អត្ថបទល្អឈ្វេងយល់ស្ដីពី ទៀបបារាំងនិងការព្យាបាលជំងឺមហារីក គេត្រូវស្រាវជ្រាវច្រើនថែមទៀត, By Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អត្ថបទល្អឈ្វេងយល់ស្ដីពី ទៀបបារាំងនិងការព្យាបាលជំងឺមហារីក គេត្រូវស្រាវជ្រាវច្រើនថែមទៀត, By Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង)

អត្ថបទល្អឈ្វេងយល់ស្ដីពី ទៀបបារាំងនិងការព្យាបាលជំងឺមហារីក គេត្រូវស្រាវជ្រាវច្រើនថែមទៀត, By Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង)

Share This

អត្ថបទល្អឈ្វេងយល់ស្ដីពី ទៀបបារាំងនិងការព្យាបាលជំងឺមហារីក គេត្រូវស្រាវជ្រាវច្រើនថែមទៀត, By Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) 

ទៀប​បារាំង​មាន​ផ្ទុក​សារធាតុ​គីមី​ប្រឆាំង​នឹង​កោសិកា​មហារីក​ប្រភេទ​ខ្លះ​មែន តែ​មិន​ច្បាស់​ថា​ប្រភេទ​ជំងឺ​មហារីក​ទាំងនោះ​អាច​ជា​សះស្បើយ​ដោយសារ​យក​ស្លឹក​ទៀប​នេះ​ទៅ​ដាំ​ផឹក​ទេ។ សារធាតុ​ពុល​ចំពោះ​កោសិកា​មហារីក ក៏អាច​បំពុល​កោសិកា​ធម្មតា​ដែរ ព្រោះ​កោសិកា​មហារីក​ចេញ​ពី​សរីរាង្គ​យើង​ផ្ទាល់។

ប្រហែលជាង ៥ឆ្នាំមុន មានការលើកឡើងថា ស្លឹកទៀបបារាំងអាចព្យាបាលជំងឺមហារីកឱ្យជាសះស្បើយបាន ហើយថ្មីៗនេះ ស្ថានីយទូរទស្សន៍មួយនៅថៃ បានផ្សាយថាមានករណីអ្នកជំងឺម្នាក់បានប្រើស្លឹកទៀបបារាំងព្យាបាលជំងឺមហារីករបស់ខ្លួនឱ្យជាសះស្បើយបាន។ ព័ត៌មាននេះត្រូវគេប្រែ និងយកមកផ្សាយជាភាសាខ្មែរយ៉ាងទូលំទូលាយ។

អ្នកខ្លះបានយករឿងនេះទៅវាយប្រហារមន្ទីរពិសោធន៍ និងក្រុមហ៊ុនផលិតឱសថនានា ដែលផ្គត់ផ្គង់ឱសថព្យាបាលជំងឺមហារីក ដោយចោទថាពួកគេព្យាយាមលាក់បាំងរឿងនេះ ដើម្បីកេងប្រវ័ញ្ចពីអ្នកជំងឺ តាមរយៈការលក់ឱសថតម្លៃថ្លៃៗ ដែលគេកំពុងផលិតនិងដាក់ឱ្យប្រើ។ ប្រភពខ្លះបានឃោសនាលក់ថ្នាំដែលគេអះអាងថាជាថ្នាំថ្មីចម្រាញ់​ពីទៀបបារាំង ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមហារីក។

មហារីកជាក្រុមជំងឺកកើតឡើងដោយកោសិកាសរីរាង្គរបស់យើងផ្ទាល់ ចាប់រីករាលដាល បំបែកខ្លួន ដោយឥតសណ្តាប់ធ្នាប់ ដោយប្រការណាមួយ ហើយកោសិកាដែលផលិតបានទាំងនោះ មិនអាចបំពេញតួនាទីអ្វីបានទាំងអស់ និងអាចចម្លងទៅកោសិកាសរីរាង្គដទៃៗទៀត ឱ្យរីករាលដាលឥតសណ្តាប់ធ្នាប់ដែរ និងបាត់បង់សមត្ថភាពទាំងស្រុងនៅទីបំផុត ពិសេសសរីរាង្គចាំបាច់ចំពោះជីវិត មានដូចជាសួត ថ្លើម តម្រងនោម និងខួរក្បាលជាដើម។ ករណីនេះអាចមាននៅគ្រប់សរីរាង្គក្នុងខ្លួនយើងទាំងអស់។

បើយោងតាមវេបសាយត៍មជ្ឈមណ្ឌលជំងឺមហារីក ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ការលើកឡើងពីលក្ខណៈប្រឆាំងនឹងជំងឺមហារីករបស់ទៀបបារាំង គឺចេញពីលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ដែលចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ ជើណល អហ្វ មីឌីស៊ីណល ខេមីស្ទ្រី (Journal of Medicinal Chemistry) នៅឆ្នាំ ១៩៩៧។ ការសិក្សានោះបង្ហាញពីឥទ្ធិពលនៃសារធាតុគីមីម្យ៉ាងដែលជាប្រភេទអាស៊ីតខ្លាញ់ឈ្មោះ អាណូណាស៊ើស អាសេថូជើនីន (annonaceous acetogenins) និង អ៊ីសូមែរ (isomère) របស់វាទៅលើកោសិកាជំងឺមហារីកសុដន់។ សារធាតុនេះមានក្នុងរុក្ខជាតិអំបូរ អាណូណាសៀ (annonaceae) ដែលក្នុងនោះមានទៀបបារាំង ទៀបបាយ និងទៀបស្វិតជាដើម។ គេបានរកឃើញថា ទម្រង់មួយក្នុងចំណោមទម្រង់នានានៃ អ៊ីសូមែរ (isomers) របស់ អាណូណាស៊ើស អាសេថូជើនីន អាចទប់កោសិកាមហារីកសុដន់ប្រភេទ អាដឺណូខាណូម៉ា (adenocarcinoma) ដែលស៊ាំជាមួយថ្នាំ អាឌ្រីយ៉ាមីស៊ីន (adriamycin) វីនគ្រីស្ទីន (vincristine) និង វីនប្លាស្ទីន (vinblastine)។ ការពិសោធនេះគឺធ្វើឡើងតាមរបៀប វីត្រូ (vitro) មានន័យថាគេយកកោសិកាមហារីកដែលគេបណ្តុះ និងរក្សាទុកក្នុងមន្ទីរពិសោធន៍ មកដាក់ជាមួយសារធាតុគីមីទាំងនោះក្នុងកែវពិសោធន៍ (petri dish) ហើយរងចាំតាមដានមើលលទ្ធផល ពោលគឺមិនបានសាកលើសត្វឬមនុស្សដោយផ្ទាល់ទេ។

នៅឆ្នាំ ២០១១ ព្រឹត្តិបត្រវិទ្យាសាស្ត្រផ្នែកឱសថឈ្មោះ ជើណល អហ្វ ស៊ីស្តឹម្មិក រីវីយូ អ៊ីន ហ្វាម៉ាស៊ី (Journal of Systemic Review in Pharmacy) បានផ្សាយពីសកម្មភាពដែល អាណូណាស៊ើស អាសេថូជើនីន ទៅបំផ្លាញកោសិកាមហារីកទាំងនោះបាន ដោយបង្អាក់ដំណើរផលិតថាមពល អេធីភី (ATP) ក្នុង មីតូកុងឌ្រី ឬ mitochondria របស់កោសិកាមហារីក។ មីតូកុងឌ្រី ជាកន្លែងផលិតថាមពល អេធីភី ដើម្បីផ្គត់ផ្គង់ប្រតិបត្តិការកោសិកាសត្វទាំងមូល។ បើធៀបនឹងកោសិកាធម្មតា កោសិកាមហារីកត្រូវការថាមពល អេធីភី ច្រើនលើសលប់។

