វប្បធម៌ដូនតាខ្មែរ ឈរលើខឿនសាងមរតកវប្បធម៌សៀម​ - អត្ថបទដោយ ហ៊ុន កុសល (Hun Kosal) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
វប្បធម៌ដូនតាខ្មែរ ឈរលើខឿនសាងមរតកវប្បធម៌សៀម​ - អត្ថបទដោយ ហ៊ុន កុសល (Hun Kosal)

វប្បធម៌ដូនតាខ្មែរ ឈរលើខឿនសាងមរតកវប្បធម៌សៀម​ - អត្ថបទដោយ ហ៊ុន កុសល (Hun Kosal)

Share This

វប្បធម៌ដូនតាខ្មែរ ឈរលើខឿនសាងមរតកវប្បធម៌សៀម​ - អត្ថបទដោយ ហ៊ុន កុសល (Hun Kosal)

រៀងរាល់ពេលមានការរៀបចំព្រះបរមសពរាល់លើក តែងមានទំនៀមទម្លាប់ថ្វាយនូវសម្ភារៈបរិក្ខារនានាដល់ព្រះភិក្ខុសង្ឃ។ ដូចជាការចងក្រងសៀវភៅ ឱវាទបាដិមោក្ខ នេះជាលើកដំបូងហើយ ដែលគណៈកម្មការរៀបចំបុណ្យជាតិសៀម បានជ្រើសរើសនាំយកនូវសិល្បៈការសរសេរអក្សរខ្មែរ (ខមបុរាណ) ចម្លងចារឹកឱវាទបាដិមោក្ខ ជាភាសាខ្មែរ (ឬភាសាខមនេះ) សម្រាប់ប្រគេនចំពោះព្រះភិក្ខុសង្ឃ,​ ដើម្បីឧទ្ទិសថ្វាយនៅក្នុងព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ រជ្ជកាលទី៩ ដែលព្រះអង្គទ្រង់សោយព្រះទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦, ក្នុងព្រះ​ជន្ម​វស្សា ៨៨ព្រះវស្សា នៅក្នុងមន្ទីរពេទ្យ សិរិរ៉ាត, ក្រុងបាងកក។ ជាចារឹកដែលគណៈកម្មការបុណ្យជាតិសៀម ជ្រើសរើសយកមកចម្លងនេះ គឺជាចារឹកដែលខាងសៀមតម្កល់ទុកនៅក្នុង វត្តបវ៉ននិវ៉េត (បវរនិវេស) ជាចារឹកដើម នៅសម័យក្រុងស្រីអយុធ្យា។

សូមជម្រាបថា វត្តបវ៉ននិវ៉េត ជាវត្តធម្មយុត្តិកនិកាយ ជាវត្តដែលអតីតព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩  ព្រះអង្គទ្រង់ធ្លាប់សាងព្រះផ្នួសជាព្រះភិក្ខុសង្ឃនៅក្នុងវត្តនេះ, ដោយឡែកចំពោះព្រះមហាក្សត្រគ្រងរាជ្យបច្ចុប្បន្ន ព្រះនាម សម្តេចព្រះចៅយូហួរ មហាវជិរាលង្ករណ៍ បតិន្ទ្រទេព្យវរាង្កូរ ក៏ព្រះអង្គធ្លាប់សាងព្រះផ្នួសនៅក្នុង វត្តបវ៉ននិវ៉េត នេះដែរ។ ពាក់ព័ន្ធនឹងទំនៀមទម្លាប់ ឬកសាងខឿនវប្បធម៌នេះ សៀមពិតជាទទួលឥទ្ធិពលពីខ្មែរយើងពិតប្រាកដមែន ទោះបីជាសៀមប្រឹងកែប្រែប្រវត្តិសាស្រ្តប្រកាសប្រាប់ពិភពលោកថា សៀមមានមរតករបស់ដូនតាបន្សល់ទុកឲ្យដោយគ្មានឥទ្ធិពលពីខ្មែរយ៉ាងណាក្តី ក៏សេចក្តីនេះគ្មានអ្នកប្រវត្តិសាស្ត្រណាអាចកែប្រែបានឡើយ។

