ប្រទេសចិនសំដែងមហាសែន្យានុភាពក្នុងវារៈប្រារព្ធខួបលើកទី៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដើម្បីពង្រឹងអំណាចឆ្ពោះទៅកាន់មហាអំណាចពិភពលោកនេះ !!
វីអូអេខ្មែរ ៖ បន្ទាប់ពីព្យុហយាត្រាយោធាដ៏ធំមួយកាលពីចុងសប្តាហ៍មុន ប្រទេសចិនបានប្រារព្ធខួបលើកទី៩០នៃការបង្កើតកងទ័ពរំដោះប្រជាជនកាលពីថ្ងៃទី១ ខែសីហាដោយមេដឹកនាំកំពូលលោក ស៊ី ជីងពីង និយាយឡើងវិញពីសារៈសំខាន់នៃភាពស្មោះត្រង់មិនងាករេរបស់យោធាដល់ការដឹកនាំរបស់គណបក្សកុម្មុយនិស្ត។
វ៉ាស៊ីនតោន ៖ ការថ្លែងរបស់ប្រធានាធិបតី ស៊ី ជីងពីង សង្កត់ធ្ងន់ពីភាពស្មោះត្រង់ រួមជាមួយការធ្វើសមយុទ្ធកាលពីពេលមុនរបស់កងទ័ពរំដោះប្រជាជនចិនដើម្បីបង្ហាញពីភាពក្លាហាននៅក្នុងការប្រយុទ្ធរបស់ខ្លួនដែលមានគោលបំណង២ គឺការកើនឡើងនូវគំនិតជាតិនិយមដើម្បីពង្រឹងអំណាចរបស់លោក ស៊ី ហើយនិងជាការបំភិតបំភ័យដល់ពួកសត្រូវខ្លាំងៗរបស់ចិននៅបរទេស នេះតាមការបញ្ជាក់របស់ពួកអ្នកវិភាគ។ ពួកគេបាននិយាយទៀតថា ប្រធានាធិបតី ស៊ី បានស្វះស្វែងដើម្បីបង្ហាញថា លោកបានត្រួតត្រាយោធាយ៉ាងពេញទំហឹងមុនសមាជរបស់គណបក្សលើកទី១៩នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
លោក Willy Lam ជាអ្នកវិភាគនយោបានចិនបាននិយាយថា៖ «កាលពីមួយខែមុន ប្រធានាធិបតី ស៊ី ជីងពីង បានបន្ថែមតួនាទីខ្លួនឯងប្រហែលមុខងារខ្ពស់បំផុតគឺមេបញ្ជាការកំពូល ពាក្យនេះដែលបានប្រើប្រាស់ម្តងគត់កាលពីពេលមុនដោយ ម៉ៅ សេទុង។ដូច្នេះ ប្រាកដណាស់ការបង្ហាញកម្លាំងរបស់លោកស៊ី ជីងពីង សង្ឃឹមថានឹងបញ្ជាក់ពីឋានៈរបស់លោកប្រៀបស្មើជាមួយម៉ៅ សេទុងនៅសតវត្សរ៍ទី២១នេះ»។
នៅឯការប្រជុំយោធាកាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងមហាសាលរបស់ប្រជាជននៅទីក្រុងប៉េកាំង ប្រធានាធិបតី ស៊ី បានប្រាប់ឲ្យដឹងពីភាពជោគជ័យក្នុងការធ្វើឲ្យទំនើបកម្មដល់កងទ័ពរំដោះប្រជាជន ហើយនិងទំនុកចិត្តរបស់កងទ័ពនៅក្នុងការប្រយុទ្ធការឈ្លាពានរបស់បរទេស ហើយនៅខណៈនោះលោកក៏និយាយឡើងវិញពីសារៈសំខាន់នៃភាពស្មោះត្រង់របស់កងទ័ពដល់គណបក្សកុម្មុយនិស្ត។
ប្រធានាធិបតី ស៊ី បានដកស្រង់សម្តីរបស់សពម៉ៅ សេទុងមកនិយាយថា៖ «មាគ៌ារបស់កងទ័ពប្រជាជនឆ្ពោះទៅកាន់ជ័យជម្នះបានបង្ហាញនូវអំណាចដ៏ធំរបស់មេដឹកនាំគណបក្សកុម្មុយនិស្តចិន។ ការណ៍នេះស្ថិតនៅក្នុងគោលការណ៍របស់យើងដែលគណបក្សបញ្ជាកាំភ្លើង ក៏ប៉ុន្តែ កាំភ្លើងមិនបញ្ជាគណបក្សទេ»។
បន្ទាប់មក ប្រធានាធិបតីស៊ីបានបញ្ជាក់ថា៖ «យើងនឹងមិនអនុញ្ញាតឲ្យមនុស្ស អង្គការឬគណបក្សណាមួយបំបែកទឹកដីរបស់ចិននៅពេលណា ក្នុងទម្រង់ណាក៏ដោយ»។ ប្រធានាធិបតីស៊ីនិយាយបន្ថែមទៀតថា ចិននឹងមិនអត់ឱនដល់ជនណា ប្រទេសណាដែលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ជាតិរបស់ខ្លួនទេ»។
លោក Lam និយាយទៀតថា គោលនយោបាយដ៏តឹងរ៉ឹងទៅលើអធិបតេយ្យភាពជាតិបែបនេះមានន័យថា ធ្វើឲ្យមានមនោសញ្ចេតនាជាតិនិយមក្នុងចំណោមពលរដ្ឋចិនដែលត្រូវបានគេប្រើប្រាស់ជាសរសរស្តម្ភស្របច្បាប់ដ៏សំខាន់ដើម្បីគាំទ្រការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តនៅក្នុងប្រទេសចិនហើយនិងការពារអ្វីដែលហៅថា អរិភាពរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងចិន។
អ្នកក្រុងម្នាក់នៅក្នុងទីក្រុងប៉េកាំងបានប្រាប់ VOAថា៖ «យោធាមុនដំបូងត្រូវតែស្មោះត្រង់ប្រជាពលរដ្ឋនិងប្រទេស។ ហើយមនុស្សជាច្រើននៅក្នុងប្រទេសចិន ត្រូវបានចាត់ទុកស្មើៗគ្នានៅក្នុងគណបក្សកុម្មុយនិស្ត»។
ស្រ្តីម្នាក់ទៀតបាននិយាយថា៖ «ជនជាតិចិនភាគច្រើនមានមោទនភាពយ៉ាងខ្លាំងចំពោះកងទ័ពនៅក្នុងប្រទេសចិនដែលកំពុងមានការអភិវឌ្ឍនិងកាន់ខ្លាំងឡើងៗ»។
ប្រជាពលរដ្ឋចិនប្រហែល១៩១លាននាក់បានមើលការផ្សាយបន្តផ្ទាល់នៃការហ្វឹកហាត់សម្រាប់តំបន់សង្គ្រាមរបស់កងទ័ពរំដោះប្រជាជនកាលពីថ្ងៃអាទិត្យនៅឯមូលដ្ឋានកងទ័ព Zhurihe ក្នុងតំបន់ Inner ម៉ុងហ្គោលី។ ក្រោយមក នៅលើគេហទំព័រ Weibo ដែលជាប្រព័ន្ធ Microblog ដូចជាប្រព័ន្ធ Twitter របស់ចិន អ្នកធ្វើអត្ថាធិប្បាយភាគច្រើនសរសេរពីការស្នេហារជាតិ។
អ្នកប្រើប្រាស់ Microblog ម្នាក់ដែលមានឈ្មោះហៅក្រៅថា ហ៊ូ បានសរសេរថា «ខ្ញុំគិតថា លោកប្រធានស៊ីរបស់យើងដូចជាព្រះអាទិត្យហើយកងទ័ពដូចជាផ្កាឈូករត្ន»។ ខណៈដែលអ្នកធ្វើអត្ថាធិប្បាយម្នាក់ទៀតបានសរសេរថា «មោទនភាពរបស់ខ្ញុំចំពោះជាតិយើងបានឡើងដល់កម្រិតខ្ពស់បំផុត»។
ព្យុហយាត្រាយោធាកាលពីចុងសប្តាហ៍មុន ក៏ជាការសំខាន់មួយសម្រាប់ចិនដើម្បីបង្ហាញពីអាវុធថ្មីបំផុតៗរបស់ខ្លួនដែលចិនមិនដែលបង្ហាញសាធារណជនកាលពីពេលមុន។ អាវុធថ្មីៗបំផុតទាំងនោះរួមមាន យន្តហោះចម្បាំងប្រភេទ J-16 យន្តហោះចម្បាំងទំនើបបំផុតប្រភេទ J-20 ហើយនិងកាំជ្រួចអន្តរទ្វីបជំនាន់ថ្មី Dongfeng-31AG ដែលបាញ់បានចម្ងាយមធ្យម១ម៉ឺន១ពាន់គីឡូម៉ែត្រដែលមានន័យថា វាអាចវាយប្រហារនៅផ្នែកនានាក្នុងសហរដ្ឋអាមេរិក។
លោក Lam និយាយទៀតថា៖ «ការណ៍នេះចាត់ទុកថាជាការបំភិតបំភ័យមួយដល់សត្រូវពិតប្រាកដនិងខ្លាំងៗរបស់ចិនថា រដ្ឋាភិបាលក្រុងប៉េកាំងបានតាំងចិត្តចំណាយធនធាននិងប្រាក់កាន់តែច្រើនឡើងទៅលើការអភិវឌ្ឍន៍អាវុធហើយនិងធ្វើឲ្យមានគម្លាតកាន់តែខិតជិតជាមួយនឹងសហរដ្ឋអាមេរិក»។
បច្ចុប្បន្ននេះ ចិនមានជម្លោះទឹកដីជាមួយប្រទេសជិតខាងរបស់ខ្លួនរួមមានប្រទេសជប៉ុននៅក្នុងសមុទ្រចិនខាងកើតនិងវៀតណាមនិងហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។
ហើយជម្លោះព្រំដែនរបស់ចិនជាមួយប្រទេសឥណ្ឌាកំពុងរីកកាន់តែធំឡើងៗ ខណៈដែលទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់ដែលជាយូរយាណាស់មកហើយត្រូវបានគេចាត់ទុកជាខេត្តធ្វើតាមអំពើចិត្តនោះកំពុងកាន់តែយ៉ាប់យ៉ឺនឡើងៗដែរ។
នៅក្នុងការឆ្លើយតបទៅនឹងសន្ទរកថារបស់លោកស៊ីហើយនិងការប្រើប្រាស់របស់កងទ័ពរំដោះប្រជាជននូវទីដៅដែលមានទំហំដូចទីដៅពិតប្រាកដដោយរួមបញ្ចូលទាំងវិមានប្រធានាធិបតីរបស់កោះតៃវ៉ាន់ក្នុងអំឡុងសមយុទ្ធ គណបក្សប្រជាធិបតេយ្យជឿនលឿនដែលជាគណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា៖ «ការប្រើប្រាស់ភាសាបំភិតបំភ័យណាមួយនឹងធ្វើឲ្យលែងមានភាពជិតស្និទ្ធជាមួយចិនពីចិនតៃវ៉ាន់ដែលនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់»។
ចិនក៏មើលឃើញដែរថា សហរដ្ឋអាមេរិកជាសត្រូវទី១ដែលជារឿយៗចិនចោទប្រកាន់ថាបានចូលរួមកម្លាំងជាមួយប្រទេសម្ព័ន្ធមិត្តនានាដូចជាជប៉ុននិងប្រទេសអូស្រ្តាលីដើម្បីប៉ុនប៉ងផ្តួលរំលំការដឹកនាំដោយគណបក្សតែមួយនៅក្នុងប្រទេសចិន។
លោក Lam បាននិយាយថាថ្វីបើការខំប្រឹងប្រែងរបស់ចិនដើម្បីតាមឲ្យទាន់ការអភិវឌ្ឍខាងយោធារបស់សហរដ្ឋអាមេរិកក៏ដោយ ពួកអ្នកជំនាញជឿជាក់ថា ចិននៅក្រោយសហរដ្ឋអាមេរិកពី១៥ទៅ២០ឆ្នាំនៅក្នុងសមត្ថភាពខាងប្រយុទ្ធ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន
ប្រភព ៖ VOA Khmer
ប្រភពរូបភាព ៖ thesun
No comments:
Post a Comment