How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (១)
«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»
កំណត់សម្គាល់ ៖
ខាងក្រោមនេះគឺជាសេចក្តីសង្ខេបចេញពីឯកសារប្រវត្តិសាស្ត្រដែលផលិតដោយក្រុមហ៊ុន Netflix ដែលមានចំណងជើងថា «វិធីក្លាយជាជនផ្តាច់ការ»។ ប៉ុន្តែខ្ញុំចែករំលែកនេះ ដើម្បីឲ្យបានបងប្អូនបានអានកម្សាន្តលេងនៅចុងសប្តាហ៍ និងយល់ដឹងថា តើមេដឹកនាំផ្តាច់ការ ក្នុងពេលអតីតកាលមានទម្រង់បែបណា គឺ មិនមែនដើម្បីឲ្យបងប្អូនរៀនចេះហើយយកទៅអនុវត្តតាម ដើម្បីក្លាយជាជនផ្តាច់ការទេ។ ដូច្នេះខ្ញុំ កែចំណងជើងទៅជា «វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ» វិញ។
សូមអានកម្សាន្តដូចតទៅ៖ ជាការងាយស្រួលចំណាំបំផុតថា មេដឹកនាំណាម្នាក់ប្រកាន់គោលជំហរផ្តាច់ការ គឺ យើងអាចសង្កេតមើលតាមរយៈពាក្យសម្តី ឬរបៀបដឹកនាំរបស់មេដឹកនាំនោះ ។ ជាទូទៅជនផ្តាច់ការ ចូលចិត្តប្រើពាក្យថា «មានតែខ្ញុំទេដែលអាចដោះស្រាយបញ្ហាបាន» ។ តទៅនេះ ជាវិធីដែលជនផ្តាច់ការ នៅលើពិភពលោក ធ្លាប់បានប្រើដែលយើងអាចយកមកធ្វើជាម៉ែត្រ ដើម្បីវ៉ាស់ស្ទង់ថា មេដឹកនាំបច្ចុប្បន្ន ជាជនផ្តាច់ការ ដោយធ្វើឲ្យប្រវត្តិសាស្ត្រវិលវង់ឡើងវិញ ឬជាអ្នកដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ។ ពាក្យដែលគេអះអាងថា ខ្លួនជាអ្នកដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ គឺ មិនសំខាន់ដូចសកម្មភាពដែលជននោះធ្វើទេ។ នៅក្នុងភាសាអង់គ្លេសគេថា «សកម្មភាពបង្ហាញច្បាស់ជាងពាក្យពេចន៍» (Actions speak louder than words)។
មេរៀនទី ១ ៖ ការក្តាប់យកអំណាច
ជារឿងសំខាន់ដែលយើងត្រូវមើលពីមូលហេតុដើម ដែលមេដឹកនាំផ្តាច់ការ ទទួលបានអំណាចដោយរបៀបណា ពីព្រោះវាកំណត់នូវរបៀប ដែលជននោះ នឹងដឹកនាំនាពេលក្រោយមក។ នៅមេរៀនទីមួយនេះ បង្ហាញពីវិធី ដែលអាដុល ហ៊ីត្លែរ (Adolf Hitler) អតីតមេដឹកនាំអាល្លឺម៉ង់ ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ បានឡើងកាន់អំណាចដោយរបៀបណា។ ហ៊ីត្លែ បានខិតខំប្រឹងប្រែងពីជនមិនសំខាន់មួយរូប ក្នុងសង្គមមកជាជនផ្តាច់ការ ដែលបានបង្កមហន្តរាយដល់ពិភពលោក។ ខាងក្រោមនេះជាល្បិច ឬតាក់តិចមួយចំនួន ដែលជនផ្តាច់ការរូបនេះ ឬជនផ្តាច់ការនានាប្រើប្រាស់ ដើម្បីឡើងកាន់អំណាច។
ល្បិចទី ១ ៖ មានជំនឿលើខ្លួនឯង
គ្រប់ជនផ្តាច់ការ មានលក្ខណៈពិសេសមួយ គឺពួកគេមានអំណួត និងជំនឿលើខ្លួនឯង និងមានមហិច្ឆតាដើម្បីដឹកនាំគេ។ ជននោះតែងតែថា អ្នកដទៃមិនអាចដឹកនាំបានល្អដូចខ្លួនឡើយ។ ទន្ទឹមគ្នានោះដែរ ជនផ្តាច់ការ ចូលចិត្តប្រើប្រាស់អបិយ៍ជំនឿ ដើម្បីគ្របដណ្តប់លើអ្នកដទៃ។ ជាឧទាហរណ៍ដូចជា លោក សាដាម ហ៊ូសេន អតីតមេដឹកនាំប្រទេសអ៊ីរ៉ាក់ យកការគេចផុតពីការប៉ុនប៉ងសម្លាប់ មកអួតអាងថា ខ្លួនមានបុណ្យបារមីពិសេស ដែលមិនអាចអ្នកណាបៀតបៀនបាន។ អ្នកខ្លះរហូតអួតអាងពីវេទមន្តពិសេស ឬយមរាជមិនហ៊ានមកយកដោយសារតែខ្លួនខ្លាំងជាដើម។
អាដុល ហ៊ីត្លែ អួតអាងថា គាត់ដឹងពីបារមីរបស់គាត់ពេលធ្វើជាទាហាន ប្រយុទ្ធក្នុងសមរភូមិ ក្នុងសង្គ្រាមលោកលើកទី ១ ។ នៅពេលកំពុងប្រយុទ្ធ លោកថា លោកបានឮសំឡេងមួយ ប្រាប់ឲ្យចាកចេញពីកន្លែងនោះ ហើយក្រោយពីលោកចាកចេញបានតែបន្តិច ក៏ស្រាប់តែគ្រាប់ផ្លោង បានធ្លាក់ចំ និងសម្លាប់មិត្តរួមអាវុធ ។ ចំណែកលោកវិញ មិនមានរបួសសូម្បីតែបន្តិច។ ពេលរងរបួសដោយឧស្ម័ននៅចុងសង្គ្រាមលោកលើកទី ១ ។ លោកបានងងឹតភ្នែកមួយរយៈ។ លោកខកចិត្ត ដោយសារអាល្លឺម៉ង់ ព្រមចុះចាញ់ក្នុងសង្គ្រាម គឺនៅពេលនោះហើយ ដែលលោកមើលឃើញពីចក្ខុវិស័យមួយដ៏ល្អ សម្រាប់អនាគតរបស់អាល្លឺម៉ង់ ដែលត្រូវការមនុស្សដូចលោកមកដឹកនាំ។ តាំងពីពេលនោះមក លោក មានជំនឿមុតមាំលើគោលដៅ ដែល លោក ធ្វើ ដើម្បីឈានទៅកាន់អំណាច ។
ជាសរុបមក សម្រាប់អ្នកនយោបាយ ការមានជំនឿលើខ្លួនឯង មិនមែនជារឿងអាក្រក់ទេ ប៉ុន្តែការមានជំនឿ និងអំណួតថា ខ្លួនលើសគេលើសឯង និងថា គេមិនដល់ខ្លួន ហើយប្រើប្រាស់ពាក្យពេចន៍ មើលងាយអ្នកដទៃទើបជារឿងគ្រោះថ្នាក់ ។
ល្បិចទី ២ ៖ សារបំផុសកំហឹង
ដើម្បីឈានទៅកាន់អំណាច អនាគតអ្នកដឹកនាំទាំងល្អ និងជនផ្តាច់ការ ត្រូវតែស្វែងរកអ្នកគាំទ្រក្នុងសង្គម។ ប៉ុន្តែជនផ្តាច់ការ ចូលចិត្ត រៀបចំសារមួយ ដែលអាចបញ្ឆេះកំហឹង និងអុចអាលប្រជាពលរដ្ឋ។
ជាឧទាហរណ៍៖ ពេលប្រជាពលរដ្ឋ ជួបការលំបាកក្នុងសង្គម ជាពិសេសបញ្ហាសេដ្ឋកិច្ ចនិងអយុត្តិធម៌សង្គម ជាដើម។ ដូច្នេះ អ្នកដែលមានទេពកោសល្យស្វែងរកក្រុមជនណាក្នុងសង្គម ដើម្បីដាក់កំហុស។ ជននោះ ខំសម្របតាមប្រជាពលរដ្ឋ វណ្ណៈក្រោម ហើយថា សត្រូវរបស់ប្រជាពលរដ្ឋ ក៏ជាសត្រូវរបស់គេដែរ និងថែមទាំងអះអាងថា មានតែរូបគេទេដែលអាចដោះស្រាយបាន ។
បទពិសោធកន្លងមកមានមេដឹកនាំប្រទេសលីប៊ី ឈ្មោះម៉ូអាម៉ា ហ្កាដាហ្វី បានថ្លែងសុន្ទរកថា ប្រកបដោយកំហឹងប្រឆាំងនឹងរបបរាជានិយម ដែលក្រុមបស្ចិមប្រទេសគាំទ្រ ដោយលោកចោទថា ពុករលួយ។ នៅពេលដែលលោកផ្តួលរំលំរបបរាជានិយម ប្រជាពលរដ្ឋស្វាគមន៍លោកជាវីរៈបុរស។ បីតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ចាប់ផ្តើមល្បីល្បាញ ពេលដែលរំលឹកប្រជាពលរដ្ឋពីការមើលងាយមើលថោក ពីទាហានជប៉ុន ដែលបានមកគ្រប់គ្រង។ នៅប្រទេសអូហ្គង់ដា លោកអាឌី អាមីន បានបញ្ឆេះកំហឹងប្រជាពលរដ្ឋប្រឆាំងនឹងអង់គ្លេស ដែលជាអតីតអាណានិគម។ នៅអាល្លឺម៉ង់វិញ ក្រោយពីសង្គ្រាមលោកលើកទី ១ ប្រទេសនេះ ជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។ ពេលនោះ អ៊ីត្លែរ បន្ទោសលើជនជាតិជ្វីហ្វ(ឬអ៊ីស្រាអែល) និងពួកកុម្មុយនីស្តសូវៀត ថា មានការស៊ុំគ្រលំពីពាណិជ្ជករ នៅអាមេរិក ដើម្បីធ្វើបាបសេដ្ឋកិច្ចអាល្លឺម៉ង់។ រាល់សារបញ្ឆេះហិង្សា គឺប្រជាពលរដ្ឋអាល្លឺម៉ង់ ចាត់ទុកថា លោក បាននិយាយចេញនូវអ្វីដែលពួកគេគិត ប៉ុន្តែមិនហ៊ាននិយាយ។
ដូច្នេះ សារដែលមានលក្ខណៈបញ្ឆេះកំហឹង ត្រូវគេទទួលយកដោយសារ វាជាការងាយស្រួលក្នុងការបន្ទោសអ្នកដទៃចំពោះវាសនាអាក្រក់របស់ខ្លួន។ វាក៏ជាកត្តាសត្យានុម័តដែរ ដែលអ្នកឈឺចាប់តែងតែស្វែងរកគ្នា ដើម្បីរកវិធីដោះស្រាយ។
ល្បិចទី ៣ ៖ តាំងខ្លួនជាមនុស្សសម្រាប់ប្រជាពលរដ្ឋ
ជនផ្តាច់ការតែងតែបង្ហាញថា ខ្លួនជាអ្នកចេញពីក្រុមគ្រួសារតំណាងប្រជាពលរដ្ឋ ភាគច្រើនក្នុងប្រទេស និងបង្ហាញថា ពួកគេធ្វើការដើម្បីប្រជាពលរដ្ឋម្ចាស់ស្រុក គឺមិនមែនបរទេសទេ ។ ឧទាហរណ៍៖ លោកបេនីតូ មូសូលីនី អតីតមេដឹកនាំអ៊ីតាលីតាំងខ្លួនគាត់ថាជាមនុស្សរបស់ប្រជាពលរដ្ឋ និងជាកូនដែលចេញពីគ្រួសារក្រីក្រតូចតាច។ រីឯលោកអាឌី អាមីន នៃប្រទេសអូហ្គង់ដា ចូលចិត្តបើកឡានហ្ស៊ីព បើកដំបូលទៅគ្រប់ច្រកល្ហកនិងបង្ហាញជំនាញលេងភ្លេងដោយកូដអាកូដេអុង។ លោកម៉ូអាម៉ា ហ្កាដាហ្វី នៃប្រទេសលីប៊ីនិយមស្លៀកពាក់រ៉ូប ដែលតំណាងឲ្យអ្នកស្រុករបស់លោក និងស្នាក់នៅក្នុងតង់ ពេលធ្វើដំណើរ។
លោក ហ៊ីត្លែរ វិញ ចូលចិត្តនិយាយថា លោកចាប់អារម្មណ៍តែលើប្រជាពលរដ្ឋអាល្លឺម៉ង់មួយទេ ហើយលោកជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអាល្លឺម៉ង់និងសុខចិត្តលះបង់ដើម្បីប្រជាពលរដ្ឋអាល្លឺម៉ង់តែមួយគត់។ ហ៊ីត្លែរ មិនសូវស្លៀកពាក់ហ៊ឺហារទេ គឺចូលចិត្តស្លៀកពាក់ឯកសណ្ឋានយោធា ដើម្បីទាក់ទាញទឹកចិត្តមហាជន។
ដូច្នេះ អ្នកត្រូវប្រយ័ត្នចំពោះមេដឹកនាំណា ដែលចូលចិត្តបំផុសមនោសញ្ចេតនាជាតិនិយមជ្រុល ដោយដាក់គោលដៅវាយប្រហារប្រទេសធំៗ ឬក្រុមប្រជាពលរដ្ឋណាមួយក្នុងសង្គម។ ជាពិសេសមេដឹកនាំ ដែលអួតអាងដដែលៗថា គឺគាត់ជាមនុស្សរបស់ប្រជាពលរដ្ឋ និងធ្វើការ ដើម្បីប្រជាពលរដ្ឋគាត់តែមួយទេ។
Credit: Men Kimseng
No comments:
Post a Comment