លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ថារបបហ៊ុន សែន មិនខុសពីរបបខោអាវខ្មៅប៉ុល ពត និងជារបបតិរច្ឆាន ដោយលោកយកកាសែតប្រឆាំងបារាំង Le Monde ប្រើយុទ្ធវោប្រហារ វាយប្រហាររបបហ៊ុន សែន ដោយមិនបន្ទន់មាត់ ឡើយ !!
«កាសែតឡឺ ម៉ុងដ៏ (Le Monde) ដែលជាកាសែតដ៏ល្បីល្បាញជាងគេនៅប្រទេសបារាំង បានសរសេរលើទំព័រមុខរបស់ខ្លួនថា ប្រទេសកម្ពុជា កំពុងតែធ្លាក់ចូលក្រោមអំណាចផ្ដាច់ការ។ គេបានរំលឹកថា លោក ហ៊ុន សែន ជាអតីតមេកងពលខ្មែរក្រហម ដែលបានរក្សាផ្នត់គំនិត និងទម្លាប់ជាខ្មែរក្រហមយ៉ាងសាហាវ មកដល់សព្វថ្ងៃ»
ភ្នំពេញ ៖ អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានបើកការវាយប្រហារលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដោយបានទាញយកអត្ថបទព័ត៌មានពីកាសែត ឡឺ ម៉ុង ដឺ (Le Monde) នៅប្រទេសបារាំង ដែលបានបញ្ជាក់ដូចបណ្ដាញព័ត៌មានអន្តរជាតិផ្សេងៗថា កម្ពុជាកំពុងតែធ្លាក់ចូលក្រោម«អំណាចផ្ដាច់ការ»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅ និរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចពីការចាប់ដាក់ពន្ធនាគារ បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា មានប្រតិកម្មខ្លាំងៗជាច្រើនលើទូទាំងពិភពលោក បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា៖
«កាសែតឡឺ ម៉ុងដ៏ (Le Monde) ដែលជាកាសែតដ៏ល្បីល្បាញជាងគេនៅប្រទេសបារាំង បានសរសេរលើទំព័រមុខរបស់ខ្លួនថា ប្រទេសកម្ពុជា កំពុងតែធ្លាក់ចូលក្រោមអំណាចផ្ដាច់ការ។ គេបានរំលឹកថា លោក ហ៊ុន សែន ជាអតីតមេកងពលខ្មែរក្រហម ដែលបានរក្សាផ្នត់គំនិត និងទម្លាប់ជាខ្មែរក្រហមយ៉ាងសាហាវ មកដល់សព្វថ្ងៃ»។
អតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមដោយតាមកាសែតឡឺ ម៉ុងដ៏ថា៖
«ដោយសារតែលោក ហ៊ុន សែន ដឹងខ្លួនថាប្រជារាស្ត្រខ្មែរស្អប់គាត់កាន់តែខ្លាំង បានជាគាត់ប្រព្រឹត្តអំពើកាន់តែព្រៃផ្សៃ មកលើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលហ៊ានបកអាក្រាតអំណាចផ្តាច់ការ និងអំពើពុករលួយរបស់គាត់»។
បន្ទាប់អាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជា ចាប់ខ្លួនលោក កឹម សុខា ភ្លាមៗ លោក សម រង្ស៊ី បានចេញសេចក្ដីអធិប្បាយ និងខ្សែអាត់វីដេអូ ជាបន្តបន្ទាប់ ដោយបានចោទរដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីថា ជារបបដឹកនាំមួយ«ដែលមិនខុសពីរបបខោអាវខ្មៅប៉ុល ពត និងជារបបតិរច្ឆាន»។ អតីតប្រធានគណបក្សជំទាស់រូបនេះ បានកំពុងព្យាយាមគេចពីការចាប់ឃុំខ្លួន តាមបណ្ដឹងជាច្រើនរបស់មេដឹកនាំ និងសមាជិករដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន មានប្រសាសន៍ប្រាប់ VOA ថា លោក សម រង្ស៊ី ជាអ្នកនយោបាយខ្មែរម្នាក់ដែលតែងតែនិយាយបង្អាប់ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក បានច្រានការចោទប្រកាន់តាមបណ្តាញព័ត៌មានអន្តរជាតិជាច្រើនថា ប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងរបបផ្ដាច់ការពេញទី។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ហេតុការណ៍ដែលកំពុងកើតឡើងក្នុងប្រទេស ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនេះ គឺជាការបន្តពង្រឹងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការអនុវត្តន៍ប៉ុណ្ណោះ។
លោកមានប្រសាសន៍បញ្ជាក់ទៀតថា សហគមន៍អន្តរជាតិនឹងមិនអាចឈានដល់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជានោះឡើយ ខណៈដែលមានបញ្ហាធំៗជាច្រើនទៀត កំពុងកើតឡើងនៅក្នុងពិភពលោក។