កាលខ្ញុំនៅនិស្សិតបរិញ្ញាបត្រឆ្នាំទី២ នៅទីក្រុងបាងកក, មានសាស្រ្តាចារ្យម្នាក់ជាជនជាតិសៀម ក្រោយពេលលោកបានមកទស្សនាប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន និងប្រាសាទមួយចំនួនក្នុងប្រទេសខ្មែរ លោកមានប្រសាសន៍នៅមុខនិស្សិតសៀម និងនិស្សិតខ្មែរថា អ្វីដែលថៃមានបច្ចុប្បន្ននេះ គឺជារបស់ខ្មែរ លោកសំដៅលើអរិយធម៌, វប្បធម៌សៀមនេះឯង។ ដូចដែលបងប្អូនជនរួមជាតិជ្រាបរួចមកហើយថា ខ្មែរធ្លាប់ជាអាណាព្យាបាលរបស់សៀម មុនពេលស្តេចរ៉ាមកំហែងប្រកាសថាក្រុងសុខោទ័យ ជារាជាអាណាចក្រឯករាជ្យ មិនស្ថិតនៅក្រោមការគ្របគ្រងពីមហាអាណាចក្រខ្មែរបន្តទៀតទេ។ កត្តាដែលសៀមធ្លាប់នៅក្រោមការគ្រប់គ្រងរបស់អាណាចក្រនេះ ជាទឡ្ហីករសំខាន់ក្នុងបង្ហាញថា សៀមពិតជាទទួលឥទ្ធិពលកម្ពុជាយ៉ាងពិតប្រាកដ។

*សង្ខេបប្រវត្តិសាស្រ្តសៀមឈ្លានពានខ្មែរ និងការនាំយកក្បួនតម្រានានារបស់ខ្មែរទៅសៀម

ក្រោយសៀមប្រកាសឯករាជ្យ ចេញពីមហាអាណាចក្រខ្មែរ សៀមតែងតែយាយីធ្វើសង្រ្គាមដើម្បីកាប់សម្លាប់ពូជសាសន៍ខ្មែរឥតឈប់ឈរ, ការធ្វើសង្រ្គាមរវាងខ្មែរ និងសៀមនេះ គឺមានរយៈវែងឆ្ងាយណាស់, រហូតដល់ព្រះមហាក្សត្រព្រះអង្គឌួង ព្រះអង្គទ្រង់ទាល់ព្រះទ័យត្រូវពឹងពាក់បារាំងមកធ្វើជាអាណាព្យាបាលរបស់ខ្មែរ។ ការធ្វើសង្រ្គាមរវាងខ្មែរ និងសៀម រាប់ចាប់តាំងពីចុងសតវត្យរ៍ទី១៣ រហូតដល់សតវត្យរ៍ទី១៩ គឺមានរយៈពេល ៧សតវត្យរ៍ ទើបសៀមបង្អង់ដៃក្នុងការឈ្លានពានខ្មែរយើង, ហើយការបង្អង់នេះមិនមែនពួកសៀម គេមានសន្តានចិត្តមេត្តាចំពោះខ្មែរទេ គឺដោយសារខ្មែរមានបារាំងជាអ្នកកាង ឬជាអ្នកការពារ។ ក្នុងរយៈពេល៧សតវត្យរ៍នេះ តាមយៈឯកសារព្រះរាជពង្សសាវតាខ្មែរ របស់លោក អេង សុទ្ធ បានបង្ហាញថា សៀមក្រោយទទួលជ័យជំនះសង្រ្គាមលើកខ្មែរ ស្តេចសៀមបានលើកឲ្យរាជបុត្ររបស់ខ្លួន ឡើងសោយរាជ្យនៅក្នុងក្រុងអង្គរ ចំនួន ៤លើក។

-លើកទី១ ស្តេចព្រះនាម ព្រះចៅបាសាទ ឡើងគ្រងរាជនៅក្នុងក្រុងអង្គរ ពីគ.ស ១៣៥៣ ដល់ គ.ស ១៣៥៥, ព្រះអង្គសោយរាជ្យបានតែ២ឆ្នាំ ក៏សុគតព្រោះព្រះឈួន។

-លើកទី២ ព្រះអនុជរបស់ស្តេចបាសាទ, ព្រះនាមព្រះចៅបាអាត សោយរាជ្យបន្តពី គ.ស១៣៥៦ ដល់ គ.ស១៣៥៩, ព្រះអង្គសោយរាជ្យបាន៣ឆ្នាំ សុគតព្រោះព្រឈួន។

-លើកទី៣ ព្រះអនុជរបស់ស្តេចបាអាត ព្រះនាមព្រះចៅកំបង់ពិសី សោយរាជ្យបន្តពីគ.ស១៣៥៩- ស្តេចអង្គនេះ ត្រូវព្រះមហាក្សត្រខ្មែរព្រះនាម ព្រះសុរិយោវង្សសម្លាប់ក្នុងសង្រ្គាមខ្មែររំដោះប្រទេស។

-លើកទី៤ សម្តេចសៀមព្រះនាម ព្រះឥន្ទរាជា សោយរាជ្យសារជាថ្មី ដោយស្តេមសៀមច្បាំងឈ្នះព្រះមហាក្សត្រខ្មែរ នៅគ.ស១៣៨០ ក៏លើកព្រះរាជបុត្រព្រះនាម ឥន្ទរាជា សោយរាជ្យនៅនគរខ្មែរបន្តទៀត។

តាមរយៈឯកសារដដែលបង្ហាញថា ក្រោយសៀមធ្វើសង្រ្គាមឈ្នះខ្មែរ ជាច្រើនលើក ពួកសៀមបានដឹក ជញ្ជូនទ្រព្យសម្បត្តិមានតម្លៃ និងក្បូនច្បាប់នានារាប់អស់, ជាពិសេសនោះពួកសៀមបានកៀគរ
អ្នកប្រាជ្ញរាជបណ្ឌិត្យ និងប្រជារាស្រ្តខ្មែរ ទៅសៀមជាច្រើនផងដែរ។

-រហូតមកដល់សម័យលង្វែក ក៏សៀមនៅតែបន្តដឹកនាំយកទ្រព្យសម្បត្តិមានតម្លៃ និងក្បូនតម្រានានាពីខ្មែរយើងទៀត។ ឧទាហរណ៍ ដូចវត្តសកេត (វត្តសៈកេត) នៅទីក្រុងទេពមហានគរ ដែលបច្ចុប្បន្នហៅថា ក្រុងបាងកក វត្តនេះសាងសង់ឡើងដោយយកឈើ និងសម្ភារៈមួយចំនួនពីខ្មែរយើង។

-កាលសម័យខ្ញុំនៅជានិស្សិត រៀនបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសនៅសៀម, ខ្ញុំឧស្សាហ៍ទៅអានសៀវភៅនៅបណ្ណាល័យជាតិរបស់សៀម,ថ្ងៃមួយមានភក្តិខ្មែររបស់ខ្ញុំម្នាក់, បានពឹងខ្ញុំឲ្យជួយរកសៀវភៅត្រៃភូមិជាភាសាថៃ ដោយសារតែកិច្ចការនេះ តម្រូវឲ្យខ្ញុំសាងទំនាក់ទំនងជាមួយបណ្ណានុរក្សចំនួន៣ ទៅ៤ម្នាក់, បណ្ណានុរក្សទាំងនោះសុទ្ធតែអាចនិយាយភាសាខ្មែរបាន ដោយសារតែពួកគេបុគ្គលិកទទួលផ្នែកឯកសារបុរាណ ក្នុងគ្រានោះខ្ញុំក៏បានសួរនាំពីឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងភាសាខ្មែរ ក្នុងការទាក់ទងនេះបង្កើតឱកាសឲ្យខ្ញុំបានជួបបុរសខ្មែរសុរិន្ទ្រម្នាក់, ជាអ្នកសិក្សារៀនសូត្រ, បុរសម្នាក់នោះក៏ជាបុគ្គលិកនៅក្នុងស្ថាប័នរដ្ឋមួយនេះដែរ។ អំឡុងពេលនោះ គាត់បាននាំខ្ញុំចូលកន្លែងហាមឃាត់មួយចំនួនក្នុងបរិវេណបណ្តាល័យ។ រឿងដ៏អស្ចារ្យនោះ គឺបុរសខ្មែរសុរិន្ទ្រនោះ គាត់បង្ហាញពីឯកសារសាស្រ្តាស្លឹករឹត ដែលខាងអ្នកជំនាញខាងរៀបចំបណ្ណាល័យថ្នាក់ជាតិរបស់សៀម បានចម្លងចំណងជើង សរសេរនៅក្រដាសស្តើងទំហំប្រហែលជា៣ធ្នាប់, ប្រវែងជាជាងមួយតឹក ចងក្រងឲ្យដូចជាសៀវភៅទៅតាមប្រភេទចំណើងជើងឯកសារ និងតាមលំដាប់តួអក្សរប្រមាណជាបួនទូ។

