សាររបស់​លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិថា លោកហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សាររបស់​លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិថា លោកហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ

សាររបស់​លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិថា លោកហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ

Share This

សាររបស់​លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិថា លោកហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ គឺសំបុកពួកជនកុម្មុយនីស្តផ្តាច់ការ ដែលម្តងបម្រើចិន ម្តងបម្រើយួន ឬក៏បម្រើទាំងផលប្រយោជន៍ចិន ទាំងផលប្រយោជន៍យួន ដូចសព្វថ្ងៃ ដើម្បីពង្រឹងអំណាចផ្តាច់ការ និងពុករលួយរបស់ខ្លួន។

ដោយ​លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីផ្ញើជូនចំពោះប្រជារាស្ត្រខ្មែរ បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា មានដូចតទៅនេះ ៖

០៥ កញ្ញា ២០១៧ / 05 September 2017

សាររបស់លោក សម រង្ស៊ី ជាលាយលក្ខណ៍អក្សរ ជូនចំពោះប្រជារាស្ត្រខ្មែរ បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា។
Written message from Sam Rainsy to the Khmer people following the arrest of Kem Sokha.

បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ របបនយោបាយ នៅប្រទេសកម្ពុជាសព្វថ្ងៃ បង្ហាញក្រឡាសារ របស់ខ្លួន កាន់តែច្បាស់ឡើងៗ។ របបនយោបាយសព្វថ្ងៃ កាន់តែដូចរបបខ្មែរក្រហម កាលពីសម័យប៉ុល ពត។

ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ គេតាមកម្ចាត់មនុស្សគ្រប់មជ្ឈដ្ឋាន ដែលគេចោទប្រកាន់ ឬសង្ស័យថា ប្រឆាំងគេ ឬអាចប្រឆាំងគេ។

ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ គេហាមឃាត់ មិនឲ្យមនុស្សនិយាយស្តី ពីបញ្ហាសង្គម គឺបង្ខំឲ្យមនុស្ស នៅស្ងាត់ជ្រាប ហើយរារាំងមិនឲ្យមានព័ត៌មានអ្វី យកមកផ្សព្វផ្សាយ។

កាសែត និងស្ថានីយ៍វិទ្យុ ដែលហ៊ានលាតត្រដាងការពិតតែបន្តិច ត្រូវគេបិទឲ្យស្ងាត់ជ្រាប។ សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ត្រូវគេជាន់ឈ្លី និងលុបបំបាត់។ ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសទោស អ្នកដែលហ៊ានទិតៀនអំពើអាក្រក់របស់ពួកគេ គេធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានពិតប្រាកដអ្វីសោះយកមកសម្អាង តែគេលើកមកតែការប្រឌិតទាំងស្រុង ឬការបកស្រាយតាមតែអំពើចិត្តរបស់គេ ដើម្បីធ្វើបាបអ្នកដែលមិនមែនជាក្រុមបក្ខពួកគេ។

ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ គេចោទអ្នកនេះជាខ្មាំង អ្នកនោះជាខ្មាំង ដែលគេអះអាងថាចង់ផ្តួលរំលំរបបគេ។

ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ ដែលជិតស្និតជាមួយចិនកុម្មុយនីស្ត គេឃើញសត្រូវគ្រប់ទិសទី មានសហរដ្ឋអាមេរិកជាដើម ។ គេចោទអ្នកប្រជាធិបតេយ្យ ដែលទាមទារសិទ្ធិសេរីភាព ឲ្យប្រជារាស្ត្រខ្មែរ ថាជាអ្នកចូលដៃជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបផ្តាច់ការរបស់គេ។

