ក្រុមអ្នកឃ្លាំមើលថា "ប្រសិនបើកម្ពុជាអត់ពីបុរសខ្លាំង ហ៊ុន សែន ទៅនោះ ប្រទេសជាតិខ្មែរនឹងកាន់តែមានសុខសន្តិភាព ហើយសង្គមកាន់តែមានភាពសុខដុមរមនាក្រោមនីតិរដ្ឋ"
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា និយាយថា ប្រសិនបើកម្ពុជា អត់ពីលោក ហ៊ុន សែន ទៅ នោះពលរដ្ឋនៃប្រទេសនេះកាន់តែរស់ដោយភាពសុខសាន្ត ហើយរដ្ឋសភាជាតិនឹងធ្វើការជ្រើសរើសរដ្ឋាភិបាលថ្មីបានល្អជាងមុន។ ក្រុមអ្នកឃ្លាំមើលសង្គមយល់ឃើញទៀតថា គ្មានហេតុផលណាមួយដែលនាំឲ្យមានសង្គ្រាមផ្ទុះឡើង នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោតនោះទេ ព្រោះគណបក្សនេះគ្មានកម្លាំងទ័ព ហើយមេទ័ពជាច្រើនក៏មិនចង់ធ្វើសង្គ្រាមសម្លាប់ជាតិសាសន៍ឯងនោះដែរ។
មេដឹកនាំខ្មែរតែងអួតមិនដាច់ពីមាត់ថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលដែលរក្សាសុខសន្តិភាពភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។
លោក ហ៊ុន សែន តែងប្រកាសប្រាប់សាធារណជនថា មានតែរដ្ឋាភិបាលរបស់លោកទេ ដែលខិតខំប្រឹងប្រែងធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសចាកផុតពីភាពក្រីក្រ ចាក់ផុតពីគ្រោះទុរភិក្ស ហើយរស់នៅដោយសុវត្ថិភាពក្នុងប្រទេស។ ប៉ុន្តែក្រៅពីការអួតទាំងនេះ លោក ហ៊ុន សែន ក៏ពូកែខាងគំរាមក្នុងការធ្វើសង្គ្រាមជាមួយជនណាដែលហ៊ានប្រជែងអំណាចជាមួយលោកមិនស្ទើរដែរ សូម្បីតែប្រសិនបើលោកស្លាប់ក៏ដោយ ក៏លោកអាចបន្សល់ភាពចលាចលសង្គមមួយឲ្យកើតឡើងបានដែរ។
កាលពីថ្ងៃទី៣ ខែសីហា លោក ហ៊ុន សែន បានថ្លែងចំពោះមុខក្រុមកីឡាករមុននឹងចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសម៉ាឡេស៊ី (Malaysia) នៅពេលខាងមុននេះថា ប្រសិនបើលោកស្លាប់ទៅ នោះស្ថានការណ៍របស់ប្រទេសនឹងជួបគ្រោះអាក្រក់សម្រាប់ប្រទេសជាតិទៅវិញទេ។
លោកគំរាមថា ប្រសិនអត់ពីលោកទៅ នោះមន្ត្រីនៅក្នុងជួររដ្ឋាភិបាលក្រោមការដឹកនាំរបស់លោករាប់តាំងពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូតដល់អនុរដ្ឋលេខាធិការដែលមានមុខងារនយោបាយ នឹងត្រូវរលាយទៅតាមលោកជាស្វ័យប្រវត្តិភ្លាមដែរ។ លោកថា មានតែក្រុមយោធា និងក្រុមនគរបាលទេដែលជាអ្នកគ្រប់គ្រងសភាពការណ៍៖ «នៅទីនេះមានអគ្គបញ្ជាការ ប៉ុល សារឿន អគ្គនគរបាលជាតិ នេត សាវឿន អគ្គបញ្ជាការរង និងមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា ប៉ុន្តែនៅមានបណ្ដាអង្គភាពដទៃទៀតដែលពេលហ្នឹងជួនកាលមានការញុះញង់ គឺវាយគ្រឹបតែម្ដង ខ្មោចមិនអាចងើបមកត្រួតត្រាសភាពការណ៍ទេ ហើយ ទៀ បាញ់ ក៏អស់តំណែង ស ខេង ក៏អស់តំណែង តើទៅត្រួតពីណាទៀត? អ៊ីចឹងរឿងហ្នឹង ពេលខ្លះត្រូវយល់កុំចង់ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បីនឹងគ្រប់គ្រង»។
ពាក្យគំរាមរបស់លោក ហ៊ុន សែន ដែលជាមេដឹកនាំក្នុងព្រះរាជាណាចក្រអច្ឆរិយៈទាំងនេះហើយបានជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់លោកមួយចំនួននាំគ្នាហាត់រៀនតាមដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិ គំរាមវ៉ៃឲ្យបែកធ្មេញ និងរដ្ឋមន្ត្រីការងារ លោក វង សូត គំរាមសំពងក្បាលនឹងគល់ឫស្សីចំពោះជនណាដែលហ៊ានចេញតវ៉ាលទ្ធផលឆ្នោតដូចកាលពីឆ្នាំ២០១៣ ទៀត។
អ្នកតាមដានស្ថានការណ៍នយោបាយខ្លះនិយាយថា ការគំរាមរបស់លោក ហ៊ុន សែន កន្លងមកដូចជារំលាយរបបរាជានិយម បិទទ្វារវ៉ៃឆ្កែ ឧបត្ថម្ភក្ដារមឈូសចំពោះជនណាដែលហ៊ានតវ៉ាទាមទារទឹកដីកម្ពុជាក្រោម និងការផ្ទុះសង្គ្រាមឡើងវិញ ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតនោះ បានធ្វើឲ្យគណបក្សកាន់អំណាចរបស់លោកកាន់តែបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋទៅវិញហើយប្រជាប្រិយភាពរបស់បានងាករកគណបក្សប្រឆាំងទៅវិញ។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅ គណបក្សកាន់អំណាចបានជ្រុះបាត់តំណែងមេឃុំ និងចៅសង្កាត់របស់ខ្លួនចំនួន ៤៥០អាសនៈ ក្នុងចំណោមអាសនៈ ១.៦៤៦។
គណបក្សសង្គ្រោះជាតិបាន កើនអាសនៈមេឃុំ និងចៅសង្កាត់ពី ៤០ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១២ ទៅ ៤៨៩ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ ដោយទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣លានសំឡេងក្នុងចំណោមអ្នកបានទៅបោះឆ្នោតជាង ៧លាននាក់។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣,៥លានសំឡេង និងគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់ ចំនួន ១.១៥៦ឃុំ-សង្កាត់។
អ្នកឃ្លាំមើលការបោះឆ្នោតខ្លះនិយាយថា ប្រសិនបើលោក ហ៊ុន សែន បើកយុទ្ធនាការគំរាមកំហែងធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងបក្សប្រឆាំងកាន់តែខ្លាំង នោះប្រជាប្រិយភាព ឬសំឡេងគាំទ្ររបស់លោកកាន់តែចុះទន់ខ្សោយត្រដរខ្យល់ក៏កាន់ខ្លាំងដែរ។ ម្យ៉ាងទៀត ការអួតរបស់លោក ហ៊ុន សែន អំពីសមិទ្ធផល សន្តិភាព និងការអភិវឌ្ឍកាន់តែគ្មានន័យ ហើយពលរដ្ឋកាន់តែចាត់ទុកពាក្យអួតរបស់លោកគ្រាន់តែពាក្យកុហកដល់មហាជន ក្នុងន័យបិទបាំងការពិត ស្ថិតក្រោយវាំងននខ្មៅរបស់សង្គមមួយដែលដឹកនាំដោយបក្សពួក និងត្រកូលហ៊ុនរបស់លោកប៉ុណ្ណោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា ប្រសិនបើកម្ពុជា អត់លោក ហ៊ុន សែន ទៅនោះ ប្រទេសនឹងកាន់តែមានសុខសន្តិភាព ហើយសង្គមកាន់តែមានភាពសុខដុមរមនាក្រោមនីតិរដ្ឋ។
លោកបន្តថា ប្រសិនបើអស់ពីលោក ហ៊ុន សែន ទៅនោះរដ្ឋសភាជាតិ នឹងជ្រើសរើសរដ្ឋាភិបាលថ្មី ហើយរដ្ឋាភិបាលថ្មីនោះនឹងរៀបចំគណៈរដ្ឋមន្ត្រីថ្មីឡើងវិញ។ ដូច្នេះគ្មានហេតុផលណាមួយដែលនាំឲ្យមានសង្គ្រាមផ្ទុះឡើងនោះទេ៖ «សម្ភីរបស់លោក ហ៊ុន សែន ជារបៀបសម្ដីរបស់ជនផ្ដាច់ការ។ គេបញ្ចុះបញ្ចូលខ្លួនគេផ្ទាល់ និងមនុស្សដែលនៅក្បែរខ្លួនគេថា បើអត់ពីការកាន់កាប់អំណាចរបស់គេទៅ នោះជីវិតរបស់អ្នកដែលនៅជុំវិញ ពួកគេនឹងមិនអាចរស់រានមានជីវិតបានទេ។ ខ្ញុំគិតថា កម្ពុជា នឹងក្រោកឡើងឃើញផ្ទៃមេឃខៀវស្រឡះនៅថ្ងៃបន្ទាប់ទៅវិញទេ ប្រសិនលោក ហ៊ុន សែន ចុះចេញពីអំណាចដោយការបោះឆ្នោត ឬដោយសារលោកមានជំងឺដោយប្រការណាមួយ។ ដូច្នេះជីវិតរបស់ពលរដ្ឋខ្មែរទូទៅនឹងនៅតែបន្តដដែល ប្រសិនបើគ្មានមេដឹកនាំដូចជារូបលោកនោះ។ បើគណបក្សប្រឆាំងគ្មានកម្លាំងទ័ពផងនោះ តើទៅមានសង្គ្រាមឯណាប្រសិនបើលោក ហ៊ុន សែន ស្លាប់ទៅមែននោះ។ តាមពិតទៅអ្នកដែលចង់បានសង្គ្រាមកើតឡើង គឺមានតែលោក ហ៊ុន សែន ម្នាក់ឯងប៉ុណ្ណោះ»។
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលបានទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរិះគន់របស់លោក ប្រ៊ែដ អាដាម ថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភលើដែនអធិបតេយ្យរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។
បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដែលចាកផុតពីការដឹកនាំរបស់ជនផ្ដាច់ការទៅហើយនាំឲ្យប្រទេសនោះកាន់តែរីកចម្រើនទៅមុខ ដូចជាករណីប្រទេសហ្វីលីពីន (Philippines) ដែលប្រទេសនេះធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក ហ្វើឌីណាន់ ម៉ាកកូស (Ferdinand Marcos)។ ប្រទេសឥណ្ឌូនេស៊ី (Indonesia) ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក មូហាម៉ាត់ ស៊ូហាតូ (Muhammad Suharto)។ ប្រទេសម៉ាឡេស៊ី (Malaysia) ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក មាហាធៀ មូហាម៉ាត់ (Mahathir Mohamad) និងបណ្ដាប្រទេសមួយចំនួនទៀត។
ងាកមកប្រទេសកម្ពុជា ឯណេះវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែបោះពួយក្នុងការការពារអំណាចរបស់លោកតាមគ្រប់មធ្យោបាយ។
ប្រភពព័តមានដែលគួរឲ្យជឿទុកចិត្តខ្លះបានឲ្យដឹងថា ភូមិគ្រឹះរបស់លោក ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ជាយក្រុងភ្នំពេញ ឯណោះគេឃើញមានបំពាក់រថក្រោះ រថពាសដែក និងអាវុធយុទ្ធភណ្ឌទំនើបៗរាប់មិនអស់ដាក់បញ្ឈរត្រៀមរួចជាស្រេច អមដោយកងអង្គរក្សរាប់ពាន់នាក់ពីកងពល ង-៧០ រង់ចាំការពារអំណាចនឹងក្រុមគ្រួសាររបស់លោកក្នុងគ្រាដែលមានការងើបបះបោរ ឬបំណងក្នុងការផ្ទេរអំណាចដោយប្រការណាមួយ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ប្រទេសមួយដែលមានសក្ដានុពលសន្តិភាព និងការអភិវឌ្ឍនោះ មេដឹកនាំមិនចាំបាច់បំពាក់កម្លាំងទាំងនេះខ្លាំងក្លាពេកនោះទេ៖ «ហើយក្នុងកាលៈទេសៈមួយដែលរដ្ឋាភិបាលតែងប្រកាសថា មានសន្តិភាពនោះគេ មិនគួរមានអង្គរក្សច្រើនបែបហ្នឹង ដូចជាអាវុធយុទ្ធភណ្ឌ មិនត្រូវខ្លាំងពេកទេ។ ចំនួនគឺត្រូវតិច ហើយសព្វាវុធត្រឹមល្មមបានហើយ»។
ក្រៅពីលោក ហ៊ុន សែន មានកងកម្លាំងអង្គរក្សផ្ទាល់ខ្លួនយ៉ាងច្រើន លោកក៏មានអ្នកទោសមនសិការជាង ២០នាក់ ដែលកំពុងជាប់ឃុំឃាំងបែកពីក្រុមគ្រួសារយ៉ាងរងទុក្ខវេទនាផងដែរ ខណៈគ្រួសារត្រកូលហ៊ុនរបស់លោកកំពុងរស់នៅយ៉ាងសុខសាន្តលើគំនរមាសប្រាស់ដ៏មហាសាល។
ក្រុមអ្នកស្រាវជ្រាវខ្លះរកឃើញថា កូនៗរបស់លោក ហ៊ុន សែន មានភាគហ៊ុនផ្ដាច់មុខរាប់រយលានដុល្លារដែលរកស៊ីគ្មានតម្លាភាព។
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) កាលពីខែកក្កដា ឆ្នាំ២០១៦ បានរកឃើញថា ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើនដែលក្រុមហ៊ុនខ្លះកំពុងរំលោភសិទ្ធិមនុស្ស ហើយខ្លះទៀតកំពុងរំលោភច្បាប់។
អង្គការអន្តរជាតិមួយនេះរកឃើញថា គ្រួសារត្រកូលហ៊ុន បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ពិតប្រាកដក្នុងក្រុមហ៊ុនរបស់ត្រកូលហ៊ុន ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លបល វីនេស អះអាងថា ពួកគេអាចមានភាគហ៊ុនច្រើនជាងនេះ ហើយដែលមិនប្រកាសឲ្យដឹងដោយតម្លាភាព។
ដូច្នេះការអួតអាងរបស់លោក ហ៊ុន សែន ដែលមិនដាច់ពីមាត់ថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសចាកផុតពីភាពក្រីក្រ ចាក់ផុតពីគ្រោះទុរភិក្ស ហើយរស់នៅដោយសុវត្ថិភាពក្នុងប្រទេសនោះ ទំនងកំពុងស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ខណៈអង្គភាពប្រឆាំងអំពើពុករលួយនៅមិនទាន់ហ៊ានបើកការស៊ើបអង្កេតអំពីការរកឃើញនេះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មាននិងអត្ថបទទាក់ទង ៖
តើកម្ពុជាដែលគ្មានការដឹកនាំរបស់លោក ហ៊ុន សែន នឹងទៅជាយ៉ាងណា?
"អាណាចក្រសាជីវកម្មនៃគ្រួសារអ្នកកាន់អំណាចនៅកម្ពុជា"
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)លោកប្រ៊ែដ អាដាម (Brad Adams)ថា៖ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់គួរចុះចេញពីតំណែង
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) "បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែជាបញ្ហាប្រឈមដរាបណា ហ៊ុន សែន នៅកាន់អំណាច"
ថ្ងៃនេះបុរសខ្លាំងហ៊ុនសែនបានឈានចូលដល់វ័យ 65ឆ្នាំហើយៗក៏ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាអស់ជាង 3ទសវត្សរ៍មកហើយដែរ, តើសិល្បៈនយោបាយរបស់លោកមានលក្ខណៈយ៉ាងណាដែរ?
រដ្ឋមន្ដ្រីក្បាលនឹងគល់ឬស្សីនៃក្រសួងសង្គមកិច្ច(ក្រសួងអសង្គមកិច្ច បានត្រឹមត្រូវជាង) បានថ្កោលទោសលោកហ្វីល រ៉ូប៊ឺតសុន(Phil Robertson)មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ !!
No comments:
Post a Comment