*ស្ថាប័នអយ្យការ
នៅប្រទេសជាច្រើន ស្ថាប័នអយ្យការ គឺជាស្ថាប័នប្រមូលផ្តុំអ្នកច្បាប់ ឬ មេធាវី ធ្វើការនៅក្រោមអំណាចនីតិប្រតិបត្តិ ដែលភាគច្រើនបំរើឲ្យផលប្រយោជន៍របស់ក្រុមអ្នកនយោបាយកាន់អំណាច។ នៅពេលខ្លះ អ្នកទាំងនោះត្រូវធ្វើការចោទប្រកាន់ តាមបំណងរបស់អ្នកនយោបាយ ដោយត្រូវព្យាយាមបកស្រាយច្បាប់ខុសពីឧត្តមគតិ និង ផ្ទុយពីគោលការណ៍យុត្តិធម៌។
ដោយសារ ហេតុនេះ មាន ប្រទេសខ្លះ ស្ថាប័នអយ្យការបានប៉ុនប៉ងធ្វើការកែទម្រង់ ដោយចង់ឲ្យស្ថាប័នអយ្យការជាស្ថាប័ន ឯករាជ្យ ដាច់ចេញពីអំណាចនីតិប្រតិបត្តិ។ ពោលគឺមានន័យថា ស្ថាប័នអយ្យការ មានឯករាជភាព គ្រប់គ្រាន់នឹងធ្វើការចោទប្រកាន់ ឬ សម្រេចមិនចោទប្រកាន់ ដោយមិនធ្វើទៅតាមបំណងរបស់អ្នកនយោបាយ ឬ អំណាចនីតិ ប្រតិបត្តិនោះទេ ហើយអំណាចនីតិប្រតិបត្តិមិនអាចប្រើប្រាស់ខ្លួនតាមតែចិត្តរបស់ខ្លួននោះទេ។ គឺអំណាចនីតិប្រតិបត្តិ គ្រាន់តែជាជនរងគ្រោះម្នាក់ ពឹងពាក់មេធាវីឲ្យជួយការពារក្តីរបស់ខ្លួនស្របទៅតាមច្បាប់ តែប៉ុណ្ណោះ។ ជាសំណាងម្យ៉ាងដែរ ដែលរដ្ឋធម្មនុញ្ញកម្ពុជា ព្យាយាមសាកល្បង ដាក់ឲ្យស្ថាប័នអយ្យការកម្ពុជា ជាស្ថាប័នឯករាជមួយដែរ ដោយឲ្យក្រោម ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមាន ព្រះមហាក្សត្រជាព្រះប្រធាន។
មាត្រា ១៣១ នៃ រដ្ឋធម្មនុញ្ញកម្ពុជា៖ “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា”។
មាត្រា ១៣២ នៃ រដ្ឋធម្មនុញ្ញកម្ពុជា៖”ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ”។
នៅសហរដ្ឋអាមេរិក ឥណ្ឌៀជាដើម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺជាអគ្គរដ្ឋអាជ្ញា Attorney General ហើយរដ្ឋអាជ្ញាទាំងអស់ គឺក្រុមមេធាវី ដែលគណបក្សកាន់អំណាចជ្រើសរើស យកមកបំរើការក្នុងស្ថាប័នអយ្យការ ហើយដែល អគ្គរដ្ឋអាជ្ញា និង រដ្ឋអាជ្ញាទាំងនោះធ្វើការតាមអាណត្តិរដ្ឋាភិបាល។ បុព្វហេតុ ដែលគេរៀបចំបែបនេះ ព្រោះថា តួនាទីរបស់រដ្ឋអាជ្ញា (ព្រះរាជអាជ្ញា) សំខាន់ណាស់ ចាប់គេផ្តេសផ្តាស ធ្វើតែតាមបញ្ជាទាំងងងិតងងល់ ឬ រុញស៊ីក្លូបញ្ចូលឡាន គឺសុទ្ធតែនាំឲ្យខូចនយោបាយរបស់ បក្សកាន់អំណាច៕
ទាំងនេះគ្រាន់តែជាទស្សនៈសិក្សាតែប៉ុណ្ណោះ។
មេធាវី សុក សំអឿន
អត្ថបទទាក់ទងមេធាវី សុក សំអឿន ៖ ការកាត់ក្តីដែលយុត្តិធម៌ គម្លាតរវាង លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និង លទ្ធិប្រជាធិបតេយ្យដោយតំណាង បទវិភាគ៖ តុលាការរដ្ឋបាល វិធីនៃការពង្រឹងឥទ្ធិពល/អំណាច អ្វីទៅជា អភ័យឯកសិទ្ធិគ្រួសារ អ្វីទៅជា វិមតិសង្ស័យ
No comments:
Post a Comment