រដ្ឋសភាសហភាពអឺរ៉ុបអនុម័តញត្តិដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលលោក ហ៊ុន សែន / European Parliament adopted resolution on Cambodia human right and democracy
ក្រុមសមាជិករដ្ឋសភាសហភាពអឺរ៉ុបអនុម័តញត្តិរួមមួយដើម្បីជំរុញអោយសហភាពអឺរ៉ុបទាំងមូលមានប្រទេស២៧ ជាសមាជិក ដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលលោក ហ៊ុន សែន អោយស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលយល់ថា ចំណាត់ការរបស់សភាអឺរ៉ុប គឺជារឿងត្រឹមត្រូវ ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ។
ក្រុមសមាជិករដ្ឋសភាអឺរ៉ុប ដ៏ច្រើនលើសលុប កាលពីថ្ងៃទី៥ ខែឧសភា បានបោះឆ្នោតអនុម័តញត្តិរួមមួយស្ដីពីដំណោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ។ ញត្តិស្ដីពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានេះ មានចំនួន ១៥ ចំណុច ដូចជាការថ្កោលទោសចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលរៀបចំការកាត់ទោសសកម្មជននយោបាយ សហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកការពារបរិស្ថាននិងសិស្សនិស្សិត រួមទាំងអ្នកផ្សេងទៀត ដោយសារតែការអនុវត្តសិទ្ធិនិងការបញ្ចេញមតិរបស់ពួកគាត់។សភាអឺរ៉ុប ទាមទារអោយរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការបំភិតបំភ័យ និងការយាយីគ្រប់រូបភាពរួមទាំងការយាយី តាមប្រព័ន្ធតុលាការ ព្រមទាំងអំពាវនាវដល់កងកម្លាំងសន្តិសុខឲ្យជៀសវាងការប្រើកម្លាំងមិនចាំបាច់និងហួសហេតុប្រឆាំងអ្នកចូលរួមតវ៉ាដោយសន្តិវិធី ។
រដ្ឋសភាអឺរ៉ុប ក៏បន្តថ្កោលទោសការរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងទាមទារអោយទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ រួមមាន លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងមន្ត្រីបក្សប្រឆាំងដទៃទៀតជាបន្ទាន់ ។ ការទាមទារអោយដោះលែងសកម្មជននយោបាយច្រើនជាង ៦០ នាក់ទៀត ដែលកំពុងបន្តជាប់ឃុំក្នុងពន្ធនាគារ ។ ការទាមទារអោយលុបចោលការចោទប្រកាន់ និងប្រគល់សេរីភាពជូនអ្នកទោសមនសិការទាំងអស់ ដែលត្រូវបានឃុំខ្លួនដោយសារការងារស្របច្បាប់ ឬអនុវត្តសិទ្ធិរបស់ពួកគេ និងជំរុញអោយអាជ្ញាធរ ចាត់វិធានការស៊ើបអង្កេត ករណីចាប់ខ្លួនតាមអំពើចិត្ត ការប្រើអំពើហិង្សាលើសកម្មជននយោបាយ និងសង្គមស៊ីវិល ដើម្បីនាំជនល្មើសមកកាត់ទោស។ សភាអឺរ៉ុប ថែមទាំងទាមទារអោយអាជ្ញាធរកម្ពុជា ត្រូវធានាថា រាល់ការចោទប្រកាន់អំពីករណីឃាតកម្ម ត្រូវស៊ើបអង្កេតភ្លាម និងមិនលម្អៀង ដូចជាករណីឃាតកម្មលើសកម្មជនបក្សប្រឆាំង លោក ស៊ិន ខុន និងករណីឃាតកម្មលើបណ្ឌិត កែម ឡី ជាដើម ហើយអាជ្ញាធរកម្ពុជា ត្រូវចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់និងបញ្ឈប់ការសម្លាប់បែបនេះ ។
ក្រៅពីនេះ សមាជិកសភាអឺរ៉ុប ព្រួយបារម្ភជាខ្លាំង ខណៈដែលប្រទេសកម្ពុជា កំពុងរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣ នេះ ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានដើរដល់ចំណុចវិបត្តិធ្ងន់ធ្ងរ ។ បញ្ហានេះ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបន្តអនុវត្តការបង្ក្រាប់កាន់តែខ្លាំងលើអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ។ លើសពីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានដកបេក្ខជនជាង១រយនាក់របស់គណបក្សភ្លើងទៀន មិនអោយឈរឈ្មោះក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខណៈបេក្ខជន៥នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ។
សភាអឺរ៉ុបក៏រម្លឹកអោយក្រុមប្រឹក្សាអឺរ៉ុប ពិនិត្យមើលធុរកិច្ចទាំងអស់ដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុបដើម្បីធានាថា គ្មានការគាំទ្រ ឬជាប់ពាក់ព័ន្ធជាមួយមេដឹកនាំកម្ពុជា និងការបំផ្លាញធនធានធម្មជាតិ ។ សភាអឺរ៉ុបជំរុញអោយអនុម័តវិធានការរឹតត្បិតនានា ប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងកងកម្លាំងប្រដាប់អាវុធនៅកម្ពុជា ដែលទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស«ធ្ងន់ធ្ងរ» និងចាត់វិធានការប្រឆាំងនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីកម្ពុជាទាំងនោះ ដោយប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស ។ សភាអឺរ៉ុប ជំរុញអោយក្រុមប្រឹក្សាអឺរ៉ុប ឃ្លាំមើលស្ថានភាពនៅកម្ពុជា ជាពិសេសការបោះឆ្នោតនៅពេលខាងមុខ ដើម្បីធានាថា គ្មានការរំលាយគណបក្សភ្លើងទៀនតាមវិធីដ៏គួរឲ្យអស់សំណើចដូចគណបក្សសង្គ្រោះជាតិ ហើយត្រូវប្រើវិធានការទាំងអស់ ដែលមានដូចជាការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ប្រសិនបើរកឃើញថា ការបោះឆ្នោតខាងមុខនេះ មានភាពអយុត្តិធម៌។ បន្ថែមពីនេះ សភាអឺរ៉ុប អំពាវនាវអោយសហភាពអឺរ៉ុបទាំងមូល មានប្រទេស ២៧ ជាសមាជិក និងសហគមន៍អន្តរជាតិ ដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលកំពុងធ្វើជាប្រធានអាស៊ាន ដើម្បីផ្តល់ការការពារដល់សកម្មជននយោបាយ និងសិទ្ធិមនុស្ស និងគណបក្សនយោបាយ ដែលកំពុងតស៊ូអោយបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ។
សមាជិកសភាអឺរ៉ុប ដែលចូលរួមបោះឆ្នោតគាំទ្រនោះ មានចំនួន ៥២៦ នាក់ លើ ៥៩៤ នាក់ ។ ក្រៅពីនេះមានសមាជិកសភាមកពីគណបក្សជ្រុលនិយម ដែលគាំទ្ររបបផ្ដាច់ការចំនួន ៦៣ នាក់បោះឆ្នោតអនុបវាទ និង ៥ ទៀត បោះឆ្នោតជំទាស់ ។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនយល់ពីអ្វីដែលសហភាពអឺរ៉ុប កំពុងធ្វើនេះទេ ព្រោះកន្លងមក រដ្ឋាភិបាលបានពន្យល់តំណាងសហភាពអឺរ៉ុបរួចហើយអំពីស្ថានភាពល្អប្រសើរនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស៖ «ចំពោះរឿងដែលលើកឡើងមកនេះ រយៈពេលកន្លងមកថ្មីៗនេះ គឺអត់មានអ្វីដែលកើតឡើងទេ ព្រោះអ្វីដែលកើតមានឡើងច្រើនតែបុគ្គលរំលោភទៅលើច្បាប់តែប៉ុណ្ណឹងទេ។ ដូច្នេះការអនុវត្តច្បាប់នេះជារឿងមួយតុលាការ ជាមួយនឹងជនដែលប្រព្រឹត្តបទល្មើសនោះ ហើយការលើកឡើងរបស់សហភាពអឺរ៉ុប នេះ គឺជារឿងនយោបាយដែលកម្ពុជា បានពន្យល់ប្រាប់រួចស្រេចទៅហើយ។ បើលើកមកទៀត កម្ពុជា នៅតែប្រើប្រាស់សិទ្ធិក្នុងការពន្យល់ប្រាប់ ព្រោះយើងកំពុងពង្រឹងកិច្ចការអនុវត្តច្បាប់និងនីតិរដ្ឋ» ។
ទោះជាយ៉ាងណា ញត្តិស្ដីពីដំណោះស្រាយបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ សភាអឺរ៉ុប បានបង្ហាញនូវភស្តុតាង និងរបាយការណ៍យ៉ាងលម្អិតនូវស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានដើរដល់ចំណុចវិបត្តិធ្ងន់ធ្ងរ ។
ប្រធានគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRPO) លោក ម៉ែន វណ្ណា លើកឡើងថា ចំណាត់ការ និងការទាមទាររបស់សមាជិកសភាសហភាពអឺរ៉ុបនេះ គឺជាជារឿងត្រឹមត្រូវ ដើម្បីផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកប្រជាធិបតេយ្យ និងដើម្បីចូលរួមស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ។ លោកជឿថា ប្រសិនបើក្រុមលោក ហ៊ុន សែន នៅតែរឹងត្អឹងមិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ នឹងប្រឈមការដាក់សម្ពាធ និងទណ្ឌកម្មកាន់តែខ្លាំងថែមទៀត៖ «សង្គមលទ្ធិប្រជាធិបតេយ្យគេមិនដែលបង្ខំយើងខ្លាំងទេ គេឲ្យយើងយកមកពិចារណាគេឲ្យពេលវេលា ប៉ុន្តែពេលវេលាដែលគេដាក់មកគឺល្មម សមស្របដែលគាត់ (ហ៊ុន សែន )ប្ដូរផ្លាស់ បើគាត់ពិតជាស្រលាញ់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះខ្ញុំជឿថា នឹងមានសម្ពាធកាន់តែធ្ងន់ឡើង ដោយសារតែគាត់អត់បានអនុវត្តសេចក្តីសម្រេចគេ។ សេដ្ឋកិច្ច យើងមិនអាចរស់ដោយសាររបបកុម្មុយនិស្តចិន និងសូវៀតទេ»។
ការអនុម័តញត្តិដោយសមាជិកសភាអឺរ៉ុបជាថ្មីទៀតនេះ ធ្វើឡើងក្រោយពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ទៅធ្វើទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែល(Brussels) នៃប្រទេសបែលហ្សិក (Belgium) កាលពីថ្ងៃ ២០ និង ២១ មេសា ដើម្បីទៅជួបអ្នកមុខអ្នកការ ក្នុងស្ថាប័ន សហភាពអឺរ៉ុបមួយចំនួន។ លោក សម រង្ស៊ី អះអាងថា សភាអឺរ៉ុប នៅតែចង់អោយកម្ពុជារៀបចំការបោះឆ្នោតអោយបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ និងអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ ។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វន់ ចាន់ឡូត យល់ថា នេះជាការវិវត្តថ្មីថែមទៀត ដែលសហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប ចាប់ផ្តើមដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ។ លោក ថា ចំណាត់ការរបស់សភាអឺរ៉ុបជាថ្មីនេះ ឆ្លុះបញ្ចាំងថា ការស្នើសុំរបស់សហគមន៍អន្តរជាតិកន្លងមក មិនត្រូវបានរដ្ឋាភិបាល យកចិត្តទុកដាក់ នោះទេ ប៉ុន្តែសហភាពអឺរ៉ុប ក៏នៅតែមិនបោះបង់គោលជំហរដែរ ដោយនៅតែការពារឆន្ទៈ និងឈរជាមួយប្រជាពលរដ្ឋខ្មែរ៖ «ជាចំណុចវិជ្ជមានខ្ញុំមើលឃើញថា ទី១ នឹងធ្វើឲ្យរដ្ឋាភិបាល ត្រូវប្រញាប់គិតគួរឡើងវិញនូវការផ្តល់យុត្តិធម៌ ឬការផ្តល់នូវសេរីភាពចំពោះមេបក្ស ប្រឆាំង និងសកម្មជនបក្សប្រឆាំង។ ទី២ រដ្ឋាភិបាល ត្រូវគិតឡើងវិញអំពីការស្តារការ គោរពសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិ របាយការណ៍អន្តរជាតិនានា បានចាត់ទុកកម្ពុជា ជាប្រទេសមានការរំលោភសិទ្ធិមនុស្សអាក្រក់ផងដែរ» ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបើកចិត្តឲ្យទូលាយក្នុងការចរចាបញ្ចប់វិបត្តិ នយោបាយជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីរក្សាផលប្រយោជន៍ជូនប្រជារាស្ត្រ និងប្រទេសជាតិ។ ពួកគាត់ជឿថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន នៅតែមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ នោះសហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៀតលើមន្ត្រីរដ្ឋាភិបាល និងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀតដូចការព្រមានជាដើម ៕ (វិទ្យុអាស៊ីសេរី)
បទវិភាគ៖ មកទល់នឹងឆ្នាំ ២០២២ នេះ លោក ហ៊ុន សែន កាន់អំណាចបាន ជាង៣៧ឆ្នាំហើយ
No comments:
Post a Comment