"កុំបំភ័ន្តមតិអំពីអ្វីដែលហៅថាបដិវត្តន៍ពណ៌!" បទវិភាគច្បាប់ដោយ លោក Chantha Muth
យោងទៅតាមការប្រកាសរបស់រាជរដ្ឋាភិបាលដែលបានធ្វើម្តងហើយម្តងទៀត បានចាត់ទុកថា “បដិវត្តន៍ពណ៌” គឺជាអំពើឧក្រិដ្ឋ។ ប៉ុន្តែរដ្ឋាភិបាលមិនដែលបានឲ្យនិយមន័យច្បាស់លាស់ពីអ្វីហៅថាបដិវត្តន៍ពណ៌នោះទេ។ អ្នកច្បាប់ពុំបានរកឃើញប្បញ្ញត្តិច្បាប់ជាធរមានណាមួយនៅកម្ពុជា ដែលបានចែងកំណត់ពីនិយមន័យបដិវត្តន៍ពណ៌ និងទោសបញ្ញត្តិឡើយ។
ជាការពិតហើយ នៅលើពិភពលោកនេះ គេបានឲ្យឈ្មោះការក្រោកឡើងទាមទារយុត្តិធម៌ និង ទាមទារឲ្យអ្នកដឹកនាំផ្តាច់ការយូរឆ្នាំចុះចេញពីដំណែង “ថាជាបដិវត្តន៍ពណ៌” ហើយមូលហេតុដែលនាំឲ្យមានការដាក់ឈ្មោះនេះ ក៏ដោយសារបាតុកម្ម កូដកម្មខ្លះ “បានយកពណ៌ជានិម្មិតរូប នៃសកម្មភាបតវ៉ារបស់ខ្លួន”។
ឧទាហរណ៍ដូចជានៅភូមាកាលពីឆ្នាំ២០០៧ គេបានហៅការតវ៉ារបស់គណបក្សប្រឆាំងថាជាបដិវត្តន៍ពណ៌ខ្លឹមខ្នុរ (ឬពណ៌ស្បង់លោក) ដោយសារនៅពេលនោះមានព្រះសង្ឃជាច្រើនអង្គចូលរួម ដែលនាំឲ្យឃើញតែពណ៌ស្បង់លោកពាសពេញផ្លូវ។ ដូចនេះពាក្យបដិវត្តន៍ពណ៌នេះ មិនមែនមានសារជាតិឧក្រិដ្ឋនោះទេ។ ប៉ុន្តែ ដោយសារការងើបបះបោរក្រោកឡើងទាមទារនេះ បានធ្វើឲ្យអ្នកដឹកនាំយូរឆ្នាំជាច្រើននៅលើពិភពលោកនេះមានការបារម្ភ ហើយរកវិធីទប់ស្កាត់មិនឲ្យកើតមាននៅស្រុកគេ។ ប៉ុន្តែ ការរកវិធីទប់ស្កាត់នេះ មិនមែនយកកម្លាំងប្រដាប់អាវុធទៅបង្រ្កាបនោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើការដោះស្រាយភ្លាមៗ រាល់សំណូមពររបស់ប្រជារាស្រ្ត នោះវានឹងមិនមានរឿងបដិវត្តន៍ពណ៌នេះកើតឡើងនោះទេ។
បញ្ញត្តិរដ្ឋធម្មនុញ្ញ ចែងធានាអំពីសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដូចខាងក្រោម៖
មាត្រា៣៥:
វាក្យខ័ណ្ឌទី១: “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោ បាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ”។
វាក្យខ័ណ្ឌទី២: “សេចកិ្តស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះ ស្រាយ យ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ”។
មាត្រា៣៧៖
វាក្យខ័ណ្ឌទី១: “សិទ្ធិធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធី...”។
មាត្រា៣៩៖
វាក្យខ័ណ្ឌទី១: “ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា និងប្តឹងទាមទារសំណងជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការរដ្ឋទាំងនោះ”។
មាត្រា៤១៖
វាក្យខ័ណ្ឌទី១: “ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបប្រជុំ”។
មាត្រា៤២៖
វាក្យខ័ណ្ឌទី១: “ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។”
ប្រភព ៖ លោក Chantha Muth
No comments:
Post a Comment