ក្រោយមក ពោលគឺនៅឆ្នាំ ២០១៥ ព្រឹត្តិបត្រ ប៊ីអ៊េមស៊ី ឃែនស៊ើ (BMC Cancer) បានចេញផ្សាយពីលទ្ធផលនៃការសាកល្បងយកសារធាតុ អាណូណាស៊ើស អាសេថូជើនីន ទៅពិសោធជាមួយកោសិកាមហារីកពីរបីប្រភេទផ្សេងទៀត ដែលក្នុងនោះមានកោសិកាមហារីកឈាមសឬគោលិកាស (leukemia) ដែលខ្មែរយើងនិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម កោសិកាមហារីកក្រពេញអូវែ របស់ស្ត្រី (ovarian cancer) កោសិកាមហារីកពោះវៀនធំ (colorectal cancer) និងកោសិកាមហារីកក្រពះ (stomach cancer)។ លទ្ធផលបានបញ្ជាក់ថា សារធាតុនេះមានសមត្ថភាពអាចកំចាត់កោសិកាមហារីកទាំងនោះបាន ដោយមានបង្ហាញពីសកម្មភាពថ្មីរបស់វា ក្នុងការធ្វើឱ្យកោសិកាទាំងនោះធ្វើអត្តឃាត (appoptosis ឬ program cell death) បន្ថែមពីលើសកម្មភាពបង្អាក់ដំណើរការផលិតថាមពលរបស់កោសិកាមហារីកដែលគេបានរកឃើញកាលពីមុន។ ពិសោធន៍ទាំងនោះបានធ្វើឡើងតាមរបៀប វីត្រូ ផង និង វីវូ (vivo) ផង។ វីវូ មានន័យថា គេបានយកវាទៅសាកលើសត្វមានជីវិត។ ក្នុងករណីនេះ គេសាកលើសត្វកណ្តុរដែលមានផ្ទុកកោសិកាមហារីករបស់មនុស្សទាំងនោះ។ នេះជាពន្លឺនៃក្តីសង្ឃឹមថ្មី តែក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបានបញ្ជាក់ថា គេចាំបាច់ត្រូវការសិក្សាលម្អិតបន្ថែមទៀត ជាពិសេសលើសត្វមានជីវិត ដើម្បីស្វែងយល់ពីសកម្មភាព និងប្រតិកម្មទាំងឡាយរបស់សារធាតុនេះក្នុងសរីរាង្គមានជីវិត។


យោងតាមវេបសាយត៍របស់មជ្ឈមណ្ឌលជំងឺមហារីកនៅអាម៉េរិកខាងលើដដែល ប្រជាជននៅតំបន់អាម៉េរិកកណ្តាល អាម៉េរិកខាងត្បូង នៅតាមប្រជុំកោះសមុទ្រការ៉ាអ៊ីប និងនៅអាហ្វ្រិក និយមយកស្លឹក ឬស និងរុក្ខជាតិប្រភេទទៀបបារាំង មកធ្វើជាឱសថបុរាណព្យាបាលរោគមួយចំនួន។ ប៉ុន្តែ នៅឆ្នាំ ១៩៩៨ ព្រឹត្តិបត្រវិទ្យាសាស្ត្រមួយទៀតឈ្មោះ ឃើរិន អប់ភីនៀន នួរ៉ូឡូជី (Current Opinion of Neurology) បានចុះផ្សាយពីផលប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ (myeloneuropathies) ដែលទំនងជាបណ្តាលមកពីឱសថបុរាណរុក្ខជាតិប្រភេទខាងលើ។ គេបានកត់សំគាល់ឃើញថា អ្នកជំងឺបានស្តែងជារោគសញ្ញាមួយចំនួនដូចជា រលាកសសៃប្រសាទភ្នែក (optic neuritis) ទន់មួយចំហៀងខ្លួន (paraparesis) មានបញ្ហាផ្នែកក្រពេញ ដូចជារាំងរដូវ (amenorrhea) ហៀរទឹកដោះជាដើម (galactorrhea) ក្រោយពីបានផឹកថ្នាំដាំពីរុក្ខជាតិប្រភេទទៀប (annonaceous tea)។ មិនយូរប៉ុន្មាន នៅឆ្នាំ ១៩៩៩ ទស្សនាវដ្តីវេជ្ជសាស្ត្រមួយទៀតឈ្មោះ ឡានស៊ីត (Lancet) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានចុះផ្សាយពីសារធាតុពុលចំពោះប្រព័ន្ធប្រសាទ ដែលមានក្នុងឱសថបុរាណយកពីរុក្ខជាតិពីរប្រភេទ ក្នុងអំបូរ អាណូណាសៀ ឬពពួកទៀប។ សារធាតុពុលនេះឈ្មោះ បិនស៊ីលតេត្រាហាយដ្រូអ៊ីស្សូគីណូលីន អាល់កាឡូអ៊ីដ (Benzyltetrahydroisoquinoline alkaloids) អាចបង្កឱ្យអ្នកប្រើប្រាស់កើតជំងឺញ័រដៃ ញ័រជើង និងញ័រក្បាល (Parkinson’s Disease)។

