ភាពអកុសលដែលធ្វើឲ្យកម្ពុជា ខូចខាតតម្លៃនយោបាយការបរទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ បទវិភាគដោយ ហ៊ុន កុសល
២- បង្កឲ្យប្រជាជាតិខ្មែរ មានការប្រេះឆាគ្នាដោយសារក្រុមប្រជាជនខ្លះលោកគាំទ្រអាមេរិក និងក្រុមប្រជាជនខ្លះលោកគាំទ្រ នយោបាយរបស់រដ្ឋាភិបាលក្នុងប្រកាស់ប្រឆាំងជាមួយនឹងអាមេរិក។ ដូចអស់-លោក ជ្រាបរួចហើយប្រជាជនខ្មែរនៅមានការយល់ដឹងទាបណាស់,ងាយស្រួលក្នុងការបច្ឆេះកំហឹង,ងាយស្រួលក្នុងការអូសទាញឲ្យធ្វើកាចសាហាវផ្សេងៗ។ យើងគួរកុំភ្លេចថា ខ្មែរធ្លាប់កាប់សម្លាប់គ្នាសាហាវព្រៃផ្សៃបំផុត ហើយសំណល់ នៃភាពឃោឃៅនេះ នៅមិនទាន់រលត់បាត់ចេញសន្តានរបស់ខ្មែរយើងនៅឡើយ។ អស់-លោក អាចពិនិត្យមើលអាកប្បករិយាប្រជាជនខ្មែរតាមរយៈហ្វេសប៊ុកដឹងហើយថា,ខ្មែរនៅមានចរិតនិស្ស័យស្អប់គ្នាដល់កម្រិតណា។ ជាង៣០ឆ្នាំ ដែលរដ្ឋាភិបាលខំកសាងបានមកបានដោយលំបាកនេះ។
តើអស់-លោក ចង់ឲ្យរលំរលាយទៅវិញដោយហេតុផលដ៏តូចតាចនេះ ឬយ៉ាងណា? សម្រាប់ខ្ញុំមើលឃើញថា ហេតុការណ៍ដែលបានកើតឡើងជាងពីរសប្តាហ៍កន្លងមកនេះ វាមិនមែនជាបញ្ហាធំដុំ រហូតមិនអាចដោះស្រាយបាននោះទេ មកពីយើងមិនព្រមព្យាយាមស្វែងរកដោះស្រាយឲ្យបានច្រើនជាងបង្កើតបញ្ហា។ ម្យ៉ាងទៀតយើងមិនសូវបានយកពេលវេលាគិតស្វែងរកគន្លឹះក្នុងការដោះស្រាយទំនាស់ដ៏តូចនេះទេ យើងខំប្រឹងរិះរកតែវិធីឈ្លោះដើម្បីឈ្នះគ្នា,ព្យាយាមពង្រីកបញ្ហាឲ្យប៉ោងធំឡើងៗ ក្នុងចេតនាផ្តួលគ្នាទៅវិញទៅមក ដោយមធ្យោយបាយអកុសលព្រោះតែអំណាច។ខ្ញុំយល់ពីអត្ថប្រយោជន៍របស់អំណាចដែលមនុស្សស្ទើរតែគ្រប់ប្រាថ្នាចង់បាន ប៉ុន្តែបើយើងចង់បានអំណាចនោះដោយខ្វះវិធីល្អ ឬសន្តិភាព សាបព្រោះតែអំពើស្អប់ខ្ពើម គំនុំសងសឹក,ដូច្នេះវានឹងធ្វើឲ្យអំណាចនោះក្លាយជារបស់គ្មានបានការ។ភាពដើមរបស់អំណាចគឺដើម្បីដោះស្រាយបញ្ហាជាតិ សម្របសម្រួលបញ្ហាជាតិគ្រប់គ្រងដឹកនាំជាតិពេលហ្នឹងហើយអំណាចគឺជារបស់ដែលគួរឲ្យគោរព និងលើកតំកើងប៉ុន្តែបើយើងមិនចេះប្រើប្រាស់អំណាចនោះយើងនឹងប្រែអំណាចឲ្យក្លាយទៅជាសត្វដ៏កាចសាហាវព្រៃផ្សៃបង្កវិនាសកម្មដល់ប្រទេសជាតិជាមិនខាន។
