ពលការិនីខ្មែរឥស្លាមម្នាក់ដែលបានបង្ហោះសារក្នុងហ្វេសប៊ុកសុំជំនួយ នឹងបានវិលត្រឡប់ពីប្រទេសអារ៉ាប់សាអ៊ូឌី មកជួបជុំក្រុមគ្រួសារនៅកម្ពុជាវិញ !
សំឡេងឥស្លាមកម្ពុជា - Cambodian Islamic Voice ៖ ពលការិនីដែលបានបង្ហោះសារក្នុងហ្វេសប៊ុកសុំជំនួយ បន្ទាប់ពីបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបាត់ដំណឹងអស់រយៈពេល ១២ឆ្នាំ បង្កការភ្ញាក់ផ្អើលនោះ ពេលនេះ ជិតបានត្រឡប់មកមាតុភូមិវិញហើយ ។
ការណ៍នេះត្រូវបានទម្លាយឲ្យដឹង ដោយនៅមុននេះបន្តិច នារាត្រីថ្ងៃទី ២១ ខែសីហានេះ ។ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះលិខិតបើកផ្លូវរបស់ ពលការិនី ឈ្មោះ ម៉ាត់ សាណាស់ ដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត បានចេញជូនពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញ ជំនួសលិខិតឆ្លងដែន។
អមជាមួយនឹងលិខិតបើកផ្លូវនេះ ឯកឧត្តមក៏បានបញ្ជាក់ថា "ក្មួយស្រី ម៉ាត់ សាណះ( រ៉ទស់) នឹងបានវិលត្រឡប់ពីប្រទេសអារ៉ាប់សាអ៊ូឌី មកជួបជុំ ក្រុមគ្រួសារនៅកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ មុន ថ្ងៃបុណ្យរ៉យ៉ា ហាជ្ជី ឬបន្ទាប់ពីចប់បុណ្យរ៉យ៉ាហាជ្ជីរួចប៉ុន្មានថ្ងៃ"។
ពលការិនី ម៉ាត់ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយក៏បានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧ ទើបយើងទទួលបានដំណឹងសុំជំនួយរបស់ពលការិនីរូបនេះ ដែលបានបង្ហោះសារជាឃ្លិបនៅលើហ្វេសប៊ុករបស់នាង បង្កការភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត។
ក្រោយពីទទួលបានដំណឹងនេះហើយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ និងសហការី ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា ក៏បានខ្នះខ្នែងជួយអន្តរាគមន៍យ៉ាងដុតដៃដុតជើងបំផុត៕
No comments:
Post a Comment