អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រខ្មែរសម្បូររាជានិងសម្បូរផ្កាយរះ កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រខ្មែរសម្បូររាជានិងសម្បូរផ្កាយរះ កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ !!

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រខ្មែរសម្បូររាជានិងសម្បូរផ្កាយរះ កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ !!

Share This

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រខ្មែរសម្បូររាជានិងសម្បូរផ្កាយរះ កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ !!

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្តោប​ក្តាប់​អំណាច​របស់​ខ្លួន​បន្ត​ទៀត ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ជិត​ចូល​មក​ដល់។ លោក សម រង្ស៊ី ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ គឺ​សុទ្ធតែ​បង្ហាញ​នូវ​រូបភាព​ក្លែងក្លាយ នោះ​គឺ​ប្រជាធិបតេយ្យ​ក្លែងក្លាយ នីតិរដ្ឋ​ក្លែងក្លាយ និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស​ដោយសារ​បណ្តឹង​រាប់​មិន​អស់​នៅ​តុលាការ ថ្លែង​ចាត់​ទុក​ស្ថានភាព​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ថា​តានតឹង និង​យ៉ាប់យ៉ឺន​ជាង​ពេល​ណាៗ​ទាំងអស់ ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ មក។

នៅ​ក្នុង​វីដេអូ​ឃ្លីប (Video Clip) ជាង ៨​នាទី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៧ សីហា លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​សព្វថ្ងៃ​បាន​រំលោភ​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា អនុសញ្ញា និង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា និង​យល់ព្រម​អនុវត្ត។

ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ចាស់​វស្សា​នៅ​កម្ពុជា រូប​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រឹត​បន្តឹង​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​ប្រទេស បិទ​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​របស់​សង្គម​ស៊ីវិល គំរាម​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ខណៈ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ត្រូវ​បាន​ក្រសួង​ព័ត៌មាន បិទ​ទ្វារ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង។

ទោះ​ជា​យ៉ាង​ណា ចំណាត់ការ​របស់​រដ្ឋាភិបាល​ភ្លាមៗ​លើ​ស្ថាប័ន​ទាំងអស់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​មក​ដល់។

ក្រៅ​ពី​បញ្ហា​ទាំងអស់​នេះ បក្ស​កាន់​អំណាច​ក៏​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់ ដើម្បី​ទាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ដោយ​ប្រើ​ដំបង ឬ​គល់​ឫស្សី​វាយ​បំបែក​ធ្មេញ និង​សំពង​ក្បាល ឬ​ប្រើ​កម្លាំង​កម្ទេច​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត ១០០ ឬ ២០០​នាក់ ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ ជាដើម។

លោក សម រង្ស៊ី ថ្លែង​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​នេះ ដោយសារ​តែ​ពួក​គេ​ដឹង​ថា ពលរដ្ឋ​អស់​ជំនឿ​មក​លើ​ខ្លួន និង​មិន​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ៖ «ដោយសារ​តែ​ពួក​គេ​មិន​ចង់ ហើយ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ បាន​ជា​ពួក​គេ​ប្រើ​អំណាច​កាន់​តែ​ផ្ដាច់ការ​ទៅៗ ដូចជា​ការ​លួច​សម្លាប់​បញ្ញវន្ត​អ្នក​ស្នេហា​ជាតិ ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​កាន់​តែ​ច្រើន​ឡើងៗ ការ​បិទ និង​ត្រៀម​បិទ​វិទ្យុ និង​សារព័ត៌មាន​ទាំង​ខ្មែរ និង​បរទេស​ដែល​ហ៊ាន​និយាយ​ការពិត ហើយ​ការ​បណ្តេញ​ចេញ​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី ដោយ​ស្រប​ច្បាប់​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»។

លោក សម រង្ស៊ី ថ្លែង​បន្ត​ដោយ​ដាក់​រូបភាព​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​ប្រទេស​លីប៊ី (Libya) លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) និង​អតីត​ប្រធានាធិបតី​ផ្ដាច់ការ​ហ្វីលីពីន (Philippines) លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ថា​ជន​ផ្ដាច់ការ​ណា​ក៏ដោយ របប​ព្រៃផ្សៃ​ណា​ក៏ដោយ ក៏​មិន​អាច​ឈ្នះ​កម្លាំង​ពលរដ្ឋ​បាន​ទេ។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ធ្ងន់ៗ​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​បើ​បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត ម្ល៉េះ​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ដែល​ហ៊ាន​ចាត់​វិធានការ​នេះ គឺ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​បក្ស​កាន់​អំណាច ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ការ​ដែល​ថា​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ខ្ញុំ​យល់​អំពី​ការពិត​ជាក់ស្តែង ធាតុ​ពិត​គឺ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ចេញ​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ទាំងអស់​គ្នា​ចង់​បាន​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា»។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​មាន​វិធានការ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ចំពោះ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិកម្ម​បាន​ធ្លាក់​មក​មិន​ដាច់​ដែរ​ពី​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ រួម​មាន​ពី​ឧត្តម​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស ពី​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ពី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អ្នកស្រី មែឌឺឡែន អលប្រ៉ាយថ៍ (Madeleine Albright) ពី​សហភាព​អឺរ៉ុប ពី​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាដើម។

ពួក​គេ​ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ពេល​នេះ ថា​ជា​យុទ្ធនាការ​នយោបាយ​បែប​ផ្ដាច់ការ បំបិទ​សំឡេង​អ្នក​ឯករាជ្យ បំបិទ​មាត់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង និង​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បារម្ភ​ថា ស្ថានភាព​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ធានា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

ប្រភព ៖ ​វិទ្យុអាស៊ីសេរី


ចំណែកនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី លោកក៏បានសរសេរសារជូនប្រជារាស្ត្រខ្មែរ ជាលាយលក្ខណ៍អក្សរ ផងដែរ ។

២៧ សីហា ២០១៧ / 27 August 2017

សាររបស់លោក សម រង្ស៊ី ជូនប្រជារាស្ត្រខ្មែរ ជាលាយលក្ខណ៍អក្សរ។
Message from Sam Rainsy to the Khmer people in writing.

សូមជម្រាបសួរ បងប្អូនជនរួមជាតិ និងក្មួយៗ ជាទីគោរព និងជាទីនឹករលឹក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា បានឈានមកដល់ដំណាក់កាលមួយ ដែលមានសភាពការណ៍តានតឹង និងដុនដាប លើសពីពេលមុនៗទាំងអស់ តាំ
ងពីថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

រដ្ឋាភិបាលសព្វថ្ងៃ បានរំលោភទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាំងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា និងទាំងអនុសញ្ញា និងកតិកាសញ្ញាទាំងអស់ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ដែលប្រទេសកម្ពុជា បានចុះហត្ថលេខា ហើយបានយល់ព្រមគោរព និងអនុវត្ត កាលពីអតីតកាលថ្មីៗនេះ។ អ្វីដែលគេបានធ្វើ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មិនខុសពីរដ្ឋប្រហារឡើយ តែមិនមែនជារដ្ឋប្រហារយោធាទេ គឺជារដ្ឋប្រហារធម្មនុញ្ញ ពីព្រោះជាការជាន់ឈ្លីរដ្ឋធម្មនុញ្ញ និងការព្យួរសិទ្ធិសេរីភាព និងការផ្អាកយន្តការប្រជាធិបតេយ្យទាំងអស់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អ្វីដែលនៅសេសសល់ គ្រាន់តែជាសម្បកក្រៅតែប៉ុណ្ណោះ គឺជារូបភាពក្លែងក្លាយ ដែលគ្មានន័យ និងគ្មានខ្លឹមសារពិតប្រាកដ ឬក៏ក្នុងន័យមួយ ដែលគេយកទៅកែច្នៃ ដើម្បីធ្វើផ្ទុយស្រឡះ ពីន័យពិតប្រាកដ នៃពាក្យនីមួយៗ។

វប្បធម៌នយោបាយ នៃអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃ គឺជាវប្បធម៌ឈរលើភាពក្លែងក្លាយ ដូចជាប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និងអភិវឌ្ឍក្លែងក្លាយ។ ប្រជាធិបតេយ្យសព្វថ្ងៃ គឺជាប្រជាធិបតេយ្យក្លែងក្លាយ ដែលរដ្ឋអំណាចផ្តាច់ការ រៀបចំឡើងជាសម្បកក្រៅ ដើម្បីគាបសង្កត់ និងធ្វើបាបប្រជារាស្ត្រតែប៉ុណ្ណោះ។ នីតិរដ្ឋសព្វថ្ងៃ ក៏ជានីតិរដ្ឋក្លែងក្លាយដែរ ពីព្រោះជាការសម្អាងលើច្បាប់ក្លែងក្លាយ ស្ថិតលើបបូរមាត់គេ ឬលើការស៊ុមក្រលុម របស់បក្ខពួកគេ ដើម្បីរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ឯអភិវឌ្ឍសព្វថ្ងៃ ក៏ជាអភិវឌ្ឍក្លែងក្លាយដែរ ពីព្រោះអភិវឌ្ឍពិតប្រាកដ គឺដើម្បីបម្រើផលប្រយោជន៍ប្រជារាស្ត្រ និងធ្វើឲ្យជីវភាពប្រជារាស្ត្ររីកចម្រើនពិតប្រាកដ មិនមែនដូចសព្វថ្ងៃ ដែលគេលួចប្លន់ទ្រព្យសម្បត្តិប្រជារាស្ត្រ បំផ្លាញធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ គិតគូរតែពីផលប្រយោជន៍ក្រុមគ្រួសារគេ និងបក្ខពួកគេ ហើយធ្វើឲ្យប្រជារាស្ត្រកាន់តែក្រវេទនាទៅ ជំពាក់លុយគេវណ្ឌក ត្រូវចំណាកស្រុករាប់លាននាក់ ក្រោមស្លាកអភិវឌ្ឍក្លែងក្លាយរបស់ពួកគេ។

សូម្បីតែ ប្រវត្តិរូប អ្នកដឹកនាំប្រទេសសព្វថ្ងៃ ក៏ជាប្រវត្តិរូបដែលគេច្នៃប្រឌិត ដើម្បីឲ្យជនក្បត់ជាតិ និងជនឧក្រិដ្ឋ អាចក្រាញអំណាចមួយជីវិត ហើយយកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេ ដោយបិទបាំងប្រវត្តិសាស្ត្រពិតប្រាកដ នៃប្រទេសកម្ពុជា ក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។
ប្រជារាស្ត្រខ្មែរ មិនអាចរំពឹងលើរបបនយោបាយសព្វថ្ងៃទេ ដែលបំផ្លិចបំផ្លាញផលប្រយោជន៍ប្រទេសជាតិយើងឥតឈប់ឈរ ដោយបម្រើតែផលប្រយោជន៍បរទេស និងផលប្រយោជន៍ក្រុមគ្រួសារគេ និងបក្ខពួកគេ មួយក្តាប់តូចតែប៉ុណ្ណោះ។ ខាងគេខាងនោះ ក៏មិនអាចរំពឹងលើទឹកចិត្ត និងការគាំទ្រពីប្រជារាស្ត្រដែរ ពីព្រោះប្រជារាស្ត្រចាប់ផ្តើមយល់ច្បាស់ ពីសារជាតិពិតប្រាកដ នៃអ្នកដឹកនាំប្រទេសសព្វថ្ងៃ។

សូម្បីតែពាក្យសន្យារបស់ពួកគេថ្មីៗនេះ មុនការបោះឆ្នោតឆ្នាំ ២០១៨ ដែលពួកគេសន្យាថា នឹងធ្វើនេះ នឹងធ្វើនោះ ដ៏ល្អប្រពៃនៅថ្ងៃមុខ ក៏ធ្វើឲ្យប្រជារាស្ត្រ អស់សំណើចដែរ។ បើពួកគេ មានចិត្ត មានបំណង និងមានគម្រោង ធ្វើល្អមែន ហេតុអ្វីក៏ពួកគេមិនធ្វើទៅ ក្នុងរយៈពេលដែលខ្លួនបានដឹកនាំប្រទេសជិត ៤០ ឆ្នាំមកហើយ? ហេតុអ្វី ទើបតែសន្យាថានឹងធ្វើល្អទៅថ្ងៃមុខ ពេលការបោះឆ្នោតឆ្នាំ ២០១៨ ជិតមកដល់?

យើងក៏យល់ គេក៏យល់ ថាពួកគេនឹងចាញ់ឆ្នោតហើយ នៅឆ្នាំ ២០១៨ ខាងមុខនេះ ពីព្រោះប្រជារាស្ត្រអស់ជំនឿលើពួកគេហើយ ហើយប្រជារាស្ត្រទាមទារឲ្យមានការផ្លាស់ប្តូរ។ ដោយសារតែពួកគេ មិនចង់ ហើយមិនព្រមចុះចេញពីតំណែង នៅឆ្នាំ ២០១៨ ខាងមុខនេះ បានជាពួកគេ ប្រើអំណាចកាន់តែ ផ្តាច់ការទៅៗ ដូចជា ការលួចសម្លាប់បញ្ញវន្តអ្នកស្នេហាជាតិ ការចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារកាន់តែច្រើនឡើងៗ ការបិទឬត្រៀមបិទវិទ្យុ និងសារព័ត៌មាន ទាំងខ្មែរ ទាំងបរទេស ដែលហ៊ាននិយាយការពិត ហើយការបណ្តេញចេញអង្គការអន្តរជាតិ ដែលធ្វើសកម្មភាពដោយសន្តិវិធី និងស្របច្បាប់ ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានជំនឿថា ជនផ្តាច់ការណាក៏ដោយ ហើយរបបព្រៃផ្សៃណាក៏ដោយ ក៏មិនអាចឈ្នះកម្លាំងប្រជារាស្ត្របានទេ។ ក្នុងឋានៈខ្ញុំ ជាកូនខ្មែរមួយរូប ដែលមានសេរីភាព និងមានលទ្ធភាពខ្លះ ខ្ញុំនឹងខិតខំ ធ្វើសកម្មភាពគ្រប់បែបយ៉ាង និងរិះរកមធ្យោបាយគ្រប់បែបយ៉ាង ប្រកបដោយសីលធម៌ ដើម្បីផ្តល់សេរីភាព និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរឲ្យទាល់តែបាន។ ទន្ទឹមនេះ ខ្ញុំនឹងខិតខំផងដែរ ដើម្បីផ្តល់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិពេញលេញឡើងវិញ ជូនប្រទេសកម្ពុជា ដែលជាជាតិមាតុភូមិដ៏កម្សត់របស់យើងទាំងអស់គ្នា។

ខ្ញុំសូមអំពាវនាវឲ្យបងប្អូន និងក្មួយៗទាំងអស់ រក្សាជំហរស្នេហាជាតិឲ្យរឹងមាំ ហើយត្រៀមខ្លួនបន្តការតស៊ូរបស់យើង ដើម្បីសេរីភាព និងយុត្តិធម៌ ហើយដើម្បីការពារទឹកដី ប្រទេសកម្ពុជារបស់យើង ឲ្យនៅគង់វង្សជានិរន្តិ៍។

កិច្ចការចំពោះមុខ មុនគេពេលនេះ សូមឲ្យបងប្អូនក្មួយៗណា ដែលមិនទាន់មានឈ្មោះលើបញ្ជីឈ្មោះអ្នកបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។

ខ្ញុំក៏សូមអំពាវនាវផងដែរ ឲ្យអ្នកដែលបានយល់ពីសភាពការណ៍សព្វថ្ងៃច្បាស់ហើយ សូមមេត្តាជួយពន្យល់អ្នកដែលមិនទាន់យល់ច្បាស់ ឲ្យយល់ច្បាស់ដូចបងប្អូនក្មួយៗ ដែលកំពុងតែអាន ឬស្តាប់ សាររបស់ខ្ញុំនេះ។

ជាទីបញ្ចប់ខ្ញុំសូមអំពាវនាវ ឲ្យជនជាតិខ្មែរគ្រប់រូប និងគ្រប់មជ្ឈដ្ឋាន មានទាំងអ្នកបម្រើជាតិ គឺមន្ត្រីរាជការ និងអ្នកការពារជាតិ គឺកងកម្លាំងប្រដាប់អាវុធ សូមរួបរួមគ្នាជាធ្លុងមួយ ក្នុងការស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ ហើយក្នុងឆន្ទៈតែមួយគត់ គឺសង្គ្រោះជាតិយើងទាំងអស់គ្នា ឲ្យទាន់ពេលវេលា៕

ជយោកម្ពុជាអមតៈ !

សូមអរគុណ។ សូមជូនពរឲ្យមានសំណាងល្អគ្រប់គ្នា។ សូមជម្រាបលា។
ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៧

សម រង្ស៊ី
** ស្ដាប់សាររបស់លោក សម រង្ស៊ី ជូនប្រជារាស្ត្រខ្មែរ។


No comments:

Post a Comment