មន្ត្រីសង្គមស៊ីវិលដែលតាមដាននិងធ្វើការងារពាក់ព័ន្ធវិស័យធនធានធម្មជាតិនៅប្រទេសកម្ពុជាថា រដ្ឋាភិបាលបរាជ័យចំពោះបេសកកម្មទប់ស្កាត់ការរត់ពន្ធឈើទៅវៀតណាម !!
មន្ត្រីសង្គមស៊ីវិលដែលតាមដាន និងធ្វើការងារពាក់ព័ន្ធវិស័យធនធានធម្មជាតិ នៅប្រទេសកម្ពុជា មើលឃើញកាន់តែច្បាស់ថា វិធានការរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បិទការរត់ពន្ធឈើទៅក្រៅប្រទេស គឺបរាជ័យទាំងស្រុង។ ការអះអាងបែបនេះ ក្រោយពេលការនាំឈើចេញទៅក្រៅប្រទេសនៅតែកើតមានឡើង ហើយរបាយការណ៍អង្គការអន្តរជាតិបង្ហាញថា ស្ថានភាពនាំឈើចេញទៅប្រទេសវៀតណាម កាន់តែអាក្រក់ឡើង។
មន្ត្រីអង្គការសង្គមស៊ីវិល មើលឃើញថា មិនត្រឹមតែស្ថាប័ននីតិប្រតិបត្តិរបស់រាជរដ្ឋាភិបាល ដែលបរាជ័យចំពោះកិច្ចការពារព្រៃឈើ និងការរត់ពន្ធឈើចេញទៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថាប័នតុលាការក៏បរាជ័យដូចគ្នាដែរ។ ការលើកឡើងបែបនេះ ព្រោះចាប់តាំងពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កាលពីខែមករា ឆ្នាំ២០១៦ មក ឈើខុសច្បាប់រាប់ម៉ឺនម៉ែត្រគូបត្រូវបានសមត្ថកិច្ចរឹបអូស និងបញ្ជូនសំណុំរឿងទៅតុលាការ ប៉ុន្តែមកទល់ពេលនេះ គ្មានជនល្មើសណាម្នាក់ត្រូវបានចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ឡើយ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារព្រៃឈើ និងទប់ស្កាត់មិនឱ្យរត់ពន្ធឈើចេញទៅក្រៅប្រទេសមានច្រើន ប៉ុន្តែមិនមានប្រសិទ្ធភាពយូរអង្វែងទេ។ ជាក់ស្ដែងរបាយការណ៍ជាតិ និងអន្តរជាតិបង្ហាញពីចំនួនឈើនាំចេញទៅប្រទេសវៀតណាម គឺមានច្រើនដដែល បើទោះបីជារាជរដ្ឋាភិបាលចេញបម្រាមមិនឱ្យនាំឈើចេញទៅក្រៅប្រទេសក្តី។
លោកបន្ថែមថា កន្លងមកទិន្នន័យគយវៀតណាម និងកម្ពុជា បង្ហាញពីភាពខុសគ្នាស្រឡះដូចមេឃនិងដីដែលបញ្ជាក់ថា ចំនួនឈើនាំចូលទៅប្រទេសវៀតណាម យ៉ាងច្រើនគឺជាឈើខុសច្បាប់៖ «បើយើងវិភាគទៅជាការបរាជ័យរបស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ រួមជាមួយនឹងស្ថាប័នតុលាការ ដែលជាស្ថាប័នផ្ដន្ទាទោសឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសព្រៃឈើ»។
កាលពីថ្ងៃទី៨ ខែឧសភា អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិហៅកាត់ថា អ៊ី.អាយ.អេ (EIA) បានផ្សាយរបាយការណ៍ "ជនល្មើសមុខដដែល" ហើយក្រុមស៊ើបអង្កេតបានរកឃើញថា ឈើមូលប្រមាណ ៣០ម៉ឺនម៉ែត្រគូបត្រូវបានវៀតណាម នាំចូលពីប្រទេសកម្ពុជា ដែលគេកាប់ពីតំបន់ព្រៃអភិរក្សកម្ពុជា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧។ អង្គការដដែលនេះ រកឃើញថា គ្រាន់តែពីខែមករា ឆ្នាំ២០១៦ ដល់ត្រឹមខែមីនា ឆ្នាំ២០១៧ មន្ត្រីគយវៀតណាម បានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើអំពីឈើចេញពីប្រទេសកម្ពុជា ទៅកាន់វៀតណាម មានទឹកប្រាក់រហូតជិត ៣០០លានដុល្លារអាមេរិក។ ទីភ្នាក់ងារមួយនេះ បានចោទមន្ត្រីអាជ្ញាធរនៃប្រទេសទាំងពីរ យកលុយសំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីឈ្មួញឈើ ជាថ្នូរការបើកទ្វារឲ្យកាប់ឈើ និងជួញដូរឈើខុសច្បាប់។
