ឆាំ ឆានី (Chham Chhany) ៖ មហន្តរាយនៃនយោបាយ ចិន យួន និយម
អតីតកាល៖ ព្រះបាទនរោត្តម សីហនុ ព្រះអង្គតែងប្រកាសជារឿយៗនូវគោលនយោបាយអព្យាក្រិតរបស់ព្រះអង្គ ដើម្បីឲ្យមានតុល្យភាពរវាងប្លុកសេរី និងកម្មុយនិស្ត ។
នៅឆ្នាំ១៩៦៣ ព្រះអង្គបានបោះបង់សហរដ្ឋអាមេរិក ចាប់យកចិន យួនជាបង្អែក ផ្តាច់ទំនាក់ទំនងការទូតនិងបដិសេធមិនទទួលជំនួយយោធាពីសហរដ្ឋអាមេរិក ហើយក្រោយពីព្រះអង្គសម្រេចផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ព្រះអង្គបានសម្រេចជួយពួកវៀតកុង ដោយបានផ្តល់ទឹកដីឲ្យវៀតកុងជ្រកធ្វើសង្រ្គាម ហើយព្រះអង្គបានក៏បានអនុញ្ញាតឲ្យនាវាចិនដឹកអាវុធមកផ្គត់ផ្គង់ឲ្យពួកវៀតកុងជាថ្នូរនឹងការប្រគល់ទឹកដី និងការឲ្យកងទ័ពខ្មែរដឹកជញ្ជូនសព្វាវុធ ចិនសុខចិត្តប្រគល់សម្ភារៈសឹក1/3 ឲ្យព្រះអង្គ បានន័យថា ព្រះអង្គបាន1/3 រីឯវៀតកុងទទួលបាន 2/3 ។
នៅពេលព្រះអង្គត្រូវលោកសេនាប្រមុខ និងព្រះអង្គម្ចាស់សិរិមតៈ ដកហូតអំណាច នៅថ្ងៃទី១៨មិនា ១៩៧០ ព្រះអង្គត្រូវ ចិន និងយួន បញ្ចុះបញ្ចូលឲ្យព្រះអង្គងើបតស៊ូឡើង ប្រឆាំងនឹងរបបលោក
សេនាប្រមុខ លន់ នល់ ដោយឲ្យព្រះអង្គចូលរួមជាមួយអតីតសត្រូវរបស់ព្រះអង្គ គឺ ខ្មែរក្រហម ។ ព្រះអង្គបានប្រកូកប្រកាស ឲ្យប្រជារាស្រ្តងើបតស៊ូចូលព្រៃម៉ាគី រំដោះប្រទេសជាតិ ដែលមានចិនជាអ្នកផ្តល់យុទ្ធសាស្រ្ត និងសព្វាវុធ រីឯយួនវៀត កុងជាអ្នកជួយធ្វើសង្រ្គាមជាមួយខ្មែរក្រហម ផ្តួលរំលំរបបលន់ នល់ ។
នៅពេលបានជ័យជម្នះថ្ងៃទី ១៧មេសា១៩៧៥ រហូតដល់ថ្ងៃ ៧ មករា ១៩៧៩ ចិនជាបង្អែករបស់ខ្មែរក្រហម ហើយលទ្ធផលផ្កាប់មុខនឹងក្រហមនេះ គឺរាស្រ្តខ្មែរស្លាប់រាប់លាននាក់ និងប្រទេសជាតិធ្លាក់ក្រោមអាណានិគមចិន យួន ។ ហើយទោះជាយើងដឹងថា ចិន យួន ជាខ្នងបង្អែកនៃរបបខ្មែរក្រហមក្តីក៏ដំណើរការនៃតុលាការខ្មែរក្រហមមិនអាចយក ចិន យួន មកទទួលខុសត្រូវនូវការសម្លាប់រង្គាលនោះបានឡើយ ព្រោះ ចិន យួន មានអតីតកម្មាភិបាលខ្មែរក្រហម ដែលបច្ចុប្បន្នជាមេដឹកនាំខ្មែរ ដូចជា ហោ ណាំហុង ហ៊ុន សែន ស៊ីម កា គាត ឈុន ប៊ុន រ៉ានី ហេង សំរិន ជាដើម ជាអ្នករារាំងដល់ដំណើរការក្តីនេះ ។
បច្ចុប្បន្នវិលទៅរកអតីកាល៖ ក្រោយបោះឆ្នោតឃុំ សង្កាត់ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបាត់បង់សមាជិកគាំទ្រជិតពីរលាននាក់ ដោយសារការបាត់បង់នេះហើយបានធ្វើឲ្យរបប ហ៊ុន សែន មានការភ័យខ្លាចក្នុងការបាត់បង់អំណាចយ៉ាងខ្លាំង ហើយដោយមានយួនជាអ្នកបញ្ជាផងនោះ ហ៊ុន សែន បានចាប់ផ្តើមប្រើអុកឡុក បង្កចលាចលនៅកម្ពុជា ដោយបិទវិទ្យុឯករាជ្យ អង្គការសង្គមស៊ីវិល ប្រឌិតកំហុសចាប់ខ្លួនដាក់ទោស លោកកឹម សុខា ប្រធានគណបក្សប្រឆាំង និងញុះញង់ឲ្យអ្នកគាំទ្រប្រឆាំងបរទេសឈ្លានពាន ដែលសំដៅលើសហរដ្ឋអាមេរិក ។
