Breaking News! រិន ច័ន្ទរិទ្ធិ (Ren Chanrith)ខេមរយុវជនចិត្តសឿងឈឺឆ្អាលរឿងបញ្ហាសង្គមនយោបាយខេមររដ្ឋ ផ្ញើសារជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន !!
លោក រិន ច័ន្ទរិទ្ធិ (Ren Chanrith) ខេមរយុវជនចិត្តសឿងឈឺឆ្អាលរឿងបញ្ហាសង្គមនយោបាយខេមររដ្ឋ លោកជាអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា ជាអ្នកចែករំលែកព័ត៌មាន និងសំដែងទស្សនៈនានាដ៏ឆ្នើម តាមរយៈបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក Facebook) និងធ្លាប់បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃផងដែរកាលពីប៉ុន្មានឆ្នាំមុន ។
នៅថ្ងៃនេះ លោកក៏បានបញ្ចេញទស្សនៈក្នុងនាមជាប្រជាពលរដ្ឋមួយរូប ជាម្ចាស់ខេមររដ្ឋ ដែលមានការព្រួយបារម្ភក្រៃលែងចំពោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ហើយបានផ្ញើជាសារជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចំពោះតែម្ដង តាមរយៈបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក Facebook) របស់លោក ។ សាររបស់លោក រិន ច័ន្ទរិទ្ធិ (Ren Chanrith) មានដូចតទៅនេះ ៖
រិន ច័ន្ទរិទ្ធិ (Ren Chanrith) ៖ គោរពជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំពិតជាមានការព្រួយបារម្ភក្រៃលែងចំពោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំសូមកោតសរសើរនូវសមិទ្ធផលជាអរូបវ័ន្តនានា ក្នុងការក៏សាងនូវសន្តិភាពនិងការពង្រឹងនូវនីតិរដ្ឋនៅប្រទេសកម្ពុជា។ ខ្ញុំទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែន ដែលបានបង្កើតនូវសន្តិភាពតាមរយៈការធ្វើសមាហរណកម្មកងទ័ពដែលធ្លាប់ជាគូសត្រូវមកជាកងយុទ្ធពលខេមរៈភូមិន្ទតែមួយ។ ខ្ញុំក៏ទទួលស្គាល់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការពង្រឹងនូវវិស័យអប់រំនៅកម្ពុជា និងការកាត់បន្ថយភាពក្រីក្រដ៏គួរឱ្យកត់សម្គាល់។
ទោះយ៉ាងណាក៏ដោយ ការគាបសង្កត់នាពេលថ្មីៗនេះចំពោះអង្គការសង្គមសុីវិល សាព័ត៌មានឯករាជ្យ ព្រមទាំងគណបក្សប្រឆាំង តាមរយៈការបិទទ្វារឈប់ដំណើរការណ៍អង្គការសង្គមសុីវិលមួយចំនួន ការបិទការសែត និងសារព័ត៌មានឯករាជ្យ ការចាប់ខ្លួនគូប្រជែងនយោបាយន និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានផ្សេងទៀត ពិតជាសេណារីយ៉ូដ៏អាក្រក់បំផុត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទសវត្សរ៍ចុងក្រោយនេះ។
ខ្ញុំយល់ថា ដើម្បីកុំឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គួរតែបន្តនូវវប្បធម៌សន្ទនាឡើងវិញ ហើយយកបញ្ហាខ្វែងគំនិតគ្នានានា មកដាក់លើតុពិភាក្សា ៕
ដោយសេចក្តីគោរព
រិន ច័ន្ទរិទ្ធិ
No comments:
Post a Comment