ជាងនេះទៀត កាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិមួយឈ្មោះ ហ្វ័រ៉េស ត្រេន (Forest Trend) ដែលទទួលបានទិន្នន័យពីគយវៀតណាម ស្តីពីការនាំឈើចេញពីប្រទេសកម្ពុជា បង្ហាញថា រយៈពេល ១ឆមាសដើមឆ្នាំ២០១៧ ឈើដែលនាំចូលពីប្រទេសកម្ពុជា គឺមានចំនួនជាង ៣សែនម៉ែត្រគូប (៣១៣.០០០) និងមានតម្លៃ ១៤២ដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះ ត្រូវបានចុះបញ្ជីដោយគយវៀតណាម ចន្លោះពីខែមករា ដល់ខែមិថុនា ហើយចំនួននេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងចំនួននាំឈើចេញពីប្រទេសកម្ពុជា ពេញមួយឆ្នាំ កាលពីឆ្នាំ២០១៦ ដែលមានចំនួនខុសគ្នាប្រមាណ ៥ពាន់ម៉ែត្រគូបប៉ុណ្ណោះ (៣១៨.២៣២)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) កាលពីថ្ងៃទី១៦ ខែសីហា។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ព្រមទាំងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានទេ នៅថ្ងៃទី១៨ ខែសីហា។
កាលពីខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង គឺដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ ការនាំឈើចេញទៅក្រៅប្រទេសដោយខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងៗទៀត នៅភាគឦសាន ប៉ុន្តែក្រោយមកបានពង្រីកវិសាលភាពការងាររបស់ខ្លួននៅទូទាំងប្រទេស។
ជាងមួយឆ្នាំមកហើយដែលគណៈកម្មការជាតិមួយនេះបង្កើតឡើង ហើយបង្ក្រាបបានឈើប្រណិតជាង ៧ម៉ឺនម៉ែត្រគូប ក្នុងរយៈពេលប្រមាណ ៣ ដំបូង និងត្រូវបានរាជរដ្ឋាភិបាលដាក់ដេញថ្លៃលក់ថែមទៀតផង ប៉ុន្តែជនល្មើសពាក់ព័ន្ធសំណុំរឿងទាំងនេះ ដែលរួមមានទាំងឧកញ៉ាមួយចំនួនផង មិនត្រូវបានចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ទេ។
លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា មូលហេតុបណ្ដាលឱ្យបទល្មើសព្រៃឈើ និងការរត់ពន្ធឈើចេញទៅប្រទេសវៀតណាម នៅតែកើតមានឡើង គឺដោយសារវប្បធម៌និទ្ទណ្ឌភាពតែម្ដង៖ «ភាពរួចទោសហ្នឹងហើយដែលធ្វើឱ្យក្រុមឧកញ៉ា ក្រុមឈ្មួញ ឬក៏មន្ត្រីៗ ដែលជាប់ពាក់ព័ន្ធបទល្មើសហ្នឹង លោកមិនមានការភ័យខ្លាចទៅនឹងការអនុវត្តច្បាប់»។
នៅពេលគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាប់រថយន្តដឹកឈើ និងចុះដល់កន្លែងស្តុកទុកឈើជាច្រើននៅខេត្តមួយចំនួន ដូចជាខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី កន្លងមក មានសេចក្ដីរាយការណ៍ជាច្រើនលើកឡើងចំឈ្មោះឧកញ៉ាមួយចំនួនដែលពាក់ព័ន្ធបទល្មើសទាំងនោះ ដូចជាឧកញ៉ា ទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ាថៃ នៅស្រុកអូររាំងឪ និងឈ្មួញជាច្រើនទៀត។
អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ លោក ហាក់ សៀកលីម មិនទាន់អាចនិយាយអំពីដំណើរការនីតិវិធីជុំវិញសំណុំរឿងទាំងនេះបានទេ ដោយលោកបញ្ជាក់ដូចសព្វដងថា លោកត្រូវការពេលវេលាដើម្បីសាកសួរអ្នកកាន់សំណុំរឿងទាំងនោះជាមុនសិន៖ «ដល់អ៊ីចឹង ខ្ញុំមិនដឹងថា ខ្ញុំអាចប្រមូលព័ត៌មានកម្រិតណាដែរ ប៉ុន្តែខ្ញុំនឹងព្យាយាម រកព័ត៌មានមកជូនតាមលទ្ធភាពរបស់ខ្ញុំ»។
ទោះបីជាមានទិន្នន័យ និងរបាយការណ៍ស្តីពីវិនាសកម្មព្រៃឈើនៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ក្តី ប៉ុន្តែកន្លងមកមន្ត្រីរាជរដ្ឋាភិបាលតែងបដិសេធជានិច្ច។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញការពារព្រៃឡង់ លោក សេង សុខហេង បារម្ភថា វាសនាព្រៃឈើនឹងវិនាសហិនហោចក្នុងរយៈពេលដ៏ខ្លី ប្រសិនបើរាជរដ្ឋាភិបាលមិនអាចចាត់វិធានការផ្លូវច្បាប់ចំពោះឧក្រិដ្ឋជនធំៗ ដែលពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញទៅក្រៅប្រទេសដោយខុសច្បាប់បានទេ។ លោកយល់ថា ការបដិសេធចំពោះរាល់របាយការណ៍ និងការរកឃើញរបស់អង្គការជាតិ និងអន្តរជាតិពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលនោះ គឺគ្រាន់តែដើម្បីបិតបាំងភាពបរាជ័យរបស់ខ្លួនក្នុងកិច្ចការពារព្រៃឈើប៉ុណ្ណោះ៖ «អ៊ីចឹងគាត់បានប្តេជ្ញាថា នឹងបិទអាជីវកម្ម ប្តេជ្ញាថា ទប់ស្កាត់បទល្មើសព្រៃឈើគ្រប់រូបភាពទាំងអស់ ប៉ុន្តែផ្ទុយទៅវិញ មកទល់ពេលនេះ ការធ្វើអាជីវកម្មឈើមិនត្រូវបានថយចុះទេ»។
សង្គមស៊ីវិលរូបនេះមើលឃើញថា ការអនុវត្តច្បាប់ចំពោះជនល្មើស ពិសេសមន្ត្រី ឧកញ៉ាធំៗ គឺមានភាពស្មុគស្មាញ ដោយសារបញ្ហានយោបាយ និងការរំលោភអំណាចផង ពោលគឺមន្ត្រីទាំងនោះមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមន្ត្រីកំពូលៗ ក្នុងជួររាជរដ្ឋាភិបាល។ បន្ថែមពីនេះ អំពើពុករលួយជាប្រព័ន្ធ គឺជាមូលហេតុធ្វើឱ្យជនល្មើសរួចផុតពីសំណាញ់ច្បាប់ ហើយព្រៃឈើកាន់តែប្រឈមក្ដីមហន្តរាយ៕
ព័ត៌មានទាក់ទង៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរបំផុតក្នុងលោកនេះ!! ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យាថា នឹងកាត់កខ្លួនឯងចោល មន្ត្រីអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានផ្តាំទៅលោក ហ៊ុន សែន កុំឲ្យធ្វើបាបខ្លួនឯង !!
អង្គការណាសាបង្ហាញទិន្នន័យថាព្រៃឈើនៅកម្ពុជាកំពុងហិនហោចលឿនខ្លាំង
No comments:
Post a Comment