តាមរយៈការសិក្សាតាមដានទាំង ២ ខាងលើនេះ អ្នកជំនាញខាងជំងឺមហារីកបានព្រមានមិនឱ្យអ្នកកើតមហារីកព្យាយាមយករុក្ខជាតិទាំងនេះ ទៅប្រើសាកល្បងដោយខ្លួនឯងផ្ទាល់ទេ។ ការយកស្លឹកទៀបបារាំងទៅដាំរំងាស់ មិនប្រាកដថាសារធាតុ អាណូណាស៊ើស អាសេថូជើនីន ប្រែក្លាយជាទម្រង់សកម្ម ហើយជ្រាបចូលទៅក្នុងចរន្តឈាម ដើម្បីទៅសម្លាប់កោសិកាមហារីកបានទេ។ ម្យ៉ាងទៀត បន្ថែមពីលើហានិភ័យដែលថាសារធាតុពុលចំពោះប្រព័ន្ធប្រសាទក៏អាចជ្រាបទៅជាមួយដែរនោះ អាស៊ីតខ្លាញ់ អាណូណាស៊ើស អាសេថូជើនីន ក៏អាចទៅវាយប្រហារលើកោសិកាសរីរាង្គល្អៗផ្សេងទៀតដែរ ជាពិសេសកោសិកាសាច់ដុំបេះដូងដែលត្រូវការថាមពល អេធីភី ច្រើនជាងគេ ដើម្បីកន្ត្រាក់។ ដោយហេតុថា កោសិកាមហារីកជាកោសិកាដែលចេញពីសរីរាង្គយើងផ្ទាល់ បើវាបំផ្លាញកោសិកាមហារីក វាក៏អាចបំផ្លាញកោសិកាសរីរាង្គយើងផងដែរ។ ដរាបណាពុំទាន់មានការសិក្សាច្បាស់លាស់ គេមិនអាចសន្និដ្ឋានបានទេថា រុក្ខជាតិប្រភេទទៀបបារាំងមានប្រសិទ្ធភាពកម្រិតណា ពេលគេអនុវត្តលើសត្វឬមនុស្ស។