«ខ្ញុំមិនមានការព្រួយបារម្ភទេ ពីព្រោះរាល់ថ្ងៃនេះ សហគមន៍អន្តរជាតិ រួមទាំងអាមេរិក រួមទាំងសហគមន៍អឺរ៉ុបផង កំពុងតែយកចិត្តទុកដាក់ទៅលើរឿងធំៗផ្សេងទៀត ដែលពាក់ព័ន្ធជាមួយគាត់ហ្នឹង នៅលើពិភពលោកហ្នឹង។ រឿងកម្ពុជា វាជារឿងតូចមួយបំផុត មិនមានពាក់ព័ន្ធអីរហូតដល់ថ្នាក់គាត់ដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនោះទេបាទ»។
សហគមន៍អន្តរជាតិរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ អូស្ត្រាលី អង់គ្លេស និងអង្គការអន្តរជាតិធំៗបានបន្តប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទសួរអំពីភាពស្របច្បាប់នៃការបោះឆ្នោតក្នុងឆ្នាំ២០១៨។
រដ្ឋាភិបាលសហព័ន្ធប្រទេសអាល្លឺម៉ង់ ក៏បានសំដែងក្ដីបារម្ភជាខ្លាំងចំពោះចាប់ខ្លួនលោក កឹម សុខា ខណៈលោកនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។ អាល្លឺម៉ង់ក៏ទាមទារឲ្យដោះលែង មេបក្សជំទាស់រូបនេះផងដែរ។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម បានប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា អ្នកនយោបាយខ្មែរកំពុងឈានដល់ដំណាក់កាលវាយប្រហារ ដោយចោទម្ខាងងាកទៅសហរដ្ឋអាមេរិក និងម្ខាងទៀតកំពុងវិលទៅរករបបកុម្មុយនិស្ត ត្រួសត្រាយដោយប្រទេសចិន ដែលជាការណ៍មិនខុសអ្វីពីហេតុការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើងក្នុងសម័យអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច នរោត្តមសីហនុ។
លោកថាបើការឈ្លោះទាស់ទែងបែបនេះ បន្តកើតឡើង ប្រទេសកម្ពុជា នឹងមិនមែនជួបប្រទះត្រឹមតែវិបត្តិសេដ្ឋកិច្ច និងសង្គមនោះទេ ពោលគឺប្រទេសនេះ ទំនងជាប្រឈមនឹងការបាត់បង់ទឹកដី ដែលធ្លាប់បានកើតឡើងកាលពីអតីតកាលទៀតផង។
«នៅក្នុងប្រវត្តិសាស្ត្រខ្មែរនេះ គឺបាត់បង់ទឹកដីតាំងពីធំធេងនៅប៉ុណ្ណេះ វាអត់មានអីក្រៅពីរឿងការបន្តទាស់គ្នា ក្នុងចំណោមមេដឹកនាំ ក្នុងចំណោមមហាក្សត្រខ្មែរ បងប្អូនមហាក្សត្រខ្មែរ។ យើងឃើញថាប្រវត្តិសាស្ត្រនេះ គឺបន្តអីចឹងរហូតមកដល់រាល់ថ្ងៃ»។
ទោះជាមានប្រតិកម្មខ្លាំងៗយ៉ាងណាពីសហគមន៍អន្តរជាតិ និងអ្នកនយោបាយនៃគណបក្សជំទាស់ក៏ដោយ ក៏លោកហ៊ុន សែន ត្រូវអង្គភាពព័ត៌មាន Freshnews រាយការណ៍ថា លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ១០ឆ្នាំ ទៅមុខទៀត ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពក្នុងប្រទេស។
លោក ហ៊ុន សែន អះអាងថា ការសម្រេចចិត្តរបស់លោកនេះ ធ្វើឡើងក្រោយពីលោកបានយល់អំពីអំពើរបស់អ្នកនយោបាយខ្មែរខ្លះ។
ការសម្រេចចិត្តរបស់លោក ហ៊ុន សែនក្នុងការបន្តដឹកនាំប្រទេសនេះ កើតមានឡើងក្រោយពីអ្នកសង្កេតការណ៍សិទ្ធិមនុស្ស បានព្យាករណ៍ថា លោកហ៊ុន សែន នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីបន្តទៅទៀត។
លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបញ្ជាក់ប្រាប់VOA នៅមុនការចាប់ខ្លួនលោក កឹម សុខាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រើប្រាស់ការរំលោភបំពានសិទ្ធិមនុស្ស ដើម្បីរក្សាការក្ដោបក្ដាប់កិច្ចការនយោបាយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ទោះចង់ ឬមិនចង់ នឹងមានអ្នកមកជំនួសលោក ហ៊ុន សែន ហើយថាលោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាងបីទសវត្សរ៍មកនោះ មិនអាចប្រឆាំងនឹងច្បាប់ធម្មជាតិ ដែលមានន័យថា អ្វីៗមិនទៀងទាត់នោះឡើយ៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment