ពិតជាមិនធម្មតា! លោកឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីអតីតសហភាពសូវៀត(រុស្ស៊ីបច្ចុប្បន្ន) តែមកស្លាប់ព្រោះការពារធនធានធម្មជាតិក្នុងរបបកលិយុគដៃចោរ!
ពីវិទ្យុអាស៊ីសេរី ៖ ប្រវត្តិនិងសកម្មភាពការងាររបស់លោក ឈុត វុទ្ធី
លោក ឈុត វុទ្ធី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋភាគច្រើនទទួលស្គាល់ថា ជាសកម្មជនការពារព្រៃឈើដ៏សកម្មមួយរូបនៅក្នុងប្រទេសកម្ពុជា។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា។ ការបាញ់សម្លាប់នេះ គឺនៅក្នុងបេសកកម្មរបស់លោកនៅខែត្រកោះកុង ដែលលោកបានចុះទៅពិនិត្យ និងថតរូបសកម្មភាពបទល្មើសព្រៃឈើនៅខែត្រកោះកុង។
ការស្លាប់របស់សកម្មជនការពារព្រៃឈើនេះ គឺជាការសោកស្ដាយជាទីបំផុតរបស់មន្ត្រីអង្គការសង្គមស៊ីវិលនានា ពីព្រោះថា កន្លងមកគេចាត់ទុកលោក ឈុត វុទ្ធី ជាមនុស្សមានសេចក្ដីក្លាហាន មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតឡើងនៅកម្ពុជាបច្ចុប្បន្ន។
លោក ឈុត វុទ្ធី បានចុះទៅខែត្រកោះកុង កាលពីថ្ងៃទី២៤ ខែមេសា ជាមួយនឹងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួនពីររូប គឺមានកញ្ញា ផន បុប្ឆា ជាជនជាតិខ្មែរ និងមួយរូបទៀតជាជនជាតិបរទេស។
គោលបំណងសំខាន់ក្នុងការចុះទៅខែត្រកោះកុង របស់លោក ឈុត វុទ្ធី នេះ ដើម្បីទៅពិនិត្យមើលក្រុមហ៊ុនកាប់ឈើខុសច្បាប់នៅតំបន់ក្រវាញភាគកណ្ដាល ស្ថិតនៅក្នុងស្រុកថ្មបាំង។ ប៉ុន្តែជាអកុសលលោក ឈុត វុទ្ធី ត្រូវបានកងកម្លាំងការពារក្រុមហ៊ុនបាញ់សម្លាញ់ទៅវិញ នៅខណៈលោកបានទៅថតរូបភាពអំពីការកាប់ឈើរបស់ក្រុមហ៊ុនឯកជនមួយ។
លោក ឈឹម សាវុធ អ្នកសម្របសម្រួលគំរោងវេទិកាសាធារណៈ និងបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាមនុស្សជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី នោះ មានប្រសាសន៍ថា នៅមុនពេលលោក ឈុត វុទ្ធី ទៅខែត្រកោះកុង មួយថ្ងៃ លោក ឈុត វុទ្ធី បានប្រាប់លោកថា លោកទៅកោះកុង នៅថ្ងៃទី២៤ ដើម្បីទៅប្រមូលយកភស្តុតាងរបស់ក្រុមហ៊ុន និងជនល្មើសកាប់ឈើខុសច្បាប់នៅតំបន់ក្រវាញភាគកណ្ដាល ដើម្បីយកភស្តុតាងទាំងនោះដាក់ជូនរដ្ឋាភិបាល។
លោក ឈុត វុទ្ធី មានអាយុជាង ៤០ឆ្នាំ រស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខែត្រកណ្ដាល។ លោកមានកូនចំនួនបីនាក់ ប្រុសម្នាក់ ស្រី ២នាក់។
លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពីប្រទេសរុស្សី។ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅឆ្នាំ១៩៩២ លោក ឈុត វុទ្ធី បានធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងធ្វើជាគ្រូបង្ហាត់នាយទាហាននៅក្រសួងការពារជាតិ។
លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបម្រើការងារនៅអង្គការ គ្លបល វីនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។
ក្រោយពីរដ្ឋាភិបាលបានបណ្ដេញអង្គការ គ្លបល វីនេស ចេញពីកម្ពុជា លោក ឈុត វុទ្ធី បានបង្កើតអង្គការមួយឈ្មោះថា អង្គការការពារធនធានធម្មជាតិដែលគេដឹងថា អង្គការរបស់លោកមានជំនួយពីប្រទេសអាល្លឺម៉ង់ ដែលមានសកម្មភាពការងារផ្ដោតសំខាន់លើការការពារព្រៃឈើ និងធនធានធម្មជាតិ រហូតដល់បច្ចុប្បន្ន។