សព្វថ្ងៃ អ្នកវិទ្យាសាស្ត្រនៅបន្តសិក្សាពីសារធាតុគីមីនានា ឱសថបុរាណនានា ដែលគេអាចរកបាននៅជុំវិញពិភពលោក។ បើតាមពត៌មានក្នុងរយៈពេលចុងក្រោយនេះ គេបានរកឃើញប្រសិទ្ធភាពពិសឪម៉ាល់មួយប្រភេទនៅប្រទេសប្រេស៊ីល និងសារធាតុក្នុងគ្រាប់រុក្ខជាតិម្យ៉ាងនៅប្រទេសអូស្ត្រាលី ដែលអាចប្រឆាំងនឹងកោសិកាមហារីកបានប៉ុន្តែ អ្វីៗស្ថិតនៅត្រឹមក្នុងកែវពិសោធន៍នៅឡើយ។ បើយោងតាមវេបសាយត៍នៃវិទ្យាស្ថានជាតិជំងឺមហារីករបស់សហរដ្ឋអាម៉េរិក (National Cancer Institute) គេមិនទាន់ឃើញមានការសាកល្បងណាមួយ ដែលយកសារធាតុ អាណូណាស៊ើស អាសេថូជើនីន ទៅធ្វើការពិសោធលើអ្នកជំងឺនៅឡើយទេ។

តាមធម្មតា ដើម្បីទទួលបានអនុញ្ញាតឱ្យសារធាតុគីមី ឬបែបបទនៃការព្យាបាលថ្មីណាមួយ អាចយកទៅសាកល្បងលើមនុស្ស ការពិសោធនិងការត្រួតពិនិត្យ ត្រូវធ្វើឡើងច្រើនដំណាក់កាលណាស់ ហើយការសាកល្បងលើមនុស្សទៀតសោត ក៏ត្រូវឆ្លងកាត់យ៉ាងហោចណាស់ ៣ ដំណាក់ ដោយជោគជ័យសិនដែរ ទើបគេអនុញ្ញាតឱ្យដាក់លក់ជាសាធារណៈ។ គោលដៅសំខាន់នៃពិសោធន៍នីមួយៗគឺសិក្សាអំពី៖ ទី១ សកម្មភាពថ្នាំទៅលើមេរោគ ឬកោសិកាដែលជាគោលដៅនៃការព្យាបាល ទី២ ប្រតិកម្មរបស់សរីរាង្គទាំងឡាយទៅលើថ្នាំ ទី៣ ផលប៉ះពាល់អវិជ្ជមាន (adverse effects) របស់ថ្នាំទាំងឡាយ ទី៤ គណនាកម្រិតឬបរិមាណថ្នាំដែលគេត្រូវប្រើ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់និងកំណត់ផលប៉ះពាល់អវិជ្ជមានទាំងឡាយឱ្យបានតិចបំផុត និងទី៥ ការប្រើថ្នាំតាមផ្លូវណាដែលល្អបំផុត (ត្រូវឱ្យលេបតាមមាត់ ឬចាក់ចូលក្នុងសសៃឈាម)។ គោលការណ៍និងលក្ខណៈវិនិច្ឆ័យរបស់ថ្នាំថ្មី អាចប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយទៀត។


សរុបសេចក្តីមក ៖ សារធាតុ អាណូណាស៊ើស អាសេថូជើនីន ក្នុងរុក្ខជាតិអំបូរទៀប និងផ្កាចំប៉ា អាចកំចាត់កោសិកាមហារីកប្រភេទខ្លះបាន។ វាជាក្តីសង្ឃឹមថ្មី ទាំងចំពោះអ្នកវិទ្យាសាស្ត្រ ទាំងចំពោះអ្នកជំងឺ។ ប៉ុន្តែការផលិតចេញជាឱសថដាក់ឱយប្រើប្រាស់ជាសាធារណៈស្ថិតនៅវែងឆ្ងាយទៀត។ ចំពោះវិធីចម្រាញ់សារធាតុ អាណូណាស៊ើស អាសេថូជើនីន ពីរុក្ខជាតិ គឺមានបង្ហាញជូនយ៉ាងលំអិតក្នុងប្រភពទី ៩ ខាងក្រោម។ ប៉ុន្តែជាទូទៅ គ្រូពេទ្យហាមមិនឱ្យសាកល្បងព្យាបាលជំងឺមហារីកដោយខ្លួនឯងនៅផ្ទះទេ៕

ប្រភព៖ Acienei









No comments:

Post a Comment