បទវិភាគ៖ តុលាការរដ្ឋបាល ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បទវិភាគ៖ តុលាការរដ្ឋបាល ដោយ មេធាវី សុក សំអឿន

បទវិភាគ៖ តុលាការរដ្ឋបាល ដោយ មេធាវី សុក សំអឿន

Share This

មានមនុស្សជាច្រើនណាស់ដែលនិយាយថា កម្ពុជាមិនមានតុលាការរដ្ឋបាល ហើយក៏មានអ្នកវិភាគ និង អ្នកនយោបាយខ្លះស្នើឲ្យមានដើម្បីឲ្យស្ថាប័នរដ្ឋកាន់តែទទួលខុសត្រូវលើទង្វើរបស់ខ្លួន។ មែន ពិតជាមិនមានតុលាការណាមួយដាក់ឈ្មោះថា “តុលាការរដ្ឋបាល” មែន។ ប៉ុន្តែ មិនជាការពិតទាំង​ស្រុងនោះទេ។

យោងទៅតាមមាត្រា ១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា អំណាច​តុលាការ​គ្រប​ដណ្តប់​លើ​រឿង​ក្តី​ទាំង អស់ រួមទំាំងរឿងក្តីរដ្ឋបាលផង។ ដូចនេះ គឺមានន័យថា សាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការ​កំពូលសព្វថ្ងៃមានសមត្ថកិច្ច និង យុត្តាធិការគ្រប់គ្រាន់លើរឿងក្តីរដ្ឋបាលផង។ ពោលគឺ យើងអាចប្តឹងវិវាទបែបនេះ តុលាការសព្វថ្ងៃបាន ។

ប៉ុន្តែប្រការសំខាន់ ត្រង់ថា មិនមាននរណាម្នាក់ប្តឹងទៅតុលាការនោះឡើយ។ ហើយមូលហេតុនៃការ​គ្មានអ្នកប្តឹងគឺត្រង់ថា មិនមានច្បាប់ចែងច្បាស់លាស់ថា តើគេអាចប្តឹងឈ្នះឬអត់? តុលាការ​ហ៊ាន​កាត់​ឲ្យ​ស្ថាប័នរដ្ឋខុសដែរឬទេ? ហើយបើឈ្នះហើយ អ្នកហ៊ានប្តឹងនោះនឹងបានសំណងជាអ្វីខ្លះ? តើ​ចៅ​ក្រម ដ៏គ្មានធនធាន គ្មានអំណាច ត្រឹមថ្នាក់នៅសាលាដំបូង ហ៊ានថា ចៅហ្វាយខេត្តខុស រដ្ឋមន្រ្តី​ខុស ឧត្តមសេនីយធ្វើខុស ដែរ ឬទេ?

ចំណោទដែលបានលើកឡើងមកនេះ មិនដឹងថា ចំណុចណាពិតខ្លះនោះទេ ប៉ុន្តែវាគឺជាការបារម្ភ​របស់ ប្រជារាស្រ្ត ហើយដើម្បីឲ្យវិវាទរដ្ឋបាលបានដោះស្រាយដោយប្រសិទ្ធិភាពនោះ ត្រូវ​តែ​ធ្វើ​យ៉ាងណា​ដោះស្រាយឲ្យអស់នូវបញ្ហាខាងលើ ។

ជាអនុសាសន៍៖

. ត្រូវមានច្បាប់រដ្ឋបាលមួយ ដែលចែងឲ្យច្បាស់ពីយន្តការបណ្តឹង និង សំណង ។​

២. ប្រជារាស្រ្តត្រូវមានសិទិ្ធប្តឹងតវ៉ា កាលបើសេចក្តីសម្រេចណាមួយរបស់ស្ថាប័នរដ្ឋ ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់ខ្លួន ។​

៣.​ ក្នុងករណីរាស្រ្តឈ្នះក្តី​ ស្ថាប័នរដ្ឋត្រូវចេញសំណងជំងឺចិត្តដល់រាស្រ្ត (ជាពិសេសសថ្លៃសេវាផ្លូវ​ច្បាប់) តែបើរាស្រ្តចាញ់ មិនត្រូវ​មានសំណងជំងឺចិត្តទៅស្ថាប័នរដ្ឋនោះទេ ព្រោះការចំណាយ​របស់​ស្ថាប័នរដ្ឋ គឹជាលុយរបស់រាស្រ្ត​ស្រាប់ហើយ ។

៤. យន្តការប្តឹងផ្ទាល់ទៅតុលាការ៖ បណ្តឹងខ្លះ ដែលពាក់ព័ន្ធនឹងស្ថាប័នរដ្ឋធំៗនោះ គួរតែរំលង​យុត្តា​ធិការសាលាដំបូង ព្រោះអាច​ចៅក្រមសាលាដំបូង មានឋានៈទាប មិនអាចហ៊ានកាត់ក្តី អ្នក​មាន​ឋានៈខ្ពស់ (សូមទោស បើមាន​ការប៉ះ​ពាល់ដល់អារម្មណ៍លោកអ្នក)។ ឧទាហរណ៍ ប្រសិន​បើ​ការ​សម្រេច​នោះធ្វើឡើងដោយរដ្ឋ​មន្រ្តី ឡើងទៅ បណ្តឹងត្រូវប្តឹងចូលសាលាឧទ្ធរណ៍តែម្តង ។

៥. ខ្ញុំមានទស្សនៈថា គួរតែប្រើយន្តការដែលមានស្រាប់ មិនចាំបាច់បង្កើតថ្មីនោះទេ ។

៦. យន្តការដ្ឋបាល៖ បើជាការប្រសើរ គួរតែមានយន្តកាដោះស្រាយរដ្ឋបាល​ក្នុងស្ថាប័ន​សាម៉ី​ជា​មុន​សិន។ ប៉ុន្តែបើក្នុង ករណីនេះ គួរតែមានយន្តការប្តឹងតវ៉ាបញ្ជូនទៅសាលាឧទ្ធរណ៍តែម្តង បើ​ភាគីណា មិនសុខចិត្ត ដោយមិនចាំបាច់ប្តឹងចូលសាលាដំបូងនោះទេ (យន្តការ​បែបនេះ​មាន​ប្រើ​ហើយសម្រាប់វិវាទ​សេចក្តីសម្រេចរបស់គណមេធាវី) ។

ដោយ មេធាវី សុក សំអឿន
ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៧

ប្រភព : Sok Sam Oeun

No comments:

Post a Comment