អ្នកឃ្លាំមើលរិះគន់យុទ្ធសាស្ត្ររបស់បុរសខ្លាំង ហ៊ុន សែន ស្របពេលនាយករដ្ឋមន្ត្រីលាវសម្រេចចិត្តដកកងទ័ពចេញពីទឹកដីកម្ពុជា ត្រង់ចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង គឺដូចគ្នាទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០០៨ ។
វិទ្យុអាស៊ីសេរី ៖ នាយករដ្ឋមន្ត្រីឡាវ សន្យាថា នឹងដកទ័ពចេញពីទឹកដីកម្ពុជា ត្រង់ចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឲ្យផុតយ៉ាងយូរត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា។ ស្របពេលភាគីទាំងពីរព្រមព្រៀងដកថយមួយជំហានដើម្បីបន្ធូរបន្ថយភាពតានតឹងដោយយោធានេះ អ្នកឃ្លាំមើលពីបញ្ហាសង្គមយល់ឃើញថា យុទ្ធសាស្ត្រនយោបាយដែលលោក ហ៊ុន សែន កំពុងអនុវត្តនេះ គឺដូចគ្នាទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០០៨ ដែលកម្ពុជា កាលណោះមានជម្លោះយោធាជាមួយថៃ ត្រង់ប្រាសាទព្រះវិហារ។
អ្នកវិភាគបញ្ហានយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា វិធីសាស្ត្រដែលលោក ហ៊ុន សែន កំពុងតែដោះស្រាយនៅពេលនេះ វាហាក់ដូចគ្នាណាស់ទៅនឹងព្រឹត្តិការណ៍កាលពី ១០ឆ្នាំមុន ដែលនៅពេលនោះ ធ្វើឲ្យគណបក្សកាន់អំណាចទទួលបានអាសនៈខ្ពស់បំផុតរហូតដល់ ៩០អាសនៈ ក្នុងចំណោមអាសនៈសរុប ១២៣អាសនៈនៅក្នុងរដ្ឋសភា។
ការសង្កេតរបស់អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយគឺលោកបណ្ឌិត ឡៅ ម៉ុងហៃ នេះ ដោយលោកអះអាងថា ក្រោយការបោះឆ្នោតឆ្នាំ២០០៨ បានធ្វើឲ្យបក្សកាន់អំណាចនៅពេលនោះ ទទួលបានការគាំទ្រពីម្ចាស់ឆ្នោតយ៉ាងច្រើន។ លោកបន្តថា ព្រឹត្តិការណ៍លើកនេះក៏ហាក់ដូចជាមិនឆ្ងាយគ្នាប៉ុន្មានដែរ ស្របពេលការបោះឆ្នោតក៏កាន់តែខិតជិតមកដល់ណាស់ដែរហើយ៖ «មុនការបោះឆ្នោតឆ្នាំ២០០៨ ហើយពេលនោះរដ្ឋាភិបាលគឺគណបក្សប្រជាជន បានទទួលការគាំទ្រយ៉ាងច្រើន។ ឥឡូវនេះ ក៏មានរបៀបគ្នាអ៊ីចឹងដែរ មុនការបោះឆ្នោតគ្រាន់តែយូរបន្តិច។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈមួយដែលរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា កំពុងធ្វើយុទ្ធនាការដើម្បីដណ្ដើមសន្លឹកឆ្នោតយ៉ាងខ្លាំងក្លា»។
បើទោះជាបែបណា លោក ហ៊ុន សែន បានប្រកាសមុនចេញដំណើរទៅចរចាជាមួយលោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ ថា នេះជាការការពារទឹកដី ហើយលោកមិនចង់ឃើញប្រទេសជិតខាងរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែរ។ ប៉ុន្តែនេះជាការពារទឹកដីក្នុងនាមការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានបញ្ចេញកងទ័ពទៅកាន់តំបន់មានជម្លោះ និងទុកពេលឲ្យឡាវ ដកទ័ពចេញក្នុងរយៈពេល ៦ថ្ងៃ។ យុទ្ធសាស្ត្រនយោបាយនេះ ត្រូវរងការរិះគន់ថា ហេតុអីចាំបាច់លោក ហ៊ុន សែន ប្រកាសឲ្យដឹងហើយ ទើបទៅប្រយុទ្ធពេលក្រោយ។ ម្យ៉ាងទៀត បញ្ហានេះបានផ្ទុះជាយូរខែណាស់មកហើយ តែទើបត្រូវបានរដ្ឋាភិបាលចាត់វិធានការនៅពេលនេះទៅវិញជាដើម។
ថ្លែងនៅក្នុងជំនួបទ្វេភាគី នៅព្រឹកថ្ងៃទី១២ ខែសីហា នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត ព្រមព្រៀងថា នឹងដកកងទ័ពរបស់ខ្លួនឲ្យអស់គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា។ ទន្ទឹមនឹងនេះ លោក ថងលួន ស៊ីស៊ូលីត ក៏សូមទោសលោក ហ៊ុន សែន ដែលធ្វើឲ្យមានសភាពការណ៍ជ្រួលច្របល់នៅចំណុចមានជម្លោះដោយយោធានេះ ជាពិសេសមានភាពយឺតយ៉ាវក្នុងការឆ្លើយតបលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ៖ «ឥឡូវនេះខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធដកកងកម្លាំងដែលឈរជើងនៅកន្លែងនោះទាំងអស់ ឲ្យអស់នៅព្រឹកស្អែកនេះ»។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ គន់ គីម ប្រាប់កាសែតក្នុងស្រុកមុនគម្រោងដកទ័ពមួយថ្ងៃថា កងយោធាកម្ពុជា ដែលបញ្ជូនទៅចំណុចព្រំដែនមានប្រមាណ ៧ពាន់នាក់។ ពួកគេមានទាំងសព្វាវុធ និងរថពាសដែកជាច្រើនគ្រឿងធ្វើដំណើរទៅជាមួយផង។ ប៉ុន្តែមេបញ្ជាការយោធាជាន់ខ្ពស់រូបនេះ ពុំបានបញ្ជាក់ថា ត្រូវបញ្ជូនចេញពីកងពលណាខ្លះនោះទេ។ ស្របពេលជាមួយគ្នានេះ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី លោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់កាសែតក្នុងស្រុកដែរថា ចំនួនយោធាដែលបានបញ្ជូនចេញត្រៀមប្រយុទ្ធនេះ ចំណុះឲ្យ ៤កងពល ហើយសុទ្ធតែជាកម្លាំងស្រួច។
ដោយឡែកលោក ឈុំ សុជាត មន្ត្រីនាំពាក្យក្រសួងការពារជាតិ ឲ្យដឹងថា ភាគីឡាវ ស្នើសុំកម្ពុជា ទុកពេលឲ្យមួយថ្ងៃនេះសិន ដើម្បីត្រៀមដកកងទ័ពត្រឡប់ទៅវិញ ព្រោះឡាវ មានសម្ភារៈច្រើនដែលត្រូវដឹកចេញ។ លោកបន្តថា ចំពោះភាគីកម្ពុជា នឹងដកយោធាចេញពីតំបន់ព្រំដែននោះដែរ នៅពេលណាភាគីឡាវ អនុវត្តបានពេញលេញហើយ៖ «ការចរចានៅវៀងចន្ទន៍ បានជោគជ័យហើយ ឥឡូវនេះខាងឡាវ គេចាត់តាំងកម្លាំងមេទ័ពខាងមុខដើម្បីជួបមេទ័ពយើងនៅជួរខាងមុខ។ ឥឡូវគេអត់ព្រមដក ទុកស្អែកព្រឹកមួយថ្ងៃសិន។ គេប្រុងប្រៀបមួយថ្ងៃ ស្អែកគេដកចេញពីតំបន់ដែលយើងទាមទារហើយ ទឹកដីរបស់យើងគេព្រមដកហើយ»។
ជុំវិញរឿងនេះ ក្រសួងការពារជាតិធ្លាប់ច្រានចោលការផ្សាយរបស់អាស៊ីសេរី កាលពីថ្ងៃទី៤ ឧសភា ម្ដងរួចមកហើយ ដែលរកឃើញថា រដ្ឋាភិបាលឡាវ បានបន្ថែមកម្លាំងបន្ថែមទៀត នៅចំណុចអូរតាង៉ាវ និងអូរអាឡៃ។ប្រតិកម្មរបស់ក្រសួងការពារជាតិនេះ ចាត់ទុកថា ដំណឹងឡាវ ជីកលេណដ្ឋានលើទឹកដីកម្ពុជានេះ មិនពិតថែមទៀតផង។
ភាពតានតឹងបន្តអូសបន្លាយចាប់តាំងពីយោធាឡាវ ចាប់ឈរជើងកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ទើបនៅថ្ងៃទី១១ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា កងយោធាឡាវ ពិតជាបានបោះជំរំឈរជើងក្នុងទឹកដីកម្ពុជា មែន ត្រង់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ភ្លាមៗ កម្លាំងយោធាកម្ពុជា ត្រូវបញ្ជូនទាំងយប់ឆ្ពោះទៅកាន់តំបន់ដែលមានជម្លោះ។
ទាក់ទងនឹងព័ត៌មាននេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលមកដល់កម្ពុជា វិញហើយកាលពីរសៀលថ្ងៃទី១២ ខែសីហា។
ហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រីបានបង្ហោះសារថា ជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២ (កម្ពុជា-ឡាវ) បានទទួលផ្លែផ្កាគួរជាទីមោទនៈ និងបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីការពារផលប្រយោជន៍រួម ទាំងពលរដ្ឋ និងប្រទេសទាំង២។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២នេះ លើកឡើងថា ក្រៅពីសន្យាថា នឹងដកកងទ័ពឡាវ ចេញពីកម្ពុជា ហើយនោះ កងកម្លាំងកម្ពុជា ដែលបានចល័តចេញទៅកាន់តំបន់ទំនាស់ និងប្រុងជើងការ ត្រូវបានបញ្ជាអោយដកត្រឡប់ចូលបន្ទាយរៀងៗខ្លួនវិញ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានណែនាំអោយក្រសួងការបរទេស និងគណៈកម្មការព្រំដែននៃប្រទេសទាំង២ បន្តធ្វើការជាមួយគ្នាអោយបានសកម្មបន្តទៀត ដើម្បីដោះស្រាយអោយរួចរាល់នូវខ្សែព្រំដែនចំនួន ១៤% នៅសេសសល់ ក្នុងនាមជាអ្នកជិតខាង ជាមិត្ត និងជាបងប្អូន៕
ប្រភពអត្ថបទ ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទង ៖ អបអរសាទរក្នុងជំនួបចរចារបស់បុរសខ្លាំងហ៊ុន សែន ជាមួយភាគីលាវ ដោយនៅវេលាម៉ោងជាង ២រសៀលនេះ លាវដកកងទ័ព ៣កងពលហើយ នៅសល់តែ១កងពល
No comments:
Post a Comment