ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង មិនចង់អោយកម្ពុជាវិលទៅរកឆ្នាំសូន្យ និងបានធ្វើមហាបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងបូរីញូវយ៉ក ដើម្បីទាមទារអោយរដ្ឋាភិបាលខ្មែរ ដោះលែងលោកកឹម សុខា និងអោយមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នៅឆ្នាំ២០១៨ខាងមុខ !
*ប្រភពពីសារព័ត៌មានសំំឡេងវិទ្យុអាស៊ីសេរីបានអោយដឹងថា ៖ ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង មិនចង់អោយកម្ពុជាវិលទៅរកឆ្នាំសូន្យ !
ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង និងខ្មែររស់នៅក្រៅប្រទេសមានបំណងរួមតែមួយ គឺទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង និងស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពក្នុងបញ្ចេញមតិឡើងវិញ ដើម្បីឲ្យការបោះឆ្នោតជាតិខាងមុខប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគាត់ទាមទារឲ្យអន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងការទូតដើម្បីស្តារស្ថានការណ៍ទាំងនេះ។
ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីក្រុមពលរដ្ឋមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដឹកនាំប្រទេសឆ្ពោះទៅកាន់របបផ្ដាច់ការដោយបិទនូវសិទ្ធិសេរីភាពធំៗរបស់ពលរដ្ឋខ្លួន។ តាមរយៈញត្តិដែលក្រុមពលរដ្ឋខ្មែរអាមេរិកាំង ជាង ៤០០នាក់ បានដាក់ទៅឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅនេះ ពលរដ្ឋចង់អោយសហរដ្ឋអាមេរិក ដាក់សម្ពាធទាំងផ្នែកសេដ្ឋកិច្ច និងការទូតចំពោះរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារស្ថានការណ៍ដែលកំពុងកើតឡើងនៅពេលនេះ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ដែលតំណាងក្រុមអ្នកតវ៉ា ហើយបានប្រគល់ញត្តិជូនមន្ត្រីក្រសួងការបរទេសអាមេរិក បញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការកម្ពុជា បានប្រាប់លោកថា គេបានថតរូបនៃហ្វូងបាតុករ និងបញ្ជូនទៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដើម្បីបានជ្រាបអំពីការតវ៉ារបស់ពលរដ្ឋខ្មែរ-អាមេរិក ដែលសំដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន។
តំណាងបាតុករដដែលដែលបានទៅចូលជួបមន្ត្រីអាមេរិក បានបញ្ជាក់បន្ថែមថា មន្រ្តីអាមេរិក ថ្លែងអំណរគុណពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលក្រោកឈរឡើងបង្ហាញនូវឆន្ទៈរបស់ខ្លួនប្រឆាំងនឹងការរំលោភច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា តាមមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស ប្រហែលជានៅចុងខែនេះ នឹងមានច្បាប់មួយចេញពីសភាសហរដ្ឋអាមេរិក ដែលមានការគាំទ្រដោយក្រសួងការបរទេស មានចំណាត់ការទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ផងដែរ។
លោក ទូច វិបុល បានឡើងធ្វើសេចក្តីថ្លែងការណ៍រួម តំណាងឲ្យសំឡេងពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលប្ដេជ្ញាថា នឹងមិនឲ្យកម្ពុជា វិលទៅរកឆ្នាំសូន្យ និងក្រើនរំលឹកឲ្យអន្តរជាតិកុំភ្លេចកាតព្វកិច្ចរបស់ខ្លួន៖ «ក្នុងខណៈនេះ សហគមន៍អន្តរជាតិ មិនអាចគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនម្តងហើយម្តងទៀតបានទេ នៅចំពោះមុខកម្ពុជា កំពុងធ្លាក់ក្នុងរណ្តៅនៃរបបផ្តាច់ការ។ លទ្ធិប្រជាធិបតេយ្យក្រោមរបប ហ៊ុន សែន ទៅមុខមួយជំហាន ថយក្រោយពីរជំហាន ចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣»។
ប្រជាពលរដ្ឋខ្មែរមកពីរដ្ឋមីនីសូតា (Minnesota) មកតវ៉ាប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកស្រីចាត់ទុកថា ជារដ្ឋាភិបាលផ្តាច់ការ មិនគោរពតាមឆន្ទៈប្រជារាស្រ្ត ព្រោះរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកស្រី វង្ស សុធី បន្តថា រដ្ឋាភិបាលមិនគោរពតាមមាគ៌ាច្បាប់ឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកស្រីទាមទារឲ្យផ្តល់សេរីភាពដល់បក្សម្ខាងទៀត ដើម្បីធ្វើឲ្យលំហប្រជាធិបតេយ្យមានភាពប្រសើរឡើងវិញ៖ «គាត់មិនអាចមានតែម្នាក់គាត់ទេ។ បើសិនគាត់មានតែម្នាក់គាត់ អំណាចផ្ដាច់ការហើយ។ យើងចង់ឲ្យដោះលែងលោក កឹម សុខា ដោយសារការចោទប្រកាន់លើគាត់ អត់មានលក្ខណៈ ដែលយើងអាចទទួលយកបានទេ។ ខ្ញុំបានមើលវីដេអូគាត់ដែលគាត់និយាយ។ គាត់និយាយជាលក្ខណៈទូទៅ បើកចំហ នរណាក៏អាចមើលបាន អត់មែនសម្ងាត់ទេ អត់និយាយពីចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ។ គាត់និយាយអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
ចំណែកពលរដ្ឋខ្មែរដែលមកពីទីក្រុងឡូវែល (Lowell) ឯណោះវិញ ប្រឆាំងដាច់ខាត ការណ៍ដែល រដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពបណ្ដាញផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។ លោកថា មានតែសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីស្ដារស្ថានការណ៍ដុនដាប់នេះបាន៖ «បងប្អូនស្នើឲ្យក្រសួងការបរទេស និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសកលលោកចាប់អារម្មណ៍រឿងនេះ គឺធ្វើយ៉ាងណាឲ្យកម្ពុជា ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងស្នើឲ្យមានការបោះឆ្នោតសេរី និង យុត្តិធម៌នៅកម្ពុជាឆាប់ៗ»។
អ្នកតវ៉ាម្នាក់ទៀតពីទីក្រុងឡូវែលដែរ អ្នកស្រី ស៊ូស៊ី ឈួន មិនត្រឹមតែចង់ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ លោកស្រីទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងឥឡូវនេះ «ពួកខ្ញុំធ្វើដំណើររាប់រយគីឡូ ដើម្បីមកទីនេះ រួមគ្នាទាមទាររកយុត្តិធម៌ជូនប្រទេសកម្ពុជា។ លោក ហ៊ុន សែន យកអាមេរិកជាខ្មាំង ដោយចោទអាមេរិក ថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងករណីចោទប្រកាន់លោក កឹម សុខា។ ពួកយើងខ្ញុំទាមទារឲ្យលោក ហ៊ុន សែន បញ្ឈប់ការចោទបែបនេះ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចជាបន្ទាន់។ អាមេរិកាំងជួយលុយទៅស្រុកខ្មែរ ដើម្បីជួយពលរដ្ឋខ្មែរ ប៉ុន្តែលោក ហ៊ុន សែន និងបក្សពួកនាំគ្នាកេងប្រវ័ញ្ចលុយទាំងនោះ។ យើងខ្ញុំសុំស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្ម កុំឲ្យលោក ហ៊ុន សែន និងមន្ត្រីរបស់គាត់ ជាន់ទឹកដីអាមេរិកឲ្យសោះ»។
ពលរដ្ឋខ្មែរនៅឯទីក្រុងឡុងប៊ិចវិញ ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាលើកទីពីរ កាលពីថ្ងៃទី១៦ ខែកញ្ញា នៅមុខសាលាក្រុងឡុងប៊ិច ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងសកម្មជននយោបាយដទៃទៀត។ ពួកគាត់ទាមទាររកសេរីភាពជូនពលរដ្ឋខ្មែរនៅកម្ពុជា៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
*ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង បានធ្វើមហាបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងបូរីញូវយ៉ក ដើម្បីទាមទារអោយរដ្ឋាភិបាលខ្មែរ ដោះលែងលោកកឹម សុខា និងអោយមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នៅឆ្នាំ២០១៨ខាងមុខ !
រលកនៃការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា នឹងបន្តបោកបក់ទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (New York) នៅថ្ងៃសុក្រ នេះទៀត។
គាប់ជួនពេលដែលអង្គការសហប្រជាជាតិ កំពុងបើកមហាសន្និបាតលើកទី៧២ របស់ខ្លួននៅទីក្រុងញូវយ៉ក ពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានា នឹងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា នេះ។
ពលរដ្ឋខ្មែរអាមេរិកម្នាក់គឺលោក អ៊ុង ឬទ្ធី មកពីក្រុងឡូវែល ដែលនឹងចូលរួមតវ៉ាឲ្យដោះលែង លោក កឹម សុខា ប្រាប់អាស៊ីសេរី ថាពលរដ្ឋខ្មែរអាមេរិកាំង ជាច្រើនបានសំណូមពរឲ្យនាំគ្នាធ្វើបាតុកម្មនៅកន្លែងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនេះ ដោយសារចង់ផ្ញើសារឲ្យឮដល់មេដឹកនាំនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដែលមកចូលរួមក្នុងសន្និបាតនោះ បានដឹងពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ “យើងចង់ផ្ញើសារទៅពិភពលោកឲ្យដឹង ឲ្យជួយដោះស្រាយបញ្ហាប្រទេសរបស់យើង ជាពិសេសពាក់ព័ន្ធនឹងការចាប់ឃុំឃាំងប្រធានគណបក្សសង្គ្រោះជាតិ។ ទីពីរ ប្រសិនជាមានការចាប់ចងប្រធានគណបក្សអ៊ីចឹង ការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌។ ទីបី សុំឲ្យមានស្ថិរភាពក្នុងរឿងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង ព្រោះកំពុងរងការលំបាក និងដើរថយក្រោយ។ ទីបួន គឺសុំទាមទារឲ្យអង្គការសហប្រជាជាតិ ជួយបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត នៅឆ្នាំ២០១៨ ខាងមុខនេះ”។
ក្នុងមហាសន្និបាតលើកទី៧២ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែកញ្ញានេះ ប្រទេសកម្ពុជា បានចាត់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ឲ្យមកចូលរួមប្រជុំ។ ប៉ុន្តែលោក អ៊ុង ឬទ្ធី បញ្ជាក់ថា ការធ្វើបាតុកម្មនេះ គឺដើម្បីផ្ញើសារទៅមេដឹកនាំពិភពលោក រួមទាំងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនសំខាន់ថាមាន ឬគ្មានវត្តមានតំណាងរដ្ឋាភិបាលលោក ហ៊ុន សែន មកចូលរួមប្រជុំនោះទេ៖ “ទោះបីលោក ប្រាក់ សុខុន មក ឬមិនមក សំខាន់យើងចង់ធ្វើម៉េចក្នុងនាមយើងជាជនជាតិខ្មែរ ដែលរស់នៅប្រទេសក្រៅ យើងចង់ឲ្យពិភពលោកដឹងថា យើងមិនពេញចិត្តនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសព្វថ្ងៃនេះឡើយ”។
តាំងពីក្រោយការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រលកបាតុកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្ទុះឡើងស្ទើរគ្រប់ទីន្លែងដែលមានខ្មែររស់នៅ។ នៅថ្ងៃទី២៦ ខែកញ្ញាឋខាងមុខនេះ ពលរដ្ឋខ្មែរមកពីរបណ្ដាប្រទេសសហគមន៍អឺរ៉ុប នឹងធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា នៅមុខការិល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ចំណែកឯពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នឹងនាំគ្នាធ្វើមហាបាតុកម្មទាមទារដូចគ្នានេះដែរ នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment