ព្រះជីវប្រវត្តិរបស់អធិរាជខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២(គ.ស ១១១៣-១១៥០)ស្ថាបនិកកសាងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ... - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ព្រះជីវប្រវត្តិរបស់អធិរាជខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២(គ.ស ១១១៣-១១៥០)ស្ថាបនិកកសាងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ...

ព្រះជីវប្រវត្តិរបស់អធិរាជខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២(គ.ស ១១១៣-១១៥០)ស្ថាបនិកកសាងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ...

Share This

ព្រះជីវប្រវត្តិរបស់អធិរាជខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២(គ.ស ១១១៣-១១៥០)ស្ថាបនិកកសាងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ...

ព្រះបាទសូរ្យវរ្ម័នទី២ (Suryavarman II,  was a Khmer king of the Khmer Empire from 1113 AD to 1145-1150 AD) ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរ ដែលជាតួអង្គសំខាន់ក្នុងការផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោកគឺ “ប្រាសាទអង្គរវត្ត” ។

ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាមព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោក។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាងក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចម្ប៉ា។

នៅចុងសតវត្សរ៍ទី១១ មានសត្តតិវង្សថ្មីមួយបានឡើងសោយរាជ្យនៅអង្គរ ហើយបានកាន់កាប់អំណាចអស់រយៈពេលជាង ១០០ឆ្នាំ។ គេបានដឹងតិចតួចពីព្រះមហាក្សត្រ២អង្គដំបូងគឺ ព្រះបាទជ័យវរ្ម័នទី៦ និងព្រះអនុជរបស់ទ្រង់ ព្រះនាមព្រះបាទធរណីន្រ្ទវរ្ម័នទី១។ ប៉ុន្តែចៅក្មួយប្រុសមួយរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះគឺ ព្រះបាទសូរ្យវរ្ម័នទី២ ដែលបានស្ថាបនា “ប្រាសាទអង្គរវត្ត” គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេស ដូចព្រះបាទយសោវរ្ម័នទី២ និងព្រះបាទសូរ្យវរ្ម័នទី១ ‌‌ដែរ

មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជាមានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន ដែលឡើងសោយរាជ្យស្របច្បាប់បន្តពី ព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់បានឡើងសោយរាជ្យ នៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។

អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះគឺ ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនោះបានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។ ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ (យសោធបុរ)។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិតដដែល។

ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយចាប់តាំងពី ព្រះបាទឧទយាទិត្យវរ្ម័នទី២ បានសោយទីវង្គតក្នុងទសវត្សរ៍ ឆ្នាំ១០៦០។ ប្រសិនបើគេជឿតាមសិលាចារឹតរបស់ទ្រង់ ទ្រង់បានទទួលអំណាចនៅពេលទ្រង់នៅក្មេង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនិងក្សត្រាមួយអង្គដែលជាគូប្រជែង ៖ « ដោយឃ្លាតចេញពីកងទព័របស់ទ្រង់ ដែលធំមហិមាដូចសមុទ្រនៅក្នុងសមរភូមិ […] ទ្រង់លោតផ្លោះទៅឈរលើក្បាលដំរីរបស់រាជសត្រូវ ហើយបានពិឃាត [ ស្ដេចនោះ ] ប្រៀបដូចជាគ្រុឌសម្លាប់ពស់នៅល់ជំរាលភ្នំដូច្នោះដែរ » ។ លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិនឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិនគឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។ ទ្រង់បានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ហើយទ្រង់ជាព្រះមហាក្សត្រដំបូងនៅអង្គរដែលបានធ្វើដូច្នេះដែរ។ បន្ទាប់មក ព្រះបាទសូរ្យវរ្ម័នទី២ បានបើកយុទ្ធនាការនៅទិសខាងកើតច្បាំងនឹងយួនដាយវៀត (វៀតណាម ឬយួន) និង ចម្ប៉ា (ចាម)។

ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចម្ប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។ សង្គ្រាមជាមួយប្រទេសចម្ប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។ ច្បាំងនឹងយួនដាយវៀត ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។ ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាមផង ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។ ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិន ថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា “គិនពីវពិនចេង” ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា “កម្រតេង” នោះឯង។

ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ដូចព្រះបាទសូរ្យវរ្ម័នទី១ ដែរ ព្រះអង្គក៍បានផ្ដាច់ព្រះកាយចេញពីសាសនារបស់ស្ដេចមុនៗដែរ។ ព្រះបាទសូរ្យវរ្ម័នទី២ បង្ហាញពីការគោរពបូជាចំពោះព្រះនារាយណ៍ (ព្រះវិស្ណុ)។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌាផង និងនៅកោះជ្វាផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។ ទោះជាយ៉ាងនេះក្តី មានភស្តុតាងថា ព្រះអង្គបានឧបត្ថមដល់ព្រះពុទ្ធសាសនាផងដែរ។

នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាមព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនា ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។ រីឯសំណង់ថ្មីមាន ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។

ការគោរពបូជារបស់ ព្រះបាទសូរ្យវរ្ម័នទី២ ចំពោះព្រះនរាយណ៍ បាននាំព្រះអង្គស្ថាបនាប្រាសាទធំបំផុតក្នុងលោក។ ប្រហែលជាល្អបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទនានានៅអង្គរ ដែលឥឡូវនេះគេហៅថា “ប្រាសាទអង្គរវត្ត” ឫអង្គរតូច។ ប្រាសាទអង្គរវត្ត ក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះផងដែរ។ គេបានចាប់ផ្ដើមកសាងប្រសាទនេះ នៅដើមរជ្ជកាលរបស់ទ្រង់ ហើយគេមិនបានកសាងរួចរាល់ទាំងស្រុងទេ រហូតដល់ព្រះអង្គសោយទិវង្គតនៅប្រហែលឆ្នាំ១១៥០។ មានភស្ថុតាងគួរឲ្យចាប់អារម្មណ៍ ទើបប្រទះឃើញថ្មីៗនេះ បញ្ជាក់ថាបដិមាព្រះនារាយណ៍មាឌធំនៅកណ្ដាលប្រាសាទអង្អរវត្ត ដែលធ្លាប់បាត់បង់ទៅតាំងពីយូរណាស់មកមុនគេប្រទះឃើញវិញនោះ ដែលអ្នកស្រុកហៅថា “តារាជៗ” គេបានឧទ្ទិសឆ្លងនៅក្នុងខែកក្កដា ឆ្នាំ១១៣១ ទំនងជាក្នុងខួបកំណើតលើកទី៣៣ របស់ព្រះបាទសូរ្យវរ្ម័ន (ជាតួលេខមួយមានអត្ថន័យសំខាន់ខាងលោកធាតុវិទ្យានៅក្នុងសាសនាឥណ្ឌា) ។

នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានងើបបះបោរ រួចបានធ្វើគត់ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ ហើយរំដោះប្រទេសចម្ប៉ាបានពីកម្ពុជា។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ នៃគ្រិស្ដសករាជដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕ 































ប្រភព ៖ monovichea​​​,  Wikipedia​ សូយ៌្យវម៌្មទី២

No comments:

Post a Comment