លោក ឈឹម សាវុធ បានរំលឹកអនុស្សាវរីយ៍ដែលមិនគួរឲ្យបំភ្លេចបានជាមួយលោក ឈុត វុទ្ធី កាលលោកនៅរស់ថា លោក ឈុត វុទ្ធី បានប្រាប់លោកថា គាត់ធ្វើការរាល់ថ្ងៃនេះ មិនមែនដើម្បីផលប្រយោជន៍ក្រុមគ្រួសាររបស់លោកទេ គឺដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍មនុស្សជំនាន់ក្រោយ។
លោក ឈឹម សាវុធ បញ្ជាក់ថា លោក ឈុត វុទ្ធី បានប្រាប់លោកទៀតថា លោកដឹងខ្លួនគ្រប់ពេលថា ការងាររបស់គាត់ធ្វើកន្លងមកប្រឈមនឹងសេចក្ដីស្លាប់ ពីព្រោះថា ជនល្មើសកាប់ឈើមិនសប្បាយចិត្តនឹងសកម្មភាពរបស់គាត់ទេ។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីខែកុម្ភៈ កន្លងទៅ លោក ឈុត វុទ្ធី បានអំពាវនាវឲ្យរដ្ឋាភិបាលជួយទប់ស្កាត់បទល្មើសកាប់ព្រៃឈើ ពិសេសនៅតំបន់ជួរភ្នំក្រវាញ នៃខែត្រកោះកុង ពីព្រោះថា តំបន់នោះសកម្មភាពកាប់ព្រៃឈើបានកើតមានយ៉ាងអនាធិបតេយ្យ។
កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី ឈ្មោះ ឈយ ឧត្តមរស្មី បានរៀបរាប់ទាំងស្រក់ទឹកភ្នែកអាណិតស្រណោះឪពុករបស់ខ្លួនថា កាលពីឪពុករបស់លោកនៅរស់ លោក ឈុត វុទ្ធី បានអប់រំលោកឲ្យតែធ្វើអំពើល្អ និងធ្វើអ្វីៗដើម្បីផលប្រយោជន៍សង្គម និងកុំធ្វើអ្វីខុសពីច្បាប់សង្គម។
ការស្លាប់សកម្មជនការពារព្រៃឈើនៅពេលនេះ ជាការសោកស្ដាយរបស់មនុស្សភាគច្រើននៅកម្ពុជា ដែលគេបានស្គាល់រូបលោក។ ផ្ទុយទៅវិញ ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា ក្រុមអ្នកប្រព្រឹត្តបទល្មើសកាប់ឈើ សប្បាយចិត្តចំពោះការស្លាប់របស់លោក ឈុត វុទ្ធី នេះ។ ពីព្រោះថា លោក ឈុត វុទ្ធី បានប្រមូលភស្តុតាងជាច្រើនអំពីជនល្មើស រួមទាំងក្រុមអ្នកមានអំណាចកាប់ឈើនៅកម្ពុជា ហើយការស្លាប់របស់លោក ឈុត វុទ្ធី ប្រៀបដូចជាការដកបន្លាចេញពីដើមទ្រូងរបស់ជនល្មើសកាប់ឈើទាំងនោះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានអំពាវនាវឲ្យរដ្ឋាភិបាលត្រូវរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារធនធានធម្មជាតិនេះ។
ប្រភពពីមន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា កាលលោក ឈុត វុទ្ធី នៅរស់ លោកត្រូវបានអាជ្ញាធររដ្ឋាភិបាលគំរាម និងក្រុមឈ្មួញគំរាមសម្លាប់ជាច្រើនលើក។ ទោះបីជាយ៉ាងនេះក្ដី លោក ឈុត វុទ្ធី នៅតែមានឆន្ទៈមោះមុតក្នុងការការពារសម្បត្តិធម្មជាតិនៅកម្ពុជា។
លោក ឈុត វុទ្ធី បានធ្វើសកម្មភាពជាច្រើនធ្វើការងារការពារធនធានធម្មជាតិ ពិសេសការពារការកាប់ព្រៃឈើ ឬព្រៃឡង់។ សកម្មភាពរបស់លោកខ្លាំងក្លានោះមាននៅខែត្រកោះកុង ក្រចេះ ព្រះវិហារ និងខែត្រកំពង់ធំ ជាដើម។ លោក ឈុត វុទ្ធី បានបង្កើតជាសហគមន៍ការពារព្រៃឈើជាច្រើននៅខែត្រទាំងនេះ។
លោក ឈឹម សាវុធ បានលើកឡើងថា សកម្មភាពការងាររបស់លោក ឈុត វុទ្ធី គឺទទួលបានជោគជ័យលើការងារបទល្មើសកាប់ព្រៃឈើ ប៉ុន្តែបញ្ហាសំខាន់ អាជ្ញាធររដ្ឋាភិបាលមិនមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើសកាប់ឈើ ដូច្នេះហើយទើបបទល្មើសកាប់ព្រៃឈើបានកើតមានជាបន្តបន្ទាប់ដល់បច្ចុប្បន្ន។
នៅក្នុងប្រវត្តិរបស់លោក ឈុត វុទ្ធី។ លោក ឈុត វុទ្ធី បានសរសេរចក្ខុវិស័យរបស់លោកនៅក្នុងប្រវត្តិនោះថា "ខ្ញុំប្រាថ្នាបញ្ឈប់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាល និងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសគឺមានរចនាសម្ព័ន្ធដែលប្រសើរគង់វង្សឋិតថេរ និងមានប្រសិទិ្ធភាព៕
No comments:
Post a Comment