ប្រវត្តិសាស្រ្តប្រៀបធៀបហ្លួងព្រះស្តេចកននឹងព្រះចៅតាកស៊ិនមហារាជឬព្រះចៅក្រុងធនបុរី
ប្រវត្តិសាស្រ្តមួយផ្នែកធំ គឺមនុស្សជាអ្នកសរសេរ ហេតុដូច្នេះហើយ ទើបមានពាក្យមួយនិយាយថា អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្រ្ត ឬប្រវត្តិត្រូវបានសរសេរដោយអ្នកឈ្នះ។
ហ្លួងព្រះស្តេចកន ជាមហាក្សត្រល្អ ឬអាក្រក់ ឬមានគុណសម្បត្តិបែបណានោះ? ត្រូវអាស្រ័យលើអ្នកសរសេរមួយផ្នែកដែរ។ បើអ្នកស្រឡាញ់ព្រះអង្គ គេព្យាយាមបង្ហាញចំណុចល្អឲ្យច្រើន គេមិននិយាយ ឬនិយាយតិចតួចលើគុណវិបត្តិរបស់ព្រះអង្គ តែបើអ្នកមិនចូលចិត្តព្រះអង្គវិញ គេព្យាយាមបង្ហាញគុណវិបត្តិព្រះអង្គ ហើយព្យាយាមមិននិយាយដល់គុណសម្បត្តិព្រះអង្គឡើយ។
ខ្ញុំសូមលើកយកជ្រុងមួយនៃប្រវត្តិព្រះរាជាមួយអង្គ នៅក្នុងប្រវត្តិសាស្រ្តថៃ(ឬស្យ៉ាមប្រទេស) គឺព្រះចៅតាកស៊ិនមហារាជ ឬ ព្រះចៅក្រុងធនបុរី ។ មុននឹងក្លាយជាព្រះមហាក្សត្រនៃក្រុងធនបុរី ព្រះអង្គជាមេទ័ពដ៏អង់អាចក្លាហាននៃក្រុងស្រីអយុធ្យា ។ ក្រោយពីកងទ័ពស្ដេចភូមា បានវាយយកក្រុងស្រីអយុធ្យាបានសម្រេច នៅឆ្នាំ១៧៦៦ ក្រុងស្រីអយុធ្យា ក៏បានបែកបាក់ជារដ្ឋឯករាជ្យ តូចៗ ៦រដ្ឋ ។ មេទ័ព តាកស៊ិន បានកែនកងទ័ពស្យ៉ាម រួចហើយបណ្តេញកងទ័ពភូមាចេញពីក្រុងស្រីអយុធ្យាបានសម្រេច ។
នៅឆ្នាំ ១៧៦៧ ព្រះអង្គបានប្រកាសឡើងគ្រងរាជ្យជាស្តចផែនដី ហើយដូររាជធានី ពីក្រុងស្រីអយុធ្យា មកកាន់ក្រុងធនបុរី ហេតុដូច្នេះហើយ បានប្រជាថៃហៅព្រះអង្គថា ព្រះចៅក្រុងធនបុរី។ ព្រះអង្គគ្រងរាជ្យពីឆ្នាំ ១៧៦៧ ដល់ ១៧៨២។
នៅឆ្នាំចុងក្រោយនៃការគ្រងរាជ្យរបស់ព្រះអង្គ ព្រះចៅតាកស៊ិនត្រឡប់ទៅជាមានសតិវិបល្លាស ។ ឯកសារខ្លះបង្ហាញថា ព្រះអង្គតាំងខ្លួនព្រះអង្គជាព្រះអរហន្តមួយរូប ហើយបង្ខំឲ្យព្រះសង្ឃគោរពព្រះអង្គ។
ប្រជារាស្រ្តបានបះបោរ ហើយចៅពញាចក្រីដួង ដែលជាមេទ័ពព្រះអង្គបានបង្រ្កាបការបះបោរនោះ ហើយបានសម្លាប់សេ្តចតាកស៊ិន ហើយបានប្រកាសឡើងគ្រងរាជជាស្តេចផែនដី។ គឺព្រះចក្រីដួងនេះហើយដែលជាបឋមក្សត្រនៃចក្រីវង្សដល់សព្វថ្ងៃនេះ។
នៅក្នុងប្រវត្តិសាស្រ្តថៃ គេមិនបាននិយាយដល់រឿងព្រះចៅតាកស៊ិនឆ្កួតនោះទេ ហើយគេក៏មិននិយាយដល់រឿង ពញាចក្រីដួង ធ្វើគត់ស្តេចតាកស៊ិនដែរ (មានឯកសារបរទេសខ្លះ ទើបគេសរសេរ) ។ តែគេលើកតម្កើងព្រះចៅតាកស៊ិន ក្នុងឋានៈព្រះអង្គជាអ្នកដណ្តើមឯករាជ្យពីភូមាបានមកវិញ។
ប្រជាថៃហៅព្រះអង្គថា ព្រះចៅតាកស៊ិនមហារាជ ជាព្រះនាមដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះចៅក្រុងធនបុរី ព្រះអង្គនេះ៕
*ខ្ញុំយករឿង ព្រះចៅក្រុងធនបុរី នៃប្រទេសសៀមពីអតីតកាល មកនិយាយទីនេះ ដើម្បីភ្ជាប់នឹងរឿង គុណសម្បត្តិ ហ្លួងព្រះស្តេចកន។
ខ្ញុំសូមឲ្យខ្មែរសិក្សាឲ្យបានគ្រប់ជ្រុង មុនសន្និដ្ឋានថា ព្រះអង្គមានគុណសម្បត្តិបែបណា។
*កំណត់សំគាល់
-ព្រះចៅតាកស៊ិនជាមហាក្សត្រតែមួយអង្គនៃក្រុងធនបុរី គ្រងរាជ្យពីឆ្នាំ ១៧៦៧ ដល់ ១៧៨២ (ReignDecember 28, 1767 – April 6, 1782 )។
-បណ្ឌិតផ្នែកប្រវត្តិសាស្ត្រថៃនិងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យធម្មសាស្ត្រ ថា ប្រវត្តិសាស្ត្រ មានពីរចំណុចដែលត្រូវដឹងគឺ ប្រវត្តិសាស្ត្រពិតតែ២០% ថែមគ្រឿងឬរបោយ ៨០% បើមិនរៀនប្រវត្តិសាស្ត្រឡើយ នឹងងងឹតភ្នែកមួយខាង តែបើរៀនហើយជឿទាំងអស់ឬជឿទាំងស្រុង ដោយមិនប្រើសតិបញ្ញាពិចារណាដោយយោនិសោមនសិការទេ ស្មើងងឹតភ្នែកទាំងសងខាងតែម្ដង !។
អត្ថបទដោយ Nao Sok សម្រួលបន្ថែមដោយកម្សាន្តខ្មែរ
No comments:
Post a Comment