គណបក្សសង្គ្រោះជាតិបានច្រានចោលនិងថ្កោលទោស ចំពោះការចាប់ឃុំខ្លួន លោក កឹម សុខាពីបទចារកម្មនិងក្បត់ជាតិ !!
ភ្នំពេញ ៖ គណបក្សជំទាស់សង្គ្រោះជាតិបានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួន ប្រធានគណបក្សរបស់ខ្លួន គឺលោក កឹម សុខា និង ប្រកាសច្រានចោលការចោទប្រកាន់ដែលថាប្រធានគណបក្សរបស់ខ្លួនមានគម្រោងសម្ងាត់ផ្ដួលរំលំរដ្ឋាភិបាល គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនិងសេចក្ដីថ្លែងការណ៍របស់គណបក្សជំទាស់កាលពីថ្ងៃអាទិត្យ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងមនុស្សជំនិតមួយចំនួនត្រូវបានចាប់ខ្លួនភ្លាមៗកាលពីរំលងអាធ្រាត្រថ្ងៃសៅរ៍ឈាងចូលថ្ងៃអាទិត្យ តាមអ្វីដែលរដ្ឋាភិបាលកម្ពុជាថា ជាបទល្មើសជាក់ស្ដែង ក្នុងការឃុបឃិតជាមួយបរទេស រៀបគម្រោងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
ភ្លាមៗឆ្លើយតបទៅនឹងការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសជាបន្ទាន់ ចំពោះការចាប់ខ្លួនអ្នកនយោបាយនិងជាតំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធដោយតក់ក្រហល់នេះ។ សេចក្ដីថ្លែងការណ៍ដដែល ដែលចេញនាព្រឹកថ្ងៃអាទិត្យ ក៏បានបន្តថា ការចាប់ខ្លួននេះ «គឺធ្វើឡើងក្នុងហេតុផលនយោបាយនិងជាទង្វើរំលោភបំពានច្បាប់និងរដ្ឋធម្មនុញ្ញដោយសារថាការចាប់ខ្លួននេះធ្វើឡើងទាំងកណ្ដាលអធ្រាត្រនិងក្នុងខណៈពេលដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធ»។
អ្នកស្រី មូរ សុខហួ តំណាងរាស្ត្រនិងអនុប្រធាននៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ VOA ថា ការចាប់ខ្លួន លោក កឹម សុខា ចំពេលការបោះឆ្នោតជាតិ ២០១៨ខិតជិតមកដល់ អាចបង្កស្ថានភាពនឹងការប្រឈម ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នាពេលខាងមុខ។
«យើងខ្ញុំមានការសោកស្តាយជាអនេកចំពោះការចាប់ខ្លួននេះ ហើយសភាពការណ៍នេះ ជាសភាពការណ៍យ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រទេសជាតិយើង។ ហើយយើងឃើញថាការចាប់លោកប្រធានកឹម សុខាដោយខុសនីតិវិធី ដោយខុសច្បាប់ ហើយរំលោភសិទ្ធិ អ្វីដែលជាសិទ្ធលោក ក្នុងនាមជាតំណាងរាស្ត្រ»។
អ្នកស្រី មូរ សុខហួ បានអំពាវនាវបន្តយ៉ាងដូច្នេះ៖
«ដូច្នេះយើងសុំឲ្យមានការដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់ ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចឈានមកនូវភាពមួយដែលគ្មានការប្រឈមមុខក្នុងឆាកនយោបាយ តែផ្ទុយទៅវិញជាផ្លូវមួយបើកផ្លូវឱ្យយើងទាំងអស់គ្នា ជាពិសេសម្ចាស់ឆ្នោតអាចចូលមកចុះឈ្មោះបោះឆ្នោត នៅពេលនេះហើយក៏ឈានទៅរកការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានឱ្យ VOA ដឹងនៅថ្ងៃអាទិត្យថាលោក កឹម សុខា ត្រូវបានចាប់ខ្លួននិងបញ្ជូនខ្លួនភ្លាមៗទៅកាន់មជ្ឈមណ្ឌលអប់រំកែប្រែ ត្រពាំងផ្លុង ឬម៣ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ អ្នកនាំពាក្យរូបនេះបន្តថា ក្រៅពីឃាត់ខ្លួនលោក កឹម សុខា មន្ត្រីមានសមត្ថកិច្ចក៏បានឃាត់ខ្លួនអង្គរក្សរបស់លោក កឹម សុខ ជិត១០នាក់ ដែលព្យាយាមរារាំងការងាររបស់សមត្ថកិច្ច។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថាមកដល់ពេលនេះមិនទាន់មានការចោទប្រកាន់លោក កឹម សុខា ជាផ្លូវការណាមួយនៅឡើយនោះទេ ក៏ប៉ុន្តែ លោកថាការចាប់ខ្លួននេះគឺស្របតាមច្បាប់កម្ពុជា ដោយមានភស្តុតាងត្រឹមត្រូវ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គថ្លែងថា៖
«បច្ចុប្បន្ននេះយើងមិនទាន់មានការចោទប្រកាន់នោះទេ។ អាស្រ័យលើការចោទប្រកាន់របស់តុលាការ និងការកាត់ទោសរបស់តុលាការ។ នេះគ្រាន់តែយើងរៀបចំសំណុំរឿងជូនទៅតុលាការដើម្បីលោកពិនិត្យនិងសម្រេចចោទប្រកាន់ពីបទល្មើសណាមួយ។ ក៏ប៉ុន្តែយើងបានរកឃើញហើយ នៅក្នុងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលនោះគឺជាបទល្មើសដែលថានៅក្នុងមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ»។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លី មួយដែលចែកចាយតាមបណ្ដាញសង្គម និងភស្តុតាងប្រមូលបានដោយសមត្ថកិច្ចបញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្សពួកបរទេសដែលនេះគឺជាអំពើចារកម្ម ក្បត់នឹងជាតិតាមបញ្ញាត្តិច្បាប់៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែល អំពាវនាវឱ្យមានការស្ងៀមស្ងាត់នឹងទុកករណីនេះជូនតុលាការកម្ពុជាដើម្បីបន្តនីតិវិធីរបស់ខ្លួន។
ស្រដៀងគ្នានោះដែរ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃអាទិត្យនេះ បានបង្ហោះវីដេអូខ្លីមួយតាមបណ្ដាញសង្គម ដែលអះអាងថាជាសុន្ទរកថាពិតរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រលោក។ ក៏ប៉ុន្តែអង្គភាពដដែលនេះមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នៃវីដេអូខ្លីនោះទេ។
ក្នុងវីដេអូខ្លីដែលចម្លងនិងកាត់ចេញពី បណ្ដាញព័ត៌មាន CBN Cambodia Broadcast Network លោក កឹម សុខា បានថ្លែងថាលោកត្រូវបានឧបត្ថម្ភនិងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិក ក្នុងដំណើរការនយោបាយរបស់លោកក្នុងប្រទេសកម្ពុជា។
ក្នុងវីដេអូខ្លីរយៈពេលប្រហែល២នាទី ដែលអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីអះអាងថាជាសម្ដីពិតរបស់លោក កឹម សុខា និងបានបញ្ជាក់ពីការឱ្យយោបល់របស់ដៃគូរលោកនៅសហរដ្ឋអាមេរិក ក្នុងន័យដើមយ៉ាងដូច្នេះ៖
«គេថាបើចង់ប្តូរអ្នកដឹកនាំ យើងមិនអាចទៅជល់ខាងលើទេ ដូរខាងលើបានហ្អេ។ មុននឹងដូរខាងលើបាន ទាល់តែគាស់ហ្អាខាងក្រោមសិន ទាល់ដូរពីក្រោមទៅមុនសិន។ ជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូដែលតាមនៅប្រទេស Yugoslavia (យូហ្គោស្លាវី) Serbia (ស៊ែប៊ី) ដែលគេប្តូរមេដឹកនាំផ្តាច់ការ Milosevic (ម៊ីលឡូស៊ូវិក)បាននោះ»។
ទោះជាយ៉ាងណាក៏ការចាប់ខ្លួនលោក កឹម សុខា យ៉ាងតក់ក្រហល់នឹងក្នុងអភ័យឯកសិទ្ធិសភា ដូច្នេះ បានរងការថ្កោលទោសជាបន្តបន្តាប់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និងជាអ្វីដែលគេមើលឃើញថា ជាការបំបាក់ដៃគូរនយោបាយរបស់គណបក្សកាន់អំណាច មុនការបោះឆ្នោត២០១៨ឈានចូលមកដល់។
លោក John Sifton នាយកនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ផ្នែកការតស៊ូមតិសម្រាប់តំបន់អាស៊ីបានថ្លែងថា ការចាប់ខ្លួនលោក កឹម សុខា គឺជា «ការដើរថយក្រោយដ៏មហន្តរាយសម្រាប់ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។ លោកបន្ថែមថា ការចោទប្រកាន់របស់រដ្ឋាភិបាលទាំងឡាយខ្វះភាពដែលគួរឲ្យទុកចិត្តបាន ហើយកំណត់ត្រាជាយូរលង់របស់ខ្លួន គឺការប្រើប្រាស់ប្រព័ន្ធច្បាប់ខុសឆ្គងក្នុងការបំបិទសំឡេង ឬគំរាមកំហែងក្រុមអ្នករិះគន់ និងក្រុមអ្នកនយោបាយជំទាស់។
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សហៅកាត់ថា APHR បានថ្លែងនាថ្ងៃអាទិត្យនេះថា ការចាប់ឃាត់ខ្លួនប្រធានបក្សជំទាស់ដ៏ធំក្នុងអភ័យឯកសិទ្ធិសភានេះគឺជាសកម្មភាព បង្ក្រាបថែមមួយកម្រិតទៀតរបស់គណបក្សកាន់អំណាចដ៏គួរឱ្យបារម្ភ ស្របពេលដែលការបោះឆ្នោតជាតិ ២០១៨ខិតជិតមកដល់។
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) បានសរសេរក្នុងសារអេឡិចត្រូនិចឬEmail យ៉ាងដូច្នេះ៖
«ក្នុងរយៈពេលប៉ុន្មានខែនេះ យើងបានឃើញពីការរឹតត្បិតរបស់រដ្ឋាភិបាលក្នុងការប៉ុនប៉ងធ្វើឱ្យគណបក្សជំទាស់ជាប់គាំង ប៉ុន្តែវាបង្ហាញនៅពេលនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្វីដែលនឹងអាចកើតមានឡើងនៅក្នុងការបោះឆ្នោតដែលឥតក្លែងបន្លំមួយនាពេលខាងមុខ ដែលលោកនឹងមិនឱ្យមានការប្រកួតប្រជែងណាមួយនោះទេ»។
លោកថា លោក កឹម សុខា គួរតែត្រូវបានគេដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយអង្គការសង្គមស៊ីវិល ម្ចាស់ជំនួយនិងសមាជិកសភាគួរតែជួយអំពាវនាវរឿងនេះផងដែរ។
ទោះជាយ៉ាងណាក្តី នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែនដោយលើកឡើងថា អាជ្ញាធរមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាលោក កឹម សុខាកំពុងដើរលើគន្លងចាស់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលផ្ដួលរំលំរដ្ឋាភិបាល សម្ដេចព្រះបិតា ព្រះបរមកោដ្ឋ នរោត្តម សីហនុ។
«ដូច្នេះយើងក៏មានប្រវត្តិហ្នឹង សូមឱ្យបងប្អូនទាំងអស់លោកពិចារណាថានេះគឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរមិនមែនត្រឹមតែបក្សគេទេ តែប្រទេសជាតិទាំងមូលក្លាយទៅជាជួបវិវត្តឡើងវិញ ទៅជាសង្គ្រាមវឹកវរឡើងវិញ ដោយការទទួលការបង្គាប់បញ្ជាពីបរទេសនោះឯង យកមកធ្វើកិច្ចការងារ។ ដូចយើងដឹងហើយថាយើងទាំងអស់គ្នាទទួលរងគ្រោះទាំងអស់គ្នាដោយសារតែអ្នកនយោបាយធុនហ្នឹង»។
ការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថាជាដៃគូរប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើឡើងមិនប៉ុន្មានថ្ងៃ ក្រោយពីមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកចោទប្រកាន់លោក កឹម សុខា និងកូនស្រី ទាំងពីរថាមានពាក់ព័ន្ធនិងបណ្ដាញសម្ងាត់របស់CIA អង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលជំនួយពីសហរដ្ឋអាមេរិក។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ ២០១៨ ខាងមុខ ជាពេលដែលអ្នកឃ្លាំ មើលនយោបាយធ្លាប់បានគិតថាជាការបោះឆ្នោតប្រកបដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងគណបក្សជំទាស់សង្គ្រោះជាតិនិងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែការចាប់ខ្លួនលោក កឹម សុខា និងការវិវត្តថ្មីនៃការរឹតបន្តឹងសិទ្ធិមនុស្សនិងស្ថាប័នព័ត៌មានមួយចំនួនក្នុងប្រទេសកម្ពុជា បានធ្វើឱ្យមានការបារម្ភយ៉ាងខ្លាំងពីសំណាក់សង្គមស៊ីវិលជាតិនិងអន្តរជាតិចំពោះការបោះឆ្នោតដោយសេរីនឹងយុត្តិធម៌នាឆ្នាំខាងមុខ៕
ប្រភព ៖ វីអូអេខ្មែរ
ព័ត៌មានទាក់ទង ៖ BREAKING NEWS ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ(ឬហៅថា បក្សព្រះអាទិត្យរះ) ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យនេះ !! BREAKING NEWS៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចុះចាប់ខ្លួនដល់ក្នុងផ្ទះ នៅកណ្តាលអធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យនេះ រួមនឹងមនុស្ស៩នាក់ផ្សេងទៀត !! សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council International) សូមអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ !!
No comments:
Post a Comment