ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​វៀតណាម! តើខ្មែរណាមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនបរទេស? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​វៀតណាម! តើខ្មែរណាមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនបរទេស?

ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​វៀតណាម! តើខ្មែរណាមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនបរទេស?

Share This


សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន​ក្នុង​ខេត្ត​នេះ ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ពេល​កន្លង​ទៅ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ធ្វើ​ការ​ស៊ើបអង្កេត​រក​ប្រភព​នៃ​ការ​ទទួល​បាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ពី​ពួកគេ​នោះ​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​បាន​ប្ដឹង​អំពី​បញ្ហា​នេះ​រាប់​រយ​ករណី​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ​នោះ​ឡើយ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា មិន​ដែល​ទទួល​បាន​បណ្ដឹង​នោះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​ប្ដឹង​ករណី​នេះ​មក​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ។

ខណៈ​ស្ថានការណ៍​នយោបាយ​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អំពី​ភាព​ស្របច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បញ្ហា​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី​នោះ​នៅ​ថ្នាក់​មូលដ្ឋាន​វិញ សកម្មជន​គណបក្ស​ប្រឆាំង​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ នឹង​ធ្វើ​ឡើង​ដោយ​មិន​តម្លាភាព ដោយ​សេរី និង​យុត្តិធម៌​នោះ​ឡើយ។

ពួកគេ​អះអាង​ថា កន្លង​មក​មាន​ជនជាតិ​វៀតណាម ជា​ច្រើន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​គ្មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ ក្នុង​ការ​ចូល​សញ្ជាតិ​ខ្មែរ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ត្រា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​បាន​ប្ដឹង​ករណី​ជនជាតិ​វៀតណាម ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តែ​គ្មាន​លិខិត​បញ្ជាក់​អំពី​ឯកសារ​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប ដែរ តែ​រហូត​មក​ទល់​ពេល​នេះ គ្មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​នោះ​ឡើយ៖ «គាត់​មិន​មាន​ឯកសារ​ចូល​សញ្ជាតិ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ តែ​គាត់​មាន​អត្តសញ្ញាណប័ណ្ណ ហើយ​មាន​សៀវភៅ​គ្រួសារ​សម្រាប់​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​វា​ត្រូវ​ទៅ​នឹង​នីតិវិធី របស់ គ.ជ.ប ដែល​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ឆ្នោត​មាន​ត្រឹមតែ​សៀវភៅ គ្រួសារ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ជនជាតិ​វៀតណាម ទាំង​នោះ​គាត់​មិន​បាន​ចូល​សញ្ជាតិ​ជា​ខ្មែរ​ទេ»។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ សម្រាប់​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ខេត្ត​នេះ​មាន​ចំនួន ២.៣៩៧​គ្រួសារ ស្មើ​នឹង ១​ម៉ឺន ៨៧​នាក់ ហើយ​អ្នក​ទាំង​នោះ​មិន​ទាន់​ចូល​សញ្ជាតិ​ខ្មែរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​នេះ​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​វៀតណាម ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ចំនួន ៥៤​នាក់។


ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ពាមញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chin Chetha

លោក ដួង ចន្ត្រា មាន​ប្រសាសន៍​បន្ត​ថា ពលរដ្ឋ​វៀតណាម ក្នុង​ខេត្ត​កំពង់ឆ្នាំង អាច​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដោយ​ងាយ​ប្រសិន​បើ​មាន​លុយ៖ «នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ទាំង​មូល​ដែល​ខ្ញុំ​ទទួល​បាន​ឲ្យ​តែ​មាន​ថវិកា​ផ្ដល់​ជូន​មន្ត្រី​អត្រានុកូលដ្ឋាន​ហ្នឹង គឺ​គេ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​តែម្ដង។ ពួកគាត់​មិន​បាន​សួរ​ថា តើ​ចូល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​ណា​នោះ​ទេ ឲ្យ​តែ​មាន​លុយ​គឺ​ធ្វើ​ឲ្យ​តែម្ដង»។

​សេចក្ដី​ប្រកាស​របស់ គ.ជ.ប ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​២០១៦ ចែង​ថា ជន​ណា​ក៏ដោយ​ឲ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជន​នោះ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ជនបរទេស​ដែល​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​លុះ​ត្រា​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិតមារយាទ និង​សីលធម៌​ល្អ​ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​ទី​លំនៅ​របស់​ខ្លួន។

មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ ហើយ​រស់​នៅ​ជាប់​លាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៧​ឆ្នាំ។ ចេះ​និយាយ សរសេរ យល់​ដឹង​ពី​ប្រវត្តិ និង​ទទួល​យក​បាន​ពី​ប្រពៃណី ទំនៀម​ទម្លាប់​របស់​ខ្មែរ ហើយ​មាន​ការ​ឡាយ​ព្រះ​ហត្ថលេខា​ពី​ព្រះមហាក្សត្រ។

​ចំណែក​មាត្រា​៣៤ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត​ចាប់​ពី​អាយុ ១៨​ឡើង​ទៅ ហើយ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មាន​អាយុ​យ៉ាង​តិច​ពី ២៥​ឆ្នាំ​ឡើង​ទៅ។

អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក ទត គឹមស្រូយ ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ប្រភព​ដើម​នៃ​ការ​ទទួល​បាន​សញ្ជាតិ វា​គឺជា​ការ​កេង​ប្រវ័ញ្ច​ផ្នែក​នយោបាយ​ពី​ខាង​គណបក្ស​កាន់​អំណាច៖ «អា​នេះ​វា​ជា​ល្បិច​របស់​គណបក្ស​កាន់​អំណាច។ បាទ! ការ​ចុះ​ឈ្មោះ​ថ្មី​ហ្នឹង​ខាតបង់ អា​ហ្នឹង​ឯង។ អត្តសញ្ញាណប័ណ្ណ​ដែល​គេ​យក​ទៅ​ចុះ​ឈ្មោះ​នោះ​គេ​អនុញ្ញាត​រហូត​ដល់​ហួស​សុពលភាព​ទៅ​ទៀត»។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រសិនបើ​មាន​ជនជាតិ​វៀតណាម ណា​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់ ហើយ​យក​ចុះឈ្មោះ​បោះឆ្នោត​នោះ៖ «ក្នុង​ករណី​ដែល​មាន​ជនជាតិ​យួន​កាន់​កាត​ខ្មែរ​ហើយ​ប្ដឹង​មក។ គ្មាន​អាណា​ក្បាល​យួន​ខ្លួន​ខ្មែរ​ដូច​ពួកវា​ចោទ​ប្រកាន់​នោះ​ទេ។ ខ្មែរ​ស្រឡាញ់​ខ្មែរ​ដូច​តែ​គ្នា​ទេ។ បើ​ដឹង​ថា យួន​កាន់​កាត​ខ្មែរ​ហើយ​ប្ដឹង​មក​ចុះ»។

​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខេត្ត​ដែល​សម្បូរ​ជនជាតិ​វៀតណាម មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​តែ​មិន​មាន​ច្បាប់​គ្រប់គ្រាន់ ហើយ​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​មាន​ដូចជា​ខេត្ត​កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង រតនគិរី មណ្ឌលគិរី ក្រចេះ ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ និង​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ប្ដឹង​អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​សំណាក់​ជនជាតិ​វៀតណាម ដើម្បី​បោះឆ្នោត​ក្នុង​ទឹកដី​ខ្មែរ​នេះ​រាប់​រយ​ករណី​មក ប៉ុន្តែ គ.ជ.ប និង​ក្រសួង​មហាផ្ទៃ ហាក់​នៅ​ព្រងើយកន្តើយ ហើយ​គ្មាន​ចំណាត់​ការ​ចំពោះ​បញ្ហា​ទាំង​នេះ៖ «បាទ! វា​មិន​ដែល​បាន​ទទួល​ជោគជ័យ​ទេ ពីព្រោះ​ខាង គ.ជ.ប ក៏​មាន​អំណះអំណាង​ថា គាត់​ធ្វើ​តាម​ច្បាប់ ព្រោះ​គេ​មាន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​មិន​បាន​និយាយ​ទៅ​ដល់​ថា មាន​អត្តសញ្ញាណប័ណ្ណ​តែ​មិន​មាន​ព្រះរាជក្រឹត្យ ហើយ​ច្បាប់​ចែង​ហើយ​ថា មាន​សញ្ជាតិ​ទាល់​តែ​មាន​ព្រះរាជក្រឹត្យ។ អ៊ីចឹង​វា​ចូល​ទៅ​ដល់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​របស់​តុលាការ​ហើយ​ក្នុង​ការ​ស៊ើប​អង្កេត។ បើ​នៅ​ប្រទេស​គេ​សមត្ថកិច្ច​ហ្នឹង​មិន​ចាំបាច់​មាន​អ្នកណា​ប្ដឹង​ទេ អោយ​តែ​មាន​ភាព​មិន​ប្រក្រតី​គឺ​គេ​ចាត់​វិធានការ​ស៊ើប​អង្កេត​ហើយ»។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ត្រូវ​ធ្វើ​សវនកម្ម ឬ​សើរើ​ឡើង​ចំពោះ​អត្តសញ្ញាណប័ណ្ណ​ដែល​ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម ថា​តើ​អត្តសញ្ញាណប័ណ្ណ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​ចូល​សញ្ជាតិ​របស់​កម្ពុជា​ដែរ ឬ​យ៉ាង​ណា​នោះ៖ «បើ​យើង​ធ្វើ​សវកម្ម​អត្តសញ្ញាណប័ណ្ណ​យើង​នឹង​ដឹង​ថា មាន​បញ្ហា​អ្វី​ខ្លះ​អំពី​ការ​ចេញ។ យើង​នៅ​មាន​មន្ទិលសង្ស័យ​ចំពោះ​មន្ត្រី​ដែល​ចេញ​អត្តសញ្ញាណប័ណ្ណ​ធ្វើការ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ ឬ​យ៉ាង​ណា​នោះ»។

​ឯកសារ​ដែល​អាស៊ីសេរី បាន​ទទួល​ពី​ប្រភព​ដែល​ជឿ​ទុក​ចិត្ត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឯ​ណោះ​វិញ រក​ឃើញ​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ និង​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មូលដ្ឋាន​ថែម​ទៀត។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដោយ​មិន​បាន​ឆ្លងកាត់​នីតិវិធី​ច្បាប់​ស្ដីពី​សញ្ជាតិ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

​រហូត​មក​ទល់​ពេល​នេះ អ្នក​ទាំង​នោះ​ខ្លះ​មាន​តួនាទី​ក្នុង​អាជ្ញា​មូលដ្ឋាន​របស់​ខ្មែរ​ថែម​ទៀត ដូចជា​មាន​ឋានៈ​ជា​ប្រធាន​ភូមិ ឬ​ប្រធាន​ការពារ​ភូមិ​ជាដើម​ដែល​អ្នក​ទាំង​នោះ​មាន​អំណាច​អាច​ទាក់ទង​ជាមួយ​សមត្ថកិច្ច​ខ្មែរ​បាន​យ៉ាង​ងាយ៕


មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៣។ RFA/Chin Chetha RFA/Chin Chetha

loading...

No comments:

Post a Comment