សមាជិកសភាសហរដ្ឋអាមេរិក ៖ គាស់រម្លើងឫសគល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា !!
ក្រុមសមាជិកសភារបស់ប្រទេសមហាអំណាចអាមេរិក បានចេញលិខិតមួយទៅកាន់រដ្ឋាភិបាលខ្លួន ឱ្យចាត់វិធានការចំពោះការបង្ក្រាបនានារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើគណបក្សជំទាស់ និងស្ថាប័នសារព័ត៌មានក្នុងស្រុក។ សមាជិកសភាសហរដ្ឋអាមេរិក បានហៅការបង្រ្កាបថ្មីៗនេះថា ជាចេតនាក្នុងការ «គាស់រម្លើងឫសគល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា»។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាចថា ការណ៍នោះគឺគ្រាន់តែជាសេចក្តីអំពាវនាវរបស់សមាជិកសភាអាមេរិកមួយចំនួនតូចតែប៉ុណ្ណោះ។ (ប្រភពពី VOA Khmer)
ចំណែកប្រភពពី RFI បានសរសេរថា ៖ ក្រុមសមាជិកសភាអាមេរិកទាំង ៨រូប ស្នើឲ្យក្រសួងការបរទេសអាមេរិកបង្ខំឲ្យរដ្ឋាភិបាលោកហ៊ុន សែន
សមាជិកសភាអាមេរិកចំនួន៨នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកRex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយបង្ហាញពីការព្រួយបារម្ភរបស់ពួកគេចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីការចាប់ខ្លួនលោកកឹម សុខា និងការបិទបណ្តាញសារព័ត៌មានមួយចំនួនកាលពីពេលថ្មីៗនេះ។ ក្រុមសមាជិកសភាអាមេរិកក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនដោះស្រាយបញ្ហានេះជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងលិខិតកម្រាស់ពីរទំព័ររបស់ខ្លួនទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រុមសមាជិកសភាអាមេរិកទាំង៨រូបនេះ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ពួកគេក៏បានបង្ហាញនូវការព្រួយបារម្ភជាពិសេសផងដែរចំពោះការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សប្រឆាំង និងការប៉ន់ប៉ងលុបបំបាត់សេរីភាពសារព័ត៌មាននៅកម្ពុជា។ ការព្រួយបារម្ភមួយទៀតរបស់ពួកគេ គឺចំពោះការចោទប្រកាន់ដែលពួកគេអះអាងថាគ្មានហេតុផលរបស់លោកហ៊ុន សែន ដែលថា សហអាមេរិកបានរួមដៃជាមួយលោកកឹម សុខា ក្នុងអំពើក្បត់ជាតិ។ ហេតុដូច្នេះហើយ ក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឲ្យក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញបន្តថ្កោលទោសជាសាធារណៈទៅលើរដ្ឋាភិបាលកម្ពុជា។
ប្រតិកម្មរបស់សមាជិកសភាអាមេរិក បានកើតឡើងបន្ទាប់ពីលោកកឹម សុខា ត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារក្រោមបទចោទក្បត់ជាតិ។ វាបានកើតឡើងដំណាលគ្នានឹងការប្រកាសបិទអង្គការអាមេរិកាំង NDI ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការបិទវិទ្យុក្នុងស្រុកមួយចំនួន ដែលបន្តផ្សព្វផ្សាយ ពីវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។ សម្រាប់ក្រុមសមាជិកសភាអាមេរិក ស្ថានភាពបែបនេះ វាធ្វើឲ្យមានការព្រួយបារម្ភចំពោះការបោះឆោតជាតិឆ្នាំ២០១៨ ដែលនឹងមានការលើកឡើងពីមន្ទិលសង្ស័យនានាដែលថា ការបោះឆ្នោតនោះនឹងសេរី និងយុត្តិធម៌ដែរឬយ៉ាងណា។
នៅចំពោះមុខបញ្ហាទាំងនេះ ក្រុមសមាជិកសភាអាមេរិកទាំង៨រូបបានអំពាវនាវដល់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ឲ្យធ្វើការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់របស់អាមេរិក និងសហគមន៍អន្តរជាតិក្នុងការប្រើប្រាស់នូវគ្រប់មធ្យោបាយការទូតចាំបាច់ទាំងអស់ ដើម្បីបង្ខំឲ្យរដ្ឋាភិបាលោកហ៊ុន សែន ប្រកាន់ខ្ជាប់នូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពួកគេក៏បានស្នើសុំលោករដ្ឋមន្ត្រីការបរទេសអាមេរិកឲ្យដោះស្រាយបញ្ហាព្រួយបារម្ភទាំងអស់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិពលរដ្ឋខ្លួនឯងតាមរយៈបង្កើតមានសេរីភាពសារព័ត៌មាននិងការគោរពការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ជាមួយគ្នានេះ ក្រុមសមាជិកសភាអាមេរិក៏បានព្រមានផងដែរថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានការលើបញ្ហាទាំងនេះ ប្រសិនបើខ្លួនចង់ស្វែងរកទំនាក់ទំនងល្អប្រសើរទាំងផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រជាមួយអាមេរិកនោះ។
នេះមិនមែនជាប្រតិកម្មទី១ទេ របស់អាមេរិកចំពោះស្ថានភាពនៅកម្ពុជា ។ កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញក៏បានចេញប្រតិកម្មនឹងការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាដែលបានទាញអាមេរិកភ្ជាប់ទៅនឹងករណីលោកកឹម សុខា។ ទូតអាមេរិកថែមទាំងអំពាវនាវឲ្យមានការដោះលែងលោកកឹម សុខា ថែមទៀត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាតែងតែបានបញ្ជាក់ហើយថា សហគមន៍អន្តរជាតិក៏ដូចជារដ្ឋបរទេសគ្មានឥទ្ធិពលណាមួយមកលើអាជ្ញាធរកម្ពុជាក្នុងការទៅបញ្ឈប់ដំណើរការរបស់តុលាការលើសំណុំរឿងលោកកឹម សុខាឡើយ៕ ( ប្រភពពី ៖ RFI )
ប្រភពប្រែក្រៅផ្លូវការពី កញ្ញា កឹម មនោវិទ្យា (Monovithya Kem) ៖
ក្រុមសមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសរសេរលិខិតទៅរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ដើម្បីទាមទារអោយលើកបញ្ហាចាប់ខ្លួន ឯកឧត្តម កឹម សុខា និងស្ថានការណ៍ដុនដាបលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជឿទុកចិត្តបាន នៅកម្ពុជា ជាមួយរដ្ឋាភិបាលកម្ពុជា ។
ការបកប្រែក្រៅផ្លូវការ នៃខ្លឹមសារលិខិតជាភាសាអង់គ្លេស ៖
No comments:
Post a Comment