សមត្ថកិច្ចចាប់ឃាតករំលោភសម្លាប់បានហើយ ប៉ុន្តែមិនមែនលោកសម្បត្តិតាក់ស៊ីនោះទេ គឺអ្នកបើកតាក់ស៊ីផ្សេង...!
ខេត្តស្វាយរៀង ៖ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនឃាតកររំលោភសម្លាប់នាងក្រមុំបុគ្គលិកកាស៊ីណូហ្គោដឡាក់បានហើយ ប៉ុន្តែជាអ្នកផ្សេងមិនមែនជាអ្នករត់តាក់ស៊ីមានឈ្មោះសម្បត្តិ តាក់ស៊ីនោះទេ គឺគេបានផ្ទេររថយន្តឲ្យអ្នករត់តាក់ដូចគ្នា ដែលរស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។ ការចាប់ខ្លួននេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ។
បើតាមលោកវរសេនីយ៍ទោ កែវ សុថា ឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគបាលខេត្តបានតាមប្រម៉ាញ់ឃាតករនៅថ្ងៃម្សិលមិញ គឺបានដឹងតម្រុយខ្លះ ហើយរហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៨ សីហា សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆើយ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជារត់តាក់ស៊ី រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ដែលជាប់ទាក់ទិនក្នុងករណីឃាតកម្មកាលពីថ្ងៃទី០២ សីហា នៅក្រុងបាវិត ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរលើខ្លួនប្រាណរកឃើញខ្សែ.កមួយខ្សែ និងចិញ្ចៀនមួយវង់ ។
លោកបន្តទៀតថា ឆ្លងតាមការសាកសួររហូតដល់ម៉ោង២រសៀលជនសង្ស័យក៏ឆ្លើយសារភាពថា កាលពីថ្ងៃទី២ សីហា ខ្លួននិងគូកនម្នាក់ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់តាក់ស៊ី រស់ភូមិ-ឃុំជាមួយគ្នា ពិតជាបានរួមដៃគ្នាប្រព្រឹត្តិអំពើរំលោភទៅលើនារីរងគ្រោះអាយុ១៨ឆ្នាំនៅក្នុងរថយន្ត រួចរឹត.កសម្លាប់ ថែមទាំងយកទៅបោះចោលនៅចំណុចផ្លូវលំក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតប្រាកដមែន ។ ហើយរហូតមកដល់វេលាម៉ោង៣និង២០នាទីថ្ងៃទី៨នេះ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេក មុន្នី ម្នាក់ទៀតនៅរាជធានីភ្នំពេញ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងទៅទទួលយកជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ប្រភព ៖ kohsantepheapdaily
No comments:
Post a Comment