តំបន់សំខាន់ៗក្នុងខួរការដែលទទួលបន្ទុកក្នុងការចងចាំ / Credit Photo: PBS /NOVA |
ជំងឺវង្វងវង្វាន់ (មុដ្ឋសតី=អ្នកមានសតិវង្វងវង្វាន់) Alzheimer's Disease and Dementia ភាគ១ ដោយ វេជ្ជបណ្ឌិត តាំង តេក ហុង
*មាតិកា ១. សេចក្តីផ្តើម ២. មូលហេតុ
១. សេចក្តីផ្តើម
DEMENTIA: ជាពាក្យដែលគេប្រើជាទូទៅសំដៅលើសភាពរបស់មនុស្សម្នាក់ចាប់មានអាការៈ ពិបាកត្រេះរិះពិចារណារកហេតុផល ពិបាកវិនិច្ឆ័យរឿងអ្វីមួយ និងភ្លេចភ្លាំង ច្រើន។ ជាទូទៅ អ្នកដែលមានជំងឺ DEMENTIA ច្រើនមានអាការៈភ្លេចភ្លាំងច្រើន និង មានស្តែងជាអាការៈមួយឬច្រើន ក្នុងចំនោមអាការៈខាងក្រោមនេះ ៖
- និយាយ ឬសរសេរមិនអាចឱ្យគេយល់ន័យបាន ឬផ្ទុយមកវិញ អ្នកនោះមិនអាច ស្តាប់ឬអានយល់សេចក្តីអ្វីដែលគេនិយាយ និងសរសេរបាន។
- មិនស្គាល់អ្វីៗនៅជំវិញខ្លួនដែលខ្លួនធ្លាប់ស្គាល់ពីមុនមកបាន។
- មិនអាចរៀបចំគំរោង ឬធ្វើកិច្ចការដែលមានច្រើនតំណាក់បាន។
អ្នកជំងឺអាល់ហ្សាយម័រភាគច្រើន ៗលេចចេញអាការៈឡើងនៅម្តុំអាយុ៦៥ឆ្នាំ ។ នៅឆ្នាំ២០១៥ គេបានប៉ាន់ប្រមាណថាមានអ្នកជំងឺអាល់ហ្សាយម័រនេះប្រហែល ៤៦,៨លាននាក់នៅជុំវិញពិភពលោក ហើយចំនួននេះនឹងកើនទ្វេរដងនៅរៀងរាល់ ២០ឆ្នាំ។ គេប៉ាន់ប្រមាណថាមានអត្រាប្រេវ៉ាឡង់ (អ្នកជំងឺថ្មី) អ្នកជំងឺវង្វេងឌីមែនស្យា នៅអាយុ៦០ឆ្នាំ ប្រហែលពី៤,៦% គិតចាប់ពីអឺរ៉ុបកណ្តាលទៅអាមរិចខាងជើង (កាណាដា និងសហរដ្ឋអាមេរិច) ៨,៧% នៅតំបន់មជ្ឈឹមបូព៌ា ខណៈដែលតំបន់ដទៃ ទៀតអត្រាប្រេវ៉ាឡង់នៃជំងឺនេះស្ថិតនៅចន្លោះត្រឹមតែពី៤,៦%ទៅ៧,៦%តែប៉ុណ្ណោះ។
បើធៀបទៅនឹងការប៉ាន់ស្មានក្នុងឆ្នាំ២០០៩ គេសង្កេតឃើញថាអត្រាប្រេវ៉ាឡង់នេះ កើនឡើងនៅតំបន់អាស៊ីបូព៌ា ឬអាស៊ីខាងកើត និងនៅអាហ្វ្រិច។ ចំណែកឯនៅ សហរដ្ឋអាមេរិចវិញ អ្នកជំងឺអាល់ហ្សាយម័រអាចមានលើសពី៥លាននាក់។ ជំងឺ អាល់ហ្សាយម័រនេះជាមូលហេតុចំបងទី៦ដែលសំលាប់ជនជាតិអាមេរិច។ ប៉ុន្តែបើ តាមការប៉ាន់ស្មានក្នុងពេលថ្មីៗនេះ ជំងឺនេះស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីជំងឺ បេះដូង និងមហារីក ដែលសំលាប់មនុស្សចាស់នៅសហរដ្ឋអាមេរិច។
២. មូលហេតុ
ជំងឺវង្វេងវង្វាន់ (Dementia) អាចបណ្តាលមកពីជំងឺខួរក្បាលមួយចំនួន ក្នុងនោះមានជំងឺ២ដែលគេច្រើនប្រទះឃើញ។
១. ជំងឺអាល់ហ្សាយម័រ (Alzheimer's Disease or AD)
វាជាមូលហេតុនៃជំងឺវង្វេងវង្វាន់ដែលគេច្រើនប្រទះឃើញញឹកញាប់ជាងគេលើអ្នកជំងឺមានវ័យចំណាស់ ដែលមានអត្រាពី៦០ ទៅ៨០% នៃករណីជំងឺវង្វេងវង្វាន់នេះ។ គេដាក់ឈ្មោះជំងឺនេះថាអាល់ហ្សាយម័រតាមឈ្មោះវេជ្ជៈបណ្ឌិត Alois Alzheimer (1864-1915) ជនជាតិអាឡឺម៉ង់ ដែលគាត់បានកត់សំគាល់ឃើញពីការប្រែប្រួលជាលិការខួរក្បាលរបស់ស្ត្រីម្នាក់ដែលបានស្លាប់ដោយជំងឺផ្លូវចិត្តមិនប្រក្រតីមួយ(an unusual mental illness) នៅឆ្នាំ១៩០៦។ កាលនៅរស់ គេបានសំគាល់ឃើញថានាងមានអាការៈមួយចំនួនដូចជាបាត់បង់ការចងចាំ មានបញ្ហាផ្នែកភាសា (និយាយស្តីពីបាកយល់គ្នា) និងអកប្បកិរិយាដែលមិនស្មានទុកមុនបានមួយចំនួន។ បន្ទាប់ពីនាងស្លាប់ទៅ លោកអាល់ហ្សាយម័របានយកខួរក្បាលរបស់នាងទៅពិនិត្យ ហើយបានរកឃើញមានកញ្ចុំសាច់មិនធម្មតា(abnormal clumps) ជាច្រើន ដែលសព្វថ្ងៃគេហៅដុំសាច់ទាំងនោះថា បន្ទះអាមីឡូអ៊ីដ (Amyloid Plaques ជាតិម្សៅប្រូតេអ៊ីន)។
ក្រៅពីនោះ គាត់ក៏បានរកឃើញកណ្តាប់សសៃជំពាក់ជំពិន(Tau Tangles)កោរសិការសសៃប្រសាទមិនធម្មតា ដែលសព្វថ្ងៃគេនិយមហៅថា Neurofibrillary or Tau Tangles ច្រើនទៀតនៅក្នុងខួរក្បាល។ គេកំណត់យកបន្ទះប្រូតេអ៊ីនអាមីឡូអ៊ីដ និងកណ្តាប់ជំពាក់ជំពិន (Plaques and tangles)ទាំងនេះថាជាលក្ខណៈសំគាល់ចំបងរបស់ជំងឺអាលហ្សាយម័រនេះ។ ក្រៅពីនេះ នៅមានលក្ខណៈសំគាល់មួយទៀតគឺកោសិការប្រសាទរបស់ខួរក្បាល (Neurons) ជាច្រើនត្រូវបានផ្តាច់ចេញពីគ្នា (loss of connections)។ ការណ៍នេះធ្វើឱយកោសិការប្រសាទក្នុងខួរក្បាលមិនអាចបញ្ជូនពត៌មានពីផ្នែកមួយទៅផ្នែកផ្សេងទៀតក្នុងខួរក្បាល។ កោសិការខួរក្បាល ឬណឺរូន បញ្ជូនពត៌មានពីកន្លែងមួយទៅកន្លែងផ្សេងទៀតក្នុងខួរក្បាល ហើយពីខួរក្បាលទៅសាច់ដុំ និងសរីរាង្គផ្សេងទៀតរបស់រាងកាយយើង។
គេជឿជាក់ថារចនាសម្ព័ន្ធខួរក្បាលក្នុងជំងឺអាល់ហ្សាយម័រនេះចាប់ខូចយ៉ាងហោចណាស់១០ឆ្នាំមុនអ្នកជំងឺមានអាការៈភ្លេចភ្លាំង និងបាត់បង់កំរិតយល់ដឹង។ កំណកជាតិប្រូតេអ៊ីនមិនប្រក្រតី (Protein Deposits) បង្កើតឱយមានបន្ទះប្រូតេអ៊ីនអាមីឡូអ៊ីដ និងកញ្ចុំជំពាក់ (Amyloid plaques and tau tangles) ពេញខួរក្បាលនាំឱយកោសិការខួរក្បាល ត្រូវបំផ្លាញឬស្លាប់។ កោសិការស្លាប់ចាប់មានពីតំបន់ Hipocampus ដែលជាផ្នែកដ៏សំខាន់របស់ខួរក្បាលក្នុងការបង្កើតការចងចាំ។ ពេលកោសិកាខួរក្បាលស្លាប់កាន់តែច្រើន ផ្នែកនៃខួរក្បាលជាច្រើនចាប់ផ្តើមស្វិត ហើយនៅតំណាក់កាលចុងក្រោយរបស់ជំងឺនេះ ខួរក្បាលទាំងមូលត្រូវរួមស្វិត។
២. មូលហេតុដទៃទៀត
ក្រៅពីជំងឺអាល់ហ្សាយម័រ មានជំងឺផ្សេងទៀតដែលអាចបង្ករជាជំងឺវង្វេងវង្វាន់បាន។ ជំងឺទាំងនោះមានដូចជា៖
- វង្វេងដោយសារបញ្ហាសរសៃឈាមក្នុងខួរក្បាល (Vascular Dementia):
ករណីសរសៃឈាមនៅក្នុងខួរក្បាល ឬសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមខួរក្បាលមានត្បៀត ឬស្ទះដោយសារដុំឈាមកក ឬក្រមរខ្លាញ់ ជាហេតុធ្វើឱយឈាមទៅចិញ្ចឹមខួរក្បាល ពិសេសផ្នែកណាមួយដែលទទួលបន្ទុកលើការចងចាំ ឬស្គាល់ មិនគ្រប់ដែលអាចនាំឱយមានជំងឺវង្វេងវង្វាន់។ នេះជាករណីកើតមានជាញឹកញាប់លើអ្នកជំងឺដែលធ្លាប់មានគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល ឬស្ត្រូក (Stroke) និងក្រុមមនុស្សដែលប្រឈម ឬមានហានីភ័យខ្ពស់ មានជាអាទិ៍អ្នកជំងឺលើសសំពាធឈាម និងអ្នកជំងឺទឹកនោមផ្អែម។ Vascular dementiaនេះក៏អាចកើតព្រមគ្នាជាមួយនឹងជំងឺអាល់ហ្សាយម័រផងដែរ។
-Lewy body dementia: ជាជំងឺវង្វេងវង្វាន់ដោយសារមានជាតិប្រូតេអ៊ីនមិនធម្មតា ហៅថា Lewy Bodies កើតឡើងក្នុងកោសិកាខួរក្បាល។ ជាតិប្រូតេអ៊ីននេះបង្ករឱយមានវិបល្លាស់ ឬមមើរមមាយ (hallucinations. សូមអានពន្យល់ពាក្យខាងក្រោម) យ៉ាងសកម្ម ស្រស់ៗ ក្នុងរយៈពេលយូរអង្វែង។ អ្នកជំងឺអាចគេងមមើរ មានសកម្មភាពដូចសុបិន្តរបស់ខ្លួន។ ការណ៍នេះអាចបង្ករគ្រោះថ្នាក់ចំពោះអ្នករួមដំណេក ដែលជួនកាលធ្វើឱយអ្នករួមដំណេកមានរបួសផងក៏មាន។ ករណី Lewy Dementia នេះអាចព្យបាលបានដោយឱសថ។
- Parkinson's disease dementia (សូមអានពន្យល់ពាក្យជំងឺ Parkinson ខាងក្រោម)
អាការៈវង្វេងវង្វាន់ឌីមែនស្យានេះអាចស្តែងចេញឡើងលើអ្នកជំងឺផាកឃីនសុន នៅតំណាក់ចុងក្រោយ។
-Frontotemporal dementia (formerly called Pick's disease):
ជាអាការៈវង្វេងវង្វាន់ដែលគេរកឃើញថាខួរក្បាលផ្នែងខាងមុខ ឬថ្ងាស (Frontal lobe) និងផ្នែកសៀតផ្កា (temporal lobe) រងផលប៉ះពាល់ខ្លាំងជាងផ្នែកផ្សេងៗទៀតនៃខួរក្បាល។ កាលពីមុនគេហៅជំងឺវង្វេងវង្វាន់ប្រភេទនេះថាជំងឺពីក (Pick's disease)។ មានលក្ខណៈសំខាន់ៗ៣ដែលគេសំគាល់ជំងឺវង្វេងវង្វាន់ប្រភេទនេះ។ លក្ខណៈទាំងនោះមាន ការប្រែប្រួលបុគ្គលិគលក្ខណៈ អកប្បកិរិយាពិបាកចូលចំនោមនឹងគេចុះ និងពិបាកនិយាយស្តី ឬនិយាយមិនកើតតែម្តង។ លក្ខណៈផ្សេងទៀតគឺពិបាកយល់ភាសា (និយាយ ស្តាប់ និងសរសេរ)។
-ជំងឺវង្វេងវង្វាន់ដោយសារមូលហេតុច្រើន(Mixed Dementia)
ចំពោះអ្នកជំងឺចាស់ៗ ពិសេសអ្នកដែលមានអាយុចាប់ពី៨៥ឆ្នាំឡើងទៅ អាការៈវង្វេងវង្វាន់ មូលហេតុអាចមានច្រើនមុខ ភាគច្រើនគឺជំងឺអាល់ហ្សាយម័រ រួមជាមួយនឹងជំងឺសសៃឈាមក្នុងខួរក្បាល។
- មូលហេតុដទៃទៀត
ឌីមែនស្យាអាចបង្ករដោយសារខួរក្បាលខូចផ្ទួនៗ ដូចជាពួកប្រមឹក ពួកអ្នកដែលឧស្សាហ៍មានរបួសឬការប៉ះទង្គិចក្បាល (ដូចជាពួកកីឡាករប្រដាល់ និងកីឡាករបាល់អោបជាដើម)។
ពន្យល់ពាក្យ
Hallucination ឬវិបល្លាស: ជាការបកប្រែពត៌មានខុសរបស់ខួរក្បាល (False perception) ដោយគ្មានភាពស៊ីសង្វាក់ទៅហ្នឹងការពិត។ វាជាបាតុភូតក្នុងខួរក្បាលមួយដែលស្រដៀងគ្នាទៅនឹងការយល់សុបិន្ត តែវិបល្លាស់កើតមានពេលបុគ្គលនៅមានដឹងខ្លួន។ ឧ. គ្មានសំលេង ឬអ្នកណានិយាយអ្វីសោះ អ្នកមានវិបល្លាស់ស្តាប់លឺមានគេខ្សឹបដាក់ត្រចៀក។ គ្មានមនុស្សណាម្នាក់ដើរកាត់មុខសោះ អ្នកមានវិបល្លាស់មើលឃើញមានមនុស្សដើរកាត់មុខ។ វិបល្លាស់ដែលគេស្គាល់ជាទូទៅគឺបាតុភូតខ្មោចលង។
ជំងឺផាកគីនសុន (Parkinson’s Disease) ជាប្រភេទជំងឺសសៃប្រសាទមួយ (មិនមែនជំងឺផ្លូវចិត្ត) មួយប្រភេទដែលកោសិការប្រព័ន្ធប្រសាទខូចដែលបង្ករឱយមានចលនាមិនធម្មតា (Progressive movement) កំរិតយល់ដឹងអ្នកជំងឺ និងអារម្មណ៍អ្នកជំងឺប្រែប្រួល។ អ្នកជំងឺប្រភេទនេះច្រើនស្តែងជាអាការៈញ័រដៃ ញ័រក្បាល។
រៀបរាងដោយវេជ្ជៈបណ្ឌិត តាំង តេកហុង ក្រុងចាកសុនវាល រដ្ឋហ្វ្ល័ររីដា សហរដ្ឋអាមេរិច
ប្រែសំរួលជាភាសាខ្មែរដោយ ប៉ក់ លីហុង និងស៊ូ ស៊ូលីង
អរគុណក្មួយទាំង២!!
Hippocampus តំបន់របស់ខួរក្បាលសំខាន់ជាងគេក្នុងការបង្កើតការចងចាំ។ Credit Photo: PBS /NOVA |
វេជ្ជបណ្ឌិតជនជាតិអាឡឺម៉ង់ Alois Alzheimer |
ស្រ្តីអ្នកជំងឺរបស់លោកវេជ្ជៈបណ្ឌិតអាលហ្សាយម័រ / Credit Photo: PBS /NOVA |
ខួរក្បាលរបស់អ្នកជំងឺអាល់ហ្សាយម័ររួមស្វិត តូចជាងខួរក្បាលអ្នកធម្មតា / Credit Photo: PBS /NOVA |
ខួរក្បាលរបស់អ្នកជំងឺអាល់ហ្សាយម័ររួមស្វិត តូចជាងខួរក្បាលអ្នកធម្មតា / Credit Photo: PBS /NOVA |
មាន Tau Tangles កោសិកាខួរក្បាលមិនអាចបញ្ជូនពត៌មានទាក់ទអគ្នាបាន / Credit Photo: PBS /NOVA |
រូបបន្ទះប្រូតេអ៊ីនអាមីឡូអ៊ីដ / Credit Photo: PBS /NOVA |
រូបកញ្ចុំជំពាក់ជំពិន Tau Tangles / Credit Photo: PBS /NOVA |
ប្រភព ៖ Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer
No comments:
Post a Comment