ក្ដៅៗ! អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីល Khoramshahr វង់រស្មីគោលដៅនៃការកម្ចេចចម្ងាយ 2,000 km (1,242 miles) បានជោគជ័យ! ភ្លាមៗនោះ រដ្ឋាភិបាលបស្ចិមប្រទេសក៏បានមានប្រតិកម្មតបទៅនឹងការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់អ៊ីរ៉ង់ !!
មេដឹកនាំនៃបណ្ដាបស្ចិមប្រទេសនានាបានមានប្រតិកម្មយ៉ាងប្រយ័ត្នប្រយែងចំពោះការប្រកាសរបស់រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ម្សិលមិញដែលថា ខ្លួនបានធ្វើការសាកល្បងដោយជោគជ័យនូវគ្រាប់ផ្លោងមីស៊ីលចម្ងាយមធ្យមថ្មីមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសេរនៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញថា៖ «ប្រទេសអ៊ីរ៉ង់ទើបតែបានសាកល្បងគ្រាប់ផ្លោងមីស៊ីលមួយដែលមានសមត្ថភាពអាចហោះដល់ប្រទេសអ៊ីស្រាអែល។ អ៊ីរ៉ង់ក៏កំពុងតែធ្វើការជាមួយនឹងកូរ៉េខាងជើងដែរ។ យើងមិនឃើញអ៊ីរ៉ង់ធ្វើតាមការព្រមព្រៀងភាគច្រើននោះទេ»។
លោក Trump ថ្លែងដូច្នេះដោយយោងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលកិច្ចព្រមព្រៀងកំណត់ឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិចេញពីប្រទេសអ៊ីរ៉ង់ដើម្បីជាថ្នូរឲ្យអ៊ីរ៉ង់លះបង់ចោលនូវសកម្មភាពនុយក្លែអ៊ែររបស់ខ្លួនមួយចំនួន។
ចំណែកឯប្រទេសបារាំងដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ មានប្រតិកម្មតាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការបរទេសថា៖ «រដ្ឋាភិបាលបារាំងទាមទារឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់នូវរាល់សកម្មភាពបំផ្លិចបំផ្លាញទាំងអស់នៅក្នុងតំបន់ និងគោរពទៅតាមចំណុចទាំងអស់ដែលមានចែងនៅក្នុងសេចក្ដីសម្រេចលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះមានទាំងចំណុចដែលអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពគ្រាប់ផ្លោងមីស៊ីលបែបនេះទៀតផង»។
រីឯរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលវិញ បានហៅការសាកល្បងមីស៊ីលរបស់អ៊ីរ៉ង់នេះថាជា «ការបង្កហេតុ» ដែលមានគោលបំណងសំដៅលើសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរនេះ៕
ប្រភព ៖ វិទ្យុវីអូអេខ្មែរ
No comments:
Post a Comment