៣-ដូចជាផ្តល់ឱកាសឲ្យវៀតណាម កាន់តែប្រកៀកជាមួយអាមេរិក, វៀតណាមនឹងទទួលបានផលប្រយោជន៍ជាច្រើនពីជម្លោះការទូតរវាងកម្ពុជា និងអាមេរិក ព្រោះដើម្បីទប់នឹងមហាអំណាចចិន ចាំបាច់អាមេរិកត្រូវតែចងសម្ព័ន្ធមិត្តជាមួយវៀតណាមឲ្យបានស្និទ្ធបំផុត ព្រោះអាមេរិកយល់ថា ខ្លួនបាត់សម្ព័ន្ធមិត្តជាមួយកម្ពុជា ដូច្នេះដើម្បីជាប្រយោជន៍របស់អាមេរិកៗ ចាំបាច់ត្រូវប្រលូកចូលកិច្ចនយោបាយរបស់កម្ពុជា តាមមធ្យោបាយណាដែលគេអាចធ្វើបាន ព្រោះគេមានវៀតណាមនៅក្បែរកម្ពុជាស្រាប់ គេអាចជាផ្តល់ឲ្យវៀតណាមធ្វើបងធំនៅឥណ្ឌូចិន ដូចកាលសម័យកម្មុយនិស្ត ប្រទេសរុស្ស៉ីបានប្រគល់អំណាចឲ្យ ហូ ជី មិញ ធ្វើជាបងធំគ្រប់គ្រងលទ្ធិកុម្មុយនិស្តនៅឥណ្ឌូចិនទាំងមូល ដែលសម័យក្នុងកាលនោះ ប្លុកមហាអំណាចកម្មុយនិស្ត គ្មានទេប្រទេសកម្ពុជា និងឡាវ គឺមានតែប្រទេសឥណ្ឌូចិន ដោយមានប្រទេសវៀតណាមជាតំណាង ឬជាអ្នកដឹកនាំ នេះជាលំអានប្រវត្តិសាស្ត្រដ៏ព្រឺព្រួចមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការត្រូវរៀនសូត្រ និងត្រូវតែចងចាំប្រវត្តិសាស្រ្តដ៏ឈឺចាប់នេះ។
ចំពោះប្រទេសចិន ដែលរដ្ឋាភិបាលគិតថា ជំហរមួយរបស់កម្ពុជា សម្រាប់ខ្ញុំមិនគិតដូច្នេះទេ ព្រោះសន្តានពីកំណើតរបស់ចិន គឺគេនិយាយតែពីប្រយោជន៍របស់ជាតិគេជាធំ សម្រាប់ប្រទេសក្រីក្រដូច កម្ពុជាយើង ដំបូងគេអាចគិតថាកម្ពុជា ជាមិត្តដ៏ល្អស្មោះត្រង់នឹងប្រជាជនចិន, គេអាចនិយាយល្អពីយើង ប៉ុន្តែនៅក្នុងដំណាក់កាលចុងក្រោយចិនគេមិនបោះបង់ចោលដុំមាសទាំងដុំ មកចាប់យកមនុស្សស្គមមានតែស្បែក និងឆ្អឹងដូចកម្ពុជាទេ លទ្ធផលចុងក្រោយកម្ពុជា នឹងឯកោ ចង់ត្រឡប់ក្រោយ គឺវាហួសពេលបាត់ទៅហើយ។ ដោយឡែកចំពោះរុស្ស៊ីវិញជាប្រទេសយោងតែខ្លួនឯងឲ្យតែរួចទៅ ព្រោះក្រៅពីវិស័យយោធា និងឧស្ម័ន្ន រុស្ស៊ីគ្មានអ្វីប្រជែងជាមួយអាមេរិក និងសហគមអឺរ៉ុបបានទេ ទាំងសម្ព័ន្ធមិត្ត,សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ និងបច្ចេសទេសនានា ដូច្នេះរុស្ស៊ីមិនអាចជួយអ្វីកម្ពុជា បាន ដូចក្តីរំពឹងរបស់រដ្ឋមន្រ្តីការបរទេសរបស់កម្ពុជាយើងទេ។
