រដ្ឋាភិបាលបុរសខ្លាំងហ៊ុនសែនគ្រោងបង្កើតកងពលតូចនិងកងទ័ពជើងទឹកប្រចាំការនៅព្រំដែនខេត្តស្ទឹងត្រែង
រដ្ឋាភិបាលគ្រោងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ “លេខ១២៨” ចំណុះឲ្យយោធភូមិភាគទី១ និងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខែត្រស្ទឹងត្រែង ដើម្បីពង្រឹងកិច្ចការពារជាតិ និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ការពង្រឹងកម្លាំងឈរជើងតាមព្រំដែន ក្រៅពីការពារអធិបតេយ្យភាព គឺទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅខែត្រស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ សីហា ដើម្បីសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ បន្ទាប់ពីអាជ្ញាធរឡាវ ធ្លាប់បញ្ជូនកងទ័ព និងជីកលេណដ្ឋានបំពានអធិបតេយ្យភាពកម្ពុជា អស់រយៈពេលប្រហែល ៦ខែ នៅចំណុចអូរអាឡៃ និងអូរតាង៉ាវ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី១៦ សីហា ថា រដ្ឋាភិបាលមានគោលដៅពង្រឹងកម្លាំងឈរជើងនៅព្រំដែន ដើម្បីការពារព្រំដែន បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរអាវុធ និងការជួញដូរគ្រឿងញៀនឆ្លងដែន។ លោកថា ការរៀបចំកម្លាំងជើងទឹកនៅតាមព្រំដែន ពុំមែនដើម្បីចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងទេ បំណងរក្សាសន្តិភាព និងការពារអធិបតេយ្យភាព ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ លោកបន្ថែមថា វិធានការនេះគ្រោងនឹងបង្កើតឆាប់ៗនេះ៖ «ការរៀបចំឲ្យមានកងទ័ពល្បាតដែលខ្មែរហៅថាយោធា ឬហៅថាកងទ័ពជើងទឹកហ្នឹង គឺជាការល្បាតតែប៉ុណ្ណោះ គឺយើងអត់មានទិសដៅពង្រឹងកម្លាំងទ័ពប្រយុទ្ធប្រឆាំងជាមួយនរណាទេ គឺគ្រាន់តែពង្រឹងការងារអនុវត្តន៍ ឬការងារព្រំដែនតែប៉ុណ្ណោះ»។
កាលពីថ្ងៃទី១១ សីហា លោក ហ៊ុន សែន បានបញ្ជាដាក់ឱសានវាទក្នុងរយៈពេល ៧ថ្ងៃ ឲ្យកងទាហានឡាវ ដកចេញពីទឹកដីកម្ពុជា នៅចំណុចអូរអាឡៃ និងតំបន់អូរតាង៉ាវ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង។ ក្រោយមក លោកបានធ្វើដំណើរទៅប្រទេសឡាវ ដោយស្នើឲ្យរដ្ឋាភិបាលឡាវ ដកទ័ពចេញពីដីកម្ពុជា ហើយរដ្ឋាភិបាលឡាវ ក៏យល់ព្រមសំណើនោះ។
មន្ត្រីសង្គមស៊ីវិលសម្ដែងការគាំទ្រចំពោះយន្តការរបស់រដ្ឋាភិបាល ដែលបញ្ជូនកម្លាំងទ័ពឈរជើងតាមព្រំដែន និងកងទ័ពជើងទឹក ក៏ប៉ុន្តែពួកគេស្នើឲ្យរដ្ឋាភិបាលលើកទឹកចិត្តគ្រួសារកងទ័ពដែលប្រចាំការនៅតាមព្រំដែន ឬធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កងទ័ព ក៏ជាផ្នែកមួយពង្រឹងប្រសិទ្ធភាពការងារ និងការពារសន្តិសុខតាមព្រំដែនឲ្យប្រសើរដែរ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ចាត់ទុកវិធានការរបស់រដ្ឋាភិបាលថាមានចំណុចវិជ្ជមានច្រើន ដែលបង្ហាញថារដ្ឋាភិបាលយកចិត្តទុកដាក់ពង្រឹងការពារព្រំដែន បន្ទាប់ពីមានវិវាទជាមួយឡាវ។ លោករំពឹងថា កងទ័ពការពារព្រំដែន និងកងទ័ពជើងទឹក បើក្រៅពីការពារអធិបតេយ្យភាពព្រំដែន ក៏ត្រូវទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀនឆ្លងដែន ក៏ជាជម្រើសមួយដែលកងទ័ពកម្ពុជា ចាំបាច់ត្រូវបណ្តុះបណ្តាលបន្ថែមពីរបៀបបង្ក្រាបគ្រឿងញៀន ដោយសហការជាមួយអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន និងសមត្ថកិច្ចពាក់ព័ន្ធ៖ «ការពិតបណ្តាប្រទេសមួយចំនួនក៏គេប្រើកងទ័ពដើម្បីបង្ក្រាបគ្រឿងញៀនដែរ ចឹងក្រៅពីការពារទឹកដី ខ្ញុំគិតថាជំនាញទប់ស្កាត់គ្រឿងញៀន ឬក៏បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន ក៏ជាជម្រើសមួយដែលត្រូវតែហ្វឹកហាត់បន្ថែម»។
លោក សន ជ័យ ចង់ឃើញរដ្ឋាភិបាលអភិវឌ្ឍទីផ្សារ អគ្គិសនី សាលារៀន គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ប្រែក្លាយតំបន់ព្រំដែនជាតំបន់ទេសចរណ៍ ក៏ជារបងរឹងមាំក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជា ដែរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាការបញ្ជូនកម្លាំងយោធាកម្ពុជា ឲ្យឈរជើងតាមព្រំដែន គឺជាប្រភពសេដ្ឋកិច្ច ហើយពួកគេនឹងទទួលបានលំនៅឋាន ស្រែចម្ការនៅតំបន់នោះ ឬហៅថាអភិវឌ្ឍយោធិននៅតាមព្រំដែន ដែលកន្លងទៅ រដ្ឋាភិបាលធ្លាប់អភិវឌ្ឍទទួលបានជោគជ័យ៖ «ចែងក្នុងគោលនយោបាយការពារទឹកដី គឺយើងមានរួចស្រេចហើយ ទី១ យើងរៀបចំឲ្យមានផ្លូវថ្នល់ក្នុងការការពារខ្សែក្រវាត់ការពារព្រំដែន នេះជាអាទិភាព។ បន្ទាប់មកទៀត គឺយើងអភិវឌ្ឍយោធិនដែលគាត់ប្រចាំការនៅកន្លែងហ្នឹង។ គាត់មានភូមិគាត់នៅកន្លែងហ្នឹង។ ចំណុចទី៣ គឺយើងត្រូវរៀបចំឲ្យមានខ្សែបន្ទាត់ខណ្ឌសីមាលើធរណីជាក់ស្តែង»។
តំបន់អូរតាង៉ាវ និងអូរអាឡៃ មានចម្ងាយពីទីរួមខែត្រស្ទឹងត្រែង ប្រហែល ២០០គីឡូម៉ែត្រ ជាតំបន់សម្បូរដោយព្រៃភ្នំ និងពុំសូវមានប្រជាជនខ្មែររស់នៅទេ។ កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានសម្រេចកសាងផ្លូវតាមបណ្ដោយព្រំដែនឡាវ មានប្រវែង ២៥៧គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៧ ខែត្រស្ទឹងត្រែង រហូតដល់តំបន់កន្ទុយនាគខែត្ររតនគិរី។ មកទល់ពេលនេះ រដ្ឋាភិបាលកសាងសម្រេចបានជាង ១៦៧គីឡូម៉ែត្រ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី ប្រភពរូបថត ៖ ហ្វេសប៊ុករបស់ ទៀ បាញ់ និង ហ៊ុន សែន
ព័ត៌មានទាក់ទង ៖ ព័ត៌មានបន្ទាន់! កងទ័ពកម្ពុជាចាប់ផ្តើមចេញដំណើរទៅច្បាំងបណ្តេញកងទ័ពឡាវឈ្លានពានទឹកដី!!
អ្នកឃ្លាំមើលរិះគន់យុទ្ធសាស្ត្ររបស់បុរសខ្លាំង ហ៊ុន សែន ស្របពេលនាយករដ្ឋមន្ត្រីលាវសម្រេចចិត្តដកកងទ័ពចេញពីទឹកដីកម្ពុជា គឺដូចគ្នាទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០០៨
No comments:
Post a Comment