ស្ថានការណ៍នៅព្រំដែនកម្ពុជា-លាវកំពុងតែក្ដៅគគុក ដោយវេលាម៉ោងជាង៩យប់នេះ កងកម្លំាងកម្ពុជា-លាវ ប្រុងជើងការណ៍ត្រៀមព្រមច្បាំងរៀងៗខ្លួន !!
ពីស្ថានការណ៍នៅព្រំដែនកម្ពុជា-លាវកំពុងតែក្ដៅគគុក ខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មកថា គិតត្រឹមវេលាម៉ោង៩ និង២៥នាទីយប់ថ្ងៃទី១១ ខែសីហានេះ ស្ថានការណ៍យោធាខ្មែរ-ឡាវ នៅក្នុងតំបន់អូរអាឡៃនិង តាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តអាតាពឺរបស់ឡាវនោះ មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ គឺកងកម្លាំងទាំងពីរស្ថិតនៅក្នុងការប្រុងជើងការណ៍រៀងៗខ្លួនដដែល ខណៈដែលខ្មែរបានបញ្ជូនកម្លាំងនិងសព្វាវុធបន្ថែមទៅកាន់តំបន់ជម្លោះ។
ចំណែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងនៅមុននេះបន្តិចថា ស្ថានភាព នៅទីក្រុងស្ទឹងត្រែងមានសភាពធម្មតា ប្រជាពលរដ្ឋធ្វើដំណើរចុះឡើង ក៏ដូចជាអ្នកលក់ ដូរនៅក្នុងក្រុង ឬនៅតាមជនបទ តាមដងផ្លូវដែលលោកធ្វើដំណើរមានចរិតប្រក្រតី និងក្សេមក្សាន្ត ហើយថានៅលើចំណុចវិវាទប្រដាប់អាវុធ នៃការឈរជើងកម្ពុជា-ឡាវ កងទ័ពកម្ពុជា មានប្រៀបគ្រប់គ្រងស្ថានភាព ទាំងកម្លាំងប្រយុទ្ធ និងភូមិសាស្ត្រការពារបានយ៉ាងល្អនៅពេលនេះ។
លោក ផៃ ស៊ីផាន អះអាងថា គិតត្រឹមវេលាម៉ោង ៨ និង ១០នាទីយប់ថ្ងៃទី១១សីហា ស្ថានការណ៍គឺស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា។ កងទ័ពកម្ពុជា គឺឈរជើងយ៉ាងរឹងមាំនៅលើគោក ខុសគ្នាជាមួយនឹងកងទ័ពឡាវ ដែលឈរជើងនៅមាត់ច្រាំងទន្លេ៕
ប្រភព ៖ angrut
No comments:
Post a Comment