គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនប្តូរមេដឹកនាំ បើទោះប្រឈមនឹងការរំលាយគណបក្សក៏ដោយ !!
គណបក្សសង្រ្គោះជាតិកំពុងប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ ក្រោយពីតុលាការការចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្ស ពីបទ «អំពើក្បត់ជាតិ» តែថ្នាក់ដឹកនាំគណបក្សបានឲ្យដឹងថា គណបក្សនឹងមិនផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ បើទោះត្រូវរំលាយគណបក្សក៏ដោយ។
ភ្នំពេញ ៖ គណបក្សសង្រ្គោះជាតិកំពុងប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ ក្រោយពីតុលាការការចោទប្រកាន់ជាផ្លូវការលើលោក កឹម សុខា ប្រធានគណបក្ស ស្តីពីការប្រព្រឹត្ត «អំពើក្បត់ជាតិ» តាមរយៈការឃុបឃិតជាមួយបរទេស។ នៅថ្ងៃពុធនេះ ថ្នាក់ដឹកនាំគណបក្សបានឲ្យដឹងថា គណបក្សប្រកាន់ជំហរមិនផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ បើទោះត្រូវរំលាយគណបក្សក៏ដោយ។
នៅថ្ងៃពុធនេះ គណបក្សសង្រ្គោះជាតិ ដែលជាដៃគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានប្រកាសរក្សាជំហរមិនផ្លាស់ប្តូរប្រធានគណបក្សគឺលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ បើទោះជាប្រឈមការរំលាយគណបក្សក៏ដោយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅថ្ងៃពុធនេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា រហូតមកដល់ពេលនេះ គណបក្សមិនបានពិភាក្សារឿងផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ ហើយគណបក្សក៏មិនមានគម្រោងផ្លាស់ប្តូរថ្នាក់ដឹកនាំដែរ។
អ្នកស្រីមូរ សុខហួរ បានថ្លែងថា៖
«ជំហរនៃគណបក្សសង្រ្គោះជាតិ គឺលោកប្រធាន កឹម សុខា ជាប្រធាននៃគណបក្សសង្រ្គោះជាតិ។ គេថា នឹងឈានទៅដល់ការរំលាយគណបក្ស។ ទីមួយ យើងអត់មានដោះដូរប្រធានទេ។ ប្រសិនបើចង់រំលាយគណបក្សសង្រ្គោះជាតិ រំលាយទៅ! តែបើចង់ឲ្យយកគណបក្សសង្រ្គោះជាតិមួយដែលទន់ជ្រាយ ដែលធ្វើតាមការចង្អុលរបស់គេ។ គណបក្សសង្រ្គោះជាតិមិនមែនមានថ្នាក់ដឹកនាំតែប៉ុណ្ណឹងទេ»។
អ្នកស្រី មូរ សុខហួរ បន្តថា ការចាប់ខ្លួនលោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ ខណៈលោក កឹម សុខា ជាតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ។ លោកស្រីបន្តថា មន្រ្តីគណបក្សផ្សេងទៀតបានប្រកាន់ជំហរមិនភ័យខ្លាច បើទោះជាត្រូវប្រឈមនឹងការចាប់ខ្លួនក៏ដោយ។
លោកស្រីមានប្រសាសន៍ ថា៖
«យើងមិនបារម្ភនឹងសុវត្ថិភាពយើងទេ។ យើងមិនបារម្ភចំពោះគណបក្ស ពីព្រោះយើងដឹងហើយថា គេចង់ឲ្យយើងព្រួយបារម្ភ គេចង់ឲ្យយើងភ័យខ្លាច។ បើយើងភ័យខ្លាច អារម្មណ៍យើងអត់ហ៊ានមកការពារប្រជាធិបតេយ្យទេ។ អារម្មណ៍យើងនៅឲ្យម៉ឺង មាំ»។
មេគណបក្សជំទាស់លោក កឹម សុខា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្ត«អំពើក្បត់ជាតិ»។ ប្រសិនបើមានកំហុស លោកនឹងត្រូវជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ។ រដ្ឋាភិបាលបានចាត់ទុកថា ការចាប់ខ្លួននេះគឺឆ្លើយតបនឹងការប្រព្រឹត្តបទល្មើសជាក់ស្តែង។
ក្រោយការចាប់ខ្លួនលោក កឹម សុខា រដ្ឋាភិបាលបានអះអាងថា វីដេអូ ដែលត្រូវបានបង្ហោះតាមបណ្តាញCBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី និងភស្តុតាងប្រមូលបានដទៃទៀត គឺពិតជាបង្ហាញពី «ផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្ខពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។
រដ្ឋាភិបាលបញ្ជាក់ថា៖
«អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះគឺជាអំពើក្បត់ជាតិ»។
រដ្ឋាភិបាលបាននិយាយយោងទៅដល់វីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះកាលពីជាង៣ឆ្នាំមុន ពេលលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៤។
ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការបកប្រែជាភាសាអង់គ្លេសផងនោះ លោក កឹម សុខា ថ្លែងថា យុទ្ធសាស្រ្តរបស់លោកមានការគាំទ្រដោយសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តនោះ លោកថា គឺ«ដើម្បីផ្លាស់ប្តូរមេដឹកនាំផ្តាច់ការ»។
លោក កឹម សុខា បន្តថា អង្គការអាមេរិកបានហៅរូបលោកទៅសហរដ្ឋអាមេរិកដើម្បីសិក្សា និងបានផ្តល់យោបល់ឲ្យលោកឈប់ធ្វើនយោបាយមួយរយៈ និងបង្កើតអង្គការមួយកាលពីឆ្នាំ២០០២។
លោក កឹម សុខា បានថ្លែងថា៖
«តើគេឲ្យបង្កើតដើម្បីអី? គេថា បើចង់ប្តូរមេដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេ។ មុននឹងដូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែដូរពីក្រោមសិន។ ជាយុទ្ធសាស្រ្តនយោបាយរបស់អ្នកប្រជាធិបតេយ្យគេធ្វើ»។
មុនពេលនៃការចាប់ខ្លួននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួងកំពុងស៊ើបអង្កេតគណបក្សសង្រ្គោះជាតិ ហើយព្រមានថា គណបក្សអាចនឹងត្រូវរំលាយ ប្រសិនបើរកកំហុសឃើញ ទាក់ទងនឹងការចោទប្រកាន់ថា មានគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬបង្កើតបដិវត្តន៍ពណ៌។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា មិនមែនជារឿងរ៉ាវរបស់គណបក្សនោះទេគឺជារឿងរ៉ាវរបស់ប្រជាជនកម្ពុជាជាង៣លាននាក់ ដែលបានបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ។
កាលពីខែកុម្ភៈ ឆ្នាំ១០១៧ លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សប្រឆាំង ដើម្បីកុំឲ្យមានការរំលាយគណបក្សនេះតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មចំនួនពីរដង ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា។
បើតាមច្បាប់ស្តីពីគណបក្សនយោបាយ គ្រប់គណបក្សមិនត្រូវធ្វើសកម្មភាពណាមួយ ដែលធ្វើការញុះញង់ ដែលអាចនាំឲ្យមានការបែកបាក់ជាតិ និងគាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។ ដោយសារទង្វើទាំងនេះ តុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ មិនលើសពី៥ឆ្នាំ និងអាចរំលាយគណបក្សនោះចោល។
បើតាមច្បាប់ដដែលនេះ ប្រធាន និងអនុប្រធានគណបក្សនយោបាយត្រូវបាត់បង់តួនាទីរបស់ខ្លួន ក្នុងករណីសាមីខ្លួនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម។ គណបក្សនយោបាយត្រូវចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្សនយោបាយដែលបានបាត់បង់តួនាទីក្នុងរយៈពេលយ៉ាងយូរ៩០ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការរំលាយគណបក្ស គឺអាស្រ័យលើតុលាការ និងច្បាប់ដែលមាន។
លោកបានថ្លែងប្រាប់ VOA ថា៖
«អាហ្នឹងសួរតុលាការបានដឹង។ សួរអ្នកនយោបាយម៉េចដឹង? យើងមិនអាចថា ជំនួសតុលាការបានទេ។ យើងចេះតែចង់ឲ្យតុលាការឯករាជ្យ ប៉ុន្តែយើងថា ជំនួសតុលាការ កាត់សេចក្តីជំនួសតុលាការ ម៉េចកើតអាហ្នឹង!»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ជំហររបស់គណបក្ស ប្រឆាំង និងច្បាប់ស្តីពីគណបក្សនយោបាយគឺខុសគ្នា ហើយលោកថា ត្រូវតែមានការអនុវត្តច្បាប់។
លោកមានប្រសាសន៍ថា៖
«ប្រសិនណាយើងមិនអនុវត្តទៅតាមច្បាប់គណបក្សដែលមានរួចស្រេចមកហើយនោះគឺបានសេចក្តីគឺយើងស្ម័គ្រចិត្តទទួលខុសត្រូវចំពោះមុខច្បាប់គណបក្ស»។
លោកបន្តថា ការលើកឡើងរបស់លោកស្រី មូរ សុខហួរ មិនទាន់ជាជំហររបស់គណបក្សនៅឡើយទេ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃពុធនេះថា បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខ និងសាកសួរចម្លើយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្នពីបទឃុបឃិតជាមួយបរទេស។
ដោយឡែក លោក មាស នី អ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា លោកបានប្រមើលមើលឃើញរួចមកហើយថា អាចនឹងមានការធ្វើព្យុះភ្លៀងចំពោះគណបក្សសង្រ្គោះជាតិ ដែលលោកហៅថា នេះជា«អន្ទ្រាក់មួយ»។ លោកថា អាចនឹងមានរឿងរ៉ាវច្រើនទៀត ប្រសិនបើមានការចេញមុខជួយលោក កឹម សុខា ក្នុងនោះមានដូចជាការធ្វើបាតុកម្មផងដែរ។
លោកបន្តថា លោករង់ចាំមើលថា តើនឹងមានការរំលាយគណបក្ស ឬយ៉ាងណា ហើយនេះនាំឲ្យមានការព្រួយបារម្ភ។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក បានចោទជាសំណួរអំពីឥទ្ធិពលរបស់លោក កឹម សុខា ក្នុងការផ្តួលរំលំរដ្ឋាភិបាល។ លោកបានចោទជាសំណួរថា តើមានន័យយ៉ាងដូចម្តេចដែលទៅបោះឆ្នោត នៅពេលជម្រើសរបស់អ្នក គឺថា គណបក្សកាន់អំណាច និងគណបក្សមិនមានអំណាចអ្វីសោះ។
លោកបានប្រាប់ VOA តាមអ៊ីម៉េល ឬសារអាឡិចត្រូនិក កាលពីថ្ងៃចន្ទថា៖ «អ្នកកំពុងធ្វើឲ្យបក្សប្រឆាំងធ្លាក់ទៅក្នុងបញ្ហា ដូច្នេះអ្នកអាចធ្វើឲ្យគេធ្លាក់ចុះយ៉ាងងាយស្រួល»។
ទាក់ទងនឹងការចាប់ខ្លួន លោក កឹម សុខា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានចោទជាសំណួរអំពីលទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំការបោះឆ្នោតដែលអាចទុកចិត្ត។
អ្នកស្រី Heather Nauert បានថ្លែងក្នុងន័យដើមថា៖
«វិធានការទាំងនោះបានធ្វើឲ្យអន់ថយនៃការវិវត្តកម្ពុជាក្នុងទសវត្សរ៍ថ្មីៗនេះ ហើយធ្វើឲ្យមានចម្ងល់យ៉ាងច្បាស់អំពីលទ្ធភាពរដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិ២០១៨ ដែលអាចទុកចិត្តបាន ដែលអាចបង្កើតលទ្ធផលដែលបង្ហាញពីភាពស្របច្បាប់នៃលទ្ធិប្រជាធិបតេយ្យ»៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment