ជីវៈជាតិ និងសារធាតុរ៉ែ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជីវៈជាតិ និងសារធាតុរ៉ែ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង

ជីវៈជាតិ និងសារធាតុរ៉ែ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង

Share This

តើយើងគួរលេបថ្នាំគ្រាប់វីតាមីន និងសារធាតុរ៉ែបន្ថែមឬទេ?

១. តើវីតាមីន ឬជីវៈជាតិជាអ្វី?
វីតាមីន (Vitamin) ដែលអាចប្រែជាភាសាខ្មែរថាជីវៈជាតិ មកពីពាក្យឡាតាំង Vita មានន័យថាជីវិត និងពាក្យ Amine (-NH2) ជាបង្គំនាទីគីមីមួយ។ វីតាមីនជាម៉ូលេគុលគីមីសរីរាង្គ ដែលសរីរាង្គរបស់មនុស្សផលិតមិនបាន  មាននាទីជំរុញកត្តាលីករជីវៈ (CoEnzyme or Enzyme activators) ដែលអោយប្រត្តិកម្មគីមីជីវៈក្នុងកោសិការ និងសរីរាង្គទាំងឡាយប្រព្រឹត្តទៅយ៉ាងរលូន។ រីឯសារធាតុរ៉ែ ឬខនិចដូចជាកាល់ស្យូម សូដ្យូម ប៉ូតាស្យូម និងដែកជាដើម ជាអាតូមលោហៈ ហើយក៏ចូលរួមយ៉ាងសកម្មក្នុងការជំរុញកត្តាលីករជីវៈអោយប្រត្តិកម្មគីមីក្នុងសរីរាង្គប្រព្រឹត្តទៅដែរ ប៉ុន្តែគេហៅពួកនេះថាជា CoFactor មិនមែនវីតាមីនទេ។

វីតាមីនសំខាន់ៗចំពោះសរីរាង្គមនុស្សមាន១៣ប្រភេទ ហើយត្រូវគេចែកជា ២ក្រុម៖

ក្រុមទី១ ជាពពួកវីតាមីនទាំងឡាយដែលរលាយក្នុងខ្លាញ់ (Liposoluble or Hydrop- hobic) ក្នុងនោះមានវីតាមីន A D E និង K។ វីតាមីនទាំងនេះត្រូវរក្សាទុកក្នុងជាលិការខ្លាញ់របស់មនុស្ស។

ក្រុមទី២ ជាពពួកវីតាមីនដែលរលាយក្នុងទឹក (Hydrosoluble or Hydrophilic) មាន៩ ដូចជា Folate (folic acid or water-soluble B vitamin) B1(thiamine), B2 (riboflavin), B3 (Niacin), B5(Pantothenic acid), B6 (Pyridoxine ), B 12 (cyonocobalamine), C(ascorbic acid)  និងVitamin H ឬBiotin ។ សរីរាង្គរបស់យើងយកវីតាមីនក្រុមនេះទៅប្រើភ្លាមៗ ហើយរាល់វីតាមីនដែលនៅសល់ត្រូវបញ្ចេញចោលតាមទឹកនោម។ ដោយឡែក មានតែវីតាមីនបេ១២ទេដែលអាចរក្សាទុកបានក្នុងថ្លើមរាប់ឆ្នាំ។

មានប្រជាជនអាមេរិចមិនតិចជាង១ភាគបីទេដែលលេបថ្នាំគ្រាប់វីតាមីនច្រើនមុខ ឬសារធាតុរ៉ែបន្ថែមដោយយល់ថាវាអាចជួយប៉ូវកំលាំង រក្សាទំងន់ ជួយបង្កើនប្រព័ន្ធការពាររាង្គកាយ ព្យាបាលអាការៈពេលអស់រដូវ រក្សាសុខភាព និងការពារជំងឺរាំរៃមួយចំនួនដូចជាមហារីក បាត់បង់ញាណពេលចាស់(ត្រចៀកធ្ងន់ ងងឹតភ្នែក ល) ជំងឺបេះដូង និងសសៃឈាម ទឹកនោមផ្អែម គ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល ។ល។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានសុខាភិបាលជាតិរបស់សហរដ្ឋ ក្នុងឆ្នាំ២០០៦ បានសន្និដ្ឋានថា៖ ជាមួយនឹងភ័ស្តុតាងដែលគេមានក្នុងពេលបច្ចុប្បន្ន គេមិនអាចរកឃើញពីគុណប្រយោជន៍ ឬគុណវិបត្តិនៃការលេបថ្នាំគ្រាប់វីតាមីនបន្ថែមទេ មានន័យថាគេមិនអាចជំរុញ ឬបដិសេធមិនអោយលេបថ្នាំគ្រាប់វីតាមីនបន្ថែមដើម្បីការពារជំងឺរាំរៃទាំងនោះទេ។

