*វិមតិសង្ស័យ
គោលការណ៍នេះគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៣៨ វាក្យខ័ណ្ឌ ៦ ដែលបានចែងថា៖ “វិមតិសង្ស័យត្រូវបានជាផលប្រយោជន៍ដល់ជនជាប់ចោទ”។ គោលការណ៍ នេះបើភ្ជាប់ជាមួយនឹង គោលការណ៍ “ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរនោះ (មាត្រា ៣៨ វាក្យខ័ណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញ) គឺមានន័យថា កាលបើមានធាតុផ្សំណាមួយនៅមានការសង្ស័យថាមិនទាន់ត្រូវបានបំពេញ គឺតុលាការត្រូវតែកាត់ឲ្យជនជាប់ចោទរួចខ្លួន។ គោលការណ៍នេះ វាផ្ទុយទៅនឹង “បើគ្មានភស្តុតាងបញ្ជាក់ច្បាស់ថាឯងមិនបានប្រព្រឹត្តទេ គឺឯងត្រូវជាប់គុកហើយ”។
ប្រសិនបើតុលាការប្រកាន់នូវគោលការណ៍ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនេះ គឺ អ្នកដែលត្រូវប្រឹងប្រែងរកភស្តុតាងគឺ ស្ថាប័ននគរបាល។ កាលបើមានទំនួលខុសត្រូវ ហើយត្រូវការប្រឹងប្រែងទៀតនោះ ពេលនោះត្រូវការឲ្យមានការពង្រឹងសមត្ថភាព និង លទ្ធភាព។
ប៉ុន្តែ ដោយសារប្រព័ន្ធច្បាប់ព្រហ្មទណ្ឌកម្ពុជា មានចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរសព្វថ្ងៃហាក់ដូចជាមានតួនាទីស៊ើបអង្កេតបន្ថែមនោះ បណ្តាលឲ្យមានការយល់ឃើញថា ការខ្វះភស្តុតាងចោទប្រកាន់ មិនមែន ស្ថាប័ននគរបាលជាអ្នកទទួលខុសត្រូវនោះទេ គឺតុលាការ (ចៅក្រមស៊ើបសួរ) នោះទេ ដែលជាអ្នកទទួលខុសត្រូវទៅវិញ។ ជាហេតុដែលធ្វើឲ្យ នគរបាល ក៏មិនសូវសកម្ម ហើយចៅក្រមស៊ើបក៏មិនសូវសកម្ម និង ដែលជាហេតុនាំឲ្យ ការចោទប្រកាន់មានការខ្វះខាតយ៉ាងខ្លាំង។ ការមិនសូវមានភស្តុតាងគ្រប់គ្រាន់ឲ្យជនជាប់ចោទអស់ចិត្ត ហើយតុលាការក៏កាត់ឲ្យមានទោស ទាំង ភស្តុតាងនៅមានវិមតិសង្ស័យនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្វះជំនឿទៅលើប្រព័ន្ធតុលាការទាំងមូល។
ដោយសារប្រព័ន្ធច្បាប់ព្រហ្មទណ្ឌកម្ពុជាមានចៅក្រមស៊ើបសួរនោះ បណ្តាលឲ្យជនជាប់ចោទត្រូវបាន ចៅក្រម (ចៅក្រមស៊ើបសួរម្នាក់ និង តំណាងអយ្យការម្នាក់) ពីរនាក់ យល់ថាមានភស្តុតាងគ្រប់គ្រាន់ ទៅហើយថាជនជាប់ចោទមានទោស។ ដូចនេះ ជាបច្ចេកទេស គោលការណ៍សន្មត់ថាជនជាប់ចោទ គ្មានទោស ត្រូវរលាយអស់ទៅហើយ នៅពេលដែលរឿងក្តីនេះបញ្ជូនទៅជំរះ។ ត្រង់ហេតុនេះហើយ ដែលធ្វើឲ្យចៅក្រមជំរះភាគច្រើន រួមទាំងតំណាងអយ្យការផង មើលទៅជនជាប់ចោទ ក្នុងបន្ទប់សវនាការ គឺ មានទោស រួចទៅហើយ ហើយរាល់ចំលើយរបស់ជនជាប់ចោទ តំណាងអយ្យការនឹងងាយថា គ្រាន់តែជាការដោះសារ មិនគួរឲ្យជឿតែប៉ុណ្ណោះ។
សរុបសេចក្តីមក ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌបច្ចុប្បន្ន មិនទាន់ស៊ីទៅនឹងគោលការណ៍កំណត់នៅក្នុងរដ្ឋធម្មនុញ្ញឲ្យបានពេញលេញនោះទេ។
អ្វីដែលលើកឡើង គ្រាន់តែជាទស្សនៈមួយប៉ុណ្ណោះ សម្រាប់ជាគតិក្នុងការកែទម្រង់ទៅអនាគត។
ដោយសារមានបញ្ហា យើងក៏បង្កើតច្បាប់ដើម្បីដោះស្រាយ ឬ ការពារមិនឲ្យបញ្ហាទាំងនោះ តែកាលបើច្បាប់ចេញហើយនៅមានបញ្ហាខ្លះទៀតនោះ ឬ ក៏កើតបញ្ហាថ្មីមួយទៀត យើងក៏នឹងកែច្បាប់នោះតទៅទៀត។
តែទោះជាយ៉ាងណា ពាក្យថា ចៅក្រមមានឆន្ទានុសិទ្ធិ នោះគឺសំដៅថា កាលបើច្បាប់នៅមានចន្លោះខ្វះខាត ចៅក្រមមានសិទ្ធិសម្រេចអ្វីមួយដែលថ្មីដើម្បីបំពេញចន្លោះខ្វះខាតរបស់ច្បាប់។ ចៅក្រម មាននាទី តម្រង់ច្បាប់ឆ្ពោះទៅរក គតិយុត្តិធម៌៕
មេធាវី សុក សំអឿន
១០ សីហា ២០១៧
អត្ថបទទាក់ទងមេធាវី សុក សំអឿន ៖ ការកាត់ក្តីដែលយុត្តិធម៌ គម្លាតរវាង លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និង លទ្ធិប្រជាធិបតេយ្យដោយតំណាង បទវិភាគ៖ តុលាការរដ្ឋបាល វិធីនៃការពង្រឹងឥទ្ធិពល/អំណាច អ្វីទៅជា អភ័យឯកសិទ្ធិគ្រួសារ
No comments:
Post a Comment