សូមជម្រាបបងប្អូនជនរួមជាតិថា នេះគ្រាន់តែជាចំណើងឯកសារដែលខាងសៀមរៀបចំដាក់តាមលំដាប់តួអក្សរមានរហូត៤ទូ, យើងសាកពិចារណាមើលថា តើឯកសារជាសាស្រ្តាស្លឹករឹត ជាភាសាខ្មែរនៅក្នុងបណ្ណាល័យហ្នឹងមានប៉ុន្មានមឺនច្បាប់ទៅ? កន្លែងទុកឯកសារពិតបុរាណនេះ គេមិនអនុញ្ញាតិឲ្យខ្ញុំចូលទៅទេ ព្រោះមកពីច្បាប់តឹងតែងពក ឬអាចជាការលាក់បាំងគុណតម្លៃរបស់សៀម ដែលក្បួនច្បាប់បុរាណសុទ្ធជារបស់បរទេស។ នៅក្នុងលក្ខខណ្ឌចំពោះអ្នកដែលមានបំណងចង់បានឯកសារបុរាណត្រូវបំពេញប្រវត្តិរូប,អត្តសញ្ញាណបណ្ណ និងត្រូវមានអ្នកធានាថែមទៀតទើបខាងបណ្ណានុរក្សគេអនុញ្ញាតឲ្យថតចម្លង ប៉ុន្តែមិនមែនគ្រប់ឯកសារនោះទេ គឺអនុញ្ញាតឲ្យថតចម្លងទៅប្រភេទឯកសារខ្លះប៉ុណ្ណោះ, នៅក្នុងគ្រានោះ ចិត្តរបស់ខ្ញុំ ក្រៅពីសោកស្តាយ មិនដឹងថាត្រូវនិយាយយ៉ាងណាទេ, ទាមទារក៏មិនកើត, ចង់បានថតចម្លងខ្លះក៏គេមិនអនុញ្ញាតព្រោះពាក់ព័ន្ធនឹងឯកសារបុរាណនេះ សៀមមានច្បាប់គ្រប់គ្រងតឹងតែង និងមានរបៀបរាប់រយណាស់, គេថ្នមថែវត្ថុបុរាណដូចកូនខ្ចី ខុសពីខ្មែរយើង ដែលឯកសារបុរាណ ឬវត្ថុបុរាណយើងជាច្រើនមើលទៅដូចជាខ្ជះខ្ជាយណាស់ ដោយសារយើងសម្បូរប្រាសាទពេញផ្ទៃប្រទេស, ឯកសាស្រ្តាស្លឹករឹតនៅតាមវត្តអារាមនានារបស់ខ្មែរ ទុកចោលគ្មានមនុស្សយកចិត្តទុកដាក់ថែរក្សា, អាចារ្យ ឬចៅអធិការវត្ត លោកក៏យល់មិនដល់ពីតម្លៃវត្ថុបុរាណទាំងនេះ, សាស្រ្តាស្លឹករឹតខ្លះត្រូវទឹកភ្លៀងពុកផុស, ខូចខាត រហូតមិនអាចសង្រ្គោះបាន។

សេចក្តីសន្និដ្ឋាន៖ កេរមរតកដូនតាខ្មែរ បានសាយភាយនៅក្នុងប្រទេសសៀម ពិតជាមានទំហំធំធេងណាស់, ទាំងសិល្បៈ, ទាំងសំណង់តាមវត្តអារាមនានាសុទ្ធតែចម្លងពីខ្មែរទាំងអស់ ដូច្នេះឈ្លាតក្នុងឱកាសនេះដែរ ខ្ញុំសូមជម្រាបដល់បងប្អូនជនរួមជាតិថា ចម្លាក់នានានៅក្នុងប្រទេសសៀមសុទ្ធតែមានដើមកំណើតចេញខ្មែរទាំងអស់, ដូចបងប្អូនជនរួមជាតិ បានជ្រាបតាមរយៈបទយកការណ៍ ផ្សាយតាមទូរទស្សន៍របស់សៀមប៉ុន្មានថ្ងៃ ដែលបងប្អូនជនរួមជាតិបានចែកចាយតាមហ្វេសប៊ុកជាហូរហែមកនេះ តាមរយៈវីដេអូបទយកការណ៍នេះ បង្ហាញថា សៀមពិតជានៅអភិរក្សវប្បធម៌បុរាណរបស់ខ្មែរបានយ៉ាងត្រឹមត្រូវព្រោះសៀមជាអ្នកគ្រប់គ្រងក្បូនតម្រារបស់ខ្មែរ ការរៀបចំបុណ្យថ្វាយព្រះបរមព្រះមហាក្សត្រ ក៏ថៃនៅអភិរក្សរបៀបរបបបុរាណបានយ៉ាងត្រឹមត្រូវ។ ដូច្នេះវាជាឱកាសមួយដែលខ្មែរយើងអាចដឹងពីតម្លៃពិត នៃកេរមរតកដូនតាយើង តាមរយៈការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ រជ្ជកាលទី៩ ។

អត្ថបទនេះ, ខ្ញុំបាទគ្មានចេតនាបញ្ឆេះកំហឹងឲ្យបងប្អូនជនរួមជាតិ អោយស្អប់ខ្ពើមសៀមនោះទេ គ្រាន់តែចង់រម្លឹកឲ្យបងប្អូនចាប់អារម្មណ៍ចំពោះមរតកដូនតារបស់យើង ដែលបានកប់បាត់ក្នុងភ្លើងសង្រ្គាមរាប់សតវត្យរ៍មកហើយនេះ ៕ 

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧, ដោយ៖ ហ៊ុន កុសល

((អត្ថបទដោយ ហ៊ុន កុសល កែតម្រូវតិចតួចដោយកម្សាន្តខ្មែរ ២០១៧))























No comments:

Post a Comment