អង្គការ​ណាសា​បង្ហាញ​ទិន្នន័យ​ថា​ព្រៃ​ឈើ​នៅ​កម្ពុជា​កំពុង​ហិនហោច​លឿន​ខ្លាំង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អង្គការ​ណាសា​បង្ហាញ​ទិន្នន័យ​ថា​ព្រៃ​ឈើ​នៅ​កម្ពុជា​កំពុង​ហិនហោច​លឿន​ខ្លាំង

អង្គការ​ណាសា​បង្ហាញ​ទិន្នន័យ​ថា​ព្រៃ​ឈើ​នៅ​កម្ពុជា​កំពុង​ហិនហោច​លឿន​ខ្លាំង

Share This
loading...

រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​ព្រៃ​ឈើ​ដែល​គ្រប​ដណ្ដប់​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៤។ Photo courtesy of NASA


ទិន្នន័យ​របស់​អង្គការ​ណាសា (NASA) ដែល​ទើប​ចេញ​ផ្សាយ​បង្ហាញ​ថា ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា កំពុង​បាត់បង់​លឿន​ខ្លាំង ហើយ​កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​អត្រា​ការ​កាប់​ព្រៃ​ឈើ​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ទោះ​ជា​យ៉ាង​ណា ក្រសួង​បរិស្ថាន​កម្ពុជា ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ទប់ស្កាត់​ការ​កាប់​ព្រៃ​ឈើ​ដោយ​យន្តការ​ម៉ឺងម៉ាត់។

អង្គការ​ណាសា នៅ​សហរដ្ឋ​អាមេរិក ដែល​ជំនាញ​ខាង​ផ្នែក​លំហ​អាកាស បាន​បោះពុម្ព​ផ្សាយ​រូបភាព​ថត​ដោយ​ផ្កាយ​រណប ដោយ​បច្ចេកវិទ្យា​លែនសាដ (Landsat)។ រូបភាព​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ព្រៃ​ឈើ​ដែល​គ្រប​ដណ្ដប់​នៅ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤។ តាម​រយៈ​រូបភាព​នេះ កម្ពុជា បាន​បាត់បង់​ព្រៃឈើ​អស់​ជាង ១,៤​លាន​ហិកតារ (១,៤៤​លាន​ហិកតារ) ឬ​ជាង ១៤,៤​ភាគរយ។

ណាសា ឲ្យ​ដឹង​ថា ព្រៃ​ការពារ​ក៏​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដែរ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ។ ព្រៃ​ឈើ​ភាគច្រើន ត្រូវ​គេ​កាប់​ដើម្បី​រាន​ធ្វើ​ចម្ការ​កៅស៊ូ និង​ដើម្បី​យក​ឈើ​ប្រណិត។

អ្នក​ស្រាវជ្រាវ​ដែល​បាន​ប្រើ​ទិន្នន័យ​ពី​រូបភាព​ផ្កាយ​រណប និង​ទិន្នន័យ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ដទៃ​ទៀត​គូស​បញ្ជាក់​ថា បម្រែបម្រួល​តម្លៃ​ជ័រ​កៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​កើន​ឡើង​ឆាប់​រហ័ស​នៃ​ការ​ផ្តល់​ដី​សម្បទាន ជា​មូលហេតុ​ចម្បង​ពន្លឿន​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស ដើម្បី​ធ្វើ​ចម្ការ​កសិកម្ម​ការ​ផលិត​ឈើ​ប្រណិត ជាដើម។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ព្រៃ​ឈើ​នៅ​ក្នុង​ដី​សម្បទាន​បាត់បង់​លឿន​ជាង​ព្រៃ​ឈើ​ដែល​នៅ​ក្រៅ​ដី​សម្បទាន ចន្លោះ​ពី ២៩ ទៅ ១០៥​ភាគរយ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​រក​ឃើញ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០១៥ ផ្ទៃដី​ទំហំ​ជាង ១​លាន ៥​សែន​ហិកតារ (១.៥៣២.៧៨៣​ហិកតារ) នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៦៧ ដោយ​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​១៨។

ក្រុមហ៊ុន​១២៨ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទីតាំង​ត្រួត​ស៊ី​គ្នា​លើ​តំបន់​ព្រៃ​ស្រោង និង​ព្រៃ​ពាក់​កណ្ដាល​ស្រោង ហើយ​ក្រុមហ៊ុន​៧២ ទទួល​បាន​ដី​សម្បទាន​ដែល​ត្រួត​លើ​តំបន់​ការពារ និង​ព្រៃ​ការពារ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ឃើញ​ទិន្នន័យ​របស់​ណាសា​នេះ​ទេ។ ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ម៉ឺងម៉ាត់។ លោក សៅ សុភាព លើក​ពី​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដូចជា​ការ​ដក​ហូត​ដី​សម្បទាន ការ​ចេញ​បទបញ្ជា​លេខ​០១ សារាចរ​លេខ​៥ ការ​បង្កើត​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ការ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ និង​ការ​ដាក់​ពង្រាយ​មន្ត្រី​បរិស្ថាន ដើរ​ល្បាត​ព្រៃ និង​អនុវត្ត​ច្បាប់​ព្រៃ​ឈើ៖ «យើង​មាន​គោលការណ៍​ច្បាប់។ អ្នក​ណា​ប្រព្រឹត្ត​ខុស​ច្បាប់ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។ ដូច្នេះ​យើង​មាន​ច្បាប់​ត្រូវ​តែ​ពង្រឹង។ ធ្វើ​សកម្មភាព​ការពារ និង​អភិរក្ស។ អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់»។

អង្គការ​ណាសា បញ្ជាក់​ថា បើ​ទោះ​ជា​ប្រទេស​ជាច្រើន​ទៀត​កំពុង​បាត់បង់​ព្រៃ​ឈើ​ជាច្រើន​ហិកតារ​ជាង​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី ក៏ប៉ុន្តែ​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា មាន​សភាព​ខ្លាំងក្លា​ជាង។

ក្នុង​មួយ​ឆ្នាំៗ ប្រទេស​សេរ៉ាឡេអូន បាត់បង់​ព្រៃ​ឈើ ១២,៦​ភាគរយ ម៉ាដាហ្គាស្កា ៨,៣​ភាគរយ អ៊ុយរ៉ាហ្គាយ ៨,១​ភាគរយ និង​ប៉ារ៉ាហ្គាយ ៧,៧​ភាគរយ៕



















No comments:

Post a Comment