មេធាវីអង់គ្លេស លោករីឆាត រ៉ូជើរ នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence)គ្រោងដាក់ភស្តុតាងបន្ថែមទៅតុលាការICCក្នុងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) គ្រោងដាក់ឯកសារភស្តុតាងបន្ថែមទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងពាក្យបណ្ដឹងកាលពីឆ្នាំមុន ដើម្បីឲ្យតុលាការនេះ ស៊ើបអង្កេតលើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ តុលាការអាមេរិក កាលពីសប្ដាហ៍មុន បានបង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញឯកសារផ្សេងៗ រួមទាំងរូបភាពវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព នៅហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយសាំងកាល់តិច (Caltex) កាច់ជ្រុងស្តុបបូកគោ ដែលពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិត កែម ឡី។
ខាងក្រោយជាអត្ថបទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោកមេធាវី រីឆាត រ៉ូជើរ៖
លោក មួង ណារ៉េត៖ លោក សម រង្ស៊ី បានដាក់ពាក្យប្ដឹងសុំឲ្យតុលាការអាមេរិក បង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន បង្ហាញរូបភាពវីដេអូ ពីកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្តារម៉ាត កន្លែងដែលគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោកក៏ជាភាគីដើមបណ្ដឹងម្នាក់ដែរនៅក្នុងរឿងនេះ។ ឥឡូវតុលាការអាមេរិក យល់ព្រមតាមបណ្ដឹងនេះហើយ ព្រោះកាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា (California) បង្គាប់ឲ្យបុគ្គលិកក្រុមហ៊ុនអាមេរិក ឆេវរ៉ុន បង្ហាញឯកសារទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីប៉ូលិសខ្មែរដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ តើលោករំពឹងចង់បានអ្វីដែរពីពាក្យបណ្ដឹងនេះ?
លោក រីឆាត រ៉ូជើរ៖ យើងបានដាក់ពាក្យបណ្ដឹងនៅតុលាការ ICC ស្នើសុំឲ្យតុលាការអន្តរជាតិមួយនេះស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី។ ដូច្នេះ ខ្ញុំក៏ត្រូវការព័ត៌មានទាំងនេះ ដើម្បីជួយដល់ការពាក្យបណ្ដឹងរបស់ខ្ញុំផងដែរ។ ពាក្យបណ្ដឹងនៅតុលាការអាមេរិក គឺក្រុមហ៊ុនមេធាវីរបស់ពួកខ្ញុំជាអ្នកដាក់។
លោក មួង ណារ៉េត៖ ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងនៅស្រុកខ្មែរ។ មន្ត្រីរដ្ឋាភិបាលលើកឡើងថា រឿងស្រុកខ្មែរជាដែនសមត្ថកិច្ចរបស់ខ្មែរ ដូច្នេះត្រូវទុកឲ្យតុលាការខ្មែរជាអ្នកដោះស្រាយ។ លោកដាក់ប្ដឹងនៅតុលាការអន្តរជាតិ ICC រួចទៅហើយ ចុះហេតុដូចម្ដេចបានជាលោកដាក់ពាក្យប្ដឹងនៅតុលាការអាមេរិកបន្ថែមទៀត?