៤- បក្សប្រជាជនកម្ពុជា នឹងបាត់បង់អ្នកគាំទ្រនៅក្រៅប្រទេសយ៉ាងកំហក, ក្នុងរយៈពេលពីរឆ្នាំនេះ ខ្ញុំសង្កេតឃើញប្រជាពលរដ្ឋខ្មែរ នៅបរទេសបានកោតសរសើរពីការដឹងនាំរបស់រដ្ឋភិបាល ដែលបានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន នូវវិស័យនានាជាច្រើន ដែលពួកគាត់ទទួលយកបាន ទោះជាមិនបានល្អប្រសើរដូចប្រទេសដែលគាត់កំពុងរស់នៅ ប៉ុន្តែវាប្រសើរជាងសម័យក្រោយសង្រ្គាមថ្មីៗយ៉ាងច្រើន ទាំងនេះជាតម្លៃដែលរដ្ឋាភិបាលបានខិតខំប្រែងអភិវឌ្ឍន៍ដោយលំបាក។
កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅបរទេសបោះបង់ការគាំទ្របក្សប្រជាជន ព្រោះហេតុផល ពួកគាត់ជាមនុស្សរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ជឿនលឿន ហើយសុទ្ធរស់នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅពេលរដ្ឋាភិបាលប្រកាសប្រឆាំងអាមេរិក ខ្ញុំជឿជាក់ថា ពួកគាត់ពិតជាមិនសប្បាយចិត្តទាល់សោះ ដោយពួកគាត់ពិតជាមិនចូលចិត្តចិនក្រហមទេ។ ម្យ៉ាងពួកគាត់បានចេញទៅរស់នៅបរទេស គឺដោយសារការសម្រប់សម្រួលរបស់អង្គការសហប្រជាជាតិ ដែលមានអាមេរិកជាបងធំគេក្នុងចំណោមប្រទេសដែលព្រមទទួលយកជនអន្តោប្រវេសន៍រត់គេចចេញពីសង្រ្គាមសម្លាប់ខ្មែរគ្នាឯង ចំណុចនេះពួកគាត់ទាំងកូនចៅ នៅចង់ចាំមិនអាចបំភ្លេចគុណអាមេរិកាំងបានដាច់ខាត។
៥- ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នឹងដកសេចក្តីទុកចិត្តក្នុងការធ្វើវិនិយោគ នៅកម្ពុជាព្រោះគេនឹងយល់ថា កម្ពុជាប្រទេសផ្តាច់ការ មានទីផ្សារចង្អៀតជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចដទៃទៀត ម្យ៉ាងធនធានមនុស្សរបស់យើងក៏ជាហេតុធ្វើឲ្យគេមិនសូវទំនុកចិត្តប៉ុន្មានដែរ ព្រោះការដើរចេញពីប្រទេសដែលធ្លាប់ជ្រោមជ្រែងយើងផ្នែកបច្ចេកទេសដែលអន្តរជាតិទុកចិត្ត។
៦- ធ្វើឲ្យប្រទេសចិនបានដៃយ៉ាងខ្លាំង ដោយសារចិនគេគិតយើងគ្មានអ្នកជ្រោមជ្រែងក្រៅពីចិនទៀតទេ ដូច្នេះសម្រាប់ចិន គេចង់ក្រឡុកខ្មែរយើងយ៉ាងណាក៏បាន សព្វថ្ងៃយើងមានសម្ព័ន្ធជាមហាអំណាចក្រៅពីចិនជាច្រើនប្រទេសផង ប៉ុន្តែចិននៅតែរកស៊ី ធ្វើនុំឥតម្សៅជាមួយកម្ពុជាយើង ពិចារណាចំណុចនេះលមើលតើកម្ពុជា ខាត់បង់ប៉ុណ្ណា?
៧- រឿង កឹម សុខា និង សហរដ្ឋអាមេរិក រដ្ឋាភិបាលមិនត្រូវច្របាច់រឿងនេះបញ្ចូលគ្នា ធ្វើឲ្យខូចកិច្ចជាតិជាធំរបស់យើងទេ ព្រោះការផ្សព្វផ្សាយគោលការណ៍ប្រជាធិបតេយ្យ ជានយោបាយស្នូលរបស់អាមេរិក និងបុព្វបុរសអាមេរិកក្នុងការផ្សព្វផ្សាយលទ្ធិនយោបាយនេះ ដូច្នេះការផ្តល់ជាគំនិតខ្លះៗចំពោះបក្សនយោបាយ វាមិនមែនជារឿង ដែលអាមេរិកចង់ផ្តួលរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាយើងទេ។ ចំណុចនេះរដ្ឋាភិបាលគួររកដំណោះស្រាយដោយមធ្យោបាយការទូតយ៉ាងត្រឹមត្រូវជាមួយអាមេរិក ដើម្បីប្រយោជន៍ដ៏ធំរបស់ជាតិយើង ខ្ញុំមិនជឿងថា អាមេរិកស្អប់រដ្ឋាភិបាលកម្ពុជាយើង រហូតមិនអាចនិយាយគ្នា ឬដោះស្រាយជាមួយគ្នាបានទេ។ កន្លងមកខ្ញុំសង្កេតឃើញ ទោះជាពេលខ្លះអាមេរិករិះគន់រដ្ឋាភិបាលធ្ងន់ៗបន្តិចមែន ប៉ុន្តែក្រោយពេលរដ្ឋាភិបាលចចារជាមួយអាមេរិកៗ តែងបន្ទន់ឥរិយាបថចំពោះរដ្ឋាភិបាលកម្ពុជាយើង និងផ្តល់ជាគន្លឹះដោះស្រាយមួយចំនួនចំពោះរដ្ឋាភិបាលរបស់យើងដែរ។
៨- លោក កឹម សុខា ជាករណី ខ្មែរ និងខ្មែរ យើងដោះស្រាយជាមួយខ្មែរគ្មាយើងបាន ទោះជា លោក កឹម សុខា ឬ លោក សម រង្ស៊ី បានវាយប្រហាររដ្ឋាភិបាលធ្ងន់ៗ ឬមានរហូតដល់ប្រមាថក្រុមគ្រួសាររបស់សម្តេចនាយករដ្ឋមន្រ្តីក៏ដោយ ប៉ុន្តែមនុស្សទាំងពីរនេះ មិនពិបាកនិយាយគ្នាប៉ុន្មានទេ ព្រោះកន្លងមកប្រមុខរដ្ឋាភិបាលក៏ធ្លាប់ចរចាជាមួយមនុស្សពីររូបនេះបានជោគជ័យដែរ។
ដូចកាលក្រោយបោះឆ្នោះឆ្នាំ២០១៣ ក្រោយពេលបាតុកម្មរដ្ឋាភិបាលបានចរចាជាមួយមេបក្សប្រឆាំងទាំងពីររូបនេះ រហូតបង្កើតរដ្ឋាភិបាលបានដោយជោគជ័យ ជាពិសេសនោះបានបង្កើតរូបមន្តវប្បធម៌សន្ទនា ដែលជាទស្សននយោបាយថ្មីមួយមិនធ្លាប់កើតមាននៅលើពិភពលោក នេះជាភាពវិជ្ចមានមួយដែលខ្មែរយើងអាចនិយាយចរចាគ្នា ដោះស្រាយវិបត្តិនយោបាយបានមួយចំនួន។ ក្នុងដំណាក់កាលនេះយើងក៏គួរកុំអស់សង្ឃឹម ក្នុងការដោះស្រាយបញ្ហាជាមួយខ្មែរ និងខ្មែរ ព្រោះមេដឹកនាំគ្រប់គ្នាសុទ្ធបានដឹង និងឆ្លងកាត់ាការឈឺចាប់ក្នុងប្រវត្តិសាស្រ្តជាតិរបស់យើង។ មេបក្សប្រជាជនក៏ស្រឡាញ់ប្រទេសជាតិ មេបក្សសង្រ្គោះជាតិក៏ស្រឡាញ់ប្រទេសជាតិ ហេតុអ្វីមិនអាចនិយាយពីផលប្រយោជន៍ជាតិជាមួយគ្នាបាន? ៕
ប្រភព/អត្ថបទដោយ៖ ហ៊ុន កុសល
ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧
No comments:
Post a Comment