លីកាដូ (LICADHO)៖ ការបិទប្រព័ន្ធផ្សព្វផ្សាយប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានដែលគាំពារដោយច្បាប់ !
អង្គការលីកាដូ (LICADHO) យល់ឃើញថា វិធានការរបស់រដ្ឋាភិបាលដែលបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិទទួលបានព័ត៌មាន។ អង្គការនេះរកឃើញថា មានវិទ្យុក្នុងស្រុកចំនួន ៣២ ស្ថានីយទូទាំងប្រទេស ត្រូវបង្ខំអោយបិទការផ្សាយដែលស្ថានីយទាំងនោះបានផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ ក្រសួងព័ត៌មានធ្លាប់ថ្លែងការពារអំពីជំហររបស់ខ្លួនថា នេះគឺជាការពង្រឹងច្បាប់ ហើយការបិទវិទ្យុមួយចំនួនដោយសារប្រព័ន្ធផ្សព្វផ្សាយទាំងនោះ រំលោភលើការផ្សាយរបស់ខ្លួន។
អ្នកជំនាញផ្នែកសារព័ត៌មាន និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) ហៅការអនុវត្តច្បាប់ដោយបង្ខំរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងកាសែតបោះពុម្ពថា មិនត្រឹមធ្វើឲ្យពលរដ្ឋទេ ដែលត្រូវខាតបង់តាមរយៈទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាននោះ។ បញ្ហានេះថែមទាំងជំរុញឲ្យរដ្ឋាភិបាលខ្លួនឯងផ្ទាល់ក៏ត្រូវបាត់បង់ប្រយោជន៍ដ៏ធំពីការបិទប្រព័ន្ធព័ត៌មាននេះដែរ។
អង្គការលីកាដូ បានចេញរបាយការណ៍សង្ខេបរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ថា ការអនុវត្តច្បាប់នេះបានធ្វើឲ្យប៉ះពាល់ទៅលើស្ថានីយវិទ្យុដែលផ្សាយបន្តនូវព័ត៌មានឯករាជ្យពីវិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលជាសារព័ត៌មានមិនរកប្រាក់ចំណេញ ហើយការបិទក្រោមហេតុផលអនុវត្តច្បាប់នេះ គឺជាមធ្យោបាយបិទទាំងស្រុងនៅតាមរលកធាតុអាកាសផ្សេងទៀត។ អង្គការលីកាដូ យល់ឃើញថា វិទ្យុគឺប្រភពព័ត៌មានដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជាដែលរស់នៅតាមជនបទ ដោយសារសេវាអ៊ីនធឺណិតនៅទីនោះមិនអំណោយផល។
អ្នកជំនាញផ្នែកវិស័យសារព័ត៌មានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយប្រៀបដូចជាសវនកម្មផ្ទៃក្នុងសម្រាប់ស្ថាប័ននីមួយៗ ដើម្បីកែលម្អ ផ្ដល់យោបល់ ឬរិះគន់ក្នុងន័យស្ថាបនា។ ជាងនេះទៀត សេរីភាពសារព័ត៌មានប្រៀបដូចរ៉ឺស័រយ៉ាងដូច្នេះដែរ ប្រសិនបើបន្ធូរដៃតែបន្តិច សេរីភាពនឹងត្រូវថយចុះ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា លោកមិនលូកដៃចូលកិច្ចការផ្លូវច្បាប់ដែលរដ្ឋាភិបាលកំពុងធ្វើទេ ប៉ុន្តែជាទស្សនៈ ការបិទប្រព័ន្ធផ្សព្វផ្សាយដូចនេះ មិនមែនតែពលរដ្ឋទេដែលត្រូវខាតប្រយោជន៍នោះ សូម្បីរដ្ឋាភិបាលក៏ត្រូវបាត់បង់ការគាំទ្រក៏មិនស្ទើរដែរ។
លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដែលឯករាជ្យដើរតួនាទីសំខាន់ណាស់ ក្រៅពីផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានហើយ ប្រព័ន្ធផ្សព្វផ្សាយនេះក៏រួមចំណែកជំរុញឲ្យអង្គភាពរបស់រដ្ឋអនុវត្តច្បាប់ដោយដោយតម្លាភាព និងមានយុត្តិធម៌សង្គមដែរ៖ «សារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈគាត់អាចជួយកែលម្អ ជួយជម្រាបដល់ថ្នាក់ដឹកនាំ ដល់អ្នកធ្វើគោលនយោបាយដើម្បីអាចឲ្យគាត់កែលម្អ និងបំពេញកិច្ចការការងារជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»។
អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍របស់ខ្លួនថា កាលពីចុងខែសីហា កន្លងទៅនេះ រដ្ឋាភិបាលបានបិទរលកធាតុអាកាសផ្សាយវិទ្យុចំនួន ៣២អង្គភាព នៅតាមបណ្ដាខេត្ត និងរាជធានីចំនួន ២០ទីតាំង។ កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា រដ្ឋាភិបាលមិនបានបិទវិទ្យុបរទេសទាំងពីរដែលផ្សាយជាភាសាខ្មែរទេ។ ប៉ុន្តែអ្វីដែលក្រសួងអនុវត្តច្បាប់នេះ គឺចំពោះតែម្ចាស់ស្ថានីយណាដែលរំលោភលើកិច្ចសន្យាការផ្សាយរបស់ខ្លួនជាមួយនឹងក្រសួងព័ត៌មាន ប៉ុណ្ណោះ។
បើទោះជាបែបណា ស្ថានីយវិទ្យុដែលក្រសួងអះអាងថា បានបិទក្រោមហេតុផលពង្រឹងច្បាប់នេះ គឺបិទតែចំពោះវិទ្យុណាផ្សាយបន្តពីកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ប៉ុណ្ណោះ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ឃើញថា នេះពុំមែនជាជម្រើសល្អឡើយសម្រាប់រដ្ឋាភិបាលដែលសម្រេចចិត្តបិទសព្វបែបយ៉ាងពីសំឡេងសង្គមស៊ីវិល បក្សប្រឆាំង និងសារព័ត៌មាន។ ប៉ុន្តែបើទោះជាបែបណា អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះបញ្ជាក់ថា នៅក្នុងសម័យកាលដ៏ទំនើបនេះ ពលរដ្ឋនៅតែមានជម្រើសផ្សេងដើម្បីអាចទទួលបានព័ត៌មានដែលពួកគេចាប់បាន។
លោកបន្តថា៖ «ដោយសារតែភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យាយើងឃើញថា ការទទួលបានព័ត៌មានសម្រាប់សាធារណៈវាមិនបានបាត់បង់ទាំងស្រុងទេ។ យើងមានប្រព័ន្ធផ្សព្វផ្សាយសង្គម យើងមានផ្សាយតាមអ៊ីនធឺណិត។ ដូច្នេះនៅពេលដែលសេវាអ៊ីនធឺណិតកាន់តែទូលំទូលាយ ហើយទូរស័ព្ទដៃដែលអាចភ្ជាប់អ៊ីនធឺណិតបានកាន់តែមានតម្លៃថោក ហើយល្បឿនអ៊ីនធឺណិតកាន់តែដើរលឿនទៀតនោះ ខ្ញុំជឿថា ប្រជាពលរដ្ឋគាត់មិននៅស្ងៀមទេ»។
នៅមុនការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទាំងកណ្ដាលអធ្រាត្រឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តធម៌ក្ដៅដោយបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្ដេញបុគ្គលិកបរទេសរបស់អង្គការនេះចេញពីកម្ពុជា។ មិនតែប៉ុណ្ណោះបានបង្ខំអោយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់ពន្ធ ហើយបន្តបន្ទាប់មកទៀត បិទដោយបង្ខំនូវ ការ ផ្សាយវិទ្យុក្នុងស្រុកមួយចំនួន និងបន្តចោទប្រកាន់ទៅលើសកម្មជនបក្សប្រឆាំង និងអង្គការមិនមែន រដ្ឋាភិបាលថា មានជាប់ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ថែមទៀត។
អ្នកវិភាគនយោបាយយល់ឃើញថា វិធានការរបស់រដ្ឋាភិបាលទាំងនេះ អាចជាការប៉ុនប៉ងបំបិទ សំឡេងកុំឲ្យមានការរិះគន់ និងមានភាពច្របូកច្របល់រឿងចាប់ខ្លួនលោក កឹម សុខា ក្នុងបទចោទក្រោមហេតុផលថាមេបក្សប្រឆាំងរូបនេះក្បត់ជាតិ៕
ផែនទីបង្ហាញទីតាំងស្ថានីយវិទ្យុដែលត្រូវបានបិទ រៀបចំដោយអង្គការលីកាដូ (LICADHO)។ |
ប្រភព ៖ វិទ្យុអាស៊ីសេរី , លីកាដូ (LICADHO)
No comments:
Post a Comment