អ្នកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្លែងថា ការស៊ើបអង្កេតលើឃាតកម្មវីរបណ្ឌិត កែម ឡី មិនទាន់មានតម្លាភាព !!
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែងថា អាជ្ញាធរខ្មែរស៊ើបអង្កេតករណីបាញ់សម្លាប់បណ្ឌិត កែម ឡី នៅមិនទាន់មានតម្លាភាពដូចដែលអ្នកស្រីធ្លាប់បានទទូចស្នើឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបូកសរុបលទ្ធផលការងារបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទី៤ របស់អ្នកស្រី មកកាន់កម្ពុជា កាលពីថ្ងៃទី១៨ សីហា។
បើទោះជាសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការក៏បានកាត់ទោសឲ្យបុរសរូបនេះជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទប្រកាន់ថាបានបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្តី អ្នកស្រី រ៉ូណា ស្មីត នៅតែចាត់ទុកថា ការស៊ើបអង្កេតទៅលើការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
នៅក្នុងដំណើរទស្សនកិច្ចលើកទី៣ មកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦ ពោលគឺ ៣ខែក្រោយការបាញ់សម្លាប់បណ្ឌិត កែម ឡី អ្នកស្រី រ៉ូណា ស្មីត បានអំពាវនាវឲ្យអាជ្ញាធរខ្មែរបើកការស៊ើបអង្កេតប្រកបដោយឯករាជ្យ មិនលម្អៀង និងមានតម្លាភាពលើករណីឃាតកម្មបណ្ឌិត កែម ឡី។
ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទី៤ នៅកម្ពុជា កាលពីថ្ងៃទី១៨ សីហា អ្នកស្រី រ៉ូណា ស្មីត វាយតម្លៃថា ការស៊ើបអង្កេតទៅលើឃាតកម្មបណ្ឌិត កែម ឡី នៅតែមិនទាន់មានតម្លាភាពដដែល៖ «ពាក់ព័ន្ធនឹងឃាតកម្មលើបណ្ឌិត កែម ឡី គេមិនឃើញមានការវិវឌ្ឍន៍អ្វីថ្មីនោះទេ ឬក៏មានការស៊ើបអង្កេតណាមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពនោះឡើយ ដូច្នេះវាមិនឃើញមានការប្រែប្រួលអ្វីនោះទេ»។
បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ជាង ១ឆ្នាំមកហើយ។ បើទោះជាតុលាការបានកាត់ទោសបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតរួចហើយក្តី អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី នៅមិនទាន់អស់ចិត្តនោះទេ និងនៅតែទាមទារឲ្យតុលាការវែកមុខមេខ្លោងដែលនៅពីក្រោយការបាញ់សម្លាប់នេះមកផ្ដន្ទាទោស ព្រោះពួកគេមិនជឿថា អឿត អាង បាញ់សម្លាប់បណ្ឌិត កែម ឡី ដោយសារតែរឿងជំពាក់លុយនោះទេ។
បន្ថែមពីលើនេះ សវនាការកាត់ទោស អឿត អាង ហៅ ជួប សម្លាប់ កាលពីដើមខែមីនា មិនបានជម្រះមន្ទិលសង្ស័យរបស់ពលរដ្ឋឡើយ ជាពិសេសទៅទៀត វីដេអូឃ្លីបដែលតុលាការយកពីហាងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ក្នុងថ្ងៃបាញ់សម្លាប់បណ្ឌិត កែម ឡី ដាក់បង្ហាញនៅក្នុងសវនាការ គឺមានរូបភាពព្រិល បង្ហាញមុខមនុស្សមិនច្បាស់ ចាញ់រូបភាពដែលយកចេញពីកាមេរ៉ាសុវត្ថិភាពដែលគេដាក់នៅតាមផ្លូវទៅទៀត។