លោក រីឆាត រ៉ូជើរ៖ ការដាក់ពាក្យបណ្ដឹងនៅអាមេរិកនេះ គឺដោយសារច្បាប់ជាតិរបស់អាមេរិក អនុញ្ញាតឲ្យដើមបណ្ដឹងស្នើសុំឯកសារពីក្រុមហ៊ុនអាមេរិកទាំងអស់។ ស្ថានីយសាំងកាល់តិចស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឆេវរ៉ុន ដែលជាក្រុមហ៊ុនអាមេរិក។ ដូច្នេះហើយទើបយើងអាចដាក់ពាក្យប្ដឹងនៅអាមេរិកបាន។ ការណ៍ដែលយើងត្រូវការព័ត៌មាន គឺដោយសារតែអាជ្ញាធរកម្ពុជា បានប្រមូលយករូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅហាងស្តារម៉ាត យកទៅទុក។ ចំណែកឯរូបវីដេអូដែលឃើញបង្ហាញក្នុងពេលធ្វើសវនាការ ជារូបភាពមិនពេញលេញ និងមានលក្ខណៈបំភាន់ភ្នែក។ ប្រការនេះ ធ្វើឲ្យសាធារណជនទូទៅមានមន្ទិលសង្ស័យមិនចេះចប់។ យើងខ្ញុំបានប្ដឹងឲ្យតុលាការនៅរដ្ឋកាលីហ្វ័រញ៉ា បង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញព័ត៌មានទាំងអស់ដែលខ្លួនមាន មិនមែនត្រឹមតែរូបភាពវីដេអូ ពីកាមេរ៉ាសុវត្ថិភាពមួយមុខនោះទេ គឺយើងសុំឲ្យបង្ហាញរាល់ឯកសារដែលពាក់ព័ន្ធនឹងការធ្វើឃាតលោក កែម ឡី។
យើងសុំឲ្យបង្ហាញសារទំនាក់ទំនងដែលមានពាក្យ “គណបក្សប្រជាជនកម្ពុជា” មានពាក្យ “ហ៊ុន សែន” ឬពាក្យ “ធ្វើឃាត” ជាដើម។ យើងជឿថា ក្រុមហ៊ុនធំដូចជា ឆេវរ៉ុន បែបនេះ ច្បាស់ជាគេមានការស៊ើបអង្កេតផ្ទៃក្នុងរបស់គេ។ លទ្ធផលនៃការស៊ើបអង្កេតនេះច្បាស់ជាផ្ដល់នូវពន្លឺ ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ។ យើងនៅតែគិតថា ការបាញ់សម្លាប់លោក កែម ឡី គឺជាការធ្វើឃាតដោយសារហេតុផលនយោបាយ ព្រោះការធ្វើឃាតបែបនេះ មានកើតឡើងជាហូរហែរួចមកហើយ ដូចជាទៅលើលោក ជា វិជ្ជា និងអ្នកដទៃទៀត។
លោក មួង ណារ៉េត៖ តើឃាតកម្មលើលោកបណ្ឌិត កែម ឡី មានធាតុផ្សំនៃបទល្មើសបែបម៉េច ដែលអាចឲ្យលោកដាក់ពាក្យប្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បាន?
លោក រីឆាត រ៉ូជើរ៖ ករណីនេះវាពាក់ព័ន្ធទូទៅក្នុងធាតុផ្សំឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការធ្វើឃាតទៅលើលោក កែម ឡី ជាផ្នែកមួយនៃបទល្មើសក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ដូច្នេះយើងត្រូវការព័ត៌មាននេះ ដើម្បីជួយដល់ពាក្យបណ្ដឹងរកយុត្តិធម៌ឲ្យជនរងគ្រោះទាំងអស់នៅកម្ពុជា។ យើងដាក់ពាក្យប្ដឹងនៅតុលាការ ICC មិនមែនតំណាងឲ្យតែក្រុមគ្រួសារលោក កែម ឡី នោះទេ។
លោក មួង ណារ៉េត៖ កន្លងមកលោកបានដាក់ឯកសារខ្លះហើយទៅតុលាការ ICC ដើម្បីគាំទ្រពាក្យបណ្ដឹងជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ។ តើលោកត្រូវការភស្តុតាងអ្វីបន្ថែមទៀតដែលរំពឹងចង់បានពីក្រុមហ៊ុន ឆេវរ៉ុន?
លោក រីឆាត រ៉ូជើរ៖ ដោយសារតែការធ្វើឃាតលោក កែម ឡី ជាអំពើមនុស្សឃាតមួយក្នុងចំណោមអំពើមនុស្សឃាតជាច្រើនដែលយើងរៀបរាប់នៅក្នុងពាក្យបណ្ដឹងនៅតុលាការ ICC ភស្តុតាងថ្មីនឹងជួយឲ្យយើងបង្ហាញប្រាប់ព្រះរាជអាជ្ញាតុលាការ ICC ថា ការសម្លាប់លោក កែម ឡី គឺជាករណីឃាតកម្មផ្នែកនយោបាយមិនមែនឃាតកម្មទូទៅនោះទេ។ អ្វីដែលយើងធ្លាប់ឮការបកស្រាយពីខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា កន្លងមក គឺគ្រាន់តែការបិទបាំងការពិតតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការព័ត៌មានបន្ថែមបែបនេះដើម្បីយើងដាក់ទៅតុលាការ ICC ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក មួង ណារ៉េត៖ ដូច្នេះមានន័យថា បើក្រុមហ៊ុនអាមេរិកនេះ បង្ហាញព័ត៌មានថ្មីពាក់ព័ន្ធនឹងករណីឃាតកម្មនេះ លោកនឹងដាក់ភស្តុតាងបន្ថែមទៅតុលាការ ICC ទៀតតើមែនទេ?
លោក រីឆាត រ៉ូជើរ៖ ត្រូវហើយបាទ! បើក្រុមហ៊ុន ឆេវរ៉ុន បង្ហាញព័ត៌មានដែលអាចឲ្យយើងបង្ហាញព្រះរាជអាជ្ញាតុលាការ ICC ថាការធ្វើឃាតលោក កែម ឡី គឺធ្វើឡើងដោយក្រុមមន្ត្រីបក្សកាន់អំណាចនៅកម្ពុជា យើងនឹងដាក់សម្អាងហេតុបន្ថែមទៅតុលាការ ICC ដោយបញ្ចូលទាំងភស្តុតាងថ្មីនេះ ដើម្បីបន្ថែមទម្ងន់ទៅលើសម្អាងហេតុដែលយើងបានដាក់ទៅតុលាការកាលពីលើកមុន។
លោក មួង ណារ៉េត៖ រឿងក្ដីនៅតុលាការ ICC ប្រើពេលយូរណាស់ទម្រាំមានការជំនុំជម្រះ។ តុលាការនេះ មានសំណុំរឿងជាច្រើននៅក្នុងដៃដែលត្រូវដោះស្រាយ។ តើមានពេលវេលាកំណត់ច្បាស់លាស់ណាមួយដែរឬទេដើម្បីកុំឲ្យជនរងគ្រោះទន្ទឹងរង់ចាំដំណឹងយូរពេក?
លោក រីឆាត រ៉ូជើរ៖ ខ្ញុំសុំស្នើឲ្យអ្នកទាំងអស់គ្នារក្សាការអត់ធ្មត់។ យើងមានសង្ឃឹមលើសំណុំរឿងនេះ។ ជាការពិត សំណុំរឿងធំៗបែបនេះត្រូវការពេលវេលា។ ប៉ុន្តែ ឥឡូវយើងកាន់តែប្រមូលបានព័ត៌មានច្រើនឡើងៗហើយ។ កាលណាតុលាការ ICC ចាប់ផ្ដើមចាត់ការបណ្ដឹងរបស់យើងយើងនឹងមានឯកសារគ្រប់គ្រាន់ ដើម្បីបង្ហាញថា ឃាតកម្មផ្នែកនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់ថមថយនៅឡើយទេ។
លោក មួង ណារ៉េត៖ សូមអរគុណលោក រីឆាត រ៉ូជើរ ដែលបានចំណាយពេលពេលវេលាក្នុងកិច្ចសម្ភាសន៍នេះ។
លោក រីឆាត រ៉ូជើរ៖ បាទ! សូមអរគុណ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទាង ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែរក្សាការចោទថារដ្ឋាភិបាលកម្ពុជានៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី មហាអំណាចសហរដ្ឋម្ចាស់ពិភពលោកនេះ បានជ្រែកពពកខ្មៅយុគតេជោ ទ្រក្បាលនឹងគល់ឫស្សីហើយ មិនយូរមិនឆាប់យុត្តិធម៌នឹងត្រូវតែកើតមានចំពោះសច្ចវាទី វីរបណ្ឌិត កែម ឡី ព្រោះថា តុលាការអាមេរិកបានចេញបញ្ជាបង្គាប់ឲ្យក្រុមហ៊ុនChevronបង្ហាញភស្តុតាងការបាញ់សម្លាប់វីរបណ្ឌិត កែម ឡី ហើយ!
No comments:
Post a Comment