គួរអស់សំណើចមកមួយទៀតហើយ! ឈាង វុន ចោទគណបក្សប្រឆាំងថាមានចេតនាធ្វើបដិវត្តន៍ពណ៌តាមរយៈពាក្យថា ដូរឬមិនដូរ !!
ពិតជាគួរអស់ឱ្យសំណើចខ្លាំងណាស់នឹងសម្ដីរបស់លោក ឈាង វុន ដែលបានចោទគណបក្សប្រឆាំងថាមានចេតនាធ្វើបដិវត្តន៍ពណ៌តាមរយៈពាក្យថា "ដូរឬមិនដូរ"។
ខេត្តបាត់ដំបង ៖ ថ្លែងចេញពីខេត្តបាត់ដំបងក្នុងបទបង្ហាញស្តីអំពីបដិវត្តន៍ពណ៌វិនាសកម្មនៃសង្គ្រាម ដល់និស្សិតជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លើកឡើងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងសកលលោក ជាពិសេសប្រទេសក្នុងមជ្ឈឹមបូព៌ា បានទទួលរងគ្រោះដោយសារបដិវត្តន៍ពណ៌ ហើយប្រទេសទាំងនោះបានទទួលរងនូវការបំផ្លិចបំផ្លាញធ្លាក់យ៉ាងជ្រៅទៅក្នុងភ្នក់ភ្លើងសង្គ្រាម។
លោកបន្តថា «[…]នៅកម្ពុជា ពាក្យថាដូរឬមិនដូរ គឺជាពាក្យស្លោកដែលគេប្រើនៅក្នុងយន្តការនៃបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាពាក្យដែលចេញពីមាត់របស់អ្នកបះបោ ក្នុងនោះមានជាអាទិ៍ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិលមួយចំនួន ហើយក៏មានការចូលរួមពីប្រទេសមហាអំណាចដោយផ្ទាល់ ដោយប្រយោលជាជំនាញការរៀបចំ និងជាហិរញ្ញវត្ថុផងដែរ។»
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ថា ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ ដែលគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មឲ្យមានអំពើហិង្សាកើតឡើងនៅផ្លូវវេងស្រេង និងវត្តភ្នំជាដើម។
ឆ្លើយតបនឹងការលើកឡើងនេះ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់វិទ្យុវាយោនៅថ្ងៃអាទិត្យនេះថា ពាក្យថា «ដូរឬមិនដូរ»ជាពាក្យក្រឹត្យក្រមសង្គមមួយ ដែលធម្មតាតែងតែកើតឡើង និងមិនអាចជៀសបាន។ លោកបន្ត ថាការលើកឡើងរបស់លោកឈាង វុនបែបនេះ ជាការព្រួយបារម្ភហួសហែត និងមិនអាចកើតសង្គ្រាមជាដាច់ខាតពេលគណបក្សប្រឆាំងដឹកនាំប្រទេស...
សំឡេងលោកយឹម សុវណ្ណ៖
គួរបញ្ជាក់ថា ពាក្យ«ដូរឬមិនដូរ» ជាពាក្យដ៏ពេញនិយមមួយរបស់គណបក្សប្រឆាំង ដែលថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់ខ្លួន បានស្រែបន្ទោរមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣។ ពាក្យនេះ ក៏ត្រូវបានគេយកមកបកស្រាយផ្សេងៗគ្នា ទាំងន័យវិជ្ជមាន និងអវិជ្ជមាន ដែលក្នុងអត្ថន័យអវិជ្ជមាន គឺជាដើមចមនៃចលនាបដិវត្តន៍បង្កឲ្យមានសង្គ្រាម។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ធ្លាប់បកស្រាយថា គោលនយោបាយ«ដូរឬមិនដូរ» គឺចង់សំដៅទៅលើការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនមែនផ្លាស់ប្ដូរតាមរយៈបដិវត្តន៍ និងហិង្សនោះទេ៕
ប្រភព : vayofm
No comments:
Post a Comment