ប្រកាសរបស់ ហ៊ុន សែន នៅពេលនេះ គឺមិនខុសពីសម័យកាលសម្តេចព្រះបាទ នរោត្ត សីហនុ ប្រកាសផ្តាច់ទំនាក់ទំនងជាមួយអាមេរិកឡើយ ។ តែក្តីសង្ឃឹមរបស់ ហ៊ុន សែន ដែលថា ចិន យួន នឹងជួយនៅពេលដែលអាមេរិក និងសហគមន៍ ដាក់សម្ពាធមកលើកំហុសឆ្គងរបស់ខ្លួននោះ វាគ្រាន់តែជាសុបិនដ៏វែងអន្លាយមួយប៉ុណ្ណោះ ។ ជាក់ស្តែង សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ទណ្ឌកម្មទិដ្ឋាការ សភាអឺរ៉ុបដែលដំណាងឲ្យ ២៧ប្រទេសថ្កោលទោស និងព្រមានពីការប្រឈមនៃទំនាក់ទំនងដែលសំដៅទៅលើការបញ្ជាទិញពីកម្ពុជា តើយួន ចិន មានប្រតិកម្មការពាររបប ហ៊ុន សែន ទេ ? ចម្លើយគឺទេ !
ភាពព្រងើយកន្តើយ មិនរវល់នៅពេលដែលសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរបស់ ហ៊ុន សែន នៅពេលនេះវាបានបង្ហាញច្បាស់ហើយថា ចិន យួន មិនភ្លើទៅជួយប្រទេសមួយដែលរស់ដោយសាការសុំទានពីបរទេស ហើយបង្កើតសត្រូវជាមួយសហគមន៍អន្តរជាតិដែលជាទីផ្សារដ៏ធំរបស់ខ្លួននោះឡើយ ហើយបំណងរបស់យួនគឺគ្មានអ្វីក្រៅពីចង់ឲ្យកម្ពុជាផ្តាច់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងអាលលេបត្របាក់យកកម្ពុជាតាមនយោបាយ ហូ ជីមិញ នោះទេ ។ ចំណែក ចិន គេអាចជួយជាលុយកាក់បន្តិចបន្តួច ក៏ដោយសារតែគេមានឱកាសរកស៊ីយកចំណេញប្រាក់វាល់លានដុល្លារពីធនធានធម្មជាតិរបស់ខ្មែរយើងដែរ ។ ចិន យួន គ្មានបំណងណាចង់ឲ្យខ្មែរយើងក្លាយជាប្រទេសរីកចំរើន មានលទ្ធិប្រជាធិបេត្យពិតប្រាកដ និងយុត្តិធម៌ក្នុងសង្គមកម្ពុជាយើងឡើយ ។
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ កំហុសនៃមេដឹកនាំអតីតកាល បានធ្វើឲ្យប្រទេសយើងធ្លាក់ក្នុងរណ្តៅដ៏ជ្រៅ តែត្រូវបានស្តារឡើងវិញដោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង ប្រទេសមហាអំណាចនៃលោកខាងលិចជួយយើង ។ តែពេលនេះមេដឹកនាំបច្ចុប្បន្នបាននឹងកំពុងកាច់ចង្កូតកម្ពុជាវិលទៅរណ្តៅអតីតកាល ចិន យួន ដោយផ្តាច់ទំនាកទំនងជាមួយលោកខាងលិចវិញហើយ តើយើងទាំងអស់គ្នាសុខចិត្តបណ្តោយប្រទេសជាតិ និងជោគវាសនារបស់យើងឲ្យធ្លាក់ក្នុងរណ្តៅអតីតកាលដែរឬទេ ? ៕
ប្រភព/អត្ថបទដោយ ៖ លោក ឆាំ ឆានី (Chham Chhany)
No comments:
Post a Comment