អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែរក្សាការចោទថារដ្ឋាភិបាលកម្ពុជានៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែអះអាងថា រដ្ឋាភិបាលកម្ពុជា ជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទោះបីសាលាឧទ្ធរណ៍ នៅថ្ងៃសុក្រ ទី១១ ខែសីហា បន្តផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដោយសារការចោទប្រកាន់នេះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង ដោយសារជាប់បណ្ដឹងជាច្រើនករណីនៅតុលាការកម្ពុជា នៅតែប្រកាន់ជំហរឥតកែប្រែរបស់លោកដដែល ដោយនៅតែអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ការជឿជាក់បែបនេះ ដោយសារលោកសំអាងថា ឃាតកម្មកន្លងមកលើអ្នកស្នេហាជាតិ និងអ្នកដែលមានប្រជាប្រិយភាពដែលជាអ្នកការពារទ្រព្យសម្បត្តិជាតិ ដូចជាព្រៃឈើអ្នកដែលស្វែងរកយុត្តិធម៌ជូនប្រជារាស្ត្រ ដូចជាប្រធានសហជីពកម្មករ លោក ជា វិជ្ជា និងព្រះតេជព្រះគុណ សំ ប៊ុនធឿន និងសកម្មជនលេចធ្លោដទៃទៀតជាដើម សុទ្ធតែមានលំនាំមិនខុសគ្នាពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះទេ៖ «លក្ខណៈដែលបាញ់សម្លាប់ហ្នឹងដូចគ្នាទាំងអស់ គឺបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ ហើយឃើញអ្នកដែលបាញ់សម្លាប់ហ្នឹង គេចខ្លួនយ៉ាងងាយស្រួល ហើយអ្នកដែលមានអំណាចហ្នឹងគឺលុបចោលបំបិទដាន បំបិទភស្តុតាងយកមនុស្សដែលគ្មានពាក់ព័ន្ធនឹងឃាតកម្មទាំងនោះ មកបង្វែងដានទៅវិញឲ្យជនដៃដល់ និងអ្នកនៅពីក្រោយហ្នឹងរួចខ្លួន ដូច្នេះទង្វើទាំងអស់ហ្នឹង យើងស្គាល់ច្បាស់ហើយ មានតែរដ្ឋអំណាច និងអ្នកមានអំណាចទេ ដែលអាចធ្វើអ៊ីចឹងៗបាន!»។
ទោះបីសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ ទី១១ ខែសីហា សម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារលោក សម រង្ស៊ី ចំនួន ២០ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ១០លានរៀល សងជំងឺចិត្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០រៀល ក៏លោក សម រង្ស៊ី នឹងមិនប្ដឹងទៅតុលាការកំពូលនោះទេ ដោយលោកថា គ្មានបានការ ព្រោះលោកចាត់ទុកតុលាការកម្ពុជា ថាជាតុលាការអាយ៉ង ស្ថិតក្រោមបញ្ជារបស់លោក ហ៊ុន សែន។ ប៉ុន្តែលោក សម រង្ស៊ី សង្ឃឹមលើការផ្ដល់យុត្តិធម៌ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី នៅឯតុលាការ ក្នុងប្រទេសប្រជាធិបតេយ្យ ដូចជានៅសហរដ្ឋអាមេរិក ដោយថ្មីៗនេះ តុលាការអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា បានចេញដីបង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែលជាក្រុមហ៊ុនមេរបស់ស្ថានីយសាំងកាល់តិច បង្ហាញឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ឯកសារទាំងនោះរួមមានទាំងរូបភាពវីដេអូ ពីកាមេរ៉ាសុវត្ថិភាព នៅហាងស្តារម៉ាត ក្នុងស្ថានីយសាំងកាល់តិច នៅឯស្តុបបូកគោនោះផងដែរ។
លោក សម រង្ស៊ី៖ «ការស្រាវជ្រាវហ្នឹងនៅបន្តទៀត។ តុលាការនៅភ្នំពេញ ថាចប់ហើយ គឺឥឡូវគេរកមុខអ្នកបាញ់សម្លាប់ហ្នឹងឃើញហើយ។ ប៉ុន្តែមិនមែនទេ ដូចជាឃាតកសិប្បនិម្មិត។ ជាឃាតកក្លែងក្លាយ។ អ្នកបាញ់សម្លាប់មែនទែន អ្នកដែលនៅពីក្រោយឃាតកម្មនោះ គឺមិនទាន់វែកមុខបានច្បាស់ទេ។ ប៉ុន្តែខ្ញុំជឿថា អ្វីដែលជាតុលាការឯករាជ្យពីក្រៅប្រទេស ពីសហរដ្ឋអាមេរិកជាដើម អាចជួយថ្ងៃណាមួយលាតត្រដាងការពិត ហើយផ្ដន្ទាទោសជនដៃដល់ និងអ្នកនៅពីក្រោយជនដៃដល់តាមច្បាប់»។
ចំណែកឯមេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលបានយកករណីឃាតកម្មលោកបណ្ឌិត កែម ឡី ដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្តឹងរដ្ឋាភិបាលលោក ហ៊ុន សែន ក៏មានសង្ឃឹមដែរថា សេចក្តីសម្រេចរបស់តុលាការអាមេរិក នឹងជួយផ្ដល់ភស្តុតាងបន្ថែមដើម្បីគាំទ្រដល់បណ្ដឹងរបស់គាត់៖ «ដោយសារឃាតកម្មលើលោក កែម ឡី ជាអំពើឃាតកម្មមួយក្នុងចំណោមអំពើឃាតកម្មជាច្រើននៅកម្ពុជា ដែលយើងបានដាក់ប្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដូច្នេះយើងសង្ឃឹមថា ភស្តុតាងដែលបានពីក្រុមហ៊ុន ឆេវរ៉ុន នឹងលាតត្រដាងការពិតដែលផ្ទុយទៅនឹងអ្វីដែលជាការបិទបាំងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ភស្តុតាងថ្មី នឹងជួយដល់សម្អាងហេតុរបស់យើង ដែលថាឃាតកម្មលើលោក កែម ឡី ធ្វើឡើងដោយហេតុផលនយោបាយ។ ចំណុចនេះ ជួយឲ្យយើងអាចដាក់បណ្ដឹងបន្ថែម ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន»។
ទោះជាយ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍កម្ពុជា លោក ញូង ធុល ចាត់ទុកថា សាលក្រមព្រហ្មទណ្ឌរបស់តុលាការក្រុងភ្នំពេញ និងនីតិវិធីសវនាការកន្លងមក គឺមានតម្លៃគតិយុត្តិត្រឹមត្រូវតាមផ្លូវច្បាប់។
លោក គី តិច មេធាវីតំណាងដោយអាណត្តិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់សវនាការថា សាលដីកាដែលសម្រេចដោយសាលាឧទ្ធរណ៍នៅពេលនេះ បានផ្ដល់យុត្តិធម៌ត្រឹមត្រូវដល់ដើមចោទ គឺលោក ហ៊ុន សែន។ លោកបន្តថា នេះគឺជាការឆ្លើយតបដែលមេធាវីដើមចោទចង់ឲ្យតុលាការរក្សាបទចោទ និងស្ថានទម្ងន់ទោសដូចសាលក្រមព្រហ្មទណ្ឌរបស់តុលាការក្រុងភ្នំពេញ សម្រេច៖ «បាទ! នេះជាសំណូមពរខាងភាគីខ្ញុំ គឺសូមតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង។ ដូច្នេះសាលាឧទ្ធរណ៍បានតម្កល់ហើយមិញនេះ»។
កាលពីព្រឹកថ្ងៃទី១១ ខែសីហា សាលាឧទ្ធរណ៍បានលើកយកសំណុំរឿងលោក សម រង្ស៊ី ដែលចោទប្រកាន់ថា រដ្ឋអំណាចដែលដឹកនាំដោយលោក ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មកជំនុំជម្រះ។
លោក សំ សុគង់ មេធាវីការពារឲ្យលោក សម រង្ស៊ី អះអាងថា លោកពុំបានទទួលលិខិតអញ្ជើញមេធាវីឲ្យចូលរួមការពារក្ដីទេ។ នៅក្នុងសំណុំរឿងដូចគ្នានេះ បានធ្វើឲ្យមានមនុស្សចំនួន ៤នាក់ហើយ រួមទាំងលោក សម រង្ស៊ី ផង ត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការ និងមានអ្នកខ្លះក្នុងចំណោមនោះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ ព្រោះតែចោទលោក ហ៊ុន សែន ថា បានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទង ៖ មហាអំណាចសហរដ្ឋម្ចាស់ពិភពលោកនេះ បានជ្រែកពពកខ្មៅយុគតេជោ ទ្រក្បាលនឹងគល់ឫស្សីហើយ មិនយូរមិនឆាប់យុត្តិធម៌នឹងត្រូវតែកើតមានចំពោះសច្ចវាទី វីរបណ្ឌិត កែម ឡី ព្រោះថា តុលាការអាមេរិកបានចេញបញ្ជាបង្គាប់ឲ្យក្រុមហ៊ុនChevronបង្ហាញភស្តុតាងការបាញ់សម្លាប់វីរបណ្ឌិត កែម ឡី ហើយ!
No comments:
Post a Comment