ជាមួយគ្នានេះដែរ ក្រុមការងារផ្នែកសេវាកម្មកការពាររបស់សហរដ្ឋអាមេរិចក៏បានសន្និដ្ឋានស្រដៀងគ្នាដែរថា៖ គេគ្មាន ភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាការលេបថ្នាំគ្រាប់វីតាមីនច្រើនមុខអាចជួយការពារជំងឺ មហារីក ឬបេះដូងបានឡើយ។ មានការសិក្សាមួយទៅលើក្រុមគ្រូពេទ្យ ដោយមាន គ្រូពេទ្យបុរសចំនួន១៤៦៤១នាក់ អាយុចាប់ពី៥០ឆ្នាំឡើងទៅបានចូលរួម។ គេបាន អោយក្រុមគ្រូពេទ្យទាំងនោះលេបថ្នាំ Centrum Silver ដែលជាថ្នាំគ្រាប់វីតាមីនច្រើនមុខ ដ៏ល្បីមួយនៅសហរដ្ឋរាល់ថ្ងៃ ឬបប្រើថ្នាំគ្មានជាតិវីតាមីន (Placebo) រយៈ ពេល១១,២ឆ្នាំ។ គេមិនបានរកឃើញថា៖ អាត្រាមរណៈភាពដែលបណ្តាលមកពីជំងឺបេះដូង និងសសៃឈាម និងអាត្រាឈឺជំងឺបេះដូង គ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលរបស់ក្រុម គ្រូពេទ្យដែលបានលេបថ្នាំគ្រាប់វីតាមីនបន្ថែម ថយចុះឡើយ។ ទោះជាយ៉ាងណាក៏ ដោយ អ្វីដែលគួរកត់សំគាល់គឺការលេបថ្នាំគ្រាប់វីតាមីនច្រើនមុខបន្ថែមតិចតួចអាច ជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍របស់ជំងឺមហារីកបាន៨% លើកលែងតែមហា រីកក្រពេញប្រូស្តាតចេញ ហើយវាមិនកាត់បន្ថយអាត្រាមរណៈភាពនៃជំងឺមហារីទូទៅទេ។

តាមរយៈការសិក្សាអំពីជំងឺភ្នែកទាក់ទងនឹងអាយុ គេបានរកឃើញថា៖ ការលេបថ្នាំគ្រាប់ដែលមានវីតាមីនសេ អឺ Beta-carotene (ទំរង់១របស់វីតាមីនអា) ស័ង្កសី និងទង់ដែង ក្នុងកំរិតខ្ពស់មួយ អាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺងងឹតភ្នែក (Macular degeneration and visual acuity loss)។

សារធាតុចិញ្ចឹមក្នុងថ្នាំគ្រាប់វីតាមីនច្រើនមុខខ្លះអាចមានអត្ថប្រយោជន៍ចំពោះក្រុមមនុស្សខ្លះ។ អត្ថប្រយោជន៍ទាំងនោះមានដូចតទៅ៖

- សារធាតុកាល់ស្យូម និងវីតាមីនដេ អាចជួយអោយដង់ស៊ីតេឆ្អឹងកើនឡើង និងកាត់បន្ថយអាត្រានៃការបាក់ឆ្អឹងចំពោះស្រ្តីអស់រដូវ។

- ចំពោះស្ត្រីដែលស្ថិតក្នុងវ័យបង្ករកំនើតដែលអាចនឹងមានផ្ទៃពោះគួលេបជាតិ Folic acid ឬបរិភោគអាហារដែលមានជាតិនេះអោយបាន៤០០មីក្រូក្រាមក្នុងមួយ ថ្ងៃ។ ការទទួលបានជាតិ Folic acid បានគ្រប់គ្រាន់ក្នុងខែតំបូងនៃគត៌អាចកាត់បន្ថយ ហានិភ័យបញ្ហាប្រះឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃបាន (Neural tube defect) ។ មានស្រ្តីជា ច្រើនដែលមិនបានដឹង ខ្លួនថាមានគត៌ទេនៅមួយខែដំបូង ដូច្នេះគេគួរលេបថ្នាំគ្រាប់ Folic acid នេះចាប់ពីពេលដែលសំរេចថាចង់មានកូន។

Figure 17-15 Infants with spina bifida cystica. A, Spina bifida with meningomyelocele in the lumbar region. B, Spina bifida with myeloschisis in the lumbar region. Note the nerve involvement has affected the lower limbs. (Courtesy of the late Dr. Dwight Parkinson, Department of Surgery and Department of Human Anatomy and Cell Science, University of Manitoba, Winnipeg, Manitoba, Canada.)
Credit Photo: Human Developing, Clinincally Oriented Embryology; 8th edition; Keith L. Moore & T. V. N. Persaud
- ចំពោះចាស់ៗដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ជាពិសេសពពួកតមសាច់ គួរលេបថ្នាំគ្រាប់ ឬបរិភោគអាហារដែលសំបូរវីតាមីនបេ១២ ពីព្រោះលទ្ធភាពនៃការស្រូបយកជាតិ(ជាតិប្រូតេអ៊ីនដែលភ្ជាប់ជាមួយវីតាមីនប១២នេះមានកំរិតទាបជាងពួកក្មេងៗ។

- ស្ត្រីមានផ្ទៃពោះគួរលេបថ្នាំគ្រាប់ជាតិដែក និងវិតាមីនដទៃទៀត។

- បណ្ឌិតសភាអាមេរិចផ្នែកជំងឺកុមារ (The American Academy of Pediatrics) បានណែនាំអោយទារកដែលបៅដោះម្តាយ ទោះពេញលេញក្តី មិនពេញលេញក្តី ទទួលបានវីតាមីនដេ៤០០ខ.អ ក្នុងមួយថ្ងៃ ភ្លាមៗបន្ទាប់ពីកើត ហើយបន្តរហូតដល់ពេលផ្តាច់ដោះ ហើយត្រូវបំបៅទឹកដោះគោម្សៅដែលមានបន្ថែមជាតិវីតាមីនដេយ៉ាងតិច ១០០០ម.លក្នុងមួយថ្ងៃ។ ដូចគ្នាដែរ ទារកដែលមិនបានបៅដោះម្តាយ បៅទឹកដោះគោម្សៅដែលមានបន្ថែមវីតាមីនដេតិចជាង១០០០ម.លក្នុងមួយថ្ងៃ ក៏ត្រូវបន្ថែមវីតាមីនដេ៤០០ខ.អ។ យោងតាមបណ្ឌិតសភាដដែល ការផ្តល់ជីវៈជាតិបន្ថែមនេះក៏ជួយដល់សុខភាពរបស់ក្រុមកុមារដែលមានប្រឈមនឹងបញ្ហាដទៃទៀតដែរ។ បញ្ហាទាំងនោះរួមមាន៖ កុមារមិនឃ្លាន (Anorexia or an inadequate appetite) កុមារដែលតមអាហារ(ដើម្បីសំរកទំងន់) កុមារដែលមានជំងឺរាំរៃ កុមារដែលមិនបានទទួលការថែទាំអោយបានដិតដល់ (ក្នុងគ្រួសារក្រីក្រ និងកុមារដែលឪពុកម្តាយមិនយកចិត្តទុកដាក់) អ្នកហូបអាហារបួសដែលខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងក្រិន។

 
ក្នុងឆ្នាំ២០០០ កុមារកម្ពុជា២២%ខ្វះជីវៈជាតិអា ដែលជាកត្តាចំបងមួយដែលធ្វើអោយមរណៈភាពកុមារនៅកម្ពុជាខ្ពស់។ ជីវៈជាតិ ឬវីតាមីនអាអាចជួយប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ និងការពារជំងឺខ្វាក់មាន់ និងងងឹតភ្នែក ពិសេសកុមារមានជំងឺកញ្ច្រិល។ សព្វថ្ងៃ មានកម្មវិធីផ្តល់ថ្នាំជីវៈជាតិអាដល់កុមារកម្ពុជាចាប់ពីអាយុ៦ខែដល់៥៩ខែ ២ដងក្នុងមួយឆ្នាំ។ ៣៤%នៃកុមារកម្ពុជាបានទទួលថ្នាំនេះក្នុងឆ្នាំ២០០២ និង៩២% ក្នុងឆ្នាំ២០១១។
 

*ជាការកត់សំគាល់  នៅកម្ពុជា មានទារកនៅជនបទអាយុក្រោម៦ខែជាច្រើនខ្វះវីតាមីនបេ១ ឬហៅម្យ៉ាងទៀតថា បេរីៗ (Beri Beri or Infantile Thiamine Deficiency)។ ជំងឺនេះអាចស្តែងជា យំច្រើន ក្អួតចង្អោរ ប្រកាច់ ឡើងស្លាំងឬស្វាយ និងបាត់សំលេងជាដើម។ ដូច្នេះ គ្រប់ម្តាយដែលកំពង់បំបោះដោះកូនមានអាការៈស្ពឹកតាមចុងដៃចុងជើង ត្រូវបរិភោគអាហារដែលសំបូរវីតាមីនបេ១(ចេកណាំវ៉ា)អោយបានច្រើន ហើយបើកូនមានអាការៈដូចបានរៀបរាប់ខាងលើត្រូវប្រញាប់យកកូនទៅមន្ទីរពេទ្យភ្លាម។ ទារកទាំងនោះអាចពិការផ្នែកសតិបញ្ញា និងស្លាប់បានប្រសិនបើជាជួយសង្គ្រោះមិនទាន់ពេល។

ទន្ទឹមនឹងនេះដែរ ការលើសវីតាមីនក៏ជាបញ្ហាចោទចំពោះសុខភាពដែរ។

១. លើសវីតាមីនអា (Hypervitaminosis A)
ករណីនេះអាចនាំអោយសំពាធក្នុងលលាដ៏ក្បាលកើនឡើង(Pseudo tumor cerebri)ដែលស្តែងជាអាការៈឈឺក្បាល ចង្អោរ វិលមុខ រមាស់ ឈឺនៅតាមសន្លាក់ តាមឆ្អឹង សន្លប់ និងអាចឈានដល់បាត់បង់ជីវិតក៌មាន។ ចំពោះស្រ្តីមានផ្ទៃពោះ ការទទួលវីតាមីនអាក្នុងទំរង់ Preformed ឧទាហរណ៍ដូចជា Retinol ជាដើម លើសលប់ (Exceeds the upper intake level) និងថ្នាំពពួក Retinoids ដែលគេនិយមប្រើជាថ្នាំលាបមុខព្យាបាលមុន (Isotreinoin, Accutane and etretinate or Tegison) អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ក្នុងផ្ទៃ។ ទារកកើតមកអាចខូច (Malformation) ភ្នែក លលាដ៏ក្បាល សួត និងបេះដូង។ ដូច្នេះ ស្ត្រីដែលមាន ឬសង្ស័យថាមានគត៌មិនគួរប្រើថ្នាំវីតាមីនអាក្នុងកំរិតខ្ពស់ទេ។ ចំពោះ អ្នកជក់បារីក្តី អ្នកឈប់ជក់ហើយក្តី និងអ្នកដែលធ្លាប់ប៉ះពាល់ជាតិអាបេស្តូស៍គួរចៀសវាងផលិតផលណាដែលមានជាតិ Beta-carotene ឬវីតាមីនអាខ្ពស់ទេ ព្រោះវាធ្វើអោយហានិភ័យជំងឺមហារីកសួតឡើងខ្ពស់។

២. លើសជាតិវីតាមីនដេ
វីតាមីនដេក៏អាចធ្វើអោយពុលដែរ គឺវាធ្វើអោយមិនឃ្លានអាហារ ស្រកទំងន់ នោមច្រើន និងបេះដូងលោតខុសចង្វាក់ (Arrhythmia)។ វាអាចនាំអោយជាតិកាល់ស្យូមឡើងខ្ពស់ក្នុងឈាម និងធ្វើអោយមានក្រម៉រកាល់ស្យូមនៅតាមសសៃឈាមដែលជាគ្រោះថ្នាក់ដល់បេះដូង សសៃឈាម និងតំរងនោម។ ចំពោះស្ត្រីអស់រដូវដែលលេបថ្នាំជាតិកាល់ស្យូម១០០០ម.ក្រ ក្នុងមួយថ្ងៃ និងវីតាមីនដេ៤០០ខ.អ ១៧%អាចមានក្រួសតំរងនោមក្រោយពីប្រើរយៈពេល៧ឆ្នាំឡើងទៅ។

៣. ជាតិដែក
ប្រសិនជាគ្រូពេទ្យមិនរកឃើញថាខ្វះជាតិដែកទេ ទាំងបុរសវ័យចំណាស់ ទាំងស្ត្រីអស់រដូវ មិនគួរលេបថ្នាំគ្រាប់វីតាមីនច្រើនមុខដែលមានជាតិដែកទេ ដោយសារជាតិដែកអាចធ្វើអោយមនុស្សចាស់ពុលបាន។ លើសពីនេះទៅទៀត មនុស្សចាស់ដែលមានផ្ទុកជាតិដែកច្រើន មានទំនោរខ្ពស់ទៅរកជំងឺខូចសសៃប្រសាទ (Neurodegenerative) មានដូចជាជំងឺ Parkinson (ញ័រដៃ ញ័រក្បាល) និងជំងឺវង្វេងវង្វាន់ (Alzeimer’s disease) ជាដើម។


ក្រុងចាកសុនវៀល រដ្ឋហ្ល័រីដា សហរដ្ឋអាមេរិច

No comments:

Post a Comment