ទីបញ្ចប់ដែលមិននឹកស្មានដល់សម្រាប់ជីវិតចមចោរជនផ្ដាច់ការ រ៉ូប៊ឺត ម៉ូហ្គាបេ-Unexpected end for Robert Mugabe
វ៉ាស៊ីនតោន៖ កំណត់និពន្ធ៖ លោករ៉ូប៊ឺត ម៉ូហ្កាបេបានលាលែងចេញពីតំណែងប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវ៉េបន្ទាប់ពីកាន់អំណាចផ្តាច់ការរយៈពេល៣៧ឆ្នាំ។ ការណ៍នេះកើតឡើងបន្ទាប់ពីក្រុមយោធាដែលជាសមាជិកគណបក្ស Zanu-PFរបស់លោកបានធ្វើរដ្ឋប្រហារហើយគណបក្សបានបណ្តេញលោកចេញ។ លោកម៉ែន គឹមសេងនៃ VOA សន្ទនាគ្នាជាមួយនឹងលោករ៉េយ ឆូតូ និពន្ធជាន់ខ្ពស់នៃ VOA សេវាហ្ស៊ីមបាវ៉េ។
VOA៖ សូមជម្រាបសួរលោករ៉េយ!
រ៉េយ ឆូតូ៖ សូមជម្រាបសួរលោកគឹមសេង!
VOA៖ ក្រុមយោធាបានចូលមកគ្រប់គ្រងវិថីនានាក្នុងទីក្រុងនៃប្រទេសហ្ស៊ីមបាវ៉េ។ ឥឡូវនេះពលរដ្ឋរាំលេងសប្បាយនៅតាមវិថីអបអរនឹងការចុះចេញពីតំណែងនៃលោកប្រធានាធិបតីរ៉ូប៊ឺត ម៉ូហ្កាបេ។ តើលោកអាចបញ្ជាក់ប្រាប់ខ្ញុំបានទេថាហេតុអ្វីបានជាសភាពការណ៍វិវត្តមកដល់ចំណុចនេះពីព្រោះរយៈពេល៣៧ឆ្នាំនៃការក្តាប់អំណាចរបស់លោកម៉ូហ្កាបេគឺគេហាក់ដូចជាមិនដឹងថាត្រូវចប់ដោយរបៀបនេះទេ?
រ៉េយ ឆូតូ៖ សភាពការណ៍មានលក្ខណៈស្មុគស្មាញហើយពិបាកគិតឃើញខ្លាំងសម្រាប់ពលរដ្ឋហ្ស៊ីមបាវ៉េផងដែរ។ ប៉ុន្តែក្រុមយោធាដែលជាផ្នែកមួយនៃគណបក្ស Zanu-PF បានដឹងថាមានអំពើពុករលួយនៅក្នុងបក្ស មានការមិនគោរពមន្ត្រីចាស់ៗនៅក្នុងបក្ស និងមានអ្នកកេងប្រវ័ញ្ចពីវ័យចាស់ជរារបស់លោកអតីតប្រធានាធិបតីក្នុងនោះមានទាំងប្រពន្ធរបស់លោកផងដែរ។ ក្រុមទាហានមើលឃើញថាដោយសារតែមានព័ត៌មានមិនត្រឹមត្រូវគឺលោកម៉ូហ្កាបេបានបណ្តេញលោកស្រីអនុប្រធានាធិបតី ចយ មូជូរូ ក្នុងឆ្នាំ២០១៤ហើយពួកគេឃើញជាថ្មីម្តងទៀតគឺការបណ្តេញអនុប្រធានាធិបតីអេមឺសុន ណាំងហ្កាហ្គ័រនាពេលថ្មីៗនេះ ដោយសារតែលោកស្រីក្រេសស៊ីប្រពន្ធរបស់លោកម៉ូហ្កាបេបានវាយប្រហារលើអ្នកទាំងពីរនិងមន្ត្រីមួយចំនួន។ អីចឹងហើយបានជាពួកយោធាត្រូវលូកដៃចូលដើម្បីបញ្ឈប់រឿងហ្នឹង។
VOA៖ អីចឹងបើសិនជាលោកម៉ូហ្កាបេមិនព្យាយាមរៀបចំប្រពន្ធគាត់ឱ្យបន្តតំណែងនៅក្នុងបក្សនិងក្នុងរដ្ឋាភិបាលទេប្រហែលជាគាត់អាចនឹងនៅកាន់អំណាចរហូតដល់ពេលនេះ។ តើមែនទេ?
រ៉េយ ឆូតូ៖ លទ្ធភាពគឺ មានខ្ពស់ណាស់ប្រសិនបើមិនមានការចូលពាក់ព័ន្ធពីមនុស្សដែលមិនមានកិត្តិយសក្នុងពេលសង្គ្រាមនៅហ៊ុំព័ទ្ធលោកហើយលូកដៃចូលក្នុងការសម្រេចចិត្តទេគឺលោកនៅមានការគោរពក្នុងបក្សនិងរដ្ឋាភិបាលយ៉ាងខ្លាំង។
VOA៖ លោកអេមឺសុន ណាំងហ្កាហ្គ័រ ក៏មិនមានប្រវត្តិខាងផ្នែកសិទ្ធិមនុស្សល្អប៉ុន្មានដែរ។ តើលោកគិតថាប្រទេសហ្ស៊ីមបាវ៉េនឹងប្រសើរឡើងទេបន្ទាប់ពីអត់លោកម៉ូហ្កាបេទៅ?
រ៉េយ ឆូតូ៖ ខ្ញុំមិនឃើញមានអ្វីខុសគ្នារវាងលោកម៉ូហ្កាបេនិងលោកណាំងហ្កាហ្គ័រទេព្រោះជាបក្សពួកតែមួយ។ លោកណាំងហ្កាហ្គ័រ បានបញ្ជាក់នៅក្នុងសុន្ទរកថាទទួលតំណែងថាគាត់ចាត់ទុកលោកម៉ូហ្កាបេគឺជាគ្រូ។ អីចឹងតើយើងរំពឹងថានឹងមានអ្វីខុសប្លែកប្រសិនបើគាត់ចាត់ទុកលោកម៉ូហ្កាបេដូចជាគ្រូ។ គាត់ធ្លាប់ជាមនុស្សដៃស្តាំរបស់លោកម៉ូហ្កាបេនិងទទួលបន្ទុកសន្តិសុខក្នុងអំឡុងពេលសង្គ្រាមរំដោះហើយក្រោយរំដោះគាត់ទទួលបន្ទុកសន្តិសុខដែលមានការបង្ក្រាបសម្លាប់មនុស្សអស់ជាង២ម៉ឺននាក់ដោយសារតែជំនឿនយោបាយរបស់ពួកគេ។
VOA៖ លោកបាននិយាយពីជម្លោះនៅក្នុងបក្សចុះកត្តាសេដ្ឋកិច្ចវិញយ៉ាងម៉េចដែរព្រោះ មានមនុស្សជាច្រើនលាននាក់បានរត់ចេញពីប្រទេសទៅរកការងារនៅក្នុងប្រទេសជិតខាង?
រ៉េយ ឆូតូ៖ ដំបូងគឺចាប់ផ្តើមពីទំនាស់ផ្ទៃក្នុងថាតើអ្នកណាគេនឹងឡើងកាន់អំណាចជំនួសនៅពេលដែលលោកម៉ូហ្កាបេចុះចេញពីអំណាចដូច្នេះហើយគ្មានអ្នកណាគិតខ្លាំងពីសេដ្ឋកិច្ចទេអីចឹងហើយបានជាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ ជាការពិតហើយបញ្ហាដែលពលរដ្ឋហ្ស៊ីមបាវ៉េចាកចេញពីប្រទេសគឺចាប់ផ្តើមពីរដ្ឋាភិបាលលោកម៉ូហ្កាបេមិនគោរពច្បាប់ដោយខ្លួនឯង ការធ្វើបាបពលរដ្ឋណាដែលហ៊ានប្រឆាំងនឹងគោលនយោបាយរបស់លោកម៉ូហ្កាបេនិងការរំលោភសិទ្ធិមនុស្សនានា។ ទីពីរគឺកត្តាសេដ្ឋកិច្ចដែលបង្ខំពួកគេឱ្យចេញពីប្រទេស។ ជនជាតិហ្ស៊ីមបាវ៉េនិយាយថាពួកគេសុខចិត្តប្រយុទ្ធនឹងសត្វក្រពើជាជាងប្រយុទ្ធនឹងលោកម៉ូហ្កាបេព្រោះផ្លូវដែលគេធ្វើដំណើររត់គេចគឺត្រូវឆ្លងទន្លេដែលសំបូរដោយសត្វក្រពើ។
VOA៖ ប្រធានាធិបតីថ្មីទើបតែបានលើកឡើងពីការធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។ តើលោកគិតថាអាចនឹងធ្វើបានទេ?
រ៉េយ ឆូតូ៖ ក្នុងនាមជាអ្នកដឹកនាំថ្មីគាត់និយាយកិច្ចការជាច្រើនដើម្បី ធ្វើឱ្យមនុស្សស្ងើចសរសើរហើយគិតថាមានការផ្លាស់ប្តូរ។ ប៉ុន្តែគាត់មានភារកិច្ចច្រើនណាស់ដូចជាត្រូវកសាងកិត្តិស័ព្ទនិងទំនាក់ទំនងល្អជាមួយនឹងបស្ចិមប្រទេសនិងស្ទើរតែប្រទេសគ្រប់ទាំងអស់នៅលើពិភពលោក។ ទណ្ឌកម្មគឺស្ទើរតែមិនអាចឱ្យប្រទេសហ្ស៊ីមបាវ៉េទាក់ទងការងារជាមួយនឹងប្រទេសនានាសូម្បីតែលោកណាំងហ្កាហ្គ័រក៏រងទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរ។ គាត់ត្រូវគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងរៀបចំការបោះឆ្នោតជាដើមដើម្បីអាចចូលក្នុងក្រុមប្រទេសកុម្មង់វែលវិញហើយអាចទទួលផលពីក្រុមប្រទេសកុម្មង់វែលនោះ។
VOA៖ ចុះតើប្រទេសចិនមានពាក់ព័ន្ធអ្វីនឹងរដ្ឋប្រហារនេះទេ? មានសេចក្តីរាយការណ៍ខ្លះចង្អុលថាចិនមានចំណែកដែរ។ តើលោកបានដឹងអ្វីទេ?
រ៉េយ ឆូតូ៖ ខ្ញុំមិនចង់ធ្វើការប៉ាន់ស្មានទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺថាទំនាក់ទំនងរវាងចិននិងហ្ស៊ីមបាវ៉េគឺចិនបានផ្តល់សម្ភារៈយោធាច្រើនណាស់ដល់ប្រទេសហ្ស៊ីមបាវ៉េនិងជំនួយមួយចំនួនដោយសារសេដ្ឋកិច្ចប្រទេសហ្ស៊ីមបាវ៉េអាក្រក់ខ្លាំងពេក។ ខ្ញុំក៏មិនច្រានចោលនូវទំនាក់ទំនងនេះដែរព្រោះរយៈពេលប៉ុន្មានថ្ងៃមុនពេលលោកឧត្តមសេនីយ៍ក្តាប់អំណាចគឺគាត់បានស្ថិតនៅក្នុងប្រទេសចិន។ គេថាគាត់មានកិច្ចការជំនួញប៉ុន្តែមិនច្បាស់លាស់ថាគាត់ធ្វើអ្វីទេហើយពេលមកដល់វិញស្រាប់តែប្រកាសធ្វើ«ប្រតិបត្តិការស្តារកេរដំណែល»។
VOA៖ ហើយតុលាការក៏ផ្តល់ភាពស្របច្បាប់ដល់រដ្ឋប្រហារនេះ។ តើលោកគិតថាការផ្តល់ភាពស្របច្បាប់នឹងជាគំរូអាក្រក់មួយសម្រាប់អនាគតប្រទេសហ្ស៊ីមបាវ៉េទេ?
រ៉េយ ឆូតូ៖ សម្រាប់ខ្ញុំគឺមិនភ្ញាក់ផ្អើលទេព្រោះការសម្រេចនោះធ្វើឡើងដោយចៅក្រមដែលជាអតីតទាហានអីចឹងហើយគាត់គ្មានអ្វីត្រូវរិះគន់ក្រុមយោធាទេ។ ក្នុងនាមជាពលរដ្ឋហ្ស៊ីមបាវ៉េខ្ញុំគិតថានោះគឺជារដ្ឋប្រហារព្រោះការចាប់ប្រធានាធិបតីដែលស្របច្បាប់មិនឱ្យបំពេញការងារបានគឺខុសច្បាប់ហើយ។ ប៉ុន្តែចៅក្រមនោះធ្វើម៉េចនឹងហ៊ានសម្រេចក្តីប្រឆាំងនឹងអតីតមេរបស់គាត់?
VOA៖ រហូតមកទល់នឹងពេលនេះមានមនុស្សពីរនាក់ត្រូវបានចាប់ខ្លួនគឺអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ignatius Chombo និងលោក Kudzanai Chipanga ប្រធានយុវជននៃគណបក្ស Zanu-PF។ តើនេះជាសញ្ញាអ្វីសម្រាប់រដ្ឋាភិបាលថ្មី? តើលោកគិតថានឹងមានការចាប់មនុស្សជាច្រើនទៀតទេ?
រ៉េយ ឆូតូ៖ ជាការពិតហើយគឺនឹងមានការចាប់ខ្លួនមនុស្សជាច្រើនទៀតពីព្រោះពួកគេនិយាយថាបោសសម្អាតសមាសធាតុដែលធ្វើឱ្យអស្ថិរភាពដល់សេដ្ឋកិច្ច។ បើមើលការចាប់ខ្លួនគឺយើងដឹងថាលោកឧត្តមសេនីយ៍មិនសូវជាឆ្លាតប៉ុន្មានទេព្រោះមានសំណួរជាច្រើនបានលើកឡើងថាហេតុអ្វីបានជាការចាប់ខ្លួននេះមិនទូលំទូលាយពីព្រោះរដ្ឋមន្ត្រីទាំងអស់សុទ្ធតែ មានរឿងអាស្រូវ។ ជាការពិតគឺដំបូងត្រូវចាប់ផ្តើមពីមនុស្សពីរនាក់។ ជនដែលអាចនឹងជាមុខសញ្ញាបន្ទាប់គឺរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា និងរដ្ឋមន្ត្រីរដ្ឋបាលមូលដ្ឋាន។ យើងរង់ចាំមើលការវិវត្តនេះ។
VOA៖ តើលោកមានបានដឹងអ្វីពីសេចក្តីរាយការណ៍នានាថាគេប្រគល់ប្រាក់ចូលនិវត្តន៍១០លានដុល្លារឱ្យលោកម៉ូហ្កាបេជាថ្នូរនឹងការព្រមចុះចេញពីអំណាចទេ?
រ៉េយ ឆូតូ៖ អ្នករាយការណ៍ព័ត៌មានរបស់យើងបានសម្ភាសប្រធានក្រុមចរចាក្នុងពេលមានការប្រឈមមុខគ្នារវាងលោកម៉ូហ្កាបេនិងពួកយោធាគឺលោកឱពុកFidelis Mukonori។ គាត់បដិសេធថាមិនមានពិភាក្សាពីបញ្ហានេះទេ។ ខ្ញុំមិនដឹងថាគេបានព័ត៌មាននោះតាមប្រភពណាទេប្រហែលជាស្ថិតនៅជាការប៉ាន់ស្មានប៉ុន្តែអ្វីជាផ្លូវការគឺគាត់នៅទទួលបានការការពារពីរដ្ឋ ទទួលបានប្រាក់ខែដូចអតីតប្រធានាធិបតីនិងប្រាក់ឧបត្ថម្ភមួយចំនួន។
VOA៖ តាមធម្មតាគឺយើងគាំទ្រការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ។ តើលោកព្រួយបារម្ភទេថាការធ្វើអន្តរាគមន៍យោធាបែបនេះនឹងធ្វើឱ្យប្រទេសហ្ស៊ីមបាវ៉េប្តូរពីមេដឹកនាំផ្តាច់ការមួយទៅមេដឹកនាំផ្តាច់ការមួយទៀត?
រ៉េយ ឆូតូ៖ ក្រុមយោធាចេញមកនេះគឺមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលទេគឺពួកគេចេញមកក្នុងនាមជាសមាជិកនៃក្រុមចលនាតស៊ូក្នុងពេលអតីតកាលគឺគណបក្ស Zanu-PFដើម្បីមកដោះស្រាយបញ្ហាផ្ទៃក្នុងគណបក្សរបស់ពួកគេដោយសារមានជនមួយចំនួនបានលួចបង្វែកេរដំណែលរបស់គណបក្ស។ អីចឹងហើយបានជាពួកគេហៅថា «ប្រតិបត្តិការស្តារកេរដំណែល»។ ពួកគេចង់ស្តារកេរដំណែលរបស់គណបក្ស។ ពួកគេចង់ស្តារកេរដំណែលរបស់លោកម៉ូហ្កាបេ។ ពួកគេថាបើមានការប្តូរថ្នាក់ដឹកនាំបក្សគឺត្រូវធ្វើដោយត្រឹមត្រូវគឺដោយគោរពស្មារតីអ្នកដែលធ្លាប់ចូលរួមចលនាតស៊ូរំដោះជាតិ។ ដូច្នេះតាមរដ្ឋធម្មនុញ្ញរបស់ហ្ស៊ីមបាវ៉េប្រសិនបើប្រធានាធិបតីលាលែងចេញពីតំណែងគឺគណបក្សត្រូវតែងតាំងមនុស្សថ្មីមកជំនួសដើម្បីកាន់តំណែងនោះ ឱ្យផុតអាណត្តិ។ បន្ទាប់ពីនោះ ទើបមានការរៀបចំការបោះឆ្នោត។សម្រាប់ប្រទេសហ្ស៊ីមបាវ៉េគឺការបោះឆ្នោតនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នៅពេលនោះគឺនឹងមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យឬយ៉ាងណា។
ប៉ុន្តែខ្ញុំចង់បញ្ជាក់ផងដែរថាក្នុងនាមជាជនជាតិហ្ស៊ីមបាវ៉េគឺយើងព្រួយបារម្ភពីព្រោះតែអន្តរាគមន៍របស់ក្រុមយោធានៅពេលនេះ។ យើងឃើញពួកយោធាបានធ្វើអន្តរាគមន៍កាលពីឆ្នាំ២០០៨នៅពេលដែលចាញ់ឆ្នោតគឺពួកគេបានប្រាប់លោកម៉ូហ្កាបេថាលោកមិនត្រូវចុះចេញទេគឺលោកមិនត្រូវគោរពអ្នកណាដែលមិនមានប្រវត្តិតស៊ូយោធាឡើយ។ ដូច្នេះនេះគឺជាដំណឹងដ៏ធំនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ។
VOA៖ បាទសូមអរគុណលោករ៉េយ ឆូតូ និពន្ធជាន់ខ្ពស់នៃវីអូអេសេវាហ្ស៊ីមបាវ៉េដែលបានពិភាក្សាជាមួយនឹងខ្ញុំ។
រ៉េយ ឆូតូ៖ សូមអរគុណលោកគឹមសេង។ ខ្ញុំសង្ឃឹមថាលោកបានរីករាយនឹងទស្សនៈរបស់ខ្ញុំពីនយោបាយរបស់ប្រទេសហ្ស៊ីមបាវ៉េ៕ ( ប្រភព៖ វីអូអេខ្មែរ )
No comments:
Post a Comment