ខ្ញុំបានបង្ហាញហើយថា ហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ គឺសំបុកពួកជនកុម្មុយនីស្តផ្តាច់ការ ដែលម្តងបម្រើចិន ម្តងបម្រើយួន ឬក៏បម្រើទាំងផលប្រយោជន៍ចិន ទាំងផលប្រយោជន៍យួន ដូចសព្វថ្ងៃ ដើម្បីពង្រឹងអំណាចផ្តាច់ការ និងពុករលួយរបស់ខ្លួន។ គេបិទបាំង មិនឲ្យប្រជារាស្ត្រខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ យល់ដឹងនិងចងចាំ អំពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ មេរៀនមួយ ដែលគេមិនចង់ឲ្យយើងដកពីប្រវត្តិសាស្ត្រ ហើយយកមកពិចារណាទាំងអស់គ្នា គឺមេរៀនពីសម័យមុនៗ ដែលមេដឹកនាំខ្មែរបែកបាក់គ្នា ហើយរំពឹងលើប្រទេសជិតខាង ឲ្យមកជួយខ្លួន បានឡើងកាន់អំណាច និងរក្សាអំណាច។ ពេលណាខ្មែរបែកបាក់គ្នាម្តងៗ ហើយទៅរំពឹងបរទេសជិតខាង ឲ្យមកជួយក្រុមនេះ ឬក្រុមនោះ ឡើងកាន់អំណាច ពេលនោះ គឺខ្មែរខាតជានិច្ច ជាពិសេសខាតជាទឹកដី ហើយបាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទោះជាក្រុមណាឈ្នះក៏ដោយ។

ក្រុមដែលកាន់អំណាច សព្វថ្ងៃនេះ នៅប្រទេសកម្ពុជា គេមិនខ្វល់ទេ ពីខ្មែរខាតបង់ ទោះជាខាតបង់យ៉ាងណា ខាតបង់ដល់ណា ក៏គេមិនខ្វល់ដែរ ឲ្យតែក្រុមគេ បានកាន់អំណាចតទៅទៀត។ របៀបរក្សា និងពង្រឹងអំណាចរបស់គេ គឺរករឿងខ្មែរគ្នាឯងឥតឈប់ឈរ បង្កើនភាពតានតឹងក្នុងសង្គម ដើម្បីមានលេសបង្ក្រាប អ្នកដែលមានគំនិតខុសពីខ្លួន។ បរទេសជិតខាង គេសប្បាយចិត្តណាស់ ឃើញមេដឹកនាំខ្មែរមួយក្រុម បំបែកបំបាក់សង្គមជាតិខ្លួនឯងបែបនេះ ធ្វើឲ្យប្រទេសកម្ពុជា កាន់តែខ្សោយទៅៗ ពីព្រោះពេលនោះបរទេសជិតខាង គេមានឱកាសកាន់តែច្រើនឡើង មកគ្រប់គ្រងប្រទេសកម្ពុជា តាមគ្រប់រូបភាព។

អ្នកដែលស្រលាញ់ជាតិពិតប្រាកដ ចង់ឲ្យខ្មែររួបរួមគ្នាជាធ្លុងមួយ ដើម្បីឲ្យខ្មែរខ្លាំង ខ្មែររស់ ខ្មែររុងរឿង។ អ្នកស្នេហាជាតិពិតប្រាកដ មិនទៅរករឿងខ្មែរគ្នាឯងឥតឈប់ឈរ ដូចអ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលស្រលាញ់អំណាច ជាងប្រទេសខ្លួនឯង ហើយដែលលេងល្បែងមួយ ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលការបង់ខាតកាន់តែធ្ងន់ទៅៗ ដែលជាការបម្រើផលប្រយោជន៍បរទេស ទោះជាដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី ឬដឹងខ្លូនហើយធ្វើជាមិនដឹង។

អ្នកកាន់អំណាចសព្វថ្ងៃ ចោទអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ថាជាជនក្បត់ជាតិ តែបើយើងយកនិយមន័យពាក្យ ជនក្បត់ជាតិ មកពិចារណា យើងឃើញច្បាស់ថានរណា ជាជនក្បត់ជាតិយ៉ាងពិតប្រាកដ។

អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេតាមធ្វើបាបសព្វថ្ងៃ មិនដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីរបស់ខ្លួន សូម្បីតែមួយចំអាម ក៏គ្មានដែរ។ មានតែអ្នកកាន់អំណាចសព្វថ្ងៃទេ ដែលបានកាត់ទឹកដីប្រទេសកម្ពុជា ជាច្រើន ឲ្យទៅប្រទេសជិតខាង ជាថ្នូរសម្រាប់ឲ្យបរទេស លើកបន្តុប និងការពារអំណាចរបស់ខ្លួន លើខ្មែរគ្នាឯង។ អ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលត្រូវចាត់ទុកថាជាជនក្បត់ជាតិ។

អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេតាមធ្វើបាបសព្វថ្ងៃ មិនដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន ដោយយកមហច្ឆិតាលោភលន់អំណាច ទៅប្តូរជាមួយផលប្រយោជន៍ជាតិ ដងណាទេ។ មានតែអ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន ដោយក្លាយទៅជារណបបរទេស ព្រមទាំងធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាអាណានិគម របស់ប្រទេសជិតខាង ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច។ អ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលត្រូវចាត់ទុកថាជាជនក្បត់ជាតិ។

អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេតាមធ្វើបាបសព្វថ្ងៃ មិនដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ដូចជាព្រៃឈើ រ៉ែ មច្ឆជាតិ ដងណាទេ។ មានតែអ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ គ្រប់បែបយ៉ាង យកទៅលក់ដូរតាមចិត្ត ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួន និងបក្ខពួកខ្លួន ហើយធ្វើឲ្យផលប្រយោជន៍ជាតិ រលាយសាបសូន្យ។ អ្នកដឹកនាំបែបនោះទេ ដែលត្រូវចាត់ទុកថាជាជនក្បត់ជាតិ។

អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលសហការណ៍ជាមួយអង្គការនានា របស់សហរដ្ឋអាមេរិក មិនអាចជាជនក្បត់ជាតិបានទេ ពីព្រោះ សហរដ្ឋអាមេរិកជាប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ និងចេះគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិក គ្មានគម្រោងលេបត្របាក់ទឹកដី ប្រទេសកម្ពុជាទេ ហើយក៏គ្មានផលប្រយោជន៍អ្វី មកកេងប្រវ័ញ្ចញើសឈាម ប្រជារាស្ត្រខ្មែរដែរ។ សហរដ្ឋអាមេរិក គ្រាន់តែចង់ជួយប្រជារាស្ត្រខ្មែរ ឲ្យបានស្គាល់នូវលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ និងការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។

ទោះជាគេតាមធ្វើបាបយើងយ៉ាងណា ខ្ញុំសូមឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ គឺជនជាតិខ្មែរគ្រប់រូប ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ សូមបងប្អូនក្មួយៗ កុំអស់សង្ឃឹម។ អំណាចផ្តាច់ការ ដូចនៅប្រទេសកម្ពុជាសព្វថ្ងៃ ដែលធ្វើអំពើអាក្រក់កាន់តែច្រើនឡើងៗ មិនអាចនៅស្ថិតស្ថេរបានយូរទេ ពីព្រោះបទពិសោធន៍ ពីប្រវត្តិសាស្ត្រគ្រប់សម័យ ក្នុងពិភពលោក បង្ហាញថា គ្មានអ្វីឈ្នះ កម្លាំងប្រជារាស្ត្របានទេ។ នៅប្រទេសកម្ពុជាសព្វថ្ងៃ កម្លាំងប្រជារាស្ត្រ ដែលតំណាងឲ្យអំពើល្អ ច្បាស់ជាដណ្តើមយកជ័យជំនះ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខ លើរបបតិរច្ឆានសព្វថ្ងៃ។

ជយោកម្ពុជាអមតៈ!

ធ្វើនៅទីក្រុងប៉ារីស ថ្ងៃ០៥ កញ្ញា ២០១៧

សម រង្ស៊ី





ប្រភព ៖ Sam Rainsy

No comments:

Post a Comment