អ្នកឃ្លាំមើល ៖ មន្ត្រីរដ្ឋាភិបាល ថ្លែងប្រជាភិថុតិតាមសេណារីយ៉ូ ពាក់ព័ន្ធគម្រោង CLV
លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវែស)។ (រូបថត ខែសីហា ២០២៤)។
The Cambodia Daily
22-8-2024
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជាសម្ដីប្រជាភិថុតិបោកប្រាស់ពលរដ្ឋ ដើម្បីការពារអំណាចរដ្ឋាភិបាលបន្តពូជ ក្រោមសេណារីយ៉ូរៀបចំរបស់គណបក្សកាន់អំណាច។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ សីហា ថា បើលោក ហ្សង់ហ្វ្រង់ស័រ តាន់ ចាត់ទុកការសម្ដែងមតិ តាមរយៈនៃការធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោង [«CLV» = Cambodia – Laos – Vietnam] ដែលនាំឱ្យខ្មែរបាត់បង់ទឹកដី គឺជាការចែកចាយពាក្យសម្អប់ កំហឹង និងការបែងចែកវណ្ណៈ ដែលត្រូវប្រើអំណាចចាប់ខ្លួនអ្នករិះគន់ទាំងនោះ ជាការបង្រួបបង្រួមជាតិ ឬយ៉ាងណា (?)។
លោកបន្តថា លោក ហ៊ុន សែន បានចាប់ខ្លួនពលរដ្ឋខ្មែរ ដែលរងនូវភាពអយុត្តិធម៌ពីការដឹកនាំរបស់គាត់ ដាក់គុកយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ តើនេះវាមិនមែនជាការចែកចាយនូវភាពសម្អប់ កំហឹងឬការបែងចែកវណ្ណៈ ដែលបង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរទេឬ (?)។
លោកបន្តថា ទំនាស់ខ្វែងគំនិតគ្នាជុំវិញគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ដែលឈានទៅដល់ការធ្វើបាតុកម្មដូចពេលនេះ គឺមកពីលោក ហ៊ុន សែន ជាអ្នកបង្កឡើងទាំងអស់ ព្រោះមុនដំបូង ពលរដ្ឋគ្រាន់តែសម្ដែងមតិរិះគន់តែប៉ុណ្ណោះ ប៉ុន្តែលោក ហ៊ុន សែន មិនបានផ្តល់ដំណោះស្រាយនោះទេ តែបែរជាចាប់អ្នកបញ្ចេញមតិរិះគន់ដាក់គុកទៅវិញ ដូចជា លោក ស្រ៊ុន ស្រ៊ន ជាដើម។
លោក ម៉ែន ណាត បញ្ជាក់ថា មកទល់នឹងពេលនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់គាត់ ចាប់ខ្លួនអ្នករិះគន់តាមអំពើចិត្ត ដូច្នេះលោកសូមសួរថា រវាងអ្នកចាប់ខ្លួនគេទាំងអយុត្តិធម៌ និង អ្នកសម្ដែងមតិរិះគន់ [តើ]មួយណាបង្កឱ្យមានការចែកចាយនូវភាពសម្អប់ កំហឹង ការបែងចែកស្រទាប់វណ្ណៈពិតប្រាកដនោះ?
កាលពីថ្ងៃទី១៩ ខែសីហា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានលើកឡើងក្នុងសន្និសីទ បង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំពុងចែកចាយពាក្យសម្អប់ កំហឹង បែងចែកវណ្ណៈ ដែលបានបង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរ។
មន្ត្រីរដ្ឋាភិបាលរូបនេះ លើកឡើងថា ការធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ គឺជាទង្វើដ៏ឃោរឃៅស្មើនឹងការដុតផ្ទះប្រជាជាតិខ្មែរទាំងមូល ដើម្បីតែចម្អិនពងមាន់តែមួយគ្រាប់របស់ពួកគេ ដូច្នេះយុវជន និងពលរដ្ឋខ្មែរទាំងអស់ មិនត្រូវឱ្យប្រទេសកម្ពុជា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដូចឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ ទៀតទេ។
មន្ត្រីរូបនេះអះអាងថា ក្រុមប្រឆាំងគឺក្រុមជ្រុលនិយម ដែលបន្តលាក់ខ្លួននៅក្រោយផ្លាកប្រជាធិបតេយ្យ និងផ្លាកស្នេហាជាតិ ព្រោះអ្នកប្រជាធិបតេយ្យ មិនដែលអំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទម្លាក់រដ្ឋាភិបាលនោះទេ ព្រោះទង្វើបែបនេះគេហៅថារដ្ឋប្រហារ ឬបដិវត្តន៍តែប៉ុណ្ណោះ។
ប៉ុន្តែក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការធ្វើបាតុកម្ម គឺជាសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះការសម្ដែងឆន្ទៈតាមរយៈនៃការធ្វើបាតុកម្ម គឺជារឿងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ ហើយការធ្វើបាតុកម្មនេះ គឺធ្វើឡើងក្រោយរដ្ឋាភិបាល តាមកម្ទេចពលរដ្ឋដែលសម្ដែងមតិរិះគន់នឹង គម្រោងអភិវឌ្ឍន៍ត្រីកោណតែប៉ុណ្ណោះ ដែលមានន័យថា រដ្ឋាភិបាលជាចំណុចចាប់ផ្តើម ដែលធ្វើឱ្យមានការតវ៉ានេះឡើង។
រាល់ការបញ្ចេញមតិរបស់ពលរដ្ឋ ដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល គេសង្កេតឃើញថា រដ្ឋាភិបាលបន្តពូជមួយនេះ មិនដែលផ្តល់ការបកស្រាយជូនប្រជាពលរដ្ឋវិញទេ គឺមានតែការចោទប្រកាន់ និងការចាប់ឃុំខ្លួន ក្រោមលេសថា ពួកគេមានផែនការផ្តួលរំលំរដ្ឋាភិបាល ដែលទង្វើនេះ បានបង្ហាញពីភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
បើនិយាយពីការប្រកាសតាមកម្ទេចវិញ គេតែងកត់សម្គាល់ឃើញថា លោក ហ៊ុន សែន ចូលចិត្តអនុវត្ត និងប្រកាសជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ព្រមានកម្ទេចក្រុមប្រឆាំង ដែលលោកចោទថា ជាក្រុមជ្រុលនិយម ឱ្យរលាយបាត់អស់ពីប្រទេសកម្ពុជាទៀតផង៕
No comments:
Post a Comment