លើសពីនេះ ការស៊ើបសង្កេតរបស់អាស៊ីសេរី ដែលបានទៅសាកសួរម្តាយ ប្រពន្ធ មិត្តភ័ក្ដិ និងព្រះសង្ឃដែលធ្លាប់ស្គាល់ អឿត អាង ហៅ ជួប សម្លាប់ ពួកគេអះអាងថា ជួប សម្លាប់ មិនដែលនិយាយពីឈ្មោះបណ្ឌិត កែម ឡី ម្តងណាឡើយ ហើយបើនិយាយថាបណ្ឌិត កែម ឡី ជំពាក់លុយ ជួប សម្លាប់ ចំនួន ៣ពាន់ដុល្លារទៀតនោះ ពួកគេរឹតតែមិនជឿថែមទៀត ដោយសារតែ ជួប សម្លាប់ រកលុយចិញ្ចឹមជីវិតខ្លួនឯងស្ទើរតែមិនរស់ផងនោះ។
ឆ្លើយតបចំពោះការរិះគន់របស់អ្នកស្រី រ៉ូណា ស្មីត អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងនៅថ្ងៃទី២១ សីហា ថា សំណុំរឿងឃាតកម្មនេះកំពុងឋិតនៅក្នុងដៃរបស់តុលាការ ហើយតុលាការក៏កំពុងតែបន្តនីតិវិធីរបស់ខ្លួនដែរ។ លោកថា នៅពេលតុលាការស្នើឲ្យអាជ្ញាធរជួយយ៉ាងណានោះ អាជ្ញាធរនឹងធ្វើតាមការចង់បានរបស់តុលាការ។
លោក ខៀវ សុភ័គ ថ្លែងដែរថា តាមការកត់សម្គាល់របស់លោក ឲ្យតែនៅក្នុងអាណត្តិរបស់ខ្លួន អ្នករាយការណ៍សិទ្ធិមនុស្សតែងរិះគន់រដ្ឋាភិបាលកម្ពុជា តែនៅពេលចប់អាណត្តិទៅវិញ ពួកគេតែងមានសមានចិត្តចំពោះរដ្ឋាភិបាល៖ «រ៉ូណា ស្មីត គាត់ឈររឿងនយោបាយច្រើនជាង។ គាត់មិនមែនជាអ្នកជំនាញទេ ហើយគាត់បំពេញតួនាទីតាមអាណត្តិរបស់គាត់ តាមការកត់សម្គាល់ឃើញថាពេលបំពេញការងារ តែងតែរិះគន់រដ្ឋាភិបាល ប៉ុន្តែខ្ញុំចាប់អារម្មណ៍មួយ ក្រោយការបញ្ចប់បេសកកម្ម គឺជាមិត្តរបស់រដ្ឋាភិបាលវិញ»។
យ៉ាងណាក៏ដោយចុះ ភ្លាមៗក្រោយពីឃាតកម្មលើបណ្ឌិត កែម ឡី មិនត្រឹមតែអ្នកស្រី រ៉ូណា ស្មីត នោះទេដែលបានថ្កោលទោសចំពោះឃាតកម្មនេះ សូម្បីតែអ្នកជំនាញផ្នែកសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) រួមទាំងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ផង សុទ្ធតែបានចេញមុខសម្ដែងការសោកស្តាយ ថ្កោលទោស និងទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតពេញលេញ និងឯករាជ្យ ដើម្បីពិនិត្យមើលគ្រប់ជ្រុងជ្រោយជុំវិញការបាញ់សម្លាប់នេះ។
ក្រោយការកាត់ទោស ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បើទោះជាតុលាការបានសម្រេចបំបែកសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតក្តី តែមកទល់ពេលនេះ គេនៅមិនទាន់ឃើញមិនការវិវឌ្ឍន៍ណាមួយគួរឲ្យកត់សម្គាល់ឡើយ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ចំពោះករណីនេះបានទេនៅថ្ងៃទី២១ សីហា ដោយលោកថាកំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។
ទោះជាយ៉ាងណា ក្រៅពីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតឲ្យឆាប់រហ័ស ហ្មត់ចត់ និងមិនលម្អៀង អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អះអាងថា ពួកគេនឹងបន្តតាមដានករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះយ៉ាងដិតដល់៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទាង ៖ មេធាវីអង់គ្លេស លោករីឆាត រ៉ូជើរ នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence)គ្រោងដាក់ភស្តុតាងបន្ថែមទៅតុលាការICCក្នុងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី
No comments:
Post a Comment