នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមប្រឹក្សាធម្មនុញ្ញ មានភាពក្លាហានហ៊ានចុះចេញពីតំណែងជាបន្ទាន់ ព្រោះអ្នកទាំងនោះមិនបានបំពេញការងាររបស់ខ្លួនជាអ្នកការពារកុំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញ។
លោក ប្រ៊ែដ អាដាម ចាត់ទុកលោក ហ៊ុន សែន ថាជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយថា គ្មានប្រទេសប្រជាធិបតេយ្យណាមួយគេហាមឃាត់មេដឹកនាំគណបក្សប្រឆាំង មិនឲ្យចូលរួមក្នុងជីវិតនយោបាយនោះឡើយ។
ខាងក្រោមនេះជាអត្ថបទសម្ភាសន៍រវាងលោក មួង ណារ៉េត ជាមួយលោក ប្រ៊ែដ អាដាម ជុំវិញរឿងនេះ៖
លោក មួង ណារ៉េត៖ ត្រឹម ១៥ថ្ងៃប៉ុណ្ណោះ ស្ថាប័ននីតិប្បញ្ញត្តិធំៗ ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញផង សុទ្ធតែសម្រេចព្រមៗគ្នា ដោយឥតជំទាស់ និងឥតកែប្រែអ្វីទាំងអស់ទៅតាមខ្លឹមសារនៃច្បាប់ដែលអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងគណបក្សប្រឆាំងចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ និងផ្ទុយទៅនឹងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ តើលោកយល់យ៉ាងណាដែរចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិក ៩រូប និងជាស្ថាប័នកំពូលចុងក្រោយគេដែលមានសមត្ថកិច្ចបកស្រាយអំពីអធម្មនុញ្ញភាពនៃច្បាប់នេះ?
លោក ប្រ៊ែដ អាដាម៖ សមាជិកទាំងអស់នៃក្រុមប្រឹក្សាធម្មនុញ្ញដែលនាំគ្នាបោះឆ្នោតគាំទ្រច្បាប់នេះ គួរនាំគ្នាលាឈប់ពីតំណែងក្រុមប្រឹក្សានេះភ្លាម ព្រោះពួកគេមិនបានបំពេញការងារឲ្យស័ក្ដិសមនឹងឈ្មោះជាអ្នករក្សា និងការពាររដ្ឋធម្មនុញ្ញ កុំឲ្យមានការរំលោភបំពាននោះទេ។ រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា កម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ ក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស គេមិនដែលធ្វើច្បាប់ណាហាមឃាត់មេដឹកនាំបក្សប្រឆាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនោះទេ។ ដូច្នេះសមាជិកគ្រប់រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ គួរមានសេចក្ដីក្លាហាន និងចេះមានការខ្មាសអៀន ហ៊ានចុះចេញពីតំណែងភ្លាម កុំនៅបន្តរួមគ្នាធ្វើបំពានបែបនេះតទៅទៀត។
លោក មួង ណារ៉េត៖ លោកធ្លាប់មានប្រសាសន៍ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា កម្ពុជាគ្មានទេប្រជាធិបតេយ្យ។ ឥឡូវ ច្បាប់ថ្មីស្ដីពីគណបក្សនយោបាយបានចូលជាធរមានហើយ តើលោកយល់យ៉ាងណាដែរ?
លោក ប្រ៊ែដ អាដាម៖ ប្រទេសកម្ពុជា បានបង្កើតកំណត់ហេតុអាក្រក់ថ្មីមួយរបស់ពិភពលោកដែលមិនធ្លាប់មាន។ លោក ហ៊ុន សែន គួរតែមានមោទនភាពខ្លាំង ដោយបានក្លាយខ្លួនជាមេដឹកនាំល្បីជាងគេលើលោក គឺល្បីខាងបំពានលទ្ធិប្រជាធិបតេយ្យ ព្រោះបញ្ជាឲ្យធ្វើច្បាប់ហាមប្រាមលោក សម រង្ស៊ី មិនឲ្យចូលរួមក្នុងជីវភាពនយោបាយតាមគ្រប់រូបភាពបែបនេះ។ តាមពិតការធ្វើដូច្នេះ គឺកាន់តែបង្ហាញឲ្យឃើញថា គាត់កំពុងភ័យខ្លាចបាត់អំណាចកាន់តែខ្លាំងមែនទែនហើយ។
លោក មួង ណារ៉េត៖ ចុះបើតាមទស្សនៈរបស់លោក តើធ្វើយ៉ាងដូចម្ដេចទើបប្រស់ និងសង្គ្រោះប្រជាធិបតេយ្យឲ្យរស់ឡើងវិញបាន?
លោក ប្រ៊ែដ អាដាម៖ ដើម្បីសង្គ្រោះប្រជាធិបតេយ្យឲ្យមានជីវិតឡើងវិញ គឺមានតែរៀបចំការបោះឆ្នោតឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្មដោយអហិង្សា។ ម្យ៉ាងទៀត ត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចប្រកួតប្រជែងស្មើមុខស្មើមាត់គ្នាជាមួយគណបក្សកាន់អំណាច។ ត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ មានសិទ្ធិជ្រើសថ្នាក់ដឹកនាំរបស់ខ្លួនដោយខ្លួនឯង និងធ្វើការឃោសនាបោះឆ្នោតដោយសេរី។ សាកគិតទៅមើល បើគេហាមគណបក្សប្រជាជនកម្ពុជាវិញ តើគណបក្សប្រជាជនកម្ពុជា ឈឺចាប់ដែរ ឬទេ? ច្បាស់ណាស់ គណបក្សប្រជាជនកម្ពុជា ច្បាស់ជានឹងស្រែកឡាំប៉ាថាអយុត្តិធម៌។
លោក មួង ណារ៉េត៖ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាកំពុងអូសទូកបណ្ដោយទឹក បណ្ដោយឲ្យគណបក្សកាន់អំណាចគាបសង្កត់ និងធ្វើទុក្ខបុកម្នេញតាមតែអំពើចិត្ត។ ក្នុងស្ថានភាពបែបនេះ តើលោកយល់ថា សហគមន៍អន្តរជាតិអាចមានសម្ពាធអ្វីដែរ ឬទេក្នុងរឿងនេះ?
លោក ប្រ៊ែដ អាដាម៖ សហគមន៍អន្តរជាតិ ដូចជារៀងស្ទក់បន្តិចក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ ដោយសារពេលនេះ ពិភពលោកកំពុងមានរឿងរ៉ាវច្រើនដែលត្រូវដោះស្រាយដែរ។ ប៉ុន្តែខ្ញុំជឿជាក់ថា សហគមន៍អន្តរជាតិកំពុងឃ្លាំមើលស្ថានការណ៍នេះ។ ពួកគេកំពុងចាំមើលថា តើច្បាប់ថ្មីនេះនឹងប៉ះពាល់ដល់សិទ្ធិរបស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ប៉ុណ្ណា។ បើច្បាប់នេះ អនុវត្តប៉ះពាល់ដល់ការបិទសិទ្ធិសេរីភាពបក្សប្រឆាំង នោះពួកគេនឹងដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ខាងផ្នែកសេដ្ឋកិច្ច និងជំនួយផ្សេងៗ។ ពេលនោះ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋខ្មែរដែលនឹងបាត់បង់ការងារធ្វើ និងជួបបញ្ហាលំបាកជាច្រើនផ្សេងទៀតជាក់ជាមិនខាន។
លោក មួង ណារ៉េត៖ លោក ហ៊ុន សែន តែងតែឌឺដងដាក់លោក សម រង្ស៊ី ថាជាមនុស្សកំសាក និងជាទណ្ឌិត មិនហ៊ានវិលត្រឡប់មកទទួលទោសនៅកម្ពុជា។ បើសិនជាលោក សម រង្ស៊ី ជាទណ្ឌិតពិតប្រាកដមែន តើលោកគិតថា ហេតុអ្វីបានជារដ្ឋាភិបាលខ្មែរមិនស្នើឲ្យរដ្ឋាភិបាលបារាំង ចាប់បញ្ជូនលោក សម រង្ស៊ី ឲ្យមកទទួលទោសនៅកម្ពុជា ព្រោះប្រទេសទាំងពីរមានកិច្ចព្រមព្រៀងបត្យាប័នតាំងពីឆ្នាំ២០១៥ មកម្ល៉េះ?
លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន បានតែថាលោក សម រង្ស៊ី កំសាកដូច្នេះទេ ប៉ុន្តែគាត់មិនហ៊ានស្នើរដ្ឋាភិបាលបារាំង ឲ្យបញ្ជូនលោក សម រង្ស៊ី ទៅស្រុកខ្មែរនោះទេ ព្រោះលោក ហ៊ុន សែន ដឹងច្បាស់ហើយថា ប្រទេសបារាំង នឹងមិនធ្វើតាមសំណើនេះទេ។ ប្រទេសបារាំង នឹងមិនចាប់បញ្ជូននរណាម្នាក់ដែលរងគ្រោះ ដោយសារហេតុផលនយោបាយដូចលោក សម រង្ស៊ី នេះទេ។ ពិភពលោកដឹងច្បាស់ណាស់ថា តុលាការស្រុកខ្មែរ ធ្វើតាមតែបញ្ជាលោក ហ៊ុន សែន ចង់បានប៉ុណ្ណោះ។ ប្រទេសបារាំង ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះ គេនឹងមិនបញ្ជូននរណាម្នាក់ឲ្យទៅរងគ្រោះក្នុងរបបដែលយកតុលាការជាឧបករណ៍នយោបាយ ដូចនៅកម្ពុជា នេះទេ។ លោក ហ៊ុន សែន ដឹងរឿងនេះច្បាស់ណាស់ តែគាត់ធ្វើពើជាមិនដឹង។
លោក មួង ណារ៉េត៖ រដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ ទណ្ឌិតត្រូវតែទទួលទោស។ តើលោកយល់ថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា មិនស្នើឲ្យប៉ូលិសអន្តរជាតិ ជួយអន្តរាគមន៍តាមចាប់លោក សម រង្ស៊ី មកឲ្យទទួលទោសនៅកម្ពុជា?
លោក ប្រ៊ែដ អាដាម៖ ប៉ូលិសសអន្តរជាតិ ក៏មិនខុសពីរដ្ឋាភិបាលបារាំងដែរ។ គេមានគោលការណ៍ច្បាស់លាស់ ត្រឹមត្រូវរបស់គេ។ រាល់ករណីដែលគេយល់ថា ជាការកាត់ទោសគ្រាន់តែជាឆាកល្ខោននយោបាយបែបនេះ ពួកគេនឹងមិនសហការចាប់ជនណាម្នាក់ តាមការចង់បានរបស់រដ្ឋាភិបាលណាមួយនោះទេ។ ដូចក្នុងករណីលោក សម រង្ស៊ី នេះដែរ គឺប៉ូលិសអន្តរជាតិនឹងមិនចាត់ការទេ។ ដូច្នេះហើយទើបរដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលហ៊ានពឹងប៉ូលិសអន្តរជាតិឲ្យជួយចាប់លោក សម រង្ស៊ី។
លោក មួង ណារ៉េត៖ ខ្ញុំមានសំណួរចុងក្រោយមួយអំពីករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ថ្មីៗនេះ លោក ហ៊ុន សែន ដែលមួយឆ្នាំទៅហើយ តាំងពីលោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ មិនដែលនឹកនាចូលបុណ្យ ឬចាត់តាំងមន្ត្រីរដ្ឋាភិបាលឲ្យទៅចូលរួមបុណ្យសពនោះទេ។ ប៉ុន្តែ ស្រាប់តែពេលនេះ គាត់ចិត្តល្អផ្ដល់ថវិកាសរុប ៦ម៉ឺនដុល្លារ ទៅប្អូនប្រុស និងម្ដាយលោកបណ្ឌិត កែម ឡី។ តើលោកយល់យ៉ាងណាដែរក្នុងរឿងនេះ?
លោក ប្រ៊ែដ អាដាម៖ គ្មានអ្វីពិបាកយល់ទេ! សាកមិនជឿ ឧទាហរណ៍បើមានករណីសម្លាប់លោក សម រង្ស៊ី ឬលោក កឹម សុខា មើល៍ បើមិនលោក ហ៊ុន សែន ប្រកាសថា អ្នកទាំងពីរធ្លាប់ជាកល្យាណមិត្តរបស់គាត់ជាមិនខាន។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរមិនឆោតល្ងង់ទេ។ ពលរដ្ឋខ្មែរភាគច្រើនសង្ស័យថា លោក ហ៊ុន សែន ឬមនុស្សក្នុងគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ អ្នកដែលខ្ញុំបានជជែកលេងជាមួយសុទ្ធតែជឿថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយការសម្លាប់នេះ។ មើលតែការស៊ើបអង្កេតក៏អាចឲ្យគេឯងគ្រប់គ្នាសង្ស័យបានដែរ។ ដូច្នេះ ខ្ញុំមិនជឿថា ពលរដ្ឋខ្មែរដែលគាំទ្រលោក កែម ឡី ជឿថា លោក ហ៊ុន សែន ជាមនុស្សចិត្តល្អពិតប្រាកដចំពោះក្រុមគ្រួសារលោក កែម ឡី នោះទេ ព្រោះលោក កែម ឡី កាលនៅរស់ជាអ្នកហ៊ាននិយាយរិះគន់ខ្លាំងៗ លើរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន។ ប្រហែលមកពីមូលហេតុនេះឯងហើយ ទើបគេបាញ់សម្លាប់គាត់នោះ។
លោក មួង ណារ៉េត៖ សូមអរគុណលោក ប្រ៊ែដ អាដាម ដែលបានផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរី។
លោក ប្រ៊ែដ អាដាម៖ អរគុណច្រើនណាស់៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment