loading...
ភ្នំពេញ ៖ តាមរបាយការណ៍ថ្មីមួយចេញដោយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានបញ្ជាក់ថា គ្រាន់តែ ១១ កន្លែងលើភពផែនដីនេះ ដែលកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះ រួមមានមហាតំបន់មេគង្គ ស្មើនឹង ៨០ ភាគរយនៃការបំផ្លាញព្រៃឈើក្នុងពិភពលោក។
លទ្ធផលរកឃើញដែលចេញកាលពីថ្ងៃអង្គារ ដោយអង្គការ WWF ដែលមានចំណងជើងថា ព្រៃឈើដែលនៅសល់ បានបញ្ជាក់ថា ព្រៃឈើរហូតដល់ ១៧០ លានហិកតាអាចនឹងបាត់បង់នៅត្រឹមឆ្នាំ ២០៣០ ដោយសារតែការកាប់បំផ្លាញ។
តំបន់ជួរមុខដែលនឹងត្រូវរងការបំផ្លាញគឺស្ថិតនៅក្នុងតំបន់អាម៉ាហ្សូន ព្រៃអាត្លង់ទិក តំបន់ Gran Chaco, Borneo, Cerrado, Choco-Darien, Congo Basin, តំបន់អាហ្វ្រិកខាងកើត អូស្រ្តាលីខាងជើង មហាតំបន់មេគង្គ តំបន់ New Guinea និងតំបន់ Sumatra។
លោក Rod Taylor នាយកនៃកម្មវិធីព្រៃឈើពិភពលោករបស់អង្គការ WWF បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សូមស្រមៃថា ព្រៃឈើដែលមាននៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ត្រូវបានបំផ្លាញក្នុងរយៈពេល ២០ ឆ្នាំ។ យើងកំពុងសម្លឹងមើលថាតើយើងអាចដោះស្រាយហានិភ័យនោះយ៉ាងដូចម្តេចដើម្បីជួយសង្គ្រោះសហគមន៍ និងវប្បធម៌ដែលពឹងផ្អែកលើព្រៃឈើ ហើយធានាថា ព្រៃឈើបន្តស្តុកកាបូន ច្រោះទឹក ផ្គត់ផ្គង់ឈើ និងផ្តល់ជម្រកដល់ពពួកសត្វរាប់លានប្រភេទ»។
អង្គការ WWF ប៉ាន់ប្រមាណថា ព្រៃឈើពី ១៥ ទៅ ៣០ លានហិកតាកំពុងរងការបាត់បង់នៅក្នុងមហាតំបន់មេគង្គ ដែលតំបន់នេះ រួមបញ្ចូលទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។
របាយការណ៍នេះបញ្ជាក់ថា៖ «ព្រៃឈើចម្បងបានបាត់បង់ស្ទើរទាំងអស់នៅក្នុងប្រទេសវៀតណាម និងកំពុងថយចុះយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា និងកំពុងស្ថិតក្នុងស្ថានភាពកម្រក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ»។
ការកាប់ឈើខុសច្បាប់ និងការយកដីសម្រាប់ដាំដុះដំណាំ ជាពិសេសសម្រាប់ចម្ការកៅស៊ូ គឺរួមចំណែកមួយភាគធំចំពោះការបំផ្លាញព្រៃឈើនៅក្នុងតំបន់ ជាពិសេសក្នុងប្រទេសកម្ពុជា។ ការកើនឡើងនូវការផ្តល់សម្បទានដីសេដ្ឋកិច្ច រួមជាមួយការអនុវត្តច្បាប់មិនតឹងរ៉ឹងអំពីព្រៃឈើក្នុងប្រទេសកម្ពុជាបានបណ្តាលឲ្យកម្ពុជាបាត់បង់ព្រៃឈើ ២២ ភាគរយពីឆ្នាំ ១៩៧៣ ដល់ ២០០៩ ។ នេះបើតាមតួលេខរបស់អង្គការ WWF ។
របាយការណ៍នេះបាននិយាយបន្តថា៖ «ការកាប់ឈើខុសច្បាប់ រួមទាំងក្នុងតំបន់អភិរក្សគឺជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប៉ុន្តែក៏កើតមានច្រើនទូទាំងតំបន់ទាំងមូល»។
«ការរឹតបន្តឹងផ្នែកច្បាប់ និងគោលនយោបាយស្តីពីការកាប់ឈើក្នុងប្រទេសវៀតណាម ចិន និងថៃ រួមជាមួយនឹងតម្រូវការកើនឡើងកំពុងជំរុញឲ្យមានការកាប់ឈើខុសច្បាប់សម្រាប់ការនាំចេញក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា»។ ប៉ុន្តែបន្ថែមពីលើការកាប់ឈើខុសច្បាប់ ចម្ការកៅស៊ូក៏រួមចំណែកការបំផ្លាញព្រៃឈើក្នុងប្រទេសនេះផងដែរ។
ការសិក្សាមួយចេញកាលពីដើមខែនេះដោយសាកលវិទ្យាល័យ East Anglia ដែលផ្តោតទៅលើផលប៉ះពាល់ដែលកើតចេញពីការពង្រីកចម្ការកៅស៊ូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា «ជាង ៧០ ភាគរយនៃតំបន់អភិរក្សសត្វព្រៃស្នួលចំនួន ៧៥០០០ ហិកតាក្នុងប្រទេសកម្ពុជាត្រូវឈូសឆាយដើម្បីដាំកៅស៊ូចន្លោះពីឆ្នាំ ២០០៩ ដល់ ២០១៣ »។
ការសិក្សានេះបានបន្ថែមថា តំបន់ព្រៃឈើជាច្រើនដែលកាប់សម្រាប់ដាំកៅស៊ូកំពុងធ្វើឲ្យពពួកសត្វមួយចំនួនកាន់តែជិតផុតពូជដូចជា ត្រយងស។
ប៉ុន្តែបើទោះបីជាមានការកាប់បំផ្លាញធម្មជាតិក្នុងប្រទេសកម្ពុជាបែបនេះ ហើយ ៧៥ ភាគរយនៃសេដ្ឋកិច្ចប្រទេសនេះនៅពឹងផ្អែកលើវិស័យកសិកម្មក៏ដោយ ក៏រដ្ឋាភិបាលមិនបានធ្វើការងារច្រើនក្នុងការទប់ស្កាត់ការបំផ្លាញព្រៃឈើឡើយ។
មន្រ្តីជាច្រើននៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក សុន ឆ័យ ដែលជាអ្នកនយោបាយនៅគណបក្សសង្គ្រោះជាតិ បានថ្លែងថា រដ្ឋាភិបាលមានភាពអសកម្មក្នុងការដោះស្រាយបញ្ហានេះ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «រដ្ឋាភិបាលមិនបានចាត់ការដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើទេ។ ផ្ទុយទៅវិញ មានការកាប់ឈើខុសច្បាប់កាន់តែច្រើនឡើង»។
លោកបន្ថែមថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចដោយរដ្ឋាភិបាលគឺជាកំហុស។
លោក សុន ឆ័យ បានថ្លែងបន្តថា៖ «ពួកគេប្រើពាក្យសម្បទានដីសេដ្ឋកិច្ច ដើម្បីបំផ្លាញព្រៃឈើដោយមិនបង់ពន្ធ។ វាជាកំហុសដែលផ្តល់ដីមានព្រៃឈើច្រើនទៅឲ្យក្រុមហ៊ុនឯកជន...ពេលខ្លះអ្នកមិនអាចគ្រាន់តែបន្ទោសក្រុមហ៊ុនទេអ្នកត្រូវតែបន្ទោសរដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»៕
loading...
អានប្រភពដើម : postkhmer
No comments:
Post a Comment