នើមន្ត្រីរដ្ឋាភិបាលបំភ្លឺការបទល្មើសជាក់ស្ដែងនិងការបិទវិទ្យុ
ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងចេញលិខិតពីរដាច់ដោយឡែកពីគ្នា ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យបំភ្លឺពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង និងការបិទការផ្សាយស្ថានីយវិទ្យុមួយចំនួន។
លិខិតរបស់ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ចុះថ្ងៃទី១៣ កញ្ញា ស្នើរដ្ឋមន្ត្រីទាំងពីររូបបំភ្លឺ បន្ទាប់ពីប្រធានគណបក្សរបស់លោកគឺ លោក កឹម សុខា ត្រូវបានចាប់ខ្លួនដែលសមត្ថកិច្ចចោទពីបទល្មើសជាក់ស្ដែង ក្នុងអំពើឃុបឃិតជាមួយបរទេស និងការដកអាជ្ញាប័ណ្ណស្ថានីយជាង៣០ ដែលផ្សាយបន្តពីវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងដើម្បីប្រជាធិបតេយ្យ (VOD) និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក គឹម សន្តិភាព ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៥ កញ្ញា ថា ខាងលោកពុំទាន់បានទទួលលិខិតផ្លូវការនេះនៅឡើយទេ។
ក្នុងលិខិតរបស់លោក សុន ឆ័យ បញ្ជាក់ពីករណីចាប់ខ្លួនសមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រោមបទល្មើសជាក់ស្ដែងនាពេលកន្លងមក ផ្ទុយពីមាត្រា៨៦ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា បទល្មើសជាក់ស្ដែង គឺជាបទល្មើសដែលកំពុងប្រព្រឹត្ត និងទើបប្រព្រឹត្តភ្លាមៗ ហើយត្រូវគេស្រែកដេញចាប់ប្រផាប់ចាប់ប្រភីង។
លិខិតដាច់ដោយឡែករបស់លោក សុន ឆ័យ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកវិធានការបិទស្ថានីយវិទ្យុជាង៣០ ក្រោមហេតុផលថា រំលោភកិច្ចសន្យារវាងក្រសួងព័ត៌មាននោះ ជាទង្វើរើសអើងខុសគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ និងលំអៀងក្នុងបំណងបម្រើនយោបាយបក្សកាន់អំណាច។ លោកថា ក្រសួងត្រូវកែតម្រូវឲ្យស្ថានីយវិទ្យុទាំងនោះដំណើរការឡើងវិញ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment