គណបក្សសង្គ្រោះជាតិបានច្រានចោលការចោទរបស់លោក ហ៊ុន សែន ដែលថាគណបក្សប្រឆាំងបំផ្លាញសន្តិភាព
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្រុងតូក្យូ ថាគណបក្សប្រឆាំងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព។ អ្នកវិភាគចាត់ទុកសម្ដីប្រមុខរដ្ឋាភិបាលខ្មែរ ដែលចោទប្រកាន់ដៃគូប្រកួតខាងនយោបាយ ក្នុងពេលធ្វើទស្សនកិច្ចនៅបរទេសបែបនេះ គឺជាការបង្ហាញនូវចរិតរបស់មេដឹកនាំដែលខ្វះភាពជាអ្នកការទូត និងនាំឲ្យខ្មែរបែកបាក់គ្នា។
មន្ត្រីគណបក្សសង្គ្រោះជាតិ បានបដិសេធការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថា គណបក្សប្រឆាំងខ្វះការទទួលខុសត្រូវ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃអង្គារ ទី៨ ខែសីហា ថា ការលើកឡើងបែបនេះជាការប្រមាថពលរដ្ឋខ្មែរជាងកន្លះប្រទេស ដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារគណបក្សប្រឆាំងមួយនេះ ជាអ្នកស្រលាញ់សន្តិភាព ប្រកាន់ជំហរអហិង្សា ឈរលើគោលការណ៍ប្រជាធិបតេយ្យ និងជាអ្នកជួយដោះស្រាយបញ្ហាជាតិធំៗដោយសន្តិវិធី៖ «ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជា ជាអ្នកនិយាយថា គណបក្សសង្គ្រោះជាតិ ជាផ្នែកមួយនៃដំណោះស្រាយការពារផលប្រយោជន៍ជាតិ ដោះស្រាយបញ្ហាជាតិសំខាន់ៗ»។
ចំពោះអ្នកវិភាគវិញ ចាត់ទុកសម្ដីប្រមុខរដ្ឋាភិបាលខ្មែរដែលចោទប្រកាន់ដៃគូម្ខាងទៀតនៅក្នុងពេលចេញទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅឯក្រៅប្រទេសបែបនេះ ថាខ្វះភាពជាអ្នកការទូត។ លោកបណ្ឌិត មាស នី លើកឡើងថា ការបន្តចោទប្រកាន់គ្នាបែបនេះ បង្ហាញឲ្យឃើញពីភាពបែកបាក់គ្នា មិនមែនត្រឹមតែតាមរៀបនយោបាយនោះទេ តែជាការប្រេះឆាបែបលក្ខណៈបុគ្គលថែមទៀតផង៖ «ការបែកបាក់នេះគឺវានៅក្នុងទឹកចិត្ត ការគិតរបស់អ្នកដឹកនាំរហូត ទោះបីទៅដល់ណា ក៏នៅតែបែកបាក់ដែរ យើងមិនមានការផ្សះផ្សា»។
ការឆ្លើយតបនេះ ក្រោយពីសារព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលធ្វើសុន្ទរកថាក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ សារព័ត៌មានដដែលបានដកស្រង់សម្ដីលោក ហ៊ុន សែន ដែលបរិហារគណបក្សប្រឆាំងថា ខ្វះការទទួលខុសត្រូវ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព។ លើសពីនេះទៅទៀត លោក ហ៊ុន សែន លើកឡើងថា បក្សប្រឆាំងតែងតែប្រកាសជោគជ័យរាល់មុនពេលបោះឆ្នោត រួចហើយចាញ់គ្រប់ការបោះឆ្នោត។
តបទៅនឹងការលើកឡើងបែបនេះ លោក យឹម សុវណ្ណ ថ្លែងថា នេះជាការធ្វើពើ ធ្វើមិនដឹងមិនឮចំពោះលទ្ធផលនៃការកើនឡើងប្រជាប្រិយរបស់គណបក្សសង្គ្រោះជាតិ ដែលកើនសំឡេងរៀងរាល់ការបោះឆ្នោត៖ «យើងពិនិត្យមើលការណ៍ជាក់ស្ដែងពីមួយអាណត្តិទៅមួយអាណត្តិ គណបក្សសង្គ្រោះជាតិ កើនសំឡេងកើនការគាំទ្រ ហ្នឹងគឺចាត់ទុកថា គណបក្សហ្នឹងដើរនៅលើផ្លូវត្រូវ ហើយអ្វីដែលគណបក្សធ្វើគឺត្រឹមត្រូវហើយ។ ខ្ញុំនៅមានជំនឿ និងទុកចិត្តលើប្រជាពលរដ្ឋខ្មែរដែលមានសុភនិច្ឆ័យត្រឹមត្រូវ ហើយគណបក្សសង្គ្រោះជាតិ នឹងបន្តការកើនឡើងការឈ្នះឆ្នោតឆ្នាំ២០១៨»។
លោកបណ្ឌិត មាស នី យល់ឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងតែព្រួយបារម្ភខ្លាំង ខ្លាចចាញ់ឆ្នោតទើបចេះតែប្រឹងនិយាយបរិហារគណបក្សគូប្រកួតដែលកំពុងឡើងមកកៀកប្រកិតខ្លួនដូច្នេះ៖ «បើយើងមើលក្នុងទិដ្ឋភាពនយោបាយវិញ ក្នុងពេលនេះ គណបក្សកាន់អំណាចវាស្ថិតក្នុងស្ថានភាពមួយដូចអ្នករត់ប្រណាំង គឺខ្លាចគេរត់ទាន់ ដោយសារសន្លឹកឆ្នោតការគាំទ្ររបស់គណបក្សសង្គ្រោះជាតិ គឺកើនឡើងទៅក្បែរប្រកៀកគ្នា។ តាមចិត្តសាស្ត្រ ពេលគេរត់កៀកជិតទាន់ដូច្នេះ ភ័យណាស់!»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ គណបក្សសង្គ្រោះជាតិ កើនអាសនៈមេឃុំ និងចៅសង្កាត់ពី ៤០ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១២ ទៅ ៤៨៩ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ ដោយទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣លានសំឡេង (៣.០៥៦.៨២៤) ក្នុងចំណោមអ្នកបានទៅបោះឆ្នោតជាង ៧លាននាក់ (៧.១០៧.៣៩៥)។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣,៥លានសំឡេង (៣.៥៤០.០៥៦) និងគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១១៥៦ឃុំ-សង្កាត់៕
ប្រភព៖ អាស៊ីសេរី
ព័ត៌មានទាក់ ៖ លោកហ៊ុន សែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា អញ្ជើញជួបនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន
សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន សែន យកលុយជាតិជួលនិស្សិតនិងពលរដ្ឋខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី $300 ដល់ $500
No